បុរីវិមាន សំណាង​សហការ​ជាមួយ​ KOCHAM ​និង​ក្រុមហ៊ុន​ដទៃ​ទៀត​សម្រាប់​ដំណើរឆ្ពោះ​ទៅបោះ​ផ្សាយ​លក់ ​IPO

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក សហការជាមួយ (KOCHAM) និងក្រុមហ៊ុនមូលបត្រកម្ពុ ម.ក រៀបចំកម្មវិធីរ៉ូដសូ (Roadshow) ដ៏ធំ ដើម្បីឆ្ពោះទៅកាន់ការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងស្ថាបនិកក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានលើកឡើងបែបនេះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី២០ កក្កដានេះ។

កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងបង្ហាញពីការត្រៀមខ្លួន និងការបោះជំហានយ៉ាងសំខាន់ ឆ្ពោះទៅកាន់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)។ កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារលំដាប់អន្តរជាតិ The Fairfield by Marriott Phnom Penh។

កម្មវិធីរ៉ូដសូដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក រួមជាមួយថ្នាក់ដឹកនាំកំពូលៗ និងដៃគូយុទ្ធសាស្ត្រសំខាន់ៗ រួមមាន Mr. Kim Robin ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (Chairman of KOCHAM CAMBODIA) Dr. Prom Visoth អគ្គនាយកក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ភីអិលស៊ី (CEO of ACLEDA Securities Plc)Mr. Thai Nha អគ្គនាយកក្រុមហ៊ុន ភ្នាក់ងារប្រឹក្សាមូលបត្រ កាណាឌីយ៉ា (CEO of Cana Securities Co., Ltd)។

Mr. Sam Kokheng, ក្រុមហ៊ុន មូលបត្រ កម្ពុ ម.ក (Campu Securities Plc)។

ព្រឹត្តិការណ៍នេះ បានទាក់ទាញការចូលរួម ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ដៃគូអាជីវកម្ម តំណាងស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីស្វែងយល់អំពីឱកាសវិនិយោគ ក៏ដូចជាផែនការយុទ្ធសាស្ត្រ និងទស្សនវិស័យរីកចម្រើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យដែលត្រៀមខ្លួនឈានជើងចូលទីផ្សារភាគហ៊ុន។

នៅក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិតគីម ហ៊ាង បានមានប្រសា​សន៍បង្ហាញពីមោទនភាព ចំពោះរបត់ថ្មីរបស់ក្រុមហ៊ុន ដោយបានសង្កត់ធ្ងន់ថា “ការរៀបចំកម្មវិធីRoadshow នាថ្ងៃនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីភាពរឹងមាំ តម្លាភាព និងទំនុកចិត្តខ្ពស់ដែល បុរី វិមានសំណាង បានសាងសង់ឡើង។

កិច្ចសហការជាមួយ KOCHAM និងដៃគូមូលបត្រធំៗដូចជា Campu Securities, ACLEDA Securities និង Cana Securities នឹងក្លាយជាកាតាលីករជំរុញឲ្យដំណើរការ IPO របស់យើងប្រព្រឹត្តទៅដោយជោគជ័យ ដែលមិនត្រឹមតែពង្រីកសក្តានុពលអាជីវកម្មរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសមាសដល់សាធារណជន និងវិនិយោគិនក្នុងការក្លាយជាម្ចាស់ភាគហ៊ុន និងរីកចម្រើនជាមួយយើង។

ទន្ទឹមនឹងនេះ តំណាងពី KOCHAM និងអគ្គនាយកនៃក្រុមហ៊ុនមូលបត្រទាំងពីរ ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក្នុងការចូលរួមចំណែក លើកកម្ពស់វិស័យទីផ្សារទុន និងសេដ្ឋកិច្ចជាតិនៅកម្ពុជា។

កម្មវិធីRoadshow នេះមិនត្រឹមតែជាការបង្ហាញ ពីដំណើរឆ្ពោះទៅកាន់ការចុះបញ្ជីលក់ ភាគហ៊ុនជាសាធារណៈ (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចយ៉ាងជិតស្និទ្ធរវាងវិនិយោគិនកូរ៉េ និងកម្ពុជា ក្នុងការបើកទំព័រថ្មីនៃវិស័យអចលនទ្រព្យ និងទីផ្សារមូលបត្រនៅកម្ពុជាផងដែរ៕

តម្រូវការ​ជួល​ការិយាល័យ​នៅ​ក្នុង​ប្រទេសហ្វីលីពីន​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឆមាស​ទីមួយ

ដោយ: សហសេវិក
អន្តរជាតិ: តម្រូវការជួលការិយាល័យនៅក្នុងប្រទេសហ្វីលីពីនបានដាំក្បាលចុះយ៉ាងខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ខណៈក្រុមហ៊ុននានាបានពន្យារពេលផែនការពង្រីកអាជីវកម្ម ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ អតិផរណា អត្រាការប្រាក់ និងការកើនឡើងនៃថ្លៃដើមសាងសង់។

ប្រតិបត្តិការជួលការិយាល័យបានដាំក្បាលចុះ៣២ភាគរយក្នុងរយៈពេល៦ខែដំបូងបើធៀបនឹងឆ្នាំមុន បន្ទាប់ពីទីផ្សារបានកត់ត្រាប្រតិបត្តិការជួលការិយាល័យសរុបប្រចាំឆ្នាំប្រហែល១លានម៉ែត្រការ៉េក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

ការធ្លាក់ចុះនេះបានកើតឡើង បន្ទាប់ពីមានភាពមិនប្រាកដប្រជាអស់រយៈពេលជាច្រើនខែទាក់ទងនឹងជម្លោះនៅតំបន់មជ្ឈិមបូព៌ា សម្ពាធអតិផរណា និងអត្រាការប្រាក់ខ្ពស់លើប្រាក់កម្ចី ដែលជំរុញឱ្យក្រុមហ៊ុននានាពន្យារពេលការសម្រេចចិត្តជួល។

ថ្លៃដើមសំណង់ក៏បានកើនឡើងផងដែរ ដែលបង្ខំឱ្យក្រុមហ៊ុននានាវាយតម្លៃឡើងវិញនូវថវិកា និងពន្យារពេលការជួលការិយាល័យធំៗ។

ជាមួយគ្នានេះ អត្រា​ការិយាល័យ​ទំនេរ (​office vacancy rate) របស់​ទីក្រុង​ម៉ានីល​មាន​ចំនួន១៨ភាគរយក្នុង​អំឡុងរយៈ​ពេល​៦ខែដំបូងដើមឆ្នាំ២០២៦នេះ។

តម្រូវការជួលការិយាល័យភាគច្រើននៅតែប្រមូលផ្តុំនៅក្នុងទីក្រុងម៉ានីល និងទីក្រុងសេប៊ូ ជាទីតាំងដែលក្រុមហ៊ុនសកលធំៗ ចូលចិត្តដាក់មូលដ្ឋាននៅមជ្ឈមណ្ឌលអាជីវកម្មដែលមានស្រាប់៕

សម្ដេចបវរធិបតី៖ ក្រុមហ៊ុនចិនជាច្រើន ចាប់អារម្មណ៍វិនិយោគគ្រឿងបង្គំ​អគ្គិ​សនី ការអប់រំបណ្តុះបណ្តាល​បច្ចេក​វិទ្យា AI និងកសិ-ឧស្សាហកម្ម

(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងថាកាលពីអំឡុងទស្សនកិច្ចការងារទៅកាន់ប្រទេសចិន និងបានជួបជាមួយក្រុមហ៊ុនចិនជាច្រើន ក្នុងចំណោមនោះភាគច្រើនចាប់អារម្មណ៍វិនិយោគគ្រឿងបង្គំ​អគ្គិ​សនី ការអប់រំបណ្តុះបណ្តាល​បច្ចេក​វិទ្យា AI និងកសិ-ឧស្សាហកម្ម។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យ South-East Asia នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដើម្បីដើរទាន់បច្ចេកវិទ្យាសិប្បនិម្មិត AI កម្ពុជាត្រូវតែរៀនសម្របខ្លួន និងចាប់ឱកាសពី AI ជាប្រយោជន៍សម្រាប់អភិវឌ្ឍប្រទេសជាតិ។ សម្ដេច បានថ្លែងថា
​បច្ចេក​វិទ្យា AI នឹងប្រើប្រាស់យ៉ាងទូលាយនៅពេលអនាគត បើយើងមិនចាប់ឱកាស មិនទាញយកផលប្រយោជន៍ពីឥឡូវនោះទេ យើងនឹងដើរក្រោយគេហើយ។

សម្ដេច បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសចិន សម្ដេចបានជួបជាមួយក្រុមហ៊ុនចិនជាច្រើន ហើយកាលពីម្សិលមិញនេះសម្ដេចក៏បានជួបជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង។ ភាគច្រើននៃក្រុមហ៊ុនទាំងនោះ ចាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម និងការវិនិយោគគ្រឿងបង្គំ​អគ្គិ​សនី និងការអប់រំបណ្តុះបណ្តាល​បច្ចេក​វិទ្យា AI។

ត្រង់ចំណុចនេះ សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា​៖ «បើកម្ពុជាគ្មាននិស្សិត ឬបញ្ញាវ័ន្តដែលមានចំណេះជំនាញទេ គ្មានអ្នកណាគេមកវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកវិទ្យា AI ទេ…. ហើយគេក៏មិនចង់វិនិយោគលើកសិ-ឧស្សាហកម្មដែរ បើកសិករយើងភ្ជួរស្រែនឹងរទេះគោនោះ ដូច្នេះយើងត្រូវចេះចាប់យក និងរៀនសូត្រពីបច្ចេកវិទ្យានេះ។ នេះមានន័យថា គេមើលឃើញពីសក្ដានុពលធនធានមនុស្សរបស់យើង..»។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំណាប់អារម្មណ៍វិនិយោគទាំងនេះ បង្ហាញពីតម្រូវការលើធនធានមនុស្សផ្នែកបច្ចេកវិទ្យា ដែលតម្រូវឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការអប់រំ សុខាភិបាល ដែលយើងហៅថា «វិនិយោគសង្គមកិច្ច»។ នៅពេលដែលកម្ពុជាសម្បូរធនធានមនុស្សមានចំណេះដឹង សុខភាពរាងកាយមាំមួន នោះទើបបង្កើតជាឱកាសការងារផ្សេងៗ មិនសម្រាប់តែខ្លួនបុគ្គលនោះទេ តែក៏ជាចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕

ទស្សនទានៈ ​ការដាក់​បុគ្គល​រូប​ណា​ក្នុង​បញ្ជីរ​ខ្មៅ​ CBC មិន​មែនជា​ដំណោះ​ស្រាយ​ទេ​

ដោយៈ សហសេវិក

    ភ្នំពេញៈ បណ្តាម្ចាស់អាជីវកម្មពហុវិស័យ បានអអ្គុយជជែកគ្នានៅហាងកាហ្វេមួយ ដោយលើកឡើងពីផលវិបាក នៃវិបត្តិសេដ្ឋកិច្ច ពិសេសវិបត្តិផ្ទាល់ខ្លួន។

ពួកគាត់លើកឡើងនូវទស្សនទាន បែបជាការផ្តល់អនុសាសន៍ថា ការដាក់អ្នកណាឬម្ចាស់អាជីវកម្មណាម្នាក់ ដែលមានវិបត្តិលំហូរសាច់ប្រាក់ ក្នុងបញ្ជីរខ្មៅ ឬខូចCBCរបស់ក្រុមហ៊ុនក្រេឌីតប៊ូរ៉ួ គួរមានភាពបត់បែន និងប្រុងប្រយ័ត្នជាងនេះ។

ពួកគាត់លើកឡើងបន្តថា “ការរក្សាសុខភាពក្នុងទីផ្សារឥណទាន ជាការប្រសើរហើយ ប៉ុន្តែការដាក់ម្ចាស់អាជីវកម្មនានា ដែលកំពុងរងការឈឺចាប់ដោសារបញ្ហាអាជីវកម្មមិនដំណើរការ នឹងធ្វើឲ្យចរន្តសេដ្ឋកិច្ចកាន់តែលំបាកថែមទៀត”។

ការពិតម្ចាស់អាជីវកម្មមួយចំនួន មានបញ្ហាស្ទះលំហូរសាច់ប្រាក់ ប៉ុន្តែពួកគេនៅមានទ្រព្យជាច្រើនក្នុងដៃ ប៉ុន្តែជួនកាលពួកគេមិនអាចលក់ចេញ ឬបញ្ចេញបាន។

ការខូចCBC ប្រៀបបាននឹងជាការដាក់ “ទ័ណ្ឌកម្ម”ហិរញ្ញវត្ថុមួយដែលធនាគារមិនហ៊ាន ឲ្យប្រាក់ម្ចាស់អាជីវកម្មនោះខ្ចី ដើម្បីអាចដកដង្ហើបឬបន្តអាជីវកម្មបាន។

ជាការលើកឡើងនេះ ក្រុមម្ចាស់អាជីវកម្មបានស្នើរដ្ឋាភិបាល និងក្រុមហ៊ុនក្រេឌីតប៊ូរ៉ូ ជួយគិតរកដំណោះស្រាយឲ្យបានប្រសើរជាងនេះ ឬរកច្រកចេញណាមួយ ដើម្បីអាចឲ្យម្ចាស់អាជីវកម្មដំណើរការបាន អាចឲ្យមានលំហូរលុយ ចូលក្នុងសេដ្ឋកិច្ចកាន់តែសកម្ម និងរសរវើក ឡើងវិញ៕

បញ្ហា​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​ វៀតណាម​ក្លាយជា​ចំណុច​ក្តៅ​សម្រាប់​វិស័យឯកជន​

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ បញ្ហាដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម និងការដាក់ជញ្ជីងថ្លឹងបញ្រ្ចាសទិស បានក្លាយជាបញ្ហាក្តៅនៅក្នុងកិច្ចប្រជុំរវាងវិស័យរដ្ឋ និងឯកជន។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកិច្ចប្រជុំក្រុមការងារ “ច” “ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពសហប្រធានទាំងពីរគឺ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសហប្រធានក្រុមការងារ “ច” តំណាងផ្នែករដ្ឋាភិបាល និងឧកញ៉ា សូ ងួន សហប្រធានក្រុមការងារ “ច” តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អនុសហប្រធានក្រុមការងារ “ច” តំណាងផ្នែកឯកជន​, តំណាងគ្រឹះស្ថានសមាគម និងក្រុមហ៊ុនឯកជនក្នុងវិស័យដឹកជញ្ជូនជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជន ក្នុងវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ។ ជាក់ស្តែងកិច្ចប្រជុំនេះបានធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈម របស់ផ្នែកឯកជនចំនួន ២បញ្ហា រួមមាន៖ ១. បញ្ហាទាក់ទងនឹងការអនុវត្តប្រកាសលេខ ១៨៨ សក.ប្រក.ដជគ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និង
២. បញ្ហាការចំណាយផ្សេងៗ នៅព្រំដែនម៉ុកបៃ(ប្រទេសវៀតណាម) មិនមានការប្រើប្រាស់វិក្កយបត្រត្រឹមត្រូវ។

តាមរយៈកិច្ចប្រជុំក្រុមការងារកម្រិតបច្ចេកទេស នៃក្រុមការងារ “ច” នេះ ភាគីទាំងពីរបានពិគ្រោះ និងដោះស្រាយបញ្ហាបានចំនួន ១១ បញ្ហារួចមកហើយ ដែលរួមមាន ១. បញ្ហាការកំណត់ទម្ងន់ផ្ទុកខុសគ្នា សម្រាប់រថយន្តដឹកជញ្ជូនទំនិញ រវាងប្រទេសកម្ពុជា និងវៀតណាម។ ២. បញ្ហាការអនុវត្តចំពោះការអនុម័តលើឯកសារ ចេញ-ចូលក្បាលឡាន នៅច្រកព្រំដែនបាវិតម៉ុកបៃ (ប្រទេសកម្ពុជា-ប្រទេសវៀតណាម)។ ,

៣. បញ្ហាស្ថានីយជញ្ជីងថ្លឹងរថយន្តបញ្ច្រាស់ទិស នៅតាមបណ្តាផ្លូវជាតិ។ ៤. បញ្ហាការអនុវត្តចំពោះការអនុញ្ញាតិ លើពេលវេលាចេញ-ចូលក្រុង មិនមានតម្លាភាព។ ៥. បញ្ហាការផ្លាស់ប្តូរស្លាកលេខដែលបាក់បែក ឬខូចខាត ទៅស្លាកលេខថ្មី ៦. បញ្ហាការកំណត់ការបិត ឬបាញ់ថ្មាំលើលេខផ្លាកយាន្តជំនិះ អាជីវកម្មដឹកជញ្ជូនទំនិញ
៧. បញ្ហាការបណ្តុះបណ្តាលជំនាញបន្ថែម និងការប្រលងជ្រើសរើសអ្នកបើកបរប្រភេទរថយន្តដឹកជញ្ជូនទំនិញធន់ធំ។ ៨.បញ្ហាការបង់ពន្ធសម្រាប់ការលក់ និងផ្ទេរកម្មសិទ្ធិសឺមីរឹម៉ក ។

៩.ការដាក់ឯកសារស្នើសុំ តាមប្រព័ន្ធអនឡាញ យោងតាមប្រកាសលេខ ១៨៩ ស.ក.ប្រក.ដជគ ក្នុងប្រការ៥ និងយោងប្រកាស លេខ១៨៨ សក.ប្រក.ដជគប្រការ៥ ១០. បញ្ហាទាក់ទងនឹងការអនុវត្តប្រកាសលេខ១៨៩សក.ប្រក.ដជគ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤
១១. បញ្ហាការយកពន្ធលើយានយន្ត ដោយក្រសួងពីរផ្សេងគ្នា៕

​កម្ពុជាសម្រេច​ប្រើប្រាស់​ផ្កាយរណប ​និង​ AI របស់​ចិន​សម្រាប់​​តាមដាន​បម្រែបម្រួល​ធនធានធម្មជាតិ​ ការបំពុលទឹក​នៅ​តំបន់​ឆ្នេរ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងបរិស្ថានបានផ្តួចផ្តើម ឱ្យមានការចូលរួមពីវិស័យឯកជន ផ្តោតលើការកសាងទំនើបកម្មបច្ចេកវិទ្យា ដើម្បីជួយគាំទ្រការគ្រប់គ្រងវិស័យបរិស្ថានបន្ថែមទៀត។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកសាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទទួលជួបពិភាក្សាបច្ចេកទេសកម្រិតខ្ពស់ ជាមួយគណៈប្រតិភូក្រុមហ៊ុន សាធារណរដ្ឋប្រជាមានិតចិនចំនួន៧ក្រុមហ៊ុន ដឹកនាំដោយលោកស្រី Huang Zhiru ប្រធានចាត់ការទូទៅក្រុមហ៊ុន Guangxi Spacetime Information Co., Ltd. នៅទីស្តីការក្រសួងបរិស្ថាន។

គោលបំណងនៃជំនួបពិភាក្សា គឺដើម្បីជំរុញការអនុវត្តខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដែលបានចុះហត្ថាលេខាដោយភាគីទាំង២ នៅខែមីនា ២០២៦កន្លងមក ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស កសាងទំនើបកម្មវិស័យបរិស្ថានកម្ពុជា ពិសេសគឺផ្តោតទៅលើ ការបណ្តុះបណ្តាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការលើប្រព័ន្ធAI ក្នុងការគ្រប់គ្រង់ធនធានធម្មជាតិ និង វិស័យបរិស្ថានផងដែរ។

លោករដ្ឋលេខាធិការប្រចាំការ បានឯកភាពលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា នៃសាធារណរដ្ឋប្រជាមានិតចិន(Satellite, Drone and Smartphone) រួមបន្ថែមដោយបញ្ញាសិប្បនិមិត្ត (AI)លើការតាមដានបម្រែបម្រួលធនធានធម្មជាតិ ការបំពុលទឹក ការទុកដាក់សំរាមសំណល់រឹង និងការគ្រប់គ្រងធនធានតំបន់ឆ្នេរផងដែរ។

ជាងនេះទៀត លោកបានលើកជាសំណូមពរ ទៅសមភាគីចិនៈ
១ ចំពោះការរៀបចំគម្រោងគំរូ ដោយផ្តើមចេញពីខេត្តកោះកុងជាមុន ដោយត្រូវសិក្សាឱ្យមានជាផែនទីបង្ហាញ សម្រាប់ធ្វើបច្ចុប្បន្នភាពទៅលើការងារមួយចំនួន ដែលក្រសួងបរិស្ថានបាននឹងកំពង់អនុវត្តន៍ស្រាប់
២ សំណូមពរឱ្យមានរៀបចំជា(MoU)ដោយទ្បែកមួយ លើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ចូលរួមក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិ៕

ទីក្រុង Victoria Parkland នឹង​បើក​សម្ពោធ​​ការិយាល័យ​លក់​នៅ​ខែសីហា​ខាង​មុខ​នេះ​

ដោយៈ ម៉ាណា

    កណ្តាលៈ ជាមួយនឹងវឌ្ឍនភាព ក្នុងដំណើររឆ្ពោះទៅមុខប្រកបដោយចក្ខុវិស័យ ទីក្រុង Victoria Parkland បាននិងកំពុងត្រៀមបើកសម្ភោធការិយាល័យលក់ និងការបើកលក់គំរោងជាផ្លូវការផងដែរ។

នេះជាឈានមួយជំហ៊ានដថ្មីមួយទៀត របស់គំរោង Victoria Parkland ដោយបានបញ្ចប់ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរួមមានចំណតយានយន្ត និងការិយាល័យលក់ជាផ្លូវការហើយ។

គំរោងនេះ មានទីតាំងស្ថិតនៅក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ៤គីឡូម៉ែត្រ ពីចំណុចរង្វង់មូលតាខ្មៅ ក្នុងទីរួមខេត្តកណ្តាល។

លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុន Victoria Parkland បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការលក់ដីឡូត៍៍សម្រាប់វីឡានៅក្នុងគំរោងនេះ បាននិងកំពុងចាប់ផ្តើមហើយ ជាមួយនឹងការចាប់អារម្មណ៍ខ្ពស់ពីអតិថិជន ដោយសារទំនុកចិត្ត និងភាពដែលអាចជឿជាក់បាន។

លោកបញ្ជាក់ថា “ អ្នកខ្លះបានលើកឡើងពីតម្លៃថ្លៃ នៃដីនៅទីនេះ ប៉ុន្តែយើងទុកឲ្យពួកគេគិត ហើយយើងនៅបន្តគំរោងនិងការលក់របស់យើង ដើម្បីសម្រេចបានជោគជ័យរួមនាពេលអនាគត”។ លោកបន្ថែមថា “យើងអភិវឌ្ឈន៍គំរោងនេះ ដោយឈរលើគុណតម្លៃ តម្លៃ និងការកសាងភាពស៊ីវិល័យសម្រាប់តំបន់នេះ”។

លោកបញ្ជាក់ថា “អតិថិជនអាចមកកាន់គំរោងនេះ ជាមួយនឹងការស្វាគមន៍ ជាមួយនឹងការិយាល័យលក់ថ្មីស្រឡាង និងមានកន្លែងអង្គុយជជែកពិភាក្សា ការញាំកាហ្វេ និងជជែកពីផែនការអភិវឌ្ឍ ក៏ដូចជាមកទិញដីនៅក្នុងគំរោងនេះ”។

ទីក្រុង Victoria Parkland សាងសង់ឡើងលើផ្ទៃដីទំហំ៥០ហិកតា  ដែលផ្ទៃដីទំហំ៣០ហិកតា នឹងពុះឡូត៍លក់ជាដីខ្នាតវីឡា ដែលមានទំហំចាប់ពី៦០០ ដល់ជាង២០០០ម៉ែត្រការ៉េ ជាមួយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមេទំហំ២៥ម៉ែត្រទទឹង និងផ្លូវរណបទំហំ១៥ម៉ែត្រការ៉េ។ ចំណែកផ្ទៃដីទំហំ២០ហិកតាទៀត នឹងសាងសង់ជាផ្ទះអាជីវកម្ម ខុនដូ ផ្សារទំនើប សាលារៀន អាគារការិយាល័យជាដើម។

អតិថិជនចាប់អារម្មណ៍វិ​និយោគ ឬចង់សហការអភិវឌ្ឍន៍គំរោងនេះរូមគ្នាអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 086 48 5566៕

ដំណឹងល្អៈ ​ក្រុមហ៊ុនចិន​ចំនួន​៣៥​គ្រោង​បោះ​ទុន​ប្រមាណ​១០០០​លាន​ដុល្លារ​នៅ​ក្នុង​ខេត្ត​ភាគ​ខាង​ត្បូង​

ដោយៈ ចំណាន

    តាកែវៈ ម​ន្រ្តីរដ្ឋបាលខេត្តបានឲ្យដឹងថា ក្រុមហ៊ុនចិនចំនួន៣៥ ដែលមានការអភិវឌ្ឍន៍លើពហុវិស័យ គ្រោងបោះទុន១០០០លានដុល្លារអាមេរិក ក្នុងខេត្តតាកែវ។

ព័ត៌មាននេះ ត្រូវបានលើកឡើងកាលពីចុងសប្តាហ៍មុន ក្នុងឱកាស លោកវ៉ី សំណាងអភិបាលខេត្តតាកែវ បានទទួលស្វាគមន៍គណប្រតិភូចិន មកពីខេត្តចឺជាំង ដើម្បីសិក្សានិងស្វែងរកឱកាសវិនិយោគនៅក្នុងខេត្តនេះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានលើកឡើងពីមូលដ្ឋានសក្តានុពលក្នុងខេត្ត និងបានស្វាគមន៍ ព្រមទាំងសន្យាជួយសម្របសម្រួលការវិនិយោគរបស់ក្រុមហ៊ុនទាំងនោះ មកវិនិយោគនៅកម្ពុជា៕

មហាសេដ្ឋីលី កាស៊ីង​បានឈរចំណាត់ថ្នាក់លេខ១​ក្នុង​ចំណោម​មហាសេដ្ឋី​អចលនទ្រព្យ​របស់​ចិន​នៅ​ឆ្នាំនេះ​

ដោយៈ ចំណាន

    ប្រទេសចិនៈ វិស័យអចលនទ្រព្យរបស់ប្រទេសចិននៅ ឆ្នាំ២០២៦នេះ កំពុងងើបឡើងវិញពីវិបត្តិអចលនទ្រព្យ ដ៏អូសបន្លាយ ដូច្នេះអតីតមហាសេដ្ឋីអចលនទ្រព្យជាច្រើន បានឃើញទ្រព្យសម្បត្តិរបស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំង។

ផ្អែកលើ Forbes, Hurun និងចំណាត់ថ្នាក់ទ្រព្យសម្បត្តិថ្មីៗ អ្នកមានបំផុត ដែលទ្រព្យសម្បត្តិរបស់ពួកគេភាគច្រើន មកពីអចលនទ្រព្យមានប្រមាណ។

១. Li Ka-shing – CK Asset Holdings

ទ្រមហាសេដ្ឋីហុងកុងរូបនេះ បានគ្រងដំណែងលេខ១នៅលើអចលនទ្រព្យចិន ជាលើកដំបូង បន្ទាប់ពីវិស័យនេះបានដួលរលំជាច្រើនឆ្នាំមកនេះ នៅក្នុងប្រទេសចិន។

មហាសេដ្ឋីរូបនេះ មានទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មាន៤៧ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៦នេះ។

ទោះបីជាមានមូលដ្ឋាននៅហុងកុងក៏ដោយ លោកនៅតែជាអ្នកជំនួញដែលផ្តោតលើអចលនទ្រព្យ ដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងតំបន់ Greater China។ ទ្រព្យសម្បត្តិរបស់លោកបានមកពីការអភិវឌ្ឍអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ លក់រាយ និងទូរគមនាគមន៍។
មហាសេដ្ឋីរូបនេះល្បីល្បាញ លើការវិនិយោគអចលនទ្រព្យ និងបានចេញនូវពាក្យអប់រំជាច្រើនដូចជា “ចេញរកស៊ីទៅ បើអ្នកបរាជ័យទទួលបានបទពិសោធន៍ ប៉ុន្តែបើអ្នកជោគជ័យអ្នកនឹងមានលុយច្រើន”៕

Cambodia Food Expo 2026 under the “Khmer Food Must Be Strong” Campaign

By MoT

Phnom Penh.

H.E. HUOT Hak, Minister of Tourism, presided over the “Cambodia Food Expo 2026,” held under the “Khmer Food Must Be Strong” campaign and led by H.E. Dr. OM Sengbora, Chairman of the Board of the CEO Institute. The event aims to enhance the prestige of Khmer cuisine, strengthen product quality and standards, and promote the capacity and competitiveness of Cambodian entrepreneurs in both domestic and international markets.

The event serves as an important platform for showcasing food and beverage products, processed agricultural products, and innovative creations by Cambodian entrepreneurs. It also provides opportunities for producers, suppliers, investors, and business partners to meet, exchange experiences, and establish new networks of cooperation.

The Expo also makes a significant contribution to promoting Cambodia’s culinary heritage and advancing gastronomy tourism by connecting Khmer flavours with the Kingdom’s culture, traditions, local identities, and tourism destinations across the country.

We respectfully invite the Cambodian public, as well as national and international tourists, to visit the Expo, support Cambodian products, and join together in promoting national pride under the spirit of:

“United for the Strength and Success of Our National Economy! Khmer Food Must Be Strong!”

The event is being held from 17 to 19 July 2026 at the Diamond Island Convention and Exhibition Centre in Phnom Penh.