ការព្យាករណ៍ៈ ចំ​នួនប្រជាជនកម្ពុជានឹងកើនដល់ជាង១៨,៧លាននាក់នៅឆ្នាំ២០៣០

ដោយៈ ម៉ាណា

    ភ្នំពេញៈ ចំនួនប្រជាជនកម្ពុជា នៅឆ្នាំ២០៣០ ការប៉ាន់ស្មានសមហេតុផល ដោយផ្អែកលើការព្យាករណ៍ ពីអង្គការសហប្រជាជាតិ និងនិន្នាការប្រជាសាស្ត្រថ្មីៗរបស់កម្ពុជាបានបង្ហាញថា ចំនួនប្រជា ជនកម្ពុជានឹងកើនដល់ជាង១៨,៧លាននាក់។

ចំនួនប្រជាជនកម្ពុជា នៅឆ្នាំ ២០២៥៖ ប្រហែល ១៧,៥-១៧,៨លាននាក់ ហើយនៅឆ្នាំ ២០៣០៖ ប្រហែល១៨,៣ ទៅ១៨,៧ លាននាក់។

ការកើនឡើងប៉ាន់ស្មាន (ឆ្នាំ២០២៥-២០៣០) ប្រហែល ០,៨-១,០លាននាក់បន្ថែម ដែលស្មើនឹងកំណើនប្រជាជនសរុបប្រហែល ៤,៥-៦%ក្នុងរយៈពេលប្រាំឆ្នាំ។

តួលេខនេះមានន័យថា កម្ពុជាទំនងជានឹងបន្ថែមប្រជាជនប្រហែ​ល១៦០,០០០នាក់ក្នុងមួយឆ្នាំជាមធ្យម ទោះបីជាអត្រាកំណើនកំពុងថយចុះបន្តិចម្តងៗ ដោយសារតែអត្រាមានកូនបានធ្លាក់ចុះក៏ដោយ។

ផ្ទុយទៅវិញ ប្រសិនបើអ្នកចង់សំដៅលើចំនួនប៉ុន្មាន ដែលកម្ពុជានឹងកើនឡើងនៅឆ្នាំ២០៣០ នៅក្នុងតំបន់ផ្សេងទៀត (ដូចជា ផលិតផលក្នុងស្រុកសរុប ចំនួនប្រជាជនទីក្រុង តម្រូវការអចលនទ្រព្យ ទេសចរណ៍ ឬតម្លៃអចលនទ្រព្យ)៕

រដ្ឋាភិបាល​​កូរ៉េខាងត្បូង​គ្រោង​​ប្រកាស​​កញ្ចប់​​កំណែទម្រង់​​ពន្ធ​​អចលនទ្រព្យ ​ដើម្បី​ទប់ស្កាត់​ការ​ហក់​ឡើង​នៃ​តម្លៃ​ផ្ទះ​

រដ្ឋាភិបាល​កូរ៉េខាងត្បូងគ្រោង​ប្រកាស​កញ្ចប់​កំណែទម្រង់​ពន្ធ​អចលនទ្រព្យ ដើម្បីទប់ស្កាត់ការហក់ឡើងនៃតម្លៃផ្ទះ

ដោយ: សហសេវិក
អន្តរជាតិ: ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអះអាងថា រដ្ឋាភិបាលកំពុងពិចារណាដំឡើងពន្ធលើអចលនទ្រព្យ ជាពិសេសចំពោះអ្នកមានផ្ទះច្រើនសម្រាប់ការវិនិយោគ ឬការរកប្រាក់ចំណេញ។

ថ្លែងនៅក្នុងវេទិកាគោលនយោបាយលំនៅឋានសាធារណៈ លោក Lee បានលើកឡើងថា ពន្ធលើអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូងមានកម្រិតទាបជាងពន្ធនៅក្នុងប្រទេសជឿនលឿនជាច្រើន ហើយនឹងត្រូវកើនឡើង៣ដងដើម្បីឈានដល់កម្រិតស្រដៀងគ្នា។

ទោះជាយ៉ាងណា លោក Lee Jae Myung បានទទួលស្គាល់ថា ការដំឡើងពន្ធយ៉ាងគំហុកបែបនេះអាចប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពីសាធារណជន។

លោក Lee បានសង្កត់ធ្ងន់ថា ប្រព័ន្ធពន្ធដារគួរតែបែងចែករវាងអ្នកទិញផ្ទះដើម្បីរស់នៅពិតប្រាកដ (Owner-occupiers) និងអ្នកទិញផ្ទះក្នុងគោលបំណងវិនិយោគ (speculative investor)។

តួយ៉ាង អ្នកទិញផ្ទះសម្រាប់រស់នៅពិតប្រាកដគួរតែបង់ពន្ធលើអចលនទ្រព្យក្នុងកម្រិតសមរម្យ។ ចំណែក អ្នកដែលមានផ្ទះច្រើនខ្នង ជាពិសេសសម្រាប់ការវិនិយោគ ឬរកប្រាក់ចំណូលពីការជួល គួរបង់ពន្ធខ្ពស់ជាងមុន ដោយគិតគូរពីចំនួនអចលនទ្រព្យ តម្លៃ និងទីតាំង។

លោក​បាន​អះអាង​ថា វិធានការ​កាន់តែ​រឹងមាំ​មានភាពចាំបាច់​ដើម្បី​ទប់ស្កាត់​ការ​ទិញលំនៅឋានទុកលក់ចំណេញ និង​បង្កើន​លទ្ធភាព​ទិញ​លំនៅឋាន។

រដ្ឋាភិបាល​កូរ៉េខាងត្បូងត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រកាស​កញ្ចប់​កំណែទម្រង់​ពន្ធ​អចលនទ្រព្យ​ដ៏​គ្រប់ជ្រុងជ្រោយ​មួយ​នៅ​ចុង​ខែ​កក្កដានេះ ដែល​គ្របដណ្ដប់​ទាំង​ពន្ធ​លើ​ការ​កាន់កាប់​អចលនទ្រព្យ និង​ពន្ធ​លើ​ប្រាក់ចំណេញ​៕

 

តើ​បុគ្គល​រូបណា​ខ្លះ​ជាប់​ជា​កំពូល​មហាសេដ្ឋី​អចលនទ្រព្យ​លំដាប់​កំពូល​ទាំង​៥​របស់​សឹង្ហបុរី​?

ដោយៈ ម៉ាណា

    សឹង្ហបុរីៈ សឹង្ហបុរីជាប្រទេសមួយ មានមហាសេដ្ឋីច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ហើយបើគិតពីចំនួនសេដ្ឋីក៏មានចំនួនច្រើនផងដែរ។

តើបុគ្គលរូបណាខ្លះ ជាប់ជាកំពូលមហាសេដ្ឋីអចលនទ្រព្យ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងឆ្នាំ២០២៦នេះ?

១.លោក Jason Chang

មហាសេដ្ឋីរូបនេះមានទ្រព្យសម្បត្តិសរុប ប្រមាណ១៤,២ ពាន់លានដុល្លារអាមេរិក។ លោកប្រធានផ្នែកវិស្វកម្មសេមីកុងដុកទ័រកម្រិតខ្ពស់ (ASE)ឧស្សាហកម្មសេមីកុងដុកទ័រ។

២.លោក Li Xiting

មហាសេដ្ឋីរូបនេះ មានទ្រព្យសម្បត្តិសរុបប្រហែល១១,២ ពាន់លានដុល្លារអាមេរិក។ លោកជាសហស្ថាបនិកក្រុមហ៊ុន Mindray Medical និងឧបករណ៍ថែទាំសុខភាព។


៣.លោក Philip Ng

មហាសេដ្ឋីរូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ៧,២ ពាន់លានដុល្លារអាមេរិក។ លោកជាប្រធានក្រុមហ៊ុនFar East អចលនទ្រព្យ។

៤.លោក Robert Ng

មហាសេដ្ឋីរូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ៧,១ ពាន់លានដុល្លារអាមេរិក។ លោកជាសហស្ថាបនិកក្រុមហ៊ុន Far East អចលនទ្រព្យផងដែរ។

៥.លោក Zhang Yong

មហាសេដ្ឋីរូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ៤,៩ ពាន់លានដុល្លារអាមេរិក។ ស្ថាបនិកខ្សែសង្វាក់ភោជនីយដ្ឋាន Haidilao hotpot

ការសង្កេតសំខាន់ៗ។ បច្ចេកវិទ្យា និង​ឧបករណ៍​អេឡិចត្រូនិក​ឥឡូវនេះ​នាំមុខគេ​ ក្នុង​ចំណាត់ថ្នាក់​ទ្រព្យសម្បត្តិ​របស់​ប្រទេស​សិង្ហបុរី។

អចលនទ្រព្យ​នៅតែ​ជា​ប្រភព​ទ្រព្យសម្បត្តិ ​មហាសេដ្ឋី​ដ៏ធំ​បំផុត​មួយ​របស់​ប្រទេស​ តាមរយៈ​អង្គការ​ចុងបូព៌ា​របស់​បងប្អូនNg។

ប្រទេស​សិង្ហបុរី​មាន​មហាសេដ្ឋី​ចំនួន៥៥នាក់ ​ក្នុង​ឆ្នាំ២០២៦នេះកើនឡើង​ពី៤៩នាក់​ ក្នុង​ឆ្នាំ២០២៥ ដែល​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​ជា​បន្តបន្ទាប់​ ក្នុងនាម​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង​អាជីវកម្ម​សកល៕

តម្លៃខុនដូថ្មីជាមធ្យមនៅក្នុងទីក្រុងតូក្យូហក់ឡើងដល់ជាង ១០០ លានយ៉េន

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃខុនដូថ្មីជាមធ្យមនៅក្នុងទីក្រុងតូក្យូ និងខេត្តជុំវិញទាំង៣ បានហក់ឡើងដល់ជាង ១០០ លានយ៉េន (៦១៥.០០០ ដុល្លារ) ជាលើកដំបូងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ដោយបំបែកកំណត់ត្រាថ្មីចំនួន១០១,៣៥ លានយ៉េន។

យោងតាមវិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ តម្លៃខុនដូថ្មីជាមធ្យមនៅទីក្រុងតូក្យូ និងខេត្តជុំវិញដូចជា ឈីបា កាណាហ្គាវ៉ា និងសៃតាម៉ា បានកើនឡើង ១៣,១% ធៀបនឹងឆ្នាំមុន ដោយសារការកើនឡើងនៃថ្លៃដើមនៃការសាងសង់។

បើគិតតាមតំបន់ តម្លៃខុនដូថ្មីជាមធ្យមនៅកណ្តាលទីក្រុងតូក្យូបានកើនឡើង ៩,១% ដល់ ១៤២,៤៩ លានយ៉េនពីខែមករាដល់ខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីទិន្នន័យប្រៀបធៀបមាននៅឆ្នាំ ១៩៧៣។

ជាមួយគ្នានេះ តម្លៃខុនដូជាមធ្យមនៅក្នុងខេត្ត Chiba បានកើនឡើង៥៦,៨ភាគរយដល់៨៩,៩៧លានយ៉េន។ តួលេខនេះបានកើនឡើង២០ភាគរយដល់៨៣,៤៦លានយ៉េននៅក្នុងខេត្ត Kanagawa។

ចំនួន​ខុនដូ​ថ្មី​ដែល​បាន​ចុះបញ្ជី​សម្រាប់​លក់​នៅ​ទីក្រុង​តូក្យូ និង​ខេត្ត​ទាំងនេះ​បាន​ធ្លាក់ចុះ ០,៨ភាគរយមក​នៅ​ត្រឹមចំនួន៧.៩៨៩ យូនីត ដែល​ជា​ការធ្លាក់ចុះ​លើក​ទី​៥ ​ជាប់ៗ​គ្នា​ក្នុង​ឆមាស​ទីមួយ៕

មន្រ្តី​ជាន់ខ្ពស់​ពិភាក្សា​លើ​ឧស្សាហកម្ម​យាន​យន្ត​ក្នុងស្រុក​ និង​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​យានយន្ត​

ដោយៈ ចំណាន

    ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ លើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និងដំឡើងយានយន្ត ដឹកនាំកិច្ចប្រជុំពិភាក្សា លើឧស្សាហកម្មយានយន្តក្នុងស្រុក និង ការប្រកួតប្រជែងក្នុងវិស័យយានយន្ត។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគោលនយោបាយ។

កិច្ចពិភាក្សាបានផ្តោតលើទិដ្ឋភាពចំនួន ៣ គឺ ១) ការប្រើប្រាស់យានយន្តអគ្គិសនី និងផលិតកម្មយានយន្តក្នុងស្រុក ២) អនុលោមភាពនៃបទប្បញ្ញត្តិក្នុងវិស័យយានយន្ត និង៣) បរិយាកាសប្រកួតប្រជែងក្នុងវិស័យយានយន្តក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញឧស្សាហកម្មយានយន្តក្នុងស្រុក និងការប្រើប្រាស់យានយន្តអគ្គិសនី ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

លោកបញ្ជាក់ថា“ការប្រែប្រួលថ្មីៗនេះ ទាំងក្នុងក្របខណ្ឌសក​ល តំបន់ និងក្នុងប្រទេស តម្រូវឱ្យកម្ពុជាសិក្សា និងពិនិត្យមើលការអនុវត្តគោលនយោបាយ និងវិធានការនានា ដើម្បីឆ្លើយតបទៅនឹងគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបំណងប្រថ្នារបស់ប្រជាជន”។

លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារ និង អង្គភាពពាក់ព័ន្ធ បន្តសហការជិតស្និទ្ធក្នុងការសិក្សា និងវាយតម្លៃអំពីឧស្សា​ហកម្មយានយន្ត ដើម្បីពង្រឹងបរិយាកាសវិនិយោគ លើកកម្ពស់ការផលិត និង ការផ្គុំនិងដំឡើងយានយន្តក្នុងស្រុក សំដៅជំរុញការអភិវឌ្ឍវិស័យយានយន្តកម្ពុជា ប្រកបដោយភាពប្រកួតប្រជែង និងចីរភាព៕

 

ឯកអគ្គរដ្ឋទូតចិន​ស្វាគមន៍​ដាក់ឲ្យដំណើរការ​ជា​ផ្លូវ​ការ​នូវយន្តការសហប្រតិបត្តិការ​រវាង​គយ​កម្ពុជា​ និង​សមាគមពាណិជ្ជកម្ម​ចិន​

ដោយៈ ចំណាន

    ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនបានបង្ហាញការ អបអរសាទរយ៉ាងកក់ក្ដៅ ចំពោះការដាក់ឲ្យដំណើរការជាផ្លូវការនូវ “យន្តការសហប្រតិបត្តិការរវាងគយកម្ពុជា និងសមាគមពាណិជ្ជកម្មចិន”។

លោកវ៉ាង វេនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការកាលពីថ្ងៃទី២៣ កក្កដាថា នេះគឺជាវិធានការវិជ្ជមានមួយ ក្នុងការអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់ សម្តេចតេជោហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងជួយរឹតចំណងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជាឱ្យកាន់តែស៊ីជម្រៅ។

លោកបញ្ជាក់ថា “ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេ របស់កម្ពុជារយៈពេល១៤ឆ្នាំជាប់ៗគ្នាមកហើយ”។ លោកបន្ថែមថា “នៅក្នុងឆមាសទី១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា បានកើនឡើង២៥,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។

លោកបន្តថា ផលិតផលកសិកម្ម និងផលិតផលពិសេសៗដែលមានគុណភាពខ្ពស់របស់កម្ពុជាកាន់តែច្រើនឡើងៗដូចជា ធុរេន មៀនគៀម និងខ្នុរ ជាដើម ត្រូវបាននាំចេញទៅកាន់ទីផ្សារចិន។

លោកឯកអគ្គរដ្ឋទូតបានបន្តថា យើងខ្ញុំជឿជាក់ថា យន្តការសហប្រតិបត្តិការរវាងគយកម្ពុជា និងសមាគមពាណិជ្ជកម្មចិន នឹងដើរតួនាទីយ៉ាងសកម្មក្នុងទំនាក់ទំនងជាប្រចាំ រវាងសហគ្រាសចិន និងគយកម្ពុជា ដែលនឹងជួយលើកកម្ពស់កម្រិតភាពងាយសម្រួល នៃពាណិជ្ជកម្មបន្ថែមទៀត ព្រមទាំងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែរីកធំធាត់ និងមានគុណភាពខ្ពស់ឡើង៕

ក្រុមអ្នកជំនាញ​ពិភាក្សា​លើ​យុទ្ធសាស្រ្ត​ឆ្លាតវៃ ​សម្រាប់​អ្នកជំនាញ​អចលនទ្រព្យ​ ក្នុង​អំឡុង​ពេល​ទីផ្សារ​កំពុង​ប្រឈម​

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ខណៈពេលទីផ្សារអចលនទ្រព្យកម្ពុជា កំពុងជួបប្រទះនូវបញ្ហាប្រឈម និងភាព​មិនច្បាស់លាស់ ការបំពាក់បំប៉ននូវចំណេះដឹង ទស្សនវិស័យ ព្រមទាំងយុទ្ធសាស្រ្តត្រឹមត្រូវ គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការរក្សាភាពប្រកួតប្រជែង ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងដើរទៅរកភាពជោគជ័យក្នុងអាជីព។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាពិសេសមួយ ក្រោមប្រធានបទ «យុទ្ធសាស្រ្តឆ្លាតវៃ សម្រាប់អ្នកជំនាញអចលនទ្រព្យ ក្នុងអំឡុងពេលទីផ្សារកំពុងប្រឈម» (Smart Strategies for Real Estate Professionals In a Challenging Market)។

កម្មវិធីសិក្ខាសាលាខាងលើនេះ ត្រូវបានរៀបចំឡើងក្រោមអធិ​បតីភាពរបស់ លោកឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

កម្មវិធីនេះក៏មានការចូលរួមពីវាគ្មិនកិត្តិយស និងអ្នកសម្របសម្រួលរួមមាន

១. លោកស្រី អាន សុធីដា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន PropNex Cambodia។

២. លោកស្រី គឹម គិនកេសា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Advantage Property Services។

៣. លោក ងួន ឆាយលាង អគ្គនាយកនៃក្រុមហ៊ុន Pointer Property។

៤. លោក សេង សុភ័ក្រ អនុប្រធានសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន International Real Estate and Appraisal (IRA)។

៥. បណ្ឌិត ឆាក់ លឹមឈាង ប្រធានផ្នែកអចលនទ្រព្យ និងសំណង់ នៃមេធាវី សិទ្ធិស័ក្តិ (Sithisak Law Office) និង

៦. លោក ស៊ា ឆៃលីន អនុប្រធានសមាគម CVEA និងជាប្រធានក្រុមប្រឹក្សាភិបាល Chailin Sear Realty រួមនិងសិក្ខាកាមប្រមាណ៨០នាក់ផងដែរ។

លោកឧកញ៉ាសន សៀបបានមានប្រសាសន៍ថា “អតិថិជននាពេលបច្ចុប្បន្ន មិនមែនទាមទារតែការវិនិយោគ លឿនមុនគេនោះទេ ប៉ុន្តែពួកគាត់សម្លឹងមើលលើភាពជាក់លាក់ ពិតប្រាកដ និងកម្រិតនៃទំនុកចិត្ត ដើម្បីធានាថាការវិនិយោគនោះ មិនមានហានិភ័យទៅថ្ងៃអនាគត”។ លោកបន្ថែមថា “ដូច្នេះអ្នកជំនាញ និងភ្នាក់ងារអចលនទ្រព្យទាំងអស់ ត្រូវតែផ្តល់សេវាកម្មប្រកបដោយសុចរិតភាព គ្មានការលំអៀង មានសមត្ថភាពខ្ពស់ និងរក្សាការសម្ងាត់ជូនអតិថិជនឱ្យបានល្អប្រសើរបំផុត”។

ប្រធានសមាគមរូបនេះ ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យនាំយកនូវចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានេះ ទៅច្នៃប្រឌិត និងអនុវត្តជាក់ស្តែងក្នុងអាជីវកម្មរបស់ខ្លួន ដើម្បទទួលបានលទ្ធផលកាន់តែត្រចះត្រចង់។

តាមរយៈសិក្ខាសាលាខាងលើ សិក្ខាកាមដែលបានចូលរួមទាំងអស់ទទួលបាននូវចំណេះដឹង និងបទពិសោធន៍សំខាន់ៗជាច្រើន រួមមាន យុទ្ធសាស្រ្តលក់ និងទីផ្សារ៖ គន្លឹះបង្កើនការលក់ក្នុងទីផ្សារប្រែប្រួល វិធីសាស្ត្រស្វែងរកអតិថិជន និងបិទការលក់ប្រកបដោយប្រសិទ្ធភាព។

ការវិភាគទីផ្សារ៖ ការយល់ដឹងអំពីនិន្នាការ ទិសដៅទីផ្សារបច្ចុ​ប្បន្ន និងអនាគត ព្រមទាំងការចាប់យកឱកាសវិនិយោគ។

ការកសាងទំនាក់ទំនង៖ វិធីសាស្រ្តកសាង និងពង្រឹងទំនាក់ទំនងជាមួយអតិថិជនឱ្យបានយូរអង្វែង។

បណ្តាញទំនាក់ទំនង (Networking)៖ ឱកាសក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញ ភ្នាក់ងារ អ្នកវាយតម្លៃ អ្នកអភិវ​ឌ្ឍន៍គម្រោង និងអ្នកវិនិយោគជានាំមុខជាច្រើនរូប។

នៅក្នុងឱកាសនោះផងដែរ លោកឧកញ៉ា សន សៀប បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសិក្ខាសាលានេះ។ ដោយលោកបានគូសបញ្ជាក់ថា “កម្មវិធីនេះ ធាតុពិតទៅយើងចង់បង្កើតទំនុកចិត្ត ទៅដល់ទីផ្សារ។ ដើម្បីបង្កើតទំនុកចិត្តដល់ទីផ្សារបាន លុះត្រាតែអ្នកជំនាញវិជ្ជាជីវៈរបស់យើង អាចផ្តល់ទំនុកចិត្តដល់អតិថិជនបាន”។

ដើម្បីសម្រេចបាននូវចំណុចនេះ យើងត្រូវផ្ដោតលើកត្តាសំខាន់ៗចំនួន៣ រួមមាន

១. កត្តាមនុស្ស៖ ចូលរួមអភិវឌ្ឍ និងបង្កើនសមត្ថភាពខ្លួនឯងជាប្រចាំ។

២. បច្ចេកវិទ្យា៖ ប្រើប្រាស់បច្ចេកវិទ្យាឱ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់។

៣. ក្រមសីលធម៌វិជ្ជាជីវៈ៖ គោរពប្រតិបត្តិក្រមសីលធម៌ ឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យអតិថិជនជឿទុកចិត្តលើសេវាកម្មរបស់យើង៕

 

តើ​អ្វីជា​សក្តានុពល​ជម្រុញ​ភាព​វិជ្ជមាន​ក្នុង​វិស័យអចលនទ្រព្យ​ នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៦​នេះ​?​

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ទោះបីជាទីផ្សារអចលនទ្រព្យ របស់ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមក៏ដោយ ក៏នៅមានកត្តាវិជ្ជមានជាច្រើនសម្រាប់អចលនទ្រព្យនៅឆ្នាំ២០២៦ ដែលអ្នកវិភាគអាជីពជាច្រើនបានគូសបញ្ជាក់។

១. សេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើន

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank) រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើននៅឆ្នាំ២០២៦ ទោះបីជាស្ថិតក្នុងល្បឿនមធ្យមក៏ដោយ។ កំណើនសេដ្ឋកិច្ចគាំទ្រដល់តម្រូវការលំនៅដ្ឋាន លក់រាយ ឃ្លាំង និងអចលនទ្រព្យឧស្សាហកម្មក្នុងរយៈពេលមធ្យម។

២. គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗកំពុងបង្កើតច្រករបៀងកំណើនថ្មី

គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ផលវិជ្ជមាន ដល់វិស័យនេះរួមមានទី១ អាកាសយានដ្ឋានអន្តរជាតិតេជោ ទី២ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ទី៣ ផ្លូវក្រវ៉ាត់ និងការធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិ និងទី៤ ការរីកចម្រើនវិស័យតំបន់ភស្តុភារ និងឧស្សាហកម្ម។

គម្រោងទាំងនេះធ្វើអោយប្រសើរឡើង នូវភាពងាយស្រួលចូលប្រើប្រាស់ និងមានទំនោរបង្កើនតម្រូវការរយៈពេលវែង សម្រាប់ដីធ្លី អចលនទ្រព្យពាណិជ្ជកម្ម និងលំនៅដ្ឋាននៅក្បែរនោះ។

៣. វិស័យឧស្សាហកម្ម និងភស្តុភារនៅតែជាវិស័យមួយក្នុងចំណោមវិស័យខ្លាំងបំផុត

ក្រុមហ៊ុន Knight Frank Cambodia កត់សម្គាល់ថា អចលនទ្រព្យឧស្សាហកម្ម និងភស្តុភារ នៅតែបន្តទទួលបានអត្ថប្រយោជន៍ពីការពង្រីកផលិតកម្ម ការនាំចេញ និងការវិនិយោគខ្សែសង្វាក់ផ្គត់ផ្គង់ ដែលធ្វើឱ្យឃ្លាំង និងឧទ្យានឧស្សាហកម្ម ស្ថិតក្នុងចំណោមផ្នែកអចលនទ្រព្យដែលមានសុខភាពល្អជាងមុន។

៤. តម្លៃទាក់ទាញជាងមុនសម្រាប់វិនិយោគិនរយៈពេលវែង

បន្ទាប់ពីការកែតម្រូវទីផ្សារ អស់រយៈពេលជាច្រើនឆ្នាំ ដីធ្លី និងអចលនទ្រព្យលំនៅដ្ឋានមួយចំនួន អាចរកបានក្នុងតម្លៃសមរម្យជាងអំឡុងពេលឆ្នាំកំពូល។ នេះបង្កើតឱកាស សម្រាប់វិនិយោគិនដែលមានទស្សនវិស័យវិនិយោគយូរអង្វែង ដោយផ្តល់ថាពួកគេជ្រើសរើសទីតាំងដោយប្រុងប្រយ័ត្ន។

៥. អារម្មណ៍វិនិយោគនៅអាស៊ីប៉ាស៊ីហ្វិកកំពុងមានភាពប្រសើរឡើង

ទស្សនវិស័យអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៦ របស់CBRE បានព្យាករណ៍ថា បរិមាណវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម នៅក្នុងតំបន់អាចកើនឡើង៥-១០% ក្នុងឆ្នាំ ២០២៦ ខណៈសកម្មភាពជួលត្រូវបានគេរំពឹងថានឹងពង្រឹង។

លើសពីនេះវិនិយោគិនកំពុងផ្តោត ការយកចិត្តទុកដាក់បន្ថែមទៀតលើទ្រព្យសកម្ម ដែលមានគុណភាព និងប្រាក់ចំណូលរយៈពេលវែង។ ខណៈពេលដែលនេះជាទស្សនវិស័យ ក្នុងតំបន់ជាជាងជាក់លាក់ចំពោះប្រទេសកម្ពុជា វាផ្តល់នូវបរិយាកាសគាំទ្រកាន់តែច្រើនសម្រាប់ការវិនិយោគអចលនទ្រព្យនៅទូទាំងអាស៊ី។

ក្រុមហ៊ុនCBRE អាស៊ីប៉ាស៊ីហ្វិក (២០២៦)បានលើកឡើងថា
“ទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម អាស៊ីប៉ាស៊ីហ្វិកត្រៀមខ្លួនរួចជាស្រេចសម្រាប់ឆ្នាំរឹងមាំមួយទៀតនៅឆ្នាំ ២០២៦ ដោយទាំងសកម្មភាពវិនិយោគ និងជួលត្រូវបានព្យាករណ៍ថានឹងពង្រឹង”។

លោកស្រី Ada Choi ប្រធានផ្នែកស្រាវជ្រាវ CBRE អាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថា វិនិយោគិនកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង លើភាពធន់នៃប្រាក់ចំណូល ទ្រព្យសកម្មដែលមានគុណភាពខ្ពស់ និងវិស័យដែលមានសក្តានុពល កំណើនរយៈពេលវែង ជាជាងការចំណេញពីការស្មានទុកជាមុន។

Knight Frank ប្រចាំកម្ពុជាបានបង្ហាញការស្រាវជ្រាវរបស់ខ្លួន ជាមួយនឹងលទ្ធផលបានបង្ហាញថា  ទីផ្សារកម្ពុជាកំពុងវិវត្ត ហើយវិនិយោគិន ដែលមានព័ត៌មានគួរតែផ្តោត លើវិស័យដែលមានតម្រូវការពិតប្រាកដ ដែលគាំទ្រដោយការស្រាវជ្រាវទីផ្សារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាជាងពឹងផ្អែកលើការកើនឡើង នៃការស្មានទុកជាមុន៕

អ្នកឧកញ៉ា​គិត ម៉េង​ជម្រុញ​ប្រេស៊ីល​រៀប​ចំ​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ​និង​ការ​តភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​

ដោយៈ និស្ស័យ

    ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា ទទួ​លជួបពិភាក្សាការងារជាមួយ លោកជំទាវ វីវៀន ឡូស សាន់ម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំព្រះ កម្ពុជា។

ក្នុងជំនួបពិភាក្សា​នេះ លោកជំទាវVivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា បានបង្ហាញនូវបំណងប្រាថ្នាយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជំរុញគណៈប្រតិភូធុរកិច្ចរវាងប្រទេសទាំងពីរ ដើម្បីពង្រីកឱកាសវិនិយោគថ្មីៗ និងនាំមកនូវប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ។

លោក​ជំទាវ បានវាយតម្លៃខ្ពស់ចំពោះសក្តានុពល សេដ្ឋកិច្ចកម្ពុជាផងដែរ។ ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្របខ័ណ្ឌធុរកិច្ចដ៏ល្អប្រសើរ ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសមានកម្មសិទ្ធិ១០០% លើស្ទើរគ្រប់វិស័យ ដើម្បីទាក់ទាញ ការវិនិយោគផ្ទាល់ ព្រមទាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេ​ស ក្នុងនោះរដ្ឋាភិបាលកម្ពុជាកំពុងការពារ ការវិនិយោគដែលមានស្រាប់ ទាក់ទាញធុរកិច្ចថ្មីៗ និងអនុវត្តការកែទម្រង់យ៉ាងសកម្មដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs)។

អ្នកឧកញ៉ា បានស្នើ​លោកជំទាវ​ឯក​អគ្គរដ្ឋ​ទូត​ ជំរុញ​ដល់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​៖ ១) ជំរុញ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ២)កិច្ចព្រមព្រៀងជំរុញ និងការពារការវិនិយោគ និង៣) កិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា (DTA)។

ជាង​នេះ​ទៅ​ទៀត អ្នក​ឧកញ៉ា ជំរុញ​លើកកម្ពស់វិស័យទេ​សចរណ៍ និងលំហូរភ្ញៀវទេសចរ តាមរយៈការសិក្សាលើការបង្កើតជើងហោះហើរត្រង់ និងការសម្របសម្រួលទិដ្ឋាការទេសចរណ៍។ អ្នក​ឧកញ៉ាគូស​បញ្ជាក់​ថា កម្ពុជាមានទីតាំងយុទ្ធសាស្ត្រ នៅចំកណ្តាល​អាស៊ាន ដែលផ្តល់នូវច្រកចូលទីផ្សារតំបន់ដ៏ធំ​ ហើយ​អាស៊ាន​គឺ​ជា​តំបន់​ដែល​កំពុង​មាន​កំណើន​ខ្ពស់ ទោះបីជាមានបញ្ហាប្រឈម និងជម្លោះនៅមជ្ឈិមបូព៌ាក៏ដោយ។

ភាគីទាំងពីរបានឯកភាព​ជា​គោលការណ៍​ លើចំណុចដែល​បាន​ពិភាក្សា​ និងត្រៀមខ្លួនក្នុងការស្វាគមន៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចប្រេស៊ីលមកកម្ពុជា និងពីកម្ពុជាទៅប្រេស៊ីលនាពេលអនាគត ដើម្បីទាក់ទាញ ការវិនិយោគផ្ទាល់ និងពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចនៃ ប្រទេសទាំងពីរ៕

ក្រសួងបើកកិច្ច​ប្រជុំទាក់ទង​ការ​កំណត់​ទីតាំង​តភ្ជាប់ ​រវាងផ្លូវល្បឿន​លឿន​ភ្នំពេញ​-បាវិត ​ជា​មួយ​ប្រទេស​វៀតណាម​

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះកំណត់ទីតាំងតភ្ជាប់ រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់ប្រទេសកម្ពុជា និងផ្លូវល្បឿនលឿនទីក្រុងហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម។

កិច្ចប្រជុំនពធ្វើឡើងក្នុងគោលបំណង ពិនិត្យពិភាក្សាផ្តល់បច្ចុប្បន្នភាព ដល់សមាជិកគណៈកម្មការអន្តរក្រសួង លើចំណុចតភ្ជាប់ ក៏ដូចជាការពិភាក្សា ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំ ជាមួយភាគីវៀតណាម នាពេលខាងមុខ៕