ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្នុងគោលដៅធ្វើពិពិធកម្មសេដ្ឋកិច្ច ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ និងបង្កើនលំហូរពាណិជ្ជកម្ម រដ្ឋាភិបាលគ្រោងរៀបចំកែលំអរ និងសាងសង់ព្រលានយន្តហោះថ្មីៗ ចំនួន៧ខេត្តបន្ថែមទៀតនាពេលខាងមុខ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា អាកាសយានដ្ឋានដែលត្រូវកែលំអរ និងសាងសង់អាកាសយានដ្ឋានទាំង៧នោះ ស្ថិតនៅខេត្តចំនួន៧ រួមមានអាកាសយានដ្ឋាន ខេត្តមណ្ឌលគិរី អាកាសយានដ្ឋាន ខេត្តស្ទឹងត្រែង អាកាសយានដ្ឋាន ខេត្តបាត់ដំបង អាកាសយានដ្ឋាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាកាសយានដ្ឋានកំពង់ឆ្នាំង ស្ថិតក្នុងខេត្តកំពង់ឆ្នាំង និងអាកាសយានដ្ឋានកោះរ៉ុង ខេត្តព្រះសីហនុ និងអាកាសយានដ្ឋានកោះកុង។
លោកបន្តថា “ តាមផែនការអាកាសយានដ្ឋាន២ ក្នុងចំណោមគំរោងចំនួន៧ខាងលើ នឹងលេចរូបរាងមុនគេ គឺអាកាសយានដ្ឋានកោះរ៉ុង និងអាកាសយានដ្ឋានក្នុងខេត្តមណ្ឌលគិរី”។ លោកបន្តថា “ផែនការនេះនឹងចាប់ផ្តើមចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ខាងមុខ”។
គំរោងនៃផែនការប្រកបដោយមហិច្ឆតានេះ គឺដោយសារទីតាំងទាំងពីរ ជាតំបន់មានសក្តានុពលខ្លាំង លើវិស័យទេសចរណ៍របស់កម្ពុជា។
លោកស៊ីន ចាន់សិរីវុត្ថាបានបញ្ជាក់បន្តថា ជាមួយគ្នានេះ រដ្ឋាភិបាលនឹងជម្រុញធ្វើយ៉ាងណា ឲ្យអាកាសយានដ្ឋានតារាសាគរ ក្លាយជាអាកាសយានដ្ឋានលំដាប់4F ដែលអាចឲ្យអាកាសយានដ្ឋាននេះ អាចមានសមត្ថភាព ទទួលយន្តហោះខ្នាតធំឲ្យចុះចតបាន។ អាកាសយានដ្ឋាននេះ បានត្រៀមទុកដីជាង១០០០ហិកតា ដើម្បីពង្រីកព្រលានយន្តហោះនេះ។
លោកបន្តថា “ផែនការនេះ គឺធ្វើយ៉ាងណាពង្រីកសក្តានុពលវិស័យផ្លូវអាកាសរបស់កម្ពុជា ពិសេសទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា”។ លោកបន្តថា “អាកាសយានដ្ឋានទាំងនេះ នឹងជាមូលដ្ឋានគ្រឹះនៃការតភ្ជាប់ផ្លូវអាកាសចរណ៍”។
យោងតាមរបាយការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបង្ហាញថា កម្ពុជាទទួលបានជើងហោះហើរក្នុងស្រុកជាង៤០០០លើក និងជើងហោះហើរកម្រិតអន្តរជាតិ មានចំនួនជាង៤០,០០០លើកផងដែរ កាលពីឆ្នាំ២០២៣កន្លងមកនេះ៕








“The surge in the number of online merchants in the Philippines has significantly increased the demand for logistics space in Manila,” said Christine Li, head of research for Asia-Pacific at Knight Frank.







