នាយករដ្ឋមន្ត្រីថៃ គ្រោងបង្កើតក្រុមការងារ ដើម្បីដោះស្រាយសំណើរ របស់សមាគមអចលនទ្រព្យ

ដោយ: គង់ លាងហួរ
បាងកក: នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានសន្យាបង្កើតក្រុមការងារមួយ ដើម្បីពិចារណាឱ្យបានឆាប់រហ័សនូវសំណើ ដែលដាក់ជូនដោយសមាគមអចលនទ្រព្យចំនួន៧ ទាក់ទងនឹងឧបសគ្គ និងបញ្ហាប្រឈមដែលវិស័យនេះជួបប្រទះ។

លោក សេដ្ឋា ថាវីសុីន ដែលជាអតីតមហាសេដ្ឋីអចលនទ្រព្យកំពូលមួយរូបនៅក្នុងប្រទេសថៃ បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម X កាលពីសប្តាហ៍មុន ថា “ទីផ្សារអចលនទ្រព្យនៅប្រទេសថៃ បានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ ហើយវាជាបញ្ហាសំខាន់ ដែលយើងត្រូវកែលម្អជាបន្ទាន់”។លោកនាយករដ្ឋមន្ត្រីថៃ បានបន្តថាការជំរុញទីផ្សារអចលនទ្រព្យក៏នឹងមានឥទ្ធិពលច្រើនទៅលើអាជីវកម្ម ដែលពាក់ព័ន្ធ ផ្សេង ៗទៀត ផងដែរ។

លោក Issara Boonyang ប្រធានសមាគមធុរកិច្ចលំនៅដ្ឋានរបស់សភាពាណិជ្ជកម្មថៃបានដឹកនាំតំណាងសមាគមអចលនទ្រព្យចំនួន៦ផ្សេងទៀតនៅក្នុងប្រទេសថៃ ដើម្បីដាក់សំណើចំនួន៨ចំណុចទៅកាន់នាយករដ្ឋមន្ត្រីកាលពីថ្ងៃពុធ ទី១០ ខែមករា។សំណួរទាំង៨ចំណុចនោះ រួមមានដូចខាងក្រោម៖
ទី១: កាត់បន្ថយថ្លៃផ្ទេរ និងថ្លៃបញ្ចាំអចលនទ្រព្យ។
ទី២: អនុវត្តការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងសាងសង់ផ្ទះនៅលើដីរបស់ខ្លួន។
ទី៣: ផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប ក្នុងរង្វង់៣% ដល់អ្នកដែលមានប្រាក់ចំណូលទាប ដែលពួកគេមានបំណងទិញផ្ទះលើកដំបូង។
ទី៤: ធ្វើវិសោធនកម្មលក្ខណៈវិនិច្ឆ័យរបស់ក្រសួងមហាផ្ទៃទៅលើដីសម្រាប់លំនៅដ្ឋាន និងដីពាណិជ្ជកម្ម។
ទី៥: កាត់បន្ថយពន្ធដី និងអគារចំនួន ៥០% សម្រាប់រយៈពេលមួយឆ្នាំ ដើម្បីជំរុញឲ្យវិស័យអចលនទ្រព្យស្ទុះងើបឡើងវិញទាំងស្រុង។
ទី៦: កែសម្រួលបទប្បញ្ញត្តិស្តីពីការកាន់កាប់អចលនទ្រព្យដោយជនបរទេស ដូចជាការបន្តរយៈពេលជួលអតិបរមាពី៣០ឆ្នាំ ទៅ៦០ឆ្នាំ និងផ្តល់សិទ្ធិទិញអចលនទ្រព្យ ដែលមានតម្លៃ១០ និង៥លានបាតសម្រាប់ជនបរទេស ដែលកាន់ទិដ្ឋាការរយៈពេល១០ឆ្នាំ និង៥ឆ្នាំរៀងៗគ្នា។
ទី៧: លុបចោលគោលនយោបាយប្រាក់កម្ចីធៀបទៅនឹងតម្លៃ (LTV) របស់ធនាគារកណ្តាលថៃ ដើម្បីជួយជំរុញទីផ្សារអចលនទ្រព្យ។
ទី៨: អនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យអាចដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) មុនពេលដំណើរការផ្ទេរដីធ្លីត្រូវបានបញ្ចប់ ដើម្បីកាត់បន្ថយហានិភ័យហិរញ្ញវត្ថុដល់អ្នកអភិវឌ្ឍន៍ ក្នុងករណីដែលលិខិតអនុញ្ញាតមិនត្រូវបានអនុម័ត។

បន្ទាប់ពីកិច្ចជ្រុំខាងលើ លោក Issara បានមានប្រសាសន៍ឱ្យដឹងថា លោក សេដ្ឋា ថាវីសុីន បានសន្យាថា លោកនឹងបង្កើតក្រុមការងារមួយ ដើម្បីពិចារណាលើសំណើណា ដែលអាចអនុវត្តបាន និងផ្តល់អាទិភាពដល់សំណើទាំងនោះ ដោយផ្អែកលើភាពសក្តិសម និងថវិកាដែលត្រូវការ៕ប្រភព៖The Nation៕

អ្នកធុរកិច្ចកូរ៉េមួយក្រុមបានសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកវិនិយោគកូរ៉េ ដែលមានបំណងមកវិនិយោគនៅកម្ពុជាបានធ្វើទស្សនកិច្ចពិភាក្សាការងារ សិក្សាស៊ីជម្រៅពីការវិនិយោគនៅកម្ពុជា ចាប់ពីថ្ងៃទី៨​ ដល់ទី១២ ខែមករា ឆ្នាំ២០២៤ ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះ សម្របសម្រួលដោយលោក ខាត់ ចិន អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង។

នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូកូរ៉េមានឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមន្ត្រីជាន់ខ្ពស់ នៅតាមក្រសួងដូចជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជួបជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល និងអគ្គនាយកក្រុមហ៊ុនកាស៊ូប៊ី ឯ.ក ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងយល់បន្ថែមអំពីការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងជាពិសេសឆ្លៀតក្នុងឱកាសនោះផ្សារភ្ជាប់បណ្តាញទំនាក់ទំនង និងចាប់ដៃគូសហការជាមួយក្រុមហ៊ុននៅកម្ពុជា។

នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ អ្នកវិនិយោគកូរ៉េបានជួបជាមួយ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល ដើម្បីសិក្សាបន្ថែមអំពីប្រភពរ៉ែនៅកម្ពុជា និងលទ្ធភាពនៃការផលិត និងនាំចូលទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង។

នៅរសៀលថ្ងៃដដែល ក្រុមអ្នវិនិយោគក៏បានបន្តជួបជាមួយ លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដើម្បីសិក្សាស្វែងយល់ពីការផលិត និងលទ្ធភាពនៃការនាំចេញប្រេងកាត នៅកម្ពុជាចូលទីផ្សារកូរ៉េ។

ភាគីកូរ៉េបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

កិច្ចប្រជុំនេះ បានសង្កត់ធ្ងន់លើការជំរុញពាណិជ្ជកម្មនាំចេញ នាំចូលរវាងប្រទេសទាំងពីរ និងការបង្កើតកិច្ចសហប្រតិបតិ្តការលើវិស័យឧស្សាហកម្មកែច្នៃ ដូចជារថយន្ត គ្រឿងបន្លាស់ និងគ្រឿងចក្រផ្សេងៗជាដើម។ ក្រៅពីជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក្រុមអ្នកវិនិយោគកូរ៉េខាងត្បូង ក៏បានជួបជាមួយ លោកប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងយល់បន្ថែមអំពីផលិតផលដូងប្រេង កៅស៊ូ និងផលិតផលកសិកម្មដែលមានសក្តានុពល ដែលអាចនាំទៅទីផ្សារកូរ៉េបាន។

លើសពីនេះ គឺជំនួបជាមួយ លោក គឹម សំបូរ អគ្គនាយកក្រុមហ៊ុនកាស៊ូប៊ី ឯ.ក ដើម្បីបង្កើតដៃគូសហការ ពាណិជ្ជកម្ម លើវិស័យប្រេងសាំង ប្រេងម៉ាស៊ូត និង សូឡា។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពលើការពិនិត្យលទ្ធភាព បំពេញតម្រូវការឱ្យគ្នាទៅវិញទៅមកលើវិស័យប្រេង តាមរយៈការផ្តល់ឯកសារជាក់ស្តែង នាពេលខាងមុខ៕

ក្រសួងសាធារណៈការត្រៀមអនុវត្តន៍គំរោងផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប និងក្រុងប៉ោយប៉ែត

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បើកកិច្ចប្រជុំជំរុញដំណើរការអនុវត្ត និងគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត។

កិច្ចប្រជុំនេះដឹកនាំដោយ លោកឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងនៃអង្គភាពជំរុញដំណើរការអនុវត្ត និងគ្រប់គ្រងគម្រោង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដំបូង នៃអង្គភាពជំរុញដំណើរការអនុវត្ត និងគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត ក្រោមក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក មន្ត្រីជំនាញបច្ចេកទេស និងសមាជិកគ្រប់គ្រងគម្រោង។ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីណែនាំពីភារកិច្ច និងការទទួលខុសត្រូវរបស់សមាជិកនីមួយៗ នៃអង្គភាពជំរុញដំណើរការអនុវត្ត និងគ្រប់គ្រងគម្រោង រួមមាន ទី១ សម្របសម្រួល និងជំរុញការសិក្សាសមិទ្ធិលទ្ធភាព គម្រោងឱ្យបានច្បាស់​លាស់ និងគ្រប់ជ្រុងជ្រោយ។

ទី២ ពិនិត្យ វាយតម្លៃ និងផ្តល់យោបល់លើលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាព ដោយពិនិត្យលើទិដ្ឋភាពច្បាប់ បច្ចេកទេស បរិស្ថាន-សង្គម វប្បធម៌ប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ច ទី៣ គ្រប់គ្រង និងចាត់ចែងការងាររដ្ឋបាល ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងសម្ភារ ឧបករណ៍ផ្សេងៗ ដែលគាំទ្រដល់ការអនុវត្តគម្រោង។ទី៤ ដឹកនាំត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកិច្ចសន្យា​របស់ក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេសជាដើម សំដៅធានាឱ្យសម្រេចបាន នូវលទ្ធផលរបស់គម្រោងទៅតាមពេលវេលា​ដែលបានកំណត់ និងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់៕

ទោះប្រឈមវិបត្តិ ក៏គម្រោងវិនិយោគសាងសង់ទីក្រុងរណបធំៗនៅកម្ពុជានៅតែបន្តដំណើរការ

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ បើទោះបីជាស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នៅរយៈពេលចុងក្រោយនេះ មានសភាពនៅទ្រឹងយ៉ាងណាក្ដី ប៉ុន្ដែគម្រោងសាងសង់ទីក្រុងរណបធំៗនៅកម្ពុជា នៅតែបន្ដដំណើរការជាធម្មតា។

ជាក់ស្ដែង ថ្នាក់ដឹកនាំក្រុមហ៊ុនOCIC បានអះអាងថា ការអភិ​វឌ្ឍ គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនOCIC ដូចជា ទីក្រុងរណបជ្រោយចង្វារ ទីក្រុងកោះពេជ្រ និងកោះនរា ជាដើម នៅតែបន្តសកម្មភាពសាងសង់ជាហូរហែរ មិនមានការផ្អាកការសាងសង់នោះឡើយ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាង បានបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ន ទីក្រុងរណបកោះពេជ្រ បច្ចុប្បន្ននៅតែបន្ដមានការអភិវឌ្ឍអគារពាណិជ្ជកម្មបន្ថែម ខណៈហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងរណបមួយនេះវិញ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។ ដោយឡែក ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទីក្រុងរណបជ្រោយចង្វារ សម្រេចបានប្រមាណ៩០%ហើយ។ រីឯការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កោះនរា សម្រេចបានចន្លោះពី ៧៥% ទៅ៨០% និងគ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៥ ខាងមុខនេះ។.លោក ទូច សំណាងបានបន្តថា “ការងារសាងសង់ហាក់មិនទាន់វិលមករកភាពល្អប្រសើរនោះទេ។ វិស័យនេះ ហាក់នៅមានសភាពទ្រឹងនៅឡើយ”។

លោកបន្តថា លោកមិនទាន់អាចសន្និដ្ឋានបានទេថា វិស័យសំ​ណង់ និងអចលនទ្រព្យនៅកម្ពុជា ឆ្នាំ២០២៤ នឹងល្អប្រសើរជាងឆ្នាំ២០២៣ ឬយ៉ាងណា ដោយលោកបញ្ជាក់ថា បច្ចុប្បន្នលោកមិនទាន់មើលឃើញថា មានវិនិយោគិនថ្មីៗ ចូលមកវិនិយោគក្នុងវិស័យនេះនៅឡើយដែរ។

ដើម្បីជួយជំរុញកំណើនវិស័យអចលនទ្រព្យ កំពុងជួបធ្លាក់ចុះ ក៏ដូចជា ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធទាំងអស់ កន្លងមក រាជរដ្ឋាភិបាល បានសម្រេចពន្យារពេលបង់ពន្ធបន្តបន្ទាប់ លើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនប្រើប្រាស់ជាដើម។តួយ៉ាងថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចបន្តពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់រហូតដល់ថ្ងៃដំណាច់ឆ្នាំ២០២៤ បន្ថែមទៀត និងការអនុគ្រោះជាច្រើនទៀត។

គិតក្នុងត្រីមាសទី៣ឆ្នាំ២០២៣ កម្ពុជាបានអនុម័តគម្រោងសំណ​ង់ចំនួន៧៤៩គម្រោង ថយចុះជាង៣៦% ខណៈតម្លៃគម្រោងសាងសង់វិញ មានទំហំជាង២២០០លានុល្លារ មានការកើនឡើងដល់ទៅជាង១៩២% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២។ការកើនឡើងនៃតម្លៃគម្រោងនេះ គឺភាគច្រើនជាប្រភេទសំណង់លំនៅឋាន សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ក្លឹបសហគ្រិនពាណិជ្ជកម្មចិនមួយមកស្វែងយល់ពីសក្តានុពលនិងឱកាសវិនិយោគនៅខេត្តព្រះសីហនុ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានអញ្ជើញជាតំណាងឯកឧត្តមអភិបាល ដឹកនាំតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធទទួលជួបសំដែងការគួរសម និងពិភាក្សាការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយគណៈប្រតិភូក្លឹប សហគ្រិនពាណិជ្ជកម្មចិន(Chinese Entrepreneur Commerce Club) ដឹកនាំដោយលោក Zhan Tin (ចាន់ ធីន) អគ្គលេខាធិការរងក្លឹប។

គោលបំណងនៃការអញ្ជើញមក របស់គណៈប្រតិភូក្លឹបសហគ្រិនពាណិជ្ជកម្មចិន (CECC) មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់បន្ថែម អំពីសេដ្ឋកិច្ចរបស់ខេត្ត និងជាពិសេសឱកាសបណ្តាក់ទុនវិនិយោគនៅក្នុងខេត្ត។លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើគារវកិច្ចស្វាគមន៍ ប្រកបដោយក្តីសោមនស្សរីករាយ ទទួលគណៈប្រតិភូដែលបានអញ្ជើញមក និងបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ។លោកអភិបាលរងបានជម្រាបជូន គណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការអភិវឌ្ឍផ្លូវដែក និងជាពិសេសផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។លោកបានបញ្ជាក់ថា “ខេត្តព្រះសីហនុ បាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើន ប្រភពចំណូលផ្សេងៗបន្ថែមទៀត ក្រៅពីការពឹងផ្អែក ទៅលើវិស័យទេសចរណ៍តែមួយមុខ”។ លោកបន្តថា “ខេត្តព្រះសីហនុ នឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ​ពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេស​ចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ”។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងបានរំលឹកពីក្របខ័ណ្ឌអនុគ្រោះពន្ធ និងសន្ធិសញ្ញាពាណិជ្ជកម្មផ្សេងៗ ដែលកម្ពុជាជាសមាជិក ដែលមានភាពអំណោយផល ដល់វិនិយោគិននៅកម្ពុជា និងបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៤នេះ ជាឆ្នាំដែលល្អបំផុតសម្រាប់ការវិនិ​យោគនៅក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកប ដោយទស្សនវិស័យវែងឆ្ងាយ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ចប់សេចក្តីព្រាង “កម្មវិធីពិសេសសម្រាប់ជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” និងគ្រោងនឹងដាក់អនុវត្តនាពេលឆាប់ៗខាងមុខ។

ជាមួយគ្នានេះ គណៈប្រតិភូបានបង្ហាញអំពីបំណង នៃការវិនិ​យោគទៅលើវិស័យអាទិភាពមួយចំនួន ដូចជា វិស័យឧស្សាហកម្ម វេជ្ជសាស្ត្រ ហិរញ្ញវត្ថុ កសិ-ឧស្សាហកម្មផងដែរ៕

ស្ថាបត្យករគូគំរោងអាគារកប់ពពកថៃ ប៊ុនរ៉ុង កំពស់១៣៣ជាន់បញ្ជាក់ពីដំណើរវិត្តន៍របស់អាគារនេះ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ វានឹងជាមោទនភាពសម្រាប់កម្ពុជា និងធ្វើឲ្យរាជធានីភ្នំពេញលេចត្រដែតមួយកម្រិតទៀត ប្រសិនជាអាគារភ្លោះកំពសើ៥៦៨ម៉ែត្រនេះ បញ្ចប់ការសាងសង់នាពេលខាងមុខ។

ប៉ុន្តែការពន្យាពេលគំរោងនេះអស់រយៈពេលរាប់ឆ្នាំ បន្ទាប់ពីការងារតេស្តដី និងការងារបច្ចេកទេសមួយចំនួនបានបញ្ចប់ បានធ្វើឲ្យមានការចោទឡើងជារឿយៗថា តើការសាងសង់អាគារនេះអាចចាប់ផ្តើមឡើងវិញឬយ៉ាងណា ហាក់មិនទាន់មានសភាពច្បាស់លា​ស់នៅឡើយ។

ប៉ុន្តែលោកសាស្រ្តាចារ្យទួស សាភឿនអ្នកដឹកនាំក្រុមស្ថាបត្យករជាតិ អន្តរជាតិគូរប្លង់អាគារកំពស់១៣៣ជាន់នេះ បានបញ្ជាក់ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បញ្ហានៃការពន្យាពេលសាងសង់អាគារភ្លោះនេះ មិនមែនជាបញ្ហារបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុងនោះទេ ប៉ុន្តែវាជាបញ្ហារបស់ក្រុមហ៊ុនជាដៃគូប៉ុណ្ណោះ។លោកបន្តថា “អាគារនេះ យើងមិនបោះបង់ចោលនោះទេ យើងនឹងនៅតែបន្តសាងសង់ នៅពេលស្ថានភាពសេដ្ឋកិច្ចប្រសើរឡើង”។ ទោះជាយ៉ាងណា លោកសាស្រ្តាចារ្យទួស សាភឿន ដែលជាថ្នាក់ដឹកនាំ ជាន់ខ្ពស់មួយរូបរបស់អាគារនេះ មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ ដែលអាគារនេះនឹងចាប់ផ្តើមសាងសង់នោះទេ។

តាមគំរោងអាគារភ្លោះកំពស់ខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ាន និងពិភពលោកនេះ(សំដៅតែលើអាគារភ្លោះ)នេះ នឹងប្រើប្រាស់សម្រា​ប់សណ្ឋាគារប្រណីតលំដាប់ផ្កាយ៦ ខុនដូ អាផាតម៉ិន ប្រណីតមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្លឹបកំសាន្ត ការិយាល័យធ្វើការ ភោជនីយដ្ឋាន កន្លែងគយគន់ទិដ្ឋភាពរាជធានីភ្នំពេញជាដើម។
លោកសាស្រ្តាចារ្យទួស សាភឿនបានមានប្រសាសន៍ឲ្យដឹងលន្លងមកថា វានឹងជាមោទនភាពសម្រាប់កម្ពុជា ហើយវត្តមានអាគារនេះនឹងទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ មកដាក់ការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ ព្រោះអាគារនេះមានស្តង់ដាលំដាប់ពិភពលោកពិតប្រាកដ៕

កម្ពុជា ចិនប្រារព្ធធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា ហើយសម្រាប់ឆ្នាំ២០២៤

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា ចិនបានប្រារព្ធពិធីបើកដំណើរការជាផ្លូវការនូវឆ្នាំនៃការផ្លាស់ប្តូរបន្រជាជន និងប្រជាជនរវាងកម្ពុជា ចិនជាផ្លូវការហើយ បន្ទាប់ពីកម្មវិធីនេះបានប្រកាសកាលពីចុងឆ្នាំមុន។

ពិធីនេះបានប្រារព្ធធ្វើនៅថ្ងៃទី១៣ មករាកន្លងមកនេះ នៅបរិវេ​ណព្រះលានជល់ដំរី ខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្ស​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោកលី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោ​សនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានអញ្ជើញជាអធិបតីបើក (ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤)។

លោកលី ស៊ូឡីបានថ្លែងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការជម្រុញយ៉ាងយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចិន​ និងកម្ពុជា បានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើបណ្តាវិស័យ និងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក។ ក្នុងនោះមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជំនួយសាងសង់ដោយភាគីចិន ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប- ប៉ោយប៉ែតកំពុងដំណើរការជាបន្តបន្ទាប់ មជ្ឈមណ្ឌលឱសថបុរាណចិន-កម្ពុជាត្រូវបាន សម្ពោធជាផ្លូវការ និងសាកលវិទ្យាល័យខេមតិច បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

លោកបន្តទៀតថា ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជម្ងឺកូវីដយ៉ាងធ្ងន់ធ្ងរ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបំពេញទស្សនកិច្ច ជាបន្ទាន់ទៅកាន់ប្រទេសចិន និងបានពាំនាំនូវជំនួយដ៏ថ្លៃថ្លារបស់ប្រជាជនកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន​ និងប្រជាជន កម្ពុជា-ចិន ២០២៤” នេះ ជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឲ្យបាននូវការ កសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន។ ក្នុងនោះដែរសម្តេចមានសុទិដ្ឋិនិយមថា ការកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន​ និងប្រជាជនកម្ពុជា-ចិន” នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការបង្កើនតភ្ជាប់វិស័យទេសចរ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននៃប្រជាជាតិទាំងពីរ និងជាមូលដ្ឋានមិនអាចខ្វះបាន  ក្នុងការសម្រេចឲ្យបាននូវការ    កសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន”។

សម្តេចក៏បានលើកផងដែរ ពីការភ្ជាប់ទំនាក់ទំនងកម្ពុជា-ចិន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដែលរហូតមកដល់ពេលនេះ ប្រទេសទាំងពីរ បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែមួយ។

សម្តេចពិជ័យសេនាបានបញ្ជាក់ដែរថា តាមរយៈការកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” យើងនឹងអាចផ្សព្វផ្សាយ កាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី សក្តានុពលទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ ដែលមិនត្រឹមតែចូលរួម ដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នា ទៅវិញទៅមករវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះ បង្ហាញពីការយកចិត្តទុកដាក់ ជាអាទិភាពយ៉ាងសំខាន់ លើប្រភពទីផ្សារចិន សម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។

ការរៀបចំពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” នេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា វិស័យទេសចរណ៍ និងវប្បធម៌មានទំនាក់ទំនងគ្នា យ៉ាងស្អិតរមួតប្រៀបបានសរសៃអំបោះដែលវេញចូលគ្នា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងនូវភាពទាក់ទាញ និងភាពប្រកួតប្រជែង សម្រាប់តំបន់ទេសចរណ៍ ក៏ដូចជាសម្រាប់ប្រទេសជាតិ។

វិស័យវប្បធម៌បានដើរតួនាទី ជាឧបករណ៍ដ៏មានប្រសិទ្ធភាព សម្រាប់អភិវឌ្ឍន៍ផលិតផលទេសចរណ៍។ ជាមួយគ្នានេះ វិស័យទេស​ចរណ៍បានបង្កើតនូវប្រភពចំណូល និងធនធាន ដែលអាចគាំទ្រ និងពង្រឹងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ក្នុងយុគសម័យ នៃភាពច្នៃប្រឌិត និងសាកលភាវូបនីយកម្ម ហើយទេសចរណ៍ និងវប្បធម៌ ផ្សាភ្ជាប់គ្នាតាមរយៈសក្កានុពល នៃកំណើនវិស័យទាំងពីរផងដែរ។

វប្បធម៌ និងឧស្សាហកម្មសិល្បៈច្នៃប្រឌិត ត្រូវបានកំពុងប្រើប្រាស់កាន់តែខ្លាំងឡើង ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍នីមួយៗ។ ការប្រើប្រាស់ និងការច្នៃប្រឌិតវប្បធម៌ ដើម្បីបង្កើនភាពទាក់ទាញនៃទីផ្សារទេសចរណ៍ បានជម្រុញមានភាពសម្បូរបែបនៃអត្តសញ្ញាណក្នុងតំបន់ និងលើកស្ទួយរូបភាពនៃគោលដៅទេសចរណ៍៕

ក្រុមហ៊ុនធំមួយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឱ្យសិក្សានិងវិនិយោគលើគម្រោងព្រលានយន្តហោះ និងទីក្រុងរណបនៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់សិទ្ធិឱ្យ សម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស សិក្សានិងវិនិយោគលើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) និងការអភិវឌ្ឍទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាស នៅខេត្តមណ្ឌលគិរី។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណរដ្ឋមន្រ្តី ដែលទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានអនុញ្ញាត ឱ្យរដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ក្នុងការរៀបចំអភិវឌ្ឍគម្រោងខាងលើនេះស្របតាមច្បាប់ និងនិតិវិធីជាធរមាននៃកម្ពុជា។លោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះថា ក្រុមហ៊ុន ហ្វូខឺស គ្រុប ដែលដឹកនាំដោយក្រុមហ៊ុន ហ្វូខឺស ត្រេន គ្លូប៊ល វេនឈ័រឯ.ក គឺជាក្រុមហ៊ុន ដែលមានចូលរួមពីវិនិយោគមកពីម៉ាឡេស៊ី ចិន និងអារ៉ាប់។

លោកបញ្ជាក់ថា ការឈានទៅដល់ការដាក់ទុនវិនិយោគ លើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងការអភិវឌ្ឍទីក្រុងរណបពហុបំណង នៅខេត្តមណ្ឌលគិរី គឺអាស្រ័យទៅលើការសិក្សា ប្រសិនបើក្រុមហ៊ុននេះ សិក្សារកឃើញថាដំណើរការល្អ នោះនឹងឈានទៅដល់ការវិនិយោគ។សូមជម្រាបថា រាជរដ្ឋាភិបាលធ្លាប់បានអនុញ្ញាតឱ្យក្រុមហ៊ុនចិន China Power ធ្វើការសិក្សាលើគម្រោងវិនិយោគអាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរីនេះ។ ព្រលានយន្ដហោះខេត្តមណ្ឌលគីរី គ្រោងសាងសង់លើផ្ទៃដី៣០០ហិកតា មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ដែលតាមការប៉ាន់ស្មានអាចនឹងចំណាយថវិកាវិនិយោគប្រមាណជាង៨០លានដុល្លារ។
ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចសកល ធ្វើឱ្យក្រុមហ៊ុន China Power ធ្វើឱ្យគម្រោងនេះត្រូវបានជាប់គាំងមិន ដំណើរការ។ ទើបតែពេលនេះ រាជរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុនថ្មី សិក្សាពីគម្រោងវិនិយោគព្រលានយន្តហោះមណ្ឌលគិរីនេះ ៕

Samsung C&T completes world’s 2nd-tallest building in Malaysia

Samsung C&T, a major Korean general trading firm and builder, said Thursday it has completed a 118-story skyscraper in Kuala Lumpur, the second-tallest building in the world.

An opening ceremony was held Wednesday for Merdeka 118, a 679-meter-high complex building in the central part of the Malaysian capital, said Samsung C&T, the trading, construction, fashion and resort arm of Samsung Group, Korea’s top conglomerate.

It is the world’s second-highest building and structure after the Burj Khalifa at 828 meters in Dubai, the United Arab Emirates, which Samsung completed in 2009.

Merdeka 118, with a total floor space of some 673,900 square meters, is a multipurpose building that houses offices, a high-end hotel and a shopping mall, it said, adding the amount of steel bars used measures about 40,000 kilometers.
Samsung C&T said the completion of Merdeka 118 has cemented its top global status as a builder of skyscrapers.

In 1998, Samsung C&T completed the 452-meter-high Petronas Twin Towers in Kuala Lumpur, the then highest building in Malaysia, and has since built several other high-rise buildings in the country.Source: Yonhap

Gloomy global economic outlook outlined in new World Bank report

In its global economic trend report published on Wednesday, the World Bank forecasts just 2.4% global economic growth year on year in 2024, with higher interest rates a major factor.
Global trade and investment would continue to be stifled by conflicts in Ukraine and the Middle East, it said.

Excluding the contraction of the global economy in 2020 due to the impact of the Covid-19 pandemic, the growth rate of 2024 will be the lowest since the 2009 financial crisis.

The World Bank’s forecast of underwhelming growth has been a main focus for three consecutive years. However, the bank is positive that 2025 will see a slightly stronger expansion at 2.7%.

The global economy expanded 2.6% last year, 3% in 2022, and 6.2% in 2021. The big jump in 2021 was due to the impacts of the pandemic beginning to subside.

The World Bank warned that the first half of the 2020s (2020-2024) would see the lowest expansion in 30 years, even lower than during the financial crisis in 2008-2009, the Asian financial crisis of the late 1990s, and the global economic slowdown in the 2000s.

The bank warned that without major adjustments, the 2020s will be “a lost decade” for the global economy.

Developing countries will likely experience the biggest impact, with average growth declining more than 1% from that of the previous decade.

The World Bank also predicted that by the end of this year, about a quarter of the population in developing countries, and 40% in low-income countries would suffer from higher levels of poverty than before the pandemic.

The bank warned that without major adjustments, the 2020s will be “a lost decade” for the global economy.

Developing countries will likely experience the biggest impact, with average growth declining more than 1% from that of the previous decade.

The World Bank also predicted that by the end of this year, about a quarter of the population in developing countries, and 40% in low-income countries would suffer from higher levels of poverty than before the pandemic. Source: The Nation