ដំណឹងល្អៈ ខេត្ត​ព្រះ​សីហនុស្វាគមន៍​គំរោង​វិនិយោគ​ថ្មី​ចំនួន ១០ ជាមួយ​ទុន​សរុប​ប្រមាណ ៧២លានដុល្លារ​

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចចំនួន១០ ក្រោមទុនវិនិយោគជាង៧២លានដុល្លារ និងអាចបង្កើតឱកាសការងារប្រមាណ៨០០កន្លែង។

ព័ត៌មាននេះត្រូវបានបញ្ជាក់ឲ្យដឹង ក្នុងឱកាសលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី២៦ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចចំនួន១០ ដោយមានការអញ្ជើញ ចូលរួមពីតំណាងក្រសួងស្ថាប័ន និងរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

គម្រោងទាំងនេះ រួមមាន គម្រោងបង្កើតតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និង មធ្យម (SME Cluster) គម្រោងរោងចក្រកែច្នៃលោហធាតុ គម្រោងរោងចក្រកែច្នៃក្តារបន្ទះ គម្រោងរមណីយដ្ឋាន និង រីសត, គម្រោងសណ្ឋាគារ និងរីសត និងគម្រោងអគារស្នាក់នៅរួម ក្រោមទុនវិនិយោគជាង៧២លានដុល្លារអាម៉េរិក។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានសិក្សាអំពីបរិយាកាសវិនិយោគ បច្ចុប្បន្ននៅខេត្តព្រះសីហនុ ពាក់ព័ន្ធស្ថានភាពពិភពលោក តំបន់ និងក្នុងស្រុក ដោយបានសម្ភាសន៍ជាមួយម្ចាស់គម្រោង និងសង្កេតអំពីស្ថានភាពវិនិយោគនៅក្នុងខេត្ត ។

ជាលទ្ធផលអ្នកឆ្លើយសម្ភាសន៍យល់ថា វិធានការថ្មីៗរបស់រាជរដ្ឋាភិបាល បាននិងកំពុងបង្កើត និងស្តារទំនុកចិត្តវិនិយោគ ដែលតាមនេះ សកម្មភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ និងទេសចរណ៍ នៅបន្តមានសកម្មភាព ហើយសកម្មភាពវិនិយោគ ក្នុងវិស័យឧស្សាហកម្ម នៅមានសញ្ញាណល្អប្រសើរ ស្របពេលដែលក្រសួងស្ថាប័ន ក្រុមការងារ និង រដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងបន្តខិតខំទាក់ទាញវិនិយោគ ។

ទន្ទឹមនេះ វិស័យឧស្សាហកម្មក្នុងខេត្តព្រះសីហនុ មាននិន្នាការប្រើប្រាស់វត្ថុធាតុដើម ពីរោងចក្រសហគ្រាសក្នុងស្រុក ដូចជា ឈើដាំក្នុងស្រុក កម្ទេចឈើ ម្សៅដំឡូងមី កៅស៊ូ និង អំបិល ជាដើម ។ និន្នាការនេះ ជាកាលានុវត្តភាពបន្ថែម សម្រាប់ការវិនិយោគ ដែលទាមទារឱ្យមានការបន្តជំរុញ គាំទ្រ និងសម្របសម្រួល ពីក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមធ្វើកិច្ចការជាមួយគ្នា ដោះស្រាយបញ្ហាជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធ និង ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ។

ជាមួយនេះ លោកបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និងឆន្ទៈខ្ពស់របស់ក្រុមការងារ និង បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និងចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ឱ្យបានជោគជ័យ ហើយត្រូវធ្វើការរួមគ្នាដោយភាពស៊ីសង្វាក់ ដើម្បីដោះស្រាយបញ្ហារបស់វិនិយោគិន  “ជាកញ្ចប់” និង មានសង្គតិភាព។

រាល់ការសម្របសម្រួលនីតិវិធី ការផ្តល់ការលើកទឹកចិត្ត និង ការឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែងរបស់ធុរជន ត្រូវតែធ្វើឡើងដោយបុរេសកម្ម ឆាប់រហ័ស និង មានតម្លាភាព ដោយតម្កល់ផលប្រយោជន៍ជាតិជាចម្បង ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច ក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ៕

ក្រុមហ៊ុន​ Google ​ពង្រីក​ការ​ជួល​ការិយាល័យ​នៅ​ទីក្រុង Miami ​បន្ទាប់​ពី​មហាសេដ្ឋី​ស្ថាបនិក​ទិញ​ផ្ទះ​នៅ​តំបន់​នេះ​

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានពង្រីកការិយាល័យរបស់ខ្លួននៅទីក្រុង Miami ជាង៤ដងនៅឆ្នាំនេះ បន្ទាប់ពីសហស្ថាបនិកលោក Larry Page និងលោក Sergey Brin បានទិញផ្ទះនៅក្នុងតំបន់នោះ។

ក្រុមហ៊ុននេះបានជួលការិយាល័យបន្ថែមទំហំ ៤.១៨០ ម៉ែត្រការ៉េនៅវិថី 1450 Brickell Avenue ដោយពង្រីកពីការិយាល័យដែលមានស្រាប់ទំហំ ៩២៩ ម៉ែត្រការ៉េនៅក្នុងសង្កាត់ហិរញ្ញវត្ថុរបស់ទីក្រុង Miami។

លោក Page និងលោក Brin ដែលមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាលើសពី៥៧៣ពាន់លានដុល្លារអាមេរិក បានបង្កើនវត្តមាននៅតំបន់ភាគខាងត្បូងរដ្ឋ Florida ខណៈរដ្ឋកាលីហ្វ័រញ៉ាកំពុងពិចារណាលើការធ្វើប្រជាមតិមួយដើម្បីយកពន្ធលើទ្រព្យសម្បត្តិរបស់បុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

តំបន់ភាគខាងត្បូងរដ្ឋ Florida បានទាក់ទាញមហាសេដ្ឋីជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជំរុញឱ្យមានសំណួរថា តើការមកដល់របស់ពួកគេនឹងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចដែរឬទេ។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ លោក Page បានទិញអចលនទ្រព្យនៅទីក្រុង Miami ដែលមានតម្លៃ ១៨៨ លានដុល្លារអាមេរិក រួមទាំងអចលនទ្រព្យដែលមានតម្លៃ ១០១,៥ លានដុល្លារអាមេរិកនៅតំបន់ Coconut Grove ខណៈលោក Brin បានទិញផ្ទះតម្លៃ ៥១ លានដុល្លារនៅតំបន់ Miami Beach៕

រដ្ឋបាល​ខេត្តសៀមរាប​គ្រោង​រៀបចំ​ស្រុកបន្ទាយស្រី ​ជា​ទីក្រុង​ទេសចរណ៍​ ទេសចរណ៍​គ្មាន​ផ្សែង​បារី​

ដោយៈ ម៉ាណា

សៀមរាបៈ  អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ រួមជាមួយលោកហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំពិភាក្សាលើការរៀបចំ សមត្ថភាពរៀបចំស្រុកបន្ទាយស្រីជាទីក្រុងទេសចរណ៍​ទេសចរណ៍គ្មានផ្សែងបារី”។

កិច្ចប្រជុំនព មានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលស្រុកបន្ទាយស្រី រដ្ឋបាលឃុំទាំង៥ ការិយាល័យចំណុះស្រុក អធិការដ្ឋាននគរបាលស្រុក នាយប៉ុស្តិ៍ និងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍សរុបប្រមាណ១០០នាក់។

សិក្ខាសាលានេះ មានគោលបំណងសំខាន់ៗរួមមាន៖ ពង្រឹងការយល់ដឹង អំពីផលប៉ះពាល់នៃផ្សែងបារី ពង្រឹងការយល់ដឹងអំពីគោលនយោបាយ ទីក្រុងទេសចរណ៍គ្មានផ្សែងបារី បង្កើនសមត្ថភាពអនុវត្តរបស់មន្ត្រីរដ្ឋបាលស្រុក ឃុំ កងកម្លាំងនគរបាល និងភាគីពាក់ព័ន្ធ លើកទឹកចិត្តឱ្យអាជីវកម្មទេសចរណ៍ ចូលរួមបង្កើតបរិយាកាសស្អាត និងមានសុខភាពល្អ និងកសាងភាពជាដៃគូរវាងរដ្ឋ អាជីវករ និងសហគមន៍ ផ្លាស់ប្តូរបទពិសោធន៍។

សិក្ខាសាលានេះ បានបង្ហាញយ៉ាងច្បាស់អំពីការគាំទ្រ និងការរួមគ្នាកសាងបរិស្ថានគ្មានផ្សែងបារី នៅក្នុងស្រុកបន្ទាយស្រី ដើម្បីឈានឆ្ពោះទៅរកការរៀបចំស្រុកបន្ទាយស្រី របស់យើងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។

សិក្ខាសាលានេះ ក៏បានរៀបចំជាកិច្ចពិភាក្សាជារួម Panel discussion ដែលមានអ្នកសម្របសម្រួល និងវាគ្មិនកិត្តិយសមកពីក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល អង្គការចលនាដើម្បីសុខភាពកម្ពុជា មន្ទីរទេសចរណ៍ រដ្ឋបាលស្រុក អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ ដែលផ្តល់ឱកាសជូនអ្នកចូលរួម ទាំងអស់លើកជាសំណួរ ឬបទពិសោធន៍ដែលជួបប្រទះ មកដោះស្រាយនិងចែករំលែកផងដែរ៕

ការធ្លាក់ចុះ​នៃ​ការ​ផ្គត់ផ្គង់ ​និង​លំហូរ​ប្រជាជន​មក​ពី​ចិន​ដី​គោក​នឹង​ជំរុញ​ឱ្យ​តម្លៃ​ផ្ទះ​នៅ​ទី​ក្រុង​ហុងកុង​ស្ទុះ​ងើប​ឡើង​វិញ​

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមស្ថាប័ន Bloomberg Intelligence (BI) តម្លៃផ្ទះនៅទីក្រុងហុងកុងត្រូវបានគេរំពឹងថានឹងងើបឡើងវិញច្រើនបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍នៅឆ្នាំនេះ ដែលជំរុញដោយតម្រូវការរបស់ពលរដ្ឋចិនដីគោក និងការផ្គត់ផ្គង់នៅមានកម្រិត។

តម្លៃផ្ទះប្រភេទទី២នៅក្នុងទីក្រុងហុងកុងត្រូវបានគេរំពឹងថានឹងកើនឡើងសរុបចំនួន១៩ភាគរយពីឆ្នាំ២០២៦ដល់ឆ្នាំ២០២៧។នេះបើយោងតាមការប៉ាន់ប្រមាណរបស់ស្ថាប័ន Bloomberg Intelligence។

ក្រុមអ្នកវិភាគនៅស្ថាប័នខាងលើដែលដឹកនាំដោយលោក Patrick Wong បានអះអាងថា តម្រូវការលំនៅឋានពីពលរដ្ឋចិនដីគោក ចំនួនសំណង់ថ្មីធ្លាក់ចុះ និងទីផ្សារជួលដ៏រឹងមាំជាកត្តាគាំទ្រដល់កំណើននៃតម្លៃលំនៅឋាន។

ពលរដ្ឋចិនដីគោកនៅតែជាកាតាលីករដ៏សំខាន់សម្រាប់ទីផ្សារលំនៅឋាន ដោយបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទិញយកលំនៅឋាននៅទីក្រុងហុងកុងក្នុងត្រីមាសទីមួយ។

យោងតាមស្ថាប័ន Bloomberg Intelligence​​ ការហក់ឡើងថ្លៃនៃប្រាក់យ័នធៀបនឹងប្រាក់ដុល្លារហុងកុង និងការងើបឡើងវិញនៃទីផ្សារលំនៅឋានរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ បានធ្វើឱ្យការវិនិយោគនៅក្នុងទីក្រុងហុងកុងកាន់តែមានភាពទាក់ទាញ។

ក្រុមអ្នកវិភាគបានលើកឡើងថា កំណើនតម្លៃផ្ទះនឹងជំរុញការលក់ផ្ទះថ្មីសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍ឈានមុខគេ រួមមាន ក្រុមហ៊ុន Sun Hung Kai Properties ក្រុមហ៊ុន CK Asset Henderson Land Development និងក្រុមហ៊ុន New World Development។

ការថយចុះនៃការផ្គត់ផ្គង់លំនៅឋានថ្មីនៅក្នុងទីក្រុងហុងកុងក៏ត្រូវបានគេរំពឹងថានឹងគាំទ្រដល់ការកើនឡើងនៃតម្លៃផ្ទះផងដែរ ខណៈការបញ្ចប់ការសាងសង់ផ្ទះថ្មីនឹងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១២ឆ្នាំនៅឆ្នាំ២០២៧៕

ក្រុមហ៊ុន​ផលិត​យន្តហោះ​ចិន​ COMAC ​ពង្រឹង​ភាព​ជា​ដៃ​គូ​អាកាសចរណ៍​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​

ដោយៈ ចំណាន

ភ្នំពេញៈ  ក្រុមហ៊ុនផលិតយន្តហោះចិន (COMAC) នឹងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា(MoU)ជាមួយរដ្ឋលេ​ខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអាកាសចរណ៍របស់ប្រទេស។

ភាពជាដៃគូនេះ នឹងផ្តោតលើការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធន​ធានមនុស្ស ការថែទាំអាកាសយានដ្ឋាន ការគាំទ្របច្ចេកទេស និងការកែលម្អសមត្ថភាពប្រតិបត្តិការ របស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា។

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត រយៈពេលវែងរបស់COMAC ចំពោះប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយធ្វើទំនើបកម្មឧស្សាហកម្ម អាកាសចរណ៍ស៊ីវិលរបស់ប្រទេស កែលម្អការតភ្ជាប់ផ្លូវអាកាស និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងទីផ្សារអាកាសចរណ៍ក្នុងតំបន់។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ក្រុមហ៊ុន COMAC ផលិតយន្តហោះក្នុងតំបន់C909 និងយន្តហោះតួតូចC919 ខណៈក្រុមហ៊ុននេះកំពុងអភិវឌ្ឍយន្តហោះC929 សម្រាប់ហោះហើរផ្លូវឆ្ងាយ ដែលត្រូវបានគេរំពឹងថា នឹងធ្វើការហោះហើរលើកដំបូងរបស់ខ្លួន នៅឆ្នាំ ២០៣០។

ក្រុមហ៊ុនក៏កំពុងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាតាមរយៈសេវាកម្មថែទាំយន្តហោះ និងការបណ្តុះបណ្តាលបុគ្គលិកអាកាសចរណ៍ផងដែរ៕

រដ្ឋាភិបាល​បង្កើត​បណ្តាញ​ស្រាវជ្រាវ​កម្ពុជា​ជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ចំនួន​៣១

ដោយៈ ចំណាន

    ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោកវង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើត “បណ្តាញស្រាវជ្រាវកម្ពុជា”។

ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងអំពីស្ថានភាពប្រែប្រួលយ៉ាងគំហុក និងស្មុគស្មាញនៃនិន្នាការសកល (Megatrend)រួមមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត (AI) វិបត្តិបម្រែបម្រួលអាកាសធាតុ ហានិភ័យសន្តិសុខទម្រង់ថ្មីៗ​ ទាំងប្រពៃណីនិងមិនប្រពៃណី ដូចជាសន្តិសុខបច្ចេកវិទ្យា ជំងឺរាតត្បាត និងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបរិការណ៍ព្រំដែនកម្ពុជា-ថៃ។

លោកបានគូសបញ្ជាក់អំពីតម្រូវការ កែលម្អវិធីសាស្ត្រនៃការដឹកនាំ និងការធ្វើគោលនយោបាយ បម្រើឱ្យការអភិវឌ្ឍរបស់ប្រទេសទៅមុខបានរឹងមាំ និងឱ្យបានវែងឆ្ងាយ។ ដូច្នេះ កម្ពុជាមានតម្រូវការទាំងសមត្ថភាពប្រមើលមើល សមត្ថភាពឆ្លើយតបសមត្ថភាពបត់បែន និងសមត្ថភាពនវានុវត្តន៍ខ្ពស់ ដើម្បីអាចឈរជើង អាចរស់រាន និងប្រកួតប្រជែងបាន។

ក្នុងន័យនេះ ដើម្បីធានាបាននូវ “ភាពធន់របស់ជាតិ (National Resilience)” កម្ពុជាចាំបាច់ត្រូវមានការផ្សារភ្ជាប់ការសិក្សា និងស្រាវជ្រាវផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ (Evidence-based Research) ទៅនឹងការតាក់តែង ការតាមដាន និងការវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឡើងនូវការដ្ឋានការងារគន្លឹះចំនួន៥ ការតម្រង់ទិសលើវិស័យអាទិភាពចំនួន៥ និងទិសដៅយុទ្ធសាស្រ្តចំនួន ៥ (៥+៥+៥) ដើម្បីឱ្យ “បណ្តាញស្រាវជ្រាវកម្ពុជា” ដំណើរការដោយមានប្រសិទ្ធភាព។

ក្នុងនោះ ការដ្ឋានការងារទាំង៥ រួមមាន៖ ១. ការបង្កើតបណ្តាញទំនាក់ទំនង តភ្ជាប់ស្ថាប័នរដ្ឋនិងគ្រឹះស្ថានស្រាវជ្រាវ ២. ការកសាងធនធានមនុស្សនិងការចែករំលែកចំណេះដឹង។៣.ការតភ្ជាប់ការ​សិក្សាស្រាវជ្រាវទៅនឹងការរៀបចំ និងការអនុវត្តគោលនយោបាយ។

៤. ការបង្កើតវេទិកាអនឡាញ ដើម្បីចែករំលែកព័ត៌មាន និងរបកគំហើញ និង ៥. ការបង្កើតប្រព័ន្ធទិន្នន័យរួម។ ការងារនេះផ្តោតទៅលើវិស័យអាទិភាពធំៗចំនួន៥ គឺ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងប្រវត្តិសាស្ត្រ បច្ចេកវិទ្យា និងអភិបាលកិច្ច ដោយចាប់ផ្តើមពីគម្រោងតូចៗ តែសំខាន់ក្នុងដំណាក់កាលដំបូង។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំលើទិសដៅយុទ្ធសាស្ត្រចំនួន៥ចំណុចទៀត ដោយផ្តោតសំខាន់លើ ១. ការធានាឱ្យបានដាច់ខាតនូវគុណភាព សុចរិតភាព និងក្រមសីលធម៌នៃការស្រាវជ្រាវ (Quality and Rigor) ២. ការលុបបំបាត់  “វប្បធម៌ធ្វើការដាច់ដោយឡែកពីគ្នា (Breaking Silos)”។

៣. ការតម្រង់ទិសការស្រាវជ្រាវ តាមតម្រូវការជាក់ស្តែង ដោយត្រូវធានាថា ការស្រាវជ្រាវមានឯករាជ្យភាព និងសេរីភាព សំដៅបណ្តុះគំនិត និងធនធានបញ្ញារបស់សង្គម ក្នុងគោលដៅនិងគុណតម្លៃរួម ៤. ការពង្រឹងចីរភាពនិងនិរន្តរភាពស្ថាប័ន តាមរយៈការរៀបចំលក្ខន្តិកៈ កំណត់តួនាទីនិងភារកិច្ច នៃបណ្តាញស្រាវជ្រាវកម្ពុជា និង៥. ការលើកកម្ពស់ការស្រាវជ្រាវ និងកសាងភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន និងវិទ្យាស្ថានស្រាវជ្រាវ។

បន្ថែមលើសពីនេះ លោកវង្សី វិស្សុត បានបញ្ជាក់ថា គំនិតនៃការបង្កើតបណ្តាញស្រាវជ្រាវនេះ ត្រូវបានគិតគូរឡើងដោយទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តាំងពីដើមអាណត្តិទី៧ អស់រយៈពេលជាង២ឆ្នាំមកហើយ ទើបទទួលបានផ្លែផ្កា និងសម្រេចបាននូវក្របខ័ណ្ឌទស្សនាទានរួម ព្រមទាំងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនាពេលនេះ។

លោកសង្កត់ធ្ងន់ថា ការបង្កើតCRN មិនមែនគ្រាន់តែជាពិធីចុះហត្ថលេខាលើក្រដាសនោះទេ ប៉ុន្តែជា “ការចាប់ផ្តើមនៃទំព័រថ្មីមួយ” នៃការប្រមូលផ្តុំកម្លាំងបញ្ញាញាណ ដោយបង្កើនប្រសិទ្ធភាពនៃការចំណាយថវិកា និងធនធានជាតិឱ្យចំទិសដៅ និងឆ្លើយតបបានទាន់ពេលវេលាចំពោះបញ្ហាប្រឈមធំៗរបស់ប្រទេសជាតិ”៕

ការវិនិយោគដី​​បែប Land Banking នៅ​តែ​ជា​យុទ្ធសាស្រ្ត​ល្អ​សម្រាប់​កម្ពុជា​នា​ពេល​អនាគត

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ការធនាគារដី ឬការទិញដី ហើយរក្សាទុកវាសម្រាប់ការកើនឡើងនាពេលអនាគត នៅតែអាចក្លាយជាយុទ្ធសាស្ត្រវិនិយោគរយៈពេលវែងដ៏ល្អមួយនៅក្នុងប្រទេសកម្ពុជា។

ប៉ុន្តែវាដំណើរការបានល្អបំផុត ប្រសិនបើអ្នកជ្រើសរើសទីតាំងត្រឹមត្រូវ មានការវិនិយោគរយៈពេលវែង (៥-១០+ ឆ្នាំ) និងជៀសវាងការខ្ចីប្រាក់ច្រើនពេក។ ហេតុអ្វីបានជាអ្នកជំនាញជាច្រើន នៅតែគាំទ្រការធនាគារដី? មានហេតុផលមួយចំនួនដូចជា

១. ហេដ្ឋារចនាសម្ព័ន្ធជំរុញតម្លៃដី

ខណៈពេលដែលប្រទេសកម្ពុជា បន្តវិនិយោគលើផ្លូវថ្នល់ ផ្លូវល្បឿនលឿន មជ្ឈមណ្ឌលដឹកជញ្ជូន និងតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដីនៅជិតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗច្រើន តែទទួលបានអត្ថប្រយោជន៍ ពីតម្រូវការខ្ពស់តាមពេលវេលា។

ជាទូទៅ អ្នកប្រឹក្សាអចលនទ្រព្យណែនាំ ឱ្យវាយតម្លៃដីដោយផ្អែកលើផែនការហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍នាពេលអនាគត ជាជាងតម្លៃបច្ចុប្បន្នតែម្នាក់ឯង។


២. ការផ្គត់ផ្គង់ដីមានកំណត់

មិនដូចខុនដូ ឬអគារការិយាល័យទេ ដីមិនអាចបង្កើតបានទេ។ ដីដែលមានទីតាំងល្អ នៅជិតតំបន់ទីក្រុង ដែលកំពុងពង្រីកអាចកាន់តែមានតម្លៃនៅពេលដែលទីក្រុងរីកចម្រើន។

៣. ការប្រើប្រាស់នាពេលអនាគតដែលអាចបត់បែនបាន

ដីអាចត្រូវបានអភិវឌ្ឍន៍នៅពេលក្រោយទៅជា លំនៅដ្ឋាន (បុរី) អគារពាណិជ្ជកម្ម ឃ្លាំង រោងចក្រ គម្រោងប្រើប្រាស់ចម្រុះជាដើម។

៤. ប្រទេសកម្ពុជានៅតែកំពុងធ្វើនគរូបនីយកម្ម

រាជធានីភ្នំពេញ និងខេត្តជុំវិញបន្តពង្រីក ដោយបង្កើតឱកាសសម្រាប់ការវិនិយោគដីធ្លីជាយុទ្ធសាស្ត្រក្នុងរយៈពេលវែង។

ក្រុមហ៊ុនដូចជា Knight Frank Cambodia បានបញ្ជាក់ថា កម្ពុជាផ្តល់ឱកាសដីធ្លី នៅទូទាំងវិស័យលំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងការប្រើប្រាស់ចម្រុះ។

ក្រុមប្រឹក្សាយោបល់ដីធ្លីរបស់ពួកគេ បានសង្កត់ធ្ងន់លើការជ្រើសរើសទីតាំង ដោយផ្អែកលើសក្ដានុពលទីផ្សារ ការពិចារណាលើផែនការ និងសក្តានុពលកំណើនរយៈពេលវែង។

ពួកគេក៏កត់សម្គាល់ផងដែរថា ការវិនិយោគដីធ្លីអាចបង្កើតតម្លៃរយៈពេលវែង នៅពេលដែលមានការគាំទ្រ ពីការវិភាគទីផ្សារត្រឹមត្រូវ និងការកំណត់ទីតាំងយុទ្ធសាស្ត្រ។

ជាមួយគ្នានេះ ធនាគារពិភពលោកបានបញ្ជាក់ម្តង ហើយម្តងទៀតថា កម្មសិទ្ធិដីធ្លីដែលមានសុវត្ថិភាព និងទីផ្សារដីធ្លីលើកទឹកចិត្តដល់ការវិនិយោគ កែលម្អការទទួលបានហិរញ្ញប្បទាន និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង៕

រយៈ​ពេល​ជាង ២ឆ្នាំ​ ខេត្តព្រះសីហនុ​ទាក់​ទាញ​ទុន​វិនិយោគ​ជាង​ ៨០០០​លាន​ដុល្លារ​

ដោយៈ ចំណាន

    ព្រះសីហនុៈ គិតចាប់ពីឆ្នាំ២០២៤ ដល់ត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ ក្រុមការងារជម្រុញការវិនិយោគខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្ត និងការសម្រួលនីតិវិធី ដល់គម្រោងសរុប៤៩១គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន៨,៤ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជាង៦ម៉ឺនកន្លែង។

គម្រោងទាំង៤៩១នេះរួមមាន គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន២១៦ គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬគម្រោងថ្មីចំនួន២៣៥​គម្រោងពង្រីកចំនួន២៥ និងគម្រោងមានស្រាប់ចំនួន១៥។

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំអ​នុម័តគម្រោងវិនិយោគថ្មីចំនួន១០ ដែលមានទុនវិនិយោគប្រមាណ៧២លានដុល្លារកាលពីថ្ងៃទី២២ កក្កដាកន្លងមកនេះ៕

ក្រសួង​កំពុង​រៀប​ចំ​តំបន់​ “ទេសចរណ៍​គ្មាន​ប្លាស្ទិក​ក្នុង​រាជធានី​ភ្នំពេញ​”​

ដោយៈ និស្ស័យ

ភ្នំពេញៈ លោកឈុន មករា អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់​គ្រងឧស្សាហកម្មទេសចរណ៍ តំណាងលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួ​ងទេសចរណ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការរៀបចំតំបន់ទេសចរណ៍គ្មានប្លាស្ទិក (Plastic-Free Tourism Zone) ក្នុងរាជធានីភ្នំពេញ”។

សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍, តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងអង្គការ UNDP ប្រចាំកម្ពុជា, អាជ្ញាធរដែនដី (អភិបាលរងខណ្ឌ និងចៅសង្កាត់) ព្រមទាំងម្ចាស់អាជីវកម្មទេសចរណ៍យ៉ាងច្រើនកុះករ។

ចំណុចសំខាន់ៗនៃប្រសាសន៍បើកពិធីរបស់ លោកឈុន មករាផ្តោតលើកិច្ចសហការ និងការគាំទ្រ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការUNDPប្រចាំកម្ពុជា ដែលបានផ្តល់កិច្ចសហការ ព្រមទាំងគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការសម្របសម្រួលអញ្ជើញភាគីពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ចូលរួមក្នុងសិក្ខាសាលានេះ។

ទិសដៅយុទ្ធសាស្ត្រ៖ រៀបចំឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការរុញច្រានសេដ្ឋកិច្ចចក្រា (Circular Economy) និងការអភិវឌ្ឍប្រកបដោយចីរភាព គាំទ្រយុទ្ធនាការរដូវកាលបៃតង៖ ការរៀបចំតំបន់ទេសចរណ៍គ្មានប្លាស្ទិក គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់យុទ្ធនាការ “ទស្សនាកម្ពុជានារដូវកាលបៃតង (Visit Cambodia in Green Season) និងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ម្ចាស់គ្រប់​គ្រងរមណីយដ្ឋាន និងអាជីវករទាំងអស់ រួមដៃគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមទីក្រុង និងតាមដងទន្លេ (មេគង្គ ទន្លេសាប និងទន្លេបាសាក់) ដើម្បីប្រែក្លាយកម្ពុជា ទៅជាគោលដៅទេសចរណ៍បៃតង និងមានគុណភាពខ្ពស់៕

ការ​ផ្គត់ផ្គង់​ការិយាល័យ​នៅ​តំបន់​ Klang Valley ​របស់​ម៉ាឡេសុី​ស្ថិត​នៅ​ទ្រឹង​ ខណៈ​អត្រា​គ្រប​ដណ្តប់​ការ​ជួល​កើន​ឡើង​ដល់​ ៧៧​ ភាគរយ

ដោយ: សហសេវិក
អន្តរជាតិ: ការផ្គត់ផ្គង់ការិយាល័យនៅតំបន់ Klang Valley ក្នុងប្រទេសម៉ាឡេសុីនៅតែមានស្ថិរភាពប្រហែល១២០,៦លានហ្វីតការ៉េ ដោយពុំមានអគារការិយាល័យថ្មីណាមួយត្រូវបានបញ្ចប់ការសាងសង់នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ នោះទេ។

ស្ថិរភាពកើតឡើង ​បន្ទាប់ពី​ការផ្គត់ផ្គង់​ថ្មី​បានកើនឡើងយ៉ាងខ្លាំងអស់ជាច្រើន​ឆ្នាំ ខណៈ​ទំហំ​ការិយាល័យ​ថ្មី​ប្រហែល២,៧លាន​ហ្វីតការ៉េ​ត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់នៅ​ក្នុងឆមាសទីពីរ​នៃឆ្នាំនេះ។

ទីផ្សារការិយាល័យមានភាពប្រសើរឡើងបន្តិចម្តងៗ ដោយអត្រាគ្របដណ្តប់ការជួលការិយាល័យបានកើនឡើងដល់៧៧ភាគរយ និងមានតម្លៃជួលជាមធ្យមចំនួន៥,៩៤រីងហ្គីតក្នុងមួយហ្វីតការ៉េ (ប្រមាណ១៥,៦ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

តម្រូវការជួលការិយាល័យនៅតំបន់Klang Valley ត្រូវបានជំរុញដោយក្រុមហ៊ុនបច្ចេកវិទ្យា សេវាកម្មអាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនសេវាកម្មអាជីវកម្មសកល (GBS)។

អ្នកជួលមានការពេញចិត្តចំពោះអគារការិយាល័យដែលមានគុណភាពខ្ពស់ និងមានការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនសាធារណៈល្អ។ ការណ៍នេះបង្កើនគម្លាតរវាងតម្រូវការការិយាល័យលំដាប់ខ្ពស់ និងការិយាល័យចាស់ៗ។

ក្រុមហ៊ុននានាក៏ចំណាយពេលយូរជាងមុនដើម្បីសម្រេចចិត្តលើការជួលការិយាល័យ ដោយផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើទីតាំង គុណភាពអគារ និងតម្រូវការអាជីវកម្មរយៈពេលវែង៕