ការ​ផ្គត់ផ្គង់​ការិយាល័យ​នៅ​តំបន់​ Klang Valley ​របស់​ម៉ាឡេសុី​ស្ថិត​នៅ​ទ្រឹង​ ខណៈ​អត្រា​គ្រប​ដណ្តប់​ការ​ជួល​កើន​ឡើង​ដល់​ ៧៧​ ភាគរយ

ដោយ: សហសេវិក
អន្តរជាតិ: ការផ្គត់ផ្គង់ការិយាល័យនៅតំបន់ Klang Valley ក្នុងប្រទេសម៉ាឡេសុីនៅតែមានស្ថិរភាពប្រហែល១២០,៦លានហ្វីតការ៉េ ដោយពុំមានអគារការិយាល័យថ្មីណាមួយត្រូវបានបញ្ចប់ការសាងសង់នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ នោះទេ។

ស្ថិរភាពកើតឡើង ​បន្ទាប់ពី​ការផ្គត់ផ្គង់​ថ្មី​បានកើនឡើងយ៉ាងខ្លាំងអស់ជាច្រើន​ឆ្នាំ ខណៈ​ទំហំ​ការិយាល័យ​ថ្មី​ប្រហែល២,៧លាន​ហ្វីតការ៉េ​ត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់នៅ​ក្នុងឆមាសទីពីរ​នៃឆ្នាំនេះ។

ទីផ្សារការិយាល័យមានភាពប្រសើរឡើងបន្តិចម្តងៗ ដោយអត្រាគ្របដណ្តប់ការជួលការិយាល័យបានកើនឡើងដល់៧៧ភាគរយ និងមានតម្លៃជួលជាមធ្យមចំនួន៥,៩៤រីងហ្គីតក្នុងមួយហ្វីតការ៉េ (ប្រមាណ១៥,៦ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

តម្រូវការជួលការិយាល័យនៅតំបន់Klang Valley ត្រូវបានជំរុញដោយក្រុមហ៊ុនបច្ចេកវិទ្យា សេវាកម្មអាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនសេវាកម្មអាជីវកម្មសកល (GBS)។

អ្នកជួលមានការពេញចិត្តចំពោះអគារការិយាល័យដែលមានគុណភាពខ្ពស់ និងមានការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនសាធារណៈល្អ។ ការណ៍នេះបង្កើនគម្លាតរវាងតម្រូវការការិយាល័យលំដាប់ខ្ពស់ និងការិយាល័យចាស់ៗ។

ក្រុមហ៊ុននានាក៏ចំណាយពេលយូរជាងមុនដើម្បីសម្រេចចិត្តលើការជួលការិយាល័យ ដោយផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើទីតាំង គុណភាពអគារ និងតម្រូវការអាជីវកម្មរយៈពេលវែង៕

កម្ពុជា​បង្ហាញបំណងធ្វើជា​ម្ចាស់ផ្ទះរៀបចំ​កិច្ច​ប្រជុំគណៈកម្មាធិការ​អន្តររដ្ឋាភិបាល​បេតិកភណ្ឌអរូបី​

ដោយៈ ម៉ាណា

    កូរ៉េខាងត្បូងៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយលោក Nayef Al-Fayez អគ្គនាយករង អង្គការយូណេស្កូ ដោយបង្ហាញពីបំណងសំខាន់មួយ។

លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Nayef Al-Fayez អគ្គនាយករង ទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ នៅក្នុងអំឡុងសម័យប្រជុំគណៈកម្មការ បេតិកភណ្ឌពិភពលោកលើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះ លោកដែលត្រូវបានជ្រើសរើស និងផ្តល់សេចក្តីទុកចិត្ត ឱ្យបំពេញការងារយ៉ាងសំខាន់ជា អគ្គនាយករង ទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ និងថ្លែងអំណរគុណដល់លោក ដែលបានបញ្ជូនរបាយការណ៍ នៃបេសកកម្មរបស់អ្នកជំនាញគណៈកម្មការបេតិកភណ្ឌពិភពលោក និងអ្នកជំនាញការ ICOMOS ដែលបានបំពេញបេសកកម្មការងារ នៅប្រាសាទព្រះវិហារកាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៦កន្លងទៅ តបតាមការអញ្ជើញរបស់កម្ពុជា។

លោកជំទាវ រដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរ ចំពោះគុណភាពរបស់របាយការណ៍ ដែលមានលក្ខណៈបច្ចេកទេស គ្រប់ជ្រុងជ្រោយ សុក្រឹត្យ និងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែង ដែលបាននិងកំពុងកើតឡើងនៅប្រាសាទព្រះវិហារ។

លោកជំទាវរដ្ឋមន្រ្តី ក៏បានជម្រាបជូនអគ្គនាយករង អំពីបំណងរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលបេតិកភណ្ឌអរូបី នៅឆ្នាំណាមួយក្នុងអំឡុងពេលដែលកម្ពុជា ជាសមាជិកគណៈកម្មាធិការ ចាប់ពីឆ្នាំ២០២៦ រហូតដល់២០៣០ ខាងមុខនេះ។

លោក Nayef Al-Fayez  បានសន្យានឹងគាំទ្រសំណើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ហើយក៏បានបញ្ជាក់អំពីកិច្ចគាំទ្ររបស់យូណេស្កូ និងក្នុងនាមរបស់លោកផ្ទាល់ ក្នុងការតាមដានយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារ ដោយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួល ដើម្បីបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសទាំងពីរតាមរយៈវប្បធម៌៕

តើ​ទីក្រុង​កំពូល​ទាំង​៥ណា​ខ្លះ​ដែល​ជា​ទីផ្សារលំនៅឋាន​ថ្លៃ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​?

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយរបស់ធនាគារ Deutsche បានបង្ហាញថា ទីក្រុងហុងកុងនៅតែបន្តជាប់ចំណាត់ថ្នាក់ជាទីផ្សារលំនៅឋានថ្លៃបំផុតរបស់ពិភពលោក ខណៈប្រទេសសិង្ហបុរីបានធ្លាក់ចុះពីចំណាត់ថ្នាក់ទីបីមកចំណាត់ថ្នាក់ទីបួន។

តម្លៃអាផាតមុិនជាមធ្យមនៅកណ្តាលទីក្រុងហុងកុងមានទំហំទឹកប្រាក់ចំនួន ២៧.៧៥៣ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េនៅឆ្នាំ ២០២៦ កើនឡើងពី ២៦.៧៤៩ ដុល្លារកាលពីមួយឆ្នាំមុន។

ប៉ុន្តែរបាយការណ៍ប្រចាំឆ្នាំ ដែលបានវាយតម្លៃតម្លៃ និងសូចនាករជាច្រើនទៀតនៅទូទាំងទីក្រុងចំនួន៦៩ ទូទាំងពិភពលោក បានបន្ទាបចំណាត់ថ្នាក់គុណភាពជីវិតរបស់ទីក្រុងហុងកុងមកត្រឹមចំណាត់ថ្នាក់លេខ៥៥ នៅឆ្នាំ២០២៦នេះ ពីចំណាត់ថ្នាក់លេខ៤៨កាលពីឆ្នាំមុន។

ដូច​ទីក្រុង​ញូវយ៉ក ទីក្រុង​ឡុងដ៍ និង​ទីក្រុង​ប៉ារីស​ដែរ ទីក្រុង​ហុងកុង​នៅ​តែ​ជា​គោលដៅ​ទាក់ទាញ​សម្រាប់បណ្តា​វិនិយោគិន​អន្តរជាតិ និង​ក្រុមអ្នកជំនាញ​វិជ្ជាជីវៈដែល​មាន​ប្រាក់​ចំណូល​ខ្ពស់។

ទន្ទឹមនឹងនេះ តម្លៃអាផាតមិនជាមធ្យមនៅកណ្តាលទីក្រុងរបស់ប្រទេសសិង្ហបុរីមានតម្លៃ ២២,៩៣៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះពី ២៣,៥៩៥ ដុល្លារក្នុងឆ្នាំ ២០២៥។

ទីក្រុងសេអ៊ូលបានឡើងមួយចំណាត់ថ្នាក់ដល់លេខបី ដោយវ៉ាដាច់ប្រទេសសិង្ហបុរី ដោយមានតម្លៃជាមធ្យម ២៣,៥៤៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទីក្រុង Zurich របស់ប្រទេសស្វីស ឈរនៅលេខរៀងទី២ និងទីក្រុងហ្សឺណែវ ឈរនៅលេខ ៥៕

Are You Ready for the Angkor Empire Marathon in Cambodia’s Green Season?

By MoT

Siem Reap. The 11th Angkor Empire Marathon will take place on 2 August 2026, starting at 4:10 a.m., in front of Angkor Wat in Siem Reap Province. The event is expected to attract a large number of domestic and international participants, including an estimated 150 visitors from China.

 

This remarkable event will be held during Cambodia’s lush Green Season, coinciding with the implementation of the Kingdom’s visa exemption policy for Chinese citizens.

The international marathon will help promote sports tourism, boost Cambodia’s tourism industry, and showcase the Kingdom to the world as a safe, welcoming, and hospitable travel destination.

 

It is also worth noting that the Angkor Empire Marathon has been recognized by Forbes as one of the 12 marathon events worth participating in during 2026.

 

កំពង់ផែ​ព្រះសីហនុ​ចុះកិច្ចសហប្រតិបត្តិការ​ជាមួយ​កំពង់ផែ​ឡុងបិច​ សហរដ្ឋអាមេរិក​

ដោយៈ ម៉ាណា

    ភ្នំពេញៈ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់កំពង់ផែឡុងបិច សហរដ្ឋអាមេរិក។

ដំណើរទស្សនកិច្ច និងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះដឹកនាំដោយលោកលូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានចូលជួបពិភាក្សាការងារ និងចុះហត្ថលេខាលើ “លិខិតថ្លៃងពីគោលបំណង ដើម្បីបង្កើតនូវទំនាក់ទំនងកំពង់ផែជាដៃគូរ រវាងកំពង់ផែឡុងបិច និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ” ជាមួយ បណ្ឌិត Noel Hacegaba នាយកប្រតិបត្តិកំពង់ផែឡុងបិច។

នេះជាជំហានថ្មីមួយទៀតរបស់កម្ពុជា ក្នុងការពង្រីកវិស័យពាណិ​ជ្ជកម្ម និងលការដឹកជញ្ជូនកាន់តែទូលំទូលាយទៅកាន់ពិភពលោក៕

ពាក្យទូន្មាន​របស់ daddy ពិត​ជា​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​យ៉ាង​ណា​ក្នុងពិភពអាជីវកម្ម?

ដោយៈ ចំណាន

    ភ្នំពេញៈ ពាក្យទូន្មានរបស់Daddy នៅក្នុងពិភពជំនួញ ពាក្យថា “Built value” (ការបង្កើតតម្លៃ) គឺជានិរន្តរភាពពិតប្រាកដ ដែលលើសពីការផ្តោតលើតែប្រាក់ចំណេញរហ័ស។

លោកខេង សុខា អ្នកជំនួញ និងវិភាគសេដ្ឋកិច្ចសង្គមមួយរូបបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនថា Daddyបាន បកស្រាយ និងពន្យល់ខ្ញុំចែកចេញជា៤ ចំណុចគន្លឹះដែលមានដូចជា

១. តម្លៃនៃផលិតផល ឬសេវាកម្ម (Product/Service Value)

ការធ្វើជំនួញ មិនមែនគ្រាន់តែជាការទិញមកវិញ លក់ចេញទៅដើម្បីបានចំណេញនោះទេ។ ការបង្កើតតម្លៃ គឺការធ្វើឱ្យផលិតផល ឬសេវាកម្មរបស់អ្នក អាចដោះស្រាយបញ្ហាពិតប្រាកដ របស់អតិថិជនបាន។ នៅពេលដែលវាផ្ដល់ផលប្រយោជន៍ ខ្ពស់ជាងតម្លៃទឹកប្រាក់ដែលគេបង់ នោះអតិថិជននឹងរត់រកអ្នកដោយមិនបាច់បង្ខំ។

២. តម្លៃនៃទំនុកចិត្ត និងកេរ្តិ៍ឈ្មោះ (Brand & Trust Value):

ការសាងតម្លៃឱ្យអាជីវកម្ម គឺការសាងភាពស្មោះត្រង់ និងទំនុកចិត្ត។ ទោះបីជាមានគូប្រជែងលក់ថោកជាង ឬមានយុទ្ធសាស្ត្រល្អជាងក៏ដោយ បើអ្នកមាន “តម្លៃនៃទំនុកចិត្ត” នៅក្នុងចិត្តអតិថិជនហើយ ពួកគេនឹងមិនចាកចេញពីអ្នកឡើយ។

កេរ្តិ៍ឈ្មោះល្អ ដែលចំណាយពេលសាងសង់រាប់ឆ្នាំ គឺជាទ្រព្យសកម្មដែលមិនអាចកាត់ថ្លៃបាន។

៣. តម្លៃនៃធនធានមនុស្ស និងប្រព័ន្ធការងារ (Human & Operational Value)

អាជីវកម្មដែលជោគជ័យ និងអាចពង្រីកខ្លួនបាន ត្រូវតែមានការវិនិយោគលើមនុស្ស (បុគ្គលិក) និងប្រព័ន្ធការងារ។ ការបង្កើតតម្លៃនៅត្រង់នេះ គឺការបណ្តុះបណ្តាល ក្រុមការងារឱ្យមានសមត្ថភាព និងបង្កើតវប្បធម៌ស្ថាប័នដ៏ល្អមួយ ដែលធ្វើឱ្យអាជីវកម្មអាចដើរទៅមុខបានយ៉ាងរលូន ទោះបីជាគ្មានវត្តមានរបស់អ្នកផ្ទាល់ នៅថ្ងៃអនាគតក៏ដោយ។

៤. តម្លៃសម្រាប់សង្គម (Social Value)

អាជីវកម្មដែលជោគជ័យបំផុត និងយូរអង្វែងបំផុត គឺជាអាជីវកម្មដែលផ្ដល់ផលវិជ្ជមានដល់សង្គមជាតិ មិនថាជាការបង្កើតការងារ ការការពារបរិស្ថាន ឬការចូលរួមចំណែកជួយ ដល់សហគមន៍នោះទេ។ នៅពេលដែលសង្គម ស្រឡាញ់អាជីវកម្មរបស់អ្នក ជំនួញរបស់អ្នកនឹងរឹងមាំដូចដើមឈើដែលមានឫសកែវជ្រៅ។

សន្និដ្ឋានរួម៖ អ្វីដែលខ្ញុំចង់ប្រាប់ឲ្យអ្នកដឹងនោះគឺ “កុំដេញតាម​តែលុយ តែត្រូវដេញតាមការបង្កើតតម្លៃ” ព្រោះថាលុយ ឬប្រាក់ចំណេ​ញ គ្រាន់តែជាលទ្ធផល ដែលកើតចេញពីការបង្កើតតម្លៃដ៏ត្រឹមត្រូវ និងអស្ចារ្យរបស់អ្នកតែប៉ុណ្ណោះ”។ លោកបន្ថែមថា “បើ value របស់អ្នកធំ ជំនួញរបស់អ្នកក៏ជោគជ័យធំទៅតាមនោះដែរ”៕

សហរដ្ឋអាមេរិក​តែងតាំង​ភារធារីថ្មី​ប្រចាំស្ថានទូត​នៅ​កម្ពុជា​ ស្រប​ពេល​មន្រ្តី​ជាន់ខ្ពស់​លើកឡើង​ពី​សារ​សំខាន់​នៃ​ការ​តភ្ជាប់​ផ្លូវអាកាស

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូន លោកស្រី Aleksandra Zittle ភារធារីថ្មី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាពិភាក្សាការងារ ក្នុងឱកាសដែលលោកស្រី ទើបទទួលបានការចាត់តាំងឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរដែលលោកស្រីទទួលបានទំនុកចិត្តពីរដ្ឋបាលអាម៉េរិក ក្នុងការបំពេញបេសកកម្មការទូតក្នុងអាណត្តិនេះ។ លោកបានរំលេចអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ដោយបានរំលេចជាពិសេសលើ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (Agreement on Reciprocal Trade – ART) ដែលកម្ពុជាគឺជាប្រទេសទី១ ក្នុងតំបន់ដែលបានសម្រេចការចុះហត្ថលេខា លើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ក្នុងគោលដៅលើកកម្ពស់ភាពប្រាកដប្រជានៃបរិយាកាសធុរកិច្ច និងការបើកចំហទីផ្សារសេរីរវាងប្រជាជាតិទាំងពីរ។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការចុះកិច្ចសន្យាហោះហើរ តាមផ្លូវអាកាសជាប្រវត្តិសាស្ត្រ (Air Transport Agreement / Open Skies) ដែលភាគីទាំងពីរទើបតែបានសម្រេចការចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ នៅរដ្ឋធានីវ៉ាស៊ីនតោន។

លោកបញ្ជាក់ថា “វាជាកិច្ចព្រមព្រៀងបើកចំហជើងហោះហើរទ្វេភាគីលើកដំបូងបំផុត សំដៅធ្វើទំនើបកម្មវិស័យអាកាសចរណ៍ស៊ីវិល បង្កើតបណ្តាញតភ្ជាប់ជើងហោះហើរត្រង់ និងលើកកម្ពស់សេវាដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ”។

ឆ្លើយយតបទៅនឹង បដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅរបស់លោកឧនាយករដ្ឋមន្ត្រី លោកស្រីភារធារី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបង្ហាញនូវក្តីរំភើបរីករាយ ដែលបានវិលត្រឡប់មកបំពេញបេសកកម្មការទូតនៅកម្ពុជាជាថ្មីម្តងទៀត ដោយលោកស្រីបានរំឮកអំពីប្រវត្តិនៃការបំពេញការងារជា ប្រធានផ្នែកនយោបាយសេដ្ឋកិច្ច (Political-Economic Chief) នៃស្ថានទូតសហរដ្ឋអាម៉េរិកនាពេលកន្លងទៅ។

ផ្អែកលើមូលដ្ឋាននេះ លោកស្រីបានបង្ហាញចំណាប់អារម្មណ៍ផ្ទា​ល់ខ្លួនលើការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចម្រើន និងមានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងអំឡុងពេលដែលលោកស្រី បានបំពេញការងារកាលពីអាណត្តិមុន។

បន្ថែមពីនោះ លោកស្រីភារធារី បានសម្តែងនូវការស្ញើចសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំពោះរូបលោក ឧបនាយករដ្ឋមន្ត្រីផ្ទាល់ លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពរស់រវើក ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឱ្យមានកំណើនវិជ្ជមាន បើទោះបីជាស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកទាំងមូល កំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជាយ៉ាងណាក្តី។

ក្នុងជំនួបនារសៀលនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈមួយចំនួនផងដែរ ដូចជា (១) ការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី (២) ការលើកកម្ពស់លំហូរទុនវិនិយោគ ពីអាម៉េរិកមកកម្ពុជា (៣) បច្ចុប្បន្នភាពនៃការអនុវត្ត គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។

(៤) ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា, និង (៥) គោលជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ជាមួយនឹងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់។

ជាមួយគ្នានេះ លោកស្រីភារធារី បានបញ្ជាក់ជាថ្មីពីការគាំទ្រលើគោលជំហរដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិនិងយន្តការច្បាប់ទ្វេភាគី ជាធរមានដែលមានស្រាប់ ដើម្បីដោះស្រាយវិវាទព្រំដែន ប្រកបដោយសន្តិវិធី និងតម្លាភាព សំដៅរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល៕

ក្រសួងទេសចរណ៍​នឹង​រៀប​ចំ​រត់​ប្រណាំង​ម៉ារ៉ាតុង​ ចក្រភពអង្គរ ​នៅ​ដើម​ខែ​សីហា​ខាង​មុខ​

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រសួងទេសចរណ៍ត្រៀមរៀបចំ ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៤:១០នាទីព្រឹក។

ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅបរិវេណ មុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ ក្នុងនោះរំពឹងថា នឹងមានភ្ញៀវទេសចរចិនប្រមាណ ១៥០នាក់។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើងនៅក្នុងអំឡុងពេលនៃរដូវកាលបៃតងដ៏ស្រស់បំព្រង និងចំពេលនៃការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការជូនពលរដ្ឋចិន។

ព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយលើកកម្ពស់វិស័យកីឡា និង ជួយជំរុញវិស័យទេសចរណ៍ ព្រមទាំងផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក ដែលជាគោលដៅទេសចរណ៍សុខសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ។

ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ បានជាប់ឈ្មោះក្នុងចំណោមព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទាំង១២ ដែលស័ក្តិសមនឹងចូលរួមក្នុងឆ្នាំ២០២៦ នេះបើយោងតាមការចេញផ្សាយ ដោយទស្សនាវដ្ដីដ៏ល្បីល្បាញForbes៕

ភាព​ទាក់ទាញ​ខាង​ទេសចរណ៍​កំពុង​ទាក់​ទាញ​អ្នកទិញ​ផ្ទះ​ពី​ចិនដីគោក ​និងហុងកុង​ទៅ​កាន់​ប្រទេសអូស្ត្រាលី​

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមភ្នាក់ងារអចលនទ្រព្យ បានឱ្យដឹងថា ភាពទាក់ទាញខាងទេសចរណ៍របស់ប្រទេសអូស្ត្រាលី និងការថយចុះនៃតម្លៃអចលនទ្រព្យកំពុងទាក់ទាញអ្នកទិញផ្ទះកាន់តែច្រើនមកពីចិនដីគោក និងកោះហុងកុង។

ខណៈការអប់រំគឺជាហេតុផលចម្បងសម្រាប់ការទិញផ្ទះនៅក្នុងប្រទេសអូស្ត្រាលី គោលដៅទាក់ទាញភ្ញៀវទេសចរ របៀបរស់នៅបែបសម្រាកលំហែ នៅក្នុងទីក្រុងនានាដូចជាទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន កំពុងធ្វើឱ្យអូស្ត្រាលីក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញជាងមុន។

លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Juwai IQI បានអះអាងថា ប្រទេសអូស្ត្រាលីផ្តល់ជូននូវគុណភាពជីវិតខ្ពស់ និងងាយស្រួលសម្រាប់ជនជាតិអាស៊ី។

លោកបានបន្តថា ការធ្វើដំណើររវាងប្រទេសអូស្ត្រាលី និងប្រទេសចិនចំណាយពេលត្រឹមតែពីរទៅបីម៉ោងប៉ុណ្ណោះ មិនដូចតំបន៊អាមេរិកខាងជើង ឬតំបន់អឺរ៉ុបទេ។

នៅឆ្នាំ២០២៥ ភ្ញៀវទេសចរចិនដីគោកចំនួនជាង ១ លាននាក់បានទៅទស្សនាប្រទេសអូស្ត្រាលី ដែលជាការកើនឡើង ១៧ភាគរយបើធៀបនឹងឆ្នាំ ២០២៤។

ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ អ្នកទិញជនជាតិចិនដីគោក គឺជាក្រុមវិនិយោគិនបរទេសធំជាងគេនៅក្នុងទីផ្សារលំនៅឋានរបស់ប្រទេសអូស្ត្រាលី ដោយបានទិញផ្ទះចំនួន ៦៣៨ ខ្នង ដែលមានតម្លៃសរុប ៨០០ លានដុល្លារអូស្ត្រាលី (៥៥៩ លានដុល្លារអាមេរិក)៕

បុរីវិមាន សំណាង​សហការ​ជាមួយ​ KOCHAM ​និង​ក្រុមហ៊ុន​ដទៃ​ទៀត​សម្រាប់​ដំណើរឆ្ពោះ​ទៅបោះ​ផ្សាយ​លក់ ​IPO

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក សហការជាមួយ (KOCHAM) និងក្រុមហ៊ុនមូលបត្រកម្ពុ ម.ក រៀបចំកម្មវិធីរ៉ូដសូ (Roadshow) ដ៏ធំ ដើម្បីឆ្ពោះទៅកាន់ការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងស្ថាបនិកក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានលើកឡើងបែបនេះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី២០ កក្កដានេះ។

កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងបង្ហាញពីការត្រៀមខ្លួន និងការបោះជំហានយ៉ាងសំខាន់ ឆ្ពោះទៅកាន់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)។ កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារលំដាប់អន្តរជាតិ The Fairfield by Marriott Phnom Penh។

កម្មវិធីរ៉ូដសូដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក រួមជាមួយថ្នាក់ដឹកនាំកំពូលៗ និងដៃគូយុទ្ធសាស្ត្រសំខាន់ៗ រួមមាន Mr. Kim Robin ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (Chairman of KOCHAM CAMBODIA) Dr. Prom Visoth អគ្គនាយកក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ភីអិលស៊ី (CEO of ACLEDA Securities Plc)Mr. Thai Nha អគ្គនាយកក្រុមហ៊ុន ភ្នាក់ងារប្រឹក្សាមូលបត្រ កាណាឌីយ៉ា (CEO of Cana Securities Co., Ltd)។

Mr. Sam Kokheng, ក្រុមហ៊ុន មូលបត្រ កម្ពុ ម.ក (Campu Securities Plc)។

ព្រឹត្តិការណ៍នេះ បានទាក់ទាញការចូលរួម ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ដៃគូអាជីវកម្ម តំណាងស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីស្វែងយល់អំពីឱកាសវិនិយោគ ក៏ដូចជាផែនការយុទ្ធសាស្ត្រ និងទស្សនវិស័យរីកចម្រើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យដែលត្រៀមខ្លួនឈានជើងចូលទីផ្សារភាគហ៊ុន។

នៅក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិតគីម ហ៊ាង បានមានប្រសា​សន៍បង្ហាញពីមោទនភាព ចំពោះរបត់ថ្មីរបស់ក្រុមហ៊ុន ដោយបានសង្កត់ធ្ងន់ថា “ការរៀបចំកម្មវិធីRoadshow នាថ្ងៃនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីភាពរឹងមាំ តម្លាភាព និងទំនុកចិត្តខ្ពស់ដែល បុរី វិមានសំណាង បានសាងសង់ឡើង។

កិច្ចសហការជាមួយ KOCHAM និងដៃគូមូលបត្រធំៗដូចជា Campu Securities, ACLEDA Securities និង Cana Securities នឹងក្លាយជាកាតាលីករជំរុញឲ្យដំណើរការ IPO របស់យើងប្រព្រឹត្តទៅដោយជោគជ័យ ដែលមិនត្រឹមតែពង្រីកសក្តានុពលអាជីវកម្មរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសមាសដល់សាធារណជន និងវិនិយោគិនក្នុងការក្លាយជាម្ចាស់ភាគហ៊ុន និងរីកចម្រើនជាមួយយើង។

ទន្ទឹមនឹងនេះ តំណាងពី KOCHAM និងអគ្គនាយកនៃក្រុមហ៊ុនមូលបត្រទាំងពីរ ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក្នុងការចូលរួមចំណែក លើកកម្ពស់វិស័យទីផ្សារទុន និងសេដ្ឋកិច្ចជាតិនៅកម្ពុជា។

កម្មវិធីRoadshow នេះមិនត្រឹមតែជាការបង្ហាញ ពីដំណើរឆ្ពោះទៅកាន់ការចុះបញ្ជីលក់ ភាគហ៊ុនជាសាធារណៈ (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចយ៉ាងជិតស្និទ្ធរវាងវិនិយោគិនកូរ៉េ និងកម្ពុជា ក្នុងការបើកទំព័រថ្មីនៃវិស័យអចលនទ្រព្យ និងទីផ្សារមូលបត្រនៅកម្ពុជាផងដែរ៕