រដ្ឋាភិបាលចិនបញ្ចុះអត្រាពន្ធប្រថាប់ត្រាពាក់កណ្ដាលលើការជួញដូរភាគហ៊ុន

ដោយៈ តែម សុខុម

ប៉េកាំងៈ ប្រទេសចិន បានបញ្ចុះអត្រាពន្ធប្រថាប់ត្រា លើការជួញដូរភាគហ៊ុន រហូតដល់ទៅពាក់កណ្តាល ដែលនឹងមានប្រសិទ្ធភាពអនុវត្តន៍ចាប់ពីថ្ងៃច័ន្ទ ទី២៨ សីហា នេះតទៅដើម្បីជំរុញទីផ្សារដែលកំពុងជួបការលំបាក ខណៈការងើបឡើងវិញនៃសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះបានបាត់បង់សន្ទុះ។

ក្រសួងហិរញ្ញវត្ថុចិន បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហា ថា ខ្លួននឹងបញ្ចុះអត្រាពន្ធប្រថាប់ត្រា០,១%លើការជួញដូរភាគហ៊ុន “ក្នុងគោលបំណងជំរុញទីផ្សារមូលធន និងបង្កើនទំនុកចិត្តរបស់វិនិយោគិន”។

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា រដ្ឋាភិបាលក្រុងប៉េកាំង គ្រោងបញ្ចុះអត្រាពន្ធប្រថាប់ត្រារហូតដល់ទៅពាក់កណ្ដាល បន្ទាប់ពីសន្ទស្សន៍ភាគហ៊ុនសំខាន់បាន

សហរដ្ឋអាមេរិកគ្រោងដំឡើងអត្រាការប្រាក់បន្ថែមទៀតដើម្បីទប់ អតិផរណាដែលហក់ឡើងកប់ពពក

ដោយៈ តែម សុខុម

ញូវយ៉ក:ប្រធានធនាគារកណ្តាលអាមេរិក (Federal Reserve) លើកឡើងថា ធនាគារកណ្តាលអាមេរិក នឹងបន្តដំឡើងអត្រាការប្រាក់បន្ថែមទៀត “ប្រសិនបើសមស្រប” ខណៈអតិផរណានៅតែមានកម្រិត “ខ្ពស់ខ្លាំងពេក”។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២៦ ខែសីហា។

លោក ជើរ៉ូម ផូវែល (Jerome Powell) ប្រធានធនាគារកណ្ដា​លអាមេរិក បានថ្លែងក្នុងសន្នីសីទប្រចាំឆ្នាំ ជាមួយបណ្ដាធនាគារិកនៃធនាគារកណ្ដាលថា ល្បឿននៃការឡើងថ្លៃទំនិញបានធ្លាក់ចុះ ពីកម្រិតខ្ពស់បំផុតហើយ។

ទោះជាយ៉ាងណា លោកលើកឡើងថា វានៅខ្ពស់ជាងគោលដៅ២%របស់ធនាគារកណ្ដាលអាមេរិកនៅឡើយ។អំឡុងសុន្ទរកថាទៅកាន់សន្និសីទអន្តរជាតិ រយៈពេល៣ថ្ងៃខាងលើនេះ នៅរដ្ឋវ៉ាយអូមីង (Wyoming) សហរដ្ឋអាមេរិក លោក Jerome Powell លើកឡើងថា អត្រាការប្រាក់អាចនឹងកើនឡើងបន្ថែមទៀត ហើយនឹងកើនឡើងរយៈពេលកាន់តែវែង។

អតិផរណានៅសហរដ្ឋអាមេរិក បានហក់ឡើងដល់៣,២%ក្នុងខែកក្កដា ឆ្នាំនេះ ខណៈអត្រាការប្រាក់ស្ថិតក្នុងរង្វង់៥,២៥% ដែលជាអត្រាខ្ពស់បំផុត មិនធ្លាប់មានក្នុងពេល២២ឆ្នាំមកនេះ និងកើតមានឡើង បន្ទាប់ពីធនាគារកណ្ដាលអាមេរិក បានសម្រុកដំឡើងអត្រាការប្រាក់ជាប់ៗគ្នាចំនួន១១លើក ចាប់តាំងពីដើមឆ្នាំ២០២២មក។

លោក Jerome Powell បានគូសបញ្ជាក់ថា “ទោះបីជាអតិផរណាបានធ្លាក់ចុះ ពីកម្រិតខ្ពស់បំផុតរបស់វា ដែលជាស្ថានការណ៍វិវឌ្ឍន៍​ដ៏គួរឱ្យស្វាគមន៍យ៉ាងណាក្ដី ក៏វានៅតែខ្ពស់ខ្លាំងពេកនៅឡើយ”៕ BBC៕

Thai Airways ជាប់បំណុលវ័ណ្ដ “ក”និងកំពុងខំប្រឹងរើខ្លួនរួចពីបំណុលនៅប៉ុន្មានឆ្នាំខាងមុខ

ដោយៈ តែម សុខុម

បាងកក: លោក ឆៃ អ៊ាមស៊ីរី (Chai Eamsiri) នាយកប្រតិបត្តិក្រុមហ៊ុន Thai Airways International បានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ កំពុងប្រឹងប្រែងកែលម្អអាជីវកម្ម និងរំហូរសាច់ប្រាក់របស់ខ្លួន ដើម្បីជួយឱ្យខ្លួនមានលទ្ធភាព ទូទាត់សងបំណុ​លនៅឆ្នាំ២០៣១។

យោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហា ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បាន និងកំពុងស្ថិតក្នុងដំណើរការ ស្តារអាជីវកម្មរបស់ខ្លួនឡើងវិញចាប់តាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

លោក Chai Eamsiri ថ្លែងថា ក្រុមហ៊ុនរបស់លោកសម្រេចបានវឌ្ឍនភាពយ៉ាងធំ នៅក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Thai Airways និងក្រុមហ៊ុន Thai Smile Airways និងការពន្លឿនការទូទាត់សងបំណុល ដល់ម្ចាស់បំណុលចំនួន៣៦ក្រុម។

បំណុលសរុបរបស់ក្រុមហ៊ុននៅពេលនេះ រួមទាំងប្រាក់ដើម និងការប្រាក់ បានកើនឡើងលើស៤១០ពាន់លានបាត ឬ១១,៦៦ពាន់លានដុល្លារអាមេរិករួចទៅហើយ។

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងទូទាត់សងបំណុលប្រមាណ១០ពាន់លានបាត (២៨៤,៥លានដុល្លារអាមេរិក) ទៅម្ចាស់បំណុលរបស់ខ្លួននៅឆ្នាំក្រោយ។

លោកបានបន្ថែមថា “រយៈពេល៨ឆ្នាំ គិតចាប់ពីពេលនេះតទៅ ក្រុមហ៊ុន Thai Airways នឹងទូទាត់សងបំណុល ពីគ្រប់ក្រុមម្ចាស់បំណុលទាំងអស់។ ប្រសិនបើយើងមានសាច់ប្រាក់គ្រប់គ្រាន់ នៅក្នុងដៃ នោះយើងនឹងសងបំណុលផ្សេងៗកាន់តែឆាប់រហ័ស។ បច្ចុប្បន្នក្រៅពីការធ្វើផែនការអាជីវកម្មយ៉ាងហ្មត់ចត់ យើងត្រូវប្រមូលសាច់ប្រាក់នៅក្នុងដៃ ​ដើម្បីត្រៀមសម្រាប់ការទូទាត់សងបំណុល។ បច្ចុ​ប្បន្នយើងមានប្រាក់ចំនួន៥០ពាន់លានបាត (ជាង១,៤២ពាន់លានដុល្លារអាមេរិក) នៅក្នុងដៃ ដោយមួយចំនួននៃប្រាក់ទាំងនោះយើងត្រៀមប្រើប្រាស់ សម្រាប់ការទូទាត់បំណុលនៅឆ្នាំក្រោយ”៕ The Nation៕

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីថ្មីជម្រុញដល់អាជ្ញាធរខេត្តពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋក្នុងតំបន់ចំនួន២

ដោយៈ គង់ ហ្វីអួណា

        ភ្នំពេញៈ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានជំរុញដល់អាជ្ញាធរខេត្តសៀមរាប ធ្វើយ៉ាងណាពន្លឿន ចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែងក្នុងស្រុកអង្គរធំ។

លោកបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយបញ្ហាសំណង់ និងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ក្រោមការគ្រប់គ្រងរបស់ជាអាជ្ញាធរជាតិអប្សរា នៅសាលាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ។

លោកសាយ សំអាល់ ក៏បានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា គប្បីត្រូវសហការយ៉ាងជិតស្និទ្ធិជាមួយអាជ្ញាធរខេត្តសៀមរាប ក្នុងការដោះស្រាយសម្របសម្រួល និង ថែរក្សាការពារឲ្យបាននូវតំបន់អភិរក្ស ក្នុងតំបន់រមណីយដ្ឋានអង្គរ គឺតំបន់១ តំបន់២ និងតំបន់៣ កុំឲ្យមានការរំលោភបំពានដោយខុសច្បាប់បន្តទៀត  ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃសម្រាប់ជាតិ និងពិភពលោក។

លោកសាយ សំអាល់ បានលើកនូវអនុសាសន៍ និងវិធានការល្អៗ សំដៅជំរុញឲ្យការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណ​ង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ ។ លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “កម្ពុជាក្នុងនាមរដ្ឋសមា​ជិក មានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណនៃដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល”។ លោកបន្តថា “ដូច្នេះសំណូមពរដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ សំខាន់អាជ្ញាធរខេត្ត និង អាជ្ញាធរជាតិអប្សរា ក្នុងការពិនិត្យវឌ្ឍនភាព នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ក្នុងការជំរុញកិច្ចការដែលនៅសេសសល់ និងយកចិត្តទុកដាក់ លើបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងការគាំទ្រដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្លាស់ទីទៅតាំងទីលំនៅក្នុងតំបន់នោះទៀតផង”។យោងតាមរបាយការណ៍របស់ក្រុមការងារបានឲ្យដឹងថា ការងារចលនាប្រជាពលរដ្ឋ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មកទល់ពេលនេះ មានប្រជាពលរដ្ឋ បានចាប់ឆ្នោតជ្រើសរើសដីឡូត៍សរុប៩៨៣៦គ្រួសារ មានផ្ទៃដីសរុបសម្រាប់ធ្វើប្រទានកម្ម ជូនប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ មានទំហំ    ២៤៥៦ ហិកតា បែងចែកជា២០៩៥២ឡូត៍៕

ក្រុមហ៊ុន KW Cambodia បានឈានជើងទៅខេត្តព្រះសីហនុជាផ្លូវការ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក​ KW Cambodia និង​ជា​អគ្គនាយក បុរី វិមានសំណាង ​បាន​អញ្ជើញ​ជា​អធិបតី ​​ក្នុង​ពិធីចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​បើកសាខា KW ខេត្តព្រះសីហនុ (KW Sihanouk Ville)។

ក្នុងពិធីចុះហត្ថលេខា​ រវាង​ឧកញ៉ាបណ្ឌិត គីម ហ៊ាង និង​លោក សៅ ហុក ប្រធានKW SihanoukVille​ ដែលរៀបចំឡើង​​នៅ​ការិយាល័យ​លក់ បុរី វិមានសំណាងកាលពីចុងសប្តាហ៍មុន។ 

ក្រុមហ៊ុនKW Cambodia គឺជា​អាជីវកម្មមួយ ដែល​លោក​ឧកញ៉ា គីម ហ៊ាង បាន​ចុះ​ហត្ថលេខា​ផ្តាច់មុខ រយៈពេល​២០​ឆ្នាំ បូក​២០​ឆ្នាំ ស្មើ​នឹង​៤០​ឆ្នាំ ហើយ​លោក​បាន​នាំ​យក ​ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះ មក​កម្ពុជាតាំងពី​ឆ្នាំ​២០១៨។

KW Cambodia មកពី​ពាក្យ​ពេញ Keller Williams Cambodia ដែល​ក្រុមហ៊ុន​អាមេរិក​ Keller Williams Realty International បង្កើត​ឡើង​ដំបូង​ កាល​ឆ្នាំ១៩៨៣ ជា​ក្រុមហ៊ុន​អចលនទ្រព្យ ប៉ុន្តែ​ក្រោយ​មកក្រុមហ៊ុន​នេះ ​បាន​ប្រែក្លាយពី​ក្រុមហ៊ុន​អចលនទ្រព្យ ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​អចលនទ្រព្យ​វិញ។

ក្រុមហ៊ុនKW Cambodia ជាយីហោ នៃក្រុមហ៊ុនអចលនទ្រព្យអាមេរិក ដែលមានសាខា និងអនុសាខា នៅ៥២​ប្រទេស ៥ទ្វីប និងមានសមាជិកជិត ២០០, ០០០នាក់នៅទូទាំងពិភពលោក។បច្ចុប្បន្ន​ KW Cambodia មានសាខា និងអនុសាខា នៅរាជធានីភ្នំពេញ ខេត្ត​បាត់ដំបង សៀមរាប កំពង់ចាម និង​ខេត្តព្រះសីហនុ៕

ក្រុមអ្នកធុរកិច្ចឥណ្ឌាចាប់ផ្តើមផ្តោតអារម្មណ៍មកកាន់កម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ បណ្តាថ្នាក់ដឹកនាំក្រុមហ៊ុន បច្ចេកវិទ្យាឥណ្ឌាចំនួន១៥ក្រុមហ៊ុន មកស្វែងដៃគូសហការវិនិយោគ ជាមួយភាគីក្រុមហ៊ុននៅកម្ពុជា។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងកាលពីសប្តាហ៍មុន ដែលសម្របសម្រួលដោយស្ថានទូតឥណ្ឌា ប្រចាំប្រទេសកម្ពុជា។

ក្រុមហ៊ុនឥណ្ឌាទាំង ១៥នោះ រួមមានក្រុមហ៊ុនវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិត ម៉ាស៊ីនសម្រាប់ការសិក្សា រ៉ូបូត Smart manufacturing, Big Data, Website  និងកម្មវិធីទូរស័ព្ទ ថាមពលសូឡា  ហ្វីនតិច បច្ចេកវិទ្យាលើវិស័យកសិកម្ម បច្ចេកវិទ្យាក្នុងវិស័យអប់រំ Blockchain ភាពយន្ត ហ្គេម AR VR LPO BPO Cloud IT Hardware ដ្រូន ឧបករណ៍លើវិស័យប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យាលើវិស័យសុខាភិបាល និងមានការផ្តោតលើវិស័យជាច្រើនផ្សេងទៀត។

លោកជំទាវ ឌីវ៉ាយានី គោប្រាកាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានឱ្យដឹងដែរថា ស្ថានទូតឥណ្ឌា នឹងជួយសម្របសម្រួលភាគីទាំងសងខាង ក្នុងការឈានទៅរកកិច្ចសហការរួមគ្នាផងដែរ។

លោកជំទាវក៏បានផ្ដល់ជាទំនុកចិត្ត ដល់អ្នកវិនិយោគទាំងសង​ខាងថា រដ្ឋាភិបាលប្រទេសឥណ្ឌា និងរាជរដ្ឋាភិបាលប្រទេ​សកម្ពុជា គឺមានយុទ្ធសាស្រ្ត ក៏ដូចជាបរិយាកាសនយោបាយល្អ ផ្ដល់ជាប្រយោ​ជន៍សម្រាប់កិច្ចសហការ រួមគ្នារវាង​ក្រុមហ៊ុននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោក កែវ កក្កដា ជាអ្នកគ្រប់គ្រង និងអភិវឌ្ឍអាជីវកម្ម នៃក្រុមហ៊ុនThe Better Cambodia បានលើកឡើងថា ជំនួបកិច្ចសហការរវាងក្រុមហ៊ុនពីប្រទេសឥណ្ឌា និងក្រុមហ៊ុននៅកម្ពុជានេះ ពិតជាកម្មវិធីដែលមានអត្ថប្រយោជន៍ ដែលការទទួលបានកិច្ចសហការណ៍ ច្បាស់ជាផ្ដល់នូវចំណេះកាន់តែច្រើន សម្រាប់កម្ពុជា ព្រោះឥណ្ឌាជាប្រទេសមានភាព​ល្បីលើបច្ចេកវិទ្យា៕

តើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រធានាធិបតីស៊ី ជីនពីង បង្កើតបានសមិទ្ធិផលផ្លែផ្លាអ្វីខ្លះ ក្នុងរយៈពេល១០ឆ្នាំមកនេះ?

ដោយ: គង់ លាងហួរ

ប៉េកាំង: មន្ត្រីរដ្ឋាភិបាលចិនមួយរូប បានមានប្រសាសន៍ថា ភាពជឿនលឿនដ៏ធំសម្បើម បានកើតឡើងតាមរយៈការរួមគ្នា កសាងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

នៅក្នុងអត្ថបទដែលបានចុះហត្ថលេខា នាពេលថ្មីៗនេះ ដោយលោក Zheng Shanjie ប្រធានគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចជាតិ របស់ប្រទេសចិន បានបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការជាង២០០។

ឯកសារទាំងនោះស្តីពី ការកសាងរួមគ្នាលើគម្រោងខ្សែក្រវាត់ និងផ្លូវ ជាមួយបណ្តាប្រទេសចំនួន១៥២ និងអង្គការអន្តរជាតិចំនួន៣២ ដែលគ្របដណ្តប់៨៣ភាគរយ នៃបណ្តាប្រទេសដែលទីក្រុងប៉េកាំងបានបង្កើតទំនាក់ទំនងការទូតជាមួយ។

លោក Zheng បានបន្តថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធកាន់តែអាចចូលដំណើរការបាន តាមរយៈកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ដោយលើកឡើងពីគម្រោងសំខាន់ៗជាច្រើន ដូចជា ផ្លូវដែកតភ្ជាប់ប្រទេសចិន និងអឺរ៉ុប ច្រករបៀងពាណិជ្ជកម្មដី-សមុទ្រអន្តរជាតិថ្មី និងផ្លូវដែកចិន-ឡាវ។

លោក Zheng បានឱ្យដឹងទៀតថា ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២២ ការនាំចូល និងនាំចេញទំនិញរវាងប្រទេសចិន និងបណ្តាប្រទេសតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ បានកើនឡើងជាមធ្យម៨,៦ភាគរយជារៀងរាល់ឆ្នាំ ដោយបន្ថែមថា ការវិនិយោគទ្វេរភាគីកើនឡើងលើសពី២៧០ពាន់លានដុល្លារអាមេរិក។

នៅក្នុងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រៅប្រទេស ដែលបង្កើតឡើងដោយសហគ្រាសចិន ក្នុងបណ្តាប្រទេសស្ថិតតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ បានបង្កើតការងារក្នុងស្រុកចំនួ​ន​៤២១.០០០កន្លែង ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

យោងតាមការប៉ាន់ប្រមាណបង្ហាញថា នៅឆ្នាំ២០៣០ ការកសាងរួមគ្នា លើគម្រោងខ្សែក្រវាត់ និងផ្លូវ នឹងអាចជួយដល់មនុស្សចំនួន៧,៦លាននាក់ ឱ្យងើបចេញពីភាពក្រីក្រខ្លាំង និង៣២លាននាក់ចេញពីភាពក្រីក្រកម្រិតមធ្យម នៅក្នុងបណ្តាប្រទេសដែលចូលរួម”៕

ស្ថាប័នពីរជម្រុញកិច្ចសហការជាមួយខេត្តហឺណាន ប្រទេសចិនដើម្បីជម្រុញកំណើនទេសចរណ៍

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រាជបណ្ឌិត្យសភា​កម្ពុជា និង​ក្រុមហ៊ុនCambodia Angkor Air នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ លើ​វិស័យ​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍ ជាមួយ​ទីក្រុងចឹងចូវ ខេត្តហឺណានរបស់​ចិន ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការលើវិស័យ​អាកា​សចរណ៍​កម្ពុជា ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ ​រវាង​ប្រទេស​ទាំងពីរ​ឡើង​វិញ ។

លោកបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិតសភាកម្ពុជា ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ចឹងចូវ (Zhengzhou) របស់​ចិន បាន​ប្រាប់​ឱ្យ​ដឹង​កាលពីថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ ២០២៣ ថា តាមរយៈ​ក្រុមហ៊ុន​អាកាសចរ​អង្គរអ៊ែរ លោក​នឹង​ត្រូវ​ធ្វើ​ទស្សនកិច្ច នៅ​ក្នុង​ទីក្រុង ចឹងចូវ ខេត្តហឺណាន របស់​ប្រទេស​ចិនរយៈពេល៤ថ្ងៃ។

​លោកបន្តថា រាជ​បណ្ឌិត្យសភា​កម្ពុជា ​គ្រោង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​វិទ្យាស្ថាន​ចិន និងក្រុមហ៊ុន​អាកាសចរណ៍​ខ្មែរ ដើម្បី​លើក​កម្ពស់​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​អាកាសចរណ៍​កម្ពុជា ជាពិសេស ជំរុញ​ការ​ហោះហើរ​ត្រង់ ​រវាង​ទីក្រុង​មួយ​នេះ​ទៅ​កាន់​កម្ពុជា។

លោកបណ្ឌិត​បាន​បញ្ជាក់​ថា  “ដូច​អ្វី​ដែល​បាន​គ្រោងទុក នៅ​ថ្ងៃទី​នេះ (២៧ ខែសីហា) ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ទីក្រុង ចឹងចូវ ខេត្តហឺណាន និង​បាន​មក​ជួប​ពិភាក្សា​ការងារ​ជាមួយ និងអាជ្ញាធរ​ខេត្ត ហឺណាន ដើម្បី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង​ត្រីភាគី គឺ​ខាង​រាជបណ្ឌិត្យសភា​កម្ពុជា Zhengzhou Research Institute of Macroeconomic (ZIM) និង Cambodia Angkor Air Co., Ltd”។

លោកបណ្ឌិតសុខ ទូច បាន​បន្ថែម​ថា អនុស្សរណៈ​យោគយល់​គ្នា​នេះ មាន​គោល​ដៅ​សំខាន់ៗ​ចំនួន ៣ រួមមាន ទី១ ដើម្បី​សហការ​រៀបចំវេទិកា​ផ្លូវ​អាកាស Zhengzhou-កម្ពុជា-អាស៊ាន ទី២ ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ Think Tank ដើម្បី​អនុវត្ត​ការ​ស្រាវជ្រាវ​បញ្ហា​សំខាន់ៗ ដែល​មាន​ទិសដៅ​រួមគ្នា និងទី៣ សិក្សា​លទ្ធភាព​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម វប្បធម៌ និងទេសច​រណ៍រវាង​ទីក្រុង Zhengzhou និងកម្ពុជា។

លោក​បាន​បញ្ជាក់​បន្ថែម “ខ្ញុំ​សម្លឹង​ឃើញ​ឱកាស​ច្រើន​ណាស់​នៅ​ទីនេះ ព្រោះ​ទីផ្យារទេសចរណ៍ ទីផ្សារ​អំបិល ទុរេន និង​គ្រឿង​សមុទ្រជាដើម​ ដែល​កម្ពុជា​យើង​អាច​នាំចូល​មក​ទីនេះ​បាន (ទីក្រុង ចឹងចូវ ខេត្តហឺណាន ប្រទេសចិន) ព្រោះ​ឥឡូវ​ចិន បាន​សម្រេច​ផ្អាក​នាំ​ចូល​គ្រឿង​សមុទ្រ​ពី​ជប៉ុន ដោយសារ​ជប៉ុន​បាន​បង្ហូរ​កាកសំណល់​នុយក្លែអ៊ែរ​ចូល​សមុទ្រ”។ លោកបន្ថែមថា “នេះ​ជា​ឱកាស​សម្រាប់​យើង”។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកហូ វណ្ឌី​បាន​សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​រាជបណ្ឌិតសភា​កម្ពុជា និង​ក្រុមហ៊ុនCambodia Angkor Air ដែល​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ថ្មីៗ​ជាមួយ​ភាគី​ចិន ស្រប​ពេល​ដែល​ក្រសួង​ទេសចរណ៍ បាន​និងកំពុង​ខិតខំ​ប្រឹងប្រែង ​ទាក់ទាញ​ទេសចរ​ចិន​ឡើងវិញ តាម​រយៈការ​រៀបចំ​ នូវ​ការ​រៀបចំ​ផលិតផល​ទេសចរណ៍​ថ្មី និងអភិវឌ្ឍន៍​សមត្ថភាព​លើ​បដិសណ្ឋារកិច្ច​ទេសចរ​ចិន​ជាដើម។

លោក​បានបន្តថា ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ទីផ្សារចិន​មាន​ទំហំ​ធំ​ណាស់ ហើយ​ទំនាក់ទំនង​រវាង កម្ពុជា និង ចិន ក៏​មាន​ភាព​ស្អិតរមួត​ដែរ ដែល​ឈាន​ដល់​កិច្ច​សហប្រតិបត្តិការ ​ត្បូងពេជ្រ​ថែមទៀត​ផង។

លោកបញ្ជាក់ថា “ខ្ញុំ​ជឿថា កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​ភាគី​ពាក់ព័ន្ធ​នឹង​ជំរុញ​ទេសចរ​ចិនបន្ថែម​ទៀត​មក​កម្ពុជា ខណៈ​ដែល​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ​ទៀត ក៏​នឹង​ត្រូវ​អនុវត្ត​ដូចគ្នា​ដែរ”៕

អ្នកឧកញ៉ាលាង ម៉េងៈ បន្ទប់សណ្ឋាគារថ្មីនឹងកើនប្រហែល១២០០ ទៀតនៅត្រឹមឆ្នាំ២០២៥

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រធានអគ្គនាយកក្រុមហ៊ុនជីប ម៉ុងគ្រុប អ្នកឧកញ៉ាលាង ម៉េងបានថ្លែងកាលពីពេលថ្មីៗនេះថា ចំនួនបន្ទប់សណ្ឋាគារនឹងកើនប្រហែល១២០០បន្ទប់ទៀត ខណៈអត្រាប្រើប្រាស់ប​ច្ចុប្ប​ន្ន គ្របដណ្តប់ត្រឹម៣០ភាគរយប៉ុណ្ណោះ។

អ្នកឧកញ៉ាបានមានប្រសាសន៍ថា “សម្រាប់ខ្ញុំជាអ្នកវិនិយោគលើវិស័យទេសចរណ៍ ដែលខ្ញុំមានអូតែលចំនួនពីរដែរ ខ្ញុំមើលឃើញសណ្ឋាគារឆ្អែតដែរហើយ”។ អ្នកឧកញ៉ាបន្តថា “នេះជាចំណុចដែលយើងត្រូវប្រយ័ត្នទាំងអស់គ្នា ព្រោះខ្ញុំចង់ធ្វើម៉េចជាកំលាំងចលករ ក្នុងការជម្រុញសេដ្ឋកិច្ចមួយដែរ”។

អ្នកឧកញ៉ាបានបន្តថា អញ្ចឹងហើយ ទើបលោកមិនចង់ឲ្យអ្នកវិនិយោគក្នុងស្រុកយើង វិនិយោគលើវិស័យដដែលៗ ឧទាហរណ៍ថា យើងវិនិយោគអូតែលមួយអស់១០០០លាន ហេតុអីយើងត្រូវវិនិយោគដល់២០០០លាន?។ ហេតុនេះ បើយើងយកលុយ១០០០លាន​ទៅវិនិយោគលើអ្វីផ្សេង វាជួយសេដ្ឋកិច្ចបានប៉ុណ្ណា? គឺវាអាចជួយដល់វិស័យសហគ្រាសធុនតូច និងមធ្យមរបស់យើងកាន់តែខ្លាំងបន្ថែមទៀត។

ក្រុមហ៊ុនជីប ម៉ុងជាក្រុមហ៊ុនលំដាប់យក្សក្នុងស្រុកមួយ ដែលកំពុងរីកចម្រើនយ៉ាងលឿន និងដណ្តើមចំណែកទីផ្សារ ក្នុងវិស័យជាច្រើននៅកម្ពុជានាពេលបច្ចុប្បន្ននេះ៕

តើលោកយាយBaba Vanga ទស្សន៍ទាយសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤យ៉ាងដូចម្តេច?

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ស្របពេលមនុស្សជាច្រើន មានអារម្មណ៍មិនប្រាកដប្រជា និងភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ច ពិភពលោកអាចកើតមានបន្ត យើងក្រឡេកទៅមើលការទស្សន៍ទាយ សេដ្ឋកិច្ចឆ្នាំ២០២៤របស់ហោរាសាស្រ្តលំដាប់ពិភពលោក គឺលោកយាយBaba Vanga តើគាត់មានការទស្សន៍ទាយបែបណា?។

យោងតាមការព្យាករណ៍របស់លោកយាយBaba Vanga បានឲ្យដឹងថា វិបត្តិសេដ្ឋកិច្ចដ៏ធំមួយ នឹងកើតឡើងដែលប៉ះពាល់ដល់ពិភពលោក នៅឆ្នាំ២០២៤ចខាងមុខ។ វិបត្តិនេះបណ្តាលមកពីកត្តាជាច្រើន រួមទាំងការកើនឡើងនៃកម្រិតបំណុល ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្តូរអំណាចសេដ្ឋកិច្ចពីលោកខាងលិចទៅខាងកើត។

លោកយាយ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ហោរា​ទស្សន៍​ទាយ​ឆុត​បំផុត ​អំពី​ព្រឹត្តិការណ៍​នៅ​ជុំវិញ​ពិភពលោក​ ដូចជា សោកនាដកម្ម Chernobyl (១៩៨៦), ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Diana (១៩៩៧), ការរំលាយសហភាពសូវៀត, 9/11 ព្រឹត្តិការណ៍នៅសហរដ្ឋអាមេរិក (២០០១) និង ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) (២០២០) ។ យោងតាម ​​Guardian, Indiatimes ឬ Mirrors ការព្យាករណ៍របស់ Vanga គឺ ៨៥% ពិត។

លោកយាយ Baba Vanga ដែលកើតនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩១១ និងទទួលមរណភាពនៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៦ ជាជនជាតិ​ប៊ុល​ហ្គា​រី​មក​ពី​តំបន់ Balkans។