ក្រុមហ៊ុនអចលនទ្រព្យ GC Realty ចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្តជាមួយនឹងក្រុមហ៊ុន SRE Group Co. LTD លើគម្រោងខុនដូ Romduol City ដើម្បីជំរុញការលក់ឲ្យមានសក្ដានុពល និងទំនុកចិត្តដល់អតិថិជន

នៅថ្ងៃទី26 ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន GC Realty បានធ្វើពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជា ដៃគូយុទ្ធសាស្រ្តជាមួយនឹងក្រុមហ៊ុន SRE Group Co. LTD លើគម្រោងខុនដូ Romduol City  កិច្ចព្រមព្រៀងនេះធ្វើឡើងក្រោមការ ចូលរួមពីលោក កាំង នីន នាយក និងដៃគូអាជីវកម្មក្រុមហ៊ុន GC Realty និង លោក Angie Dong ជាអនុប្រធានគ្រប់គ្រងទូទៅតំណាងផ្នែកលក់ របស់ក្រុមកហ៊ុន SRE Group Co. LTD នៅការិយាល័យលក់របស់គម្រោងខុនដូ Romduol City  ដែលស្ថិតនៅបណ្តោយ មហាវិថីសហព័ន្ធរុស្សី ជាប់នឹងក្រុមហ៊ុនតូយូតា សាខាទឹកថ្លា។

ការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការលក់និងធ្វើទីផ្សារដល់ គម្រោងខុនដូ Romduol City  ឲ្យកាន់តែមានសក្ដានុពល និងផ្តល់ទំនុកចិត្តដល់អតិថិជន។

លោក កាំង នីន ជានាយក និងដៃគូអាជីវកម្មរបស់ GC Realty បានលើកឡើងថា គម្រោងខុនដូ Romduol City ជាគម្រោងថ្មីទាន់សម័យ សាកសមបំផុត សម្រាប់ការរស់នៅតាមបែបសម័យបច្ចុប្បន្ន ព្រមទាំងសំណង់មាន គុណភាព តម្លៃសមរម្យ ស្ថិតនៅ ទីតាំងប្រជុំជន និងមានសក្តានុពលខ្ពស់ សាកសមនឹងតម្រូវការអតិថិជនគ្រប់រូប ជាពិសេសនោះ គម្រោងបានសាងសង់រួចរាល់ 90% ហើយ អាចចូលនៅបានចុងឆ្នាំនេះទៀតផង។លោក Yang XianBo ជាអ្នកគ្រប់គ្រងទូរទៅ របស់ក្រុមកហ៊ុន SRE Group Co. LTD​ ក៏បានលើកឡើង ដែរថា ក្រុមហ៊ុន GC Realty ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យ និងមានបទពិសោធន៍  ច្រើនឆ្នាំក្នុងការប្រឹក្សាយោបលផ្នែកទិញលក់អចលនទ្រព្យគ្រប់ប្រភេទ ព្រមទាំងមានក្រុមប្រឹក្សាផ្នែក លក់ជាច្រើននាក់ សុទ្ធតែមានបទពិសោធន៍ និងមានជំនាញវិជ្ជាជីវៈ ក្នុងវិស័យអចលនទ្រព្យ ដែលអាច ជួយអតិថិជន ក្នុងការជ្រើសរើសគម្រោង អចលនទ្រព្យទៅតាមតម្រូវការ ពិសេសជួយ សម្រួលការ ទិញ លក់ សម្រាប់ភាគីម្ចាស់គម្រោង និងអតិថិជនដើម្បីផ្ដល់ភាពងាយស្រួលដល់ភាគី ទាំងសងខាង។ លោកបន្ថែមថា ជាងនេះទៅទៀត GC Realty មានអ្នកជំនាញផ្នែកទីផ្សារ ជួយជំរុញ ការផ្សព្វផ្សាយ ដល់ដៃអតិថិជនយ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័ស ដែលជម្រុញអោយ SRE Group Co. LTD ជ្រើសយក GC Realty ជាដៃគូសហការ។ជាមួយគ្នានេះដែរ គម្រោងក៏មានការផ្តល់ជូននូវប្រូម៉ូសិនពិសេស សម្រាប់អតិថិជនទាំងអស់ ដែលបាន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ ហើយការផ្តល់ជូននេះ នឹងបន្ត រហូតដល់ថ្ងៃទី ២៧ ខែសីហា ២០២៣។

 

 

Dubai’s luxury home prices sizzle while Hong Kong’s fizzle amid supply glut, high interest rates: Knight Frank

Prices of luxury homes in Dubai shot up 48.8 per cent year on year and 11.6 per cent quarter on quarter as of June 30, putting the wealthy United Arab Emirates (UAE) city on top of a global ranking for the eighth straight quarter, while Hong Kong fell to 35th spot.

Tokyo occupies the second spot on the list, compiled by property consultancy Knight Frank, with a 26.2 per cent increase, followed by the Philippine capital of Manila with a 19.9 per cent jump.

Hong Kong’s “prime” homes – defined by Knight Frank as the top 5 per cent of the residential market in terms of value – lost 1.5 per cent of their value for the year. In the second quarter, prime prices fell 0.4 per cent from the previous three-month period, Knight Frank said, pushing the city down one spot in the quarterly ranking, which tracks 46 cities around the world.

“Global housing markets are still under pressure from the shift to higher interest rates,” said Liam Bailey, Knight Frank’s global head of research. “But the latest results … confirm that prices are being supported by strong underlying demand, weak supply following disruption to new-build projects during the pandemic and an ongoing return of workers to cities.”

For the entire year, Dubai is likely to see an overall 14 per cent increase in prime property prices, Knight Frank said.

“Remarkably, prices in Dubai have soared by 225 per cent since reaching a pandemic low in the third quarter of 2020,” the report said. Source: SCMP

សណ្ឋាគារលំដាប់ផ្កាយ៥ថ្មីមួយគ្រោងបង្ហាញវត្តមាននៅលើ មហាវិថីព្រះមុនីវង្ស

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ វិស័យបដិសណ្ឋារកិច្ចរបស់កម្ពុជាបន្តរីកចម្រើន ដោយក្រុមហ៊ុនជាតិ អន្តរជាតិបន្តវិនិយោគលើវិស័យនេះ ពិសេសសណ្ឋា​គារប្រណីត”ៗ។

ជាក់ស្តែងក្រុមហ៊ុន “KHOU TOWER CO., LTD” គ្រោង សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ដែលមានបន្ទប់ចំនួន២៣៧បន្ទប់នៅរាជធានីភ្នំពេញ។

សណ្ឋាគារនេះ មានទីតាំងវិនិយោគស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ៨៨ និងលេខ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៨៤,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨៥៥កន្លែង។

អ្នកឧកញ៉ាលាង ម៉េងប្រធានអគ្គនាយកក្រុមហ៊ុនជីប ម៉ុងគ្រុបបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា អត្រាគ្របដណ្តប់នៃការប្រើប្រាស់សណ្ឋាគាររបស់លោក មានកម្រិតត្រឹម៣០ភាគរយ ខណៈទីផ្សារនេះកំពុងបន្តរីកចម្រើន ដោយសណ្ឋាគារថ្មីៗរាប់ពាន់បន្ទប់ទៀត នឹងបើកដំណើរការនាពេលខាងមុខ។

លោកបន្តថា “ទីផ្សារនេះមានការរីកចម្រើន ប៉ុន្តែបើទីផ្សារត្រូវការ ទឹកប្រាក់ត្រឹម១០០០លានដុល្លារ យើងមិនគួរយកទឹកប្រាក់២០០០លានដុល្លារមកដាក់ចូលទេ គួរតែរំលលែកថវិកាទៅវិនិយោគលើវិស័យផ្សេងៗវិញ”៕

 

ក្រុមហ៊ុននាំចេញជប៉ុនជាង៧០០កំពុងរងផលប៉ះពាល់ពីបម្រាមរបស់ប្រទសចិន

ដោយៈ តែម សុខុម

តូក្យូ: ក្រុមហ៊ុននាំចេញចំណីអាហារជប៉ុន ជាង៧០០បានរងផលប៉ះពាល់ ដោយសារបម្រាមរបស់ប្រទេសចិន ដែលហាមប្រាមការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន បន្ទាប់ពីជប៉ុនបានបញ្ចេញទឹកដែលមានជាតិវិទ្យុកម្ម ពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។

យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Teikoku Databank ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានបង្ហាញកាលពីថ្ងៃសុក្រ ទី២៥ ខែសីហា ថា បច្ចុប្បន្នមានក្រុមហ៊ុនជប៉ុន ចំនួន៧២៧ក្រុមហ៊ុននាំចេញ ផលិតផលចំណីអាហារទៅកាន់ប្រទេសចិន ដែលស្មើប្រមាណ៨%នៃក្រុមហ៊ុនជប៉ុន ទាំងអស់ដែលដឹកជញ្ជូនទំនិញទៅកាន់ប្រទេសចិន។

របាយការណ៍ដដែលក៏បញ្ជាក់ដែរថា ក្រុមហ៊ុនជប៉ុន ចំនួន៣១៦ក្រុមហ៊ុន បាននាំចេញចំណីអាហារ ទៅកាន់ក្រុងហុងកុង ដែលបានប្រកាសបម្រាមផ្ទាល់ខ្លួន លើការនាំចូលគ្រឿងសមុទ្រជប៉ុន ពីតំបន់ចំនួន១០ បន្ទាប់ពីជប៉ុនបានបញ្ចេញទឹក ពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។ទិន្នន័យគយបង្ហាញថា ប្រទេសចិន បាននាំចូលគ្រឿងសមុទ្រក្នុងទំហំជាង៥០០លានដុល្លារអាមេរិក ពីប្រទេសជប៉ុន កាលពីឆ្នាំមុន។

កាលពីឆ្នាំ២០១១ រ៉េអាក់ទ័រចំនួន៣ នៅរោងចក្រនុយក្លេអ៊ែរ Fukushima នៅភាគឦសានប្រទេសជប៉ុន បានផ្ទុះបញ្ចេញជាតិវិទ្យុសកម្មដ៏គ្រោះថ្នាក់ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ ដ៏កំណាចដែលបានសម្លាប់មនុស្ស រហូតដល់ទៅប្រមាណ១៨.០០០នាក់។ ់

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន TEPCO ដែលជាប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរ Fukushima ប្រមូលបានទឹកដែលមានជាតិវិទ្យុសកម្ម រួមជាមួយទឹកក្រោមដី និងទឹកភ្លៀង ដែលបានហូរចូលរោងចក្រនេះសរុប១៣៤លានម៉ែត្រគូប។

ការចាប់ផ្តើមនៃដំណើរការបញ្ចេញទឹក រោងចក្រនុយក្លេអ៊ែរ Fukushima ដែលស្មើអាងហែលទឹកអូឡាំពិក ប្រមាណ៥៤០អាងនេះ គឺជាជំហានដ៏ធំមួយ នៅក្នុងការរុះរើទីតាំង ដែលនៅតែមានគ្រោះថ្នាក់ខ្លាំងនៅឡើយមួយនេះ។ការបញ្ចេញទឹកសំណល់នេះ ត្រូវបានទីភ្នាក់ងារថាមពលបរមា​ណូអន្តរជាតិ (AEA) ចាត់ទុកថាមានសុវត្ថិភាព។

ទោះជាយ៉ាងណា ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ថា “មហាសមុទ្រគឺជាកម្មសិទ្ធិរួមរបស់មនុស្សជាតិទាំងអស់ ហើយការចាប់ផ្តើមបញ្ចេញទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រ Fukushima ទៅក្នុងមហាសមុទ្រនេះ គឺជាទង្វើមិនគិតគូរ ចំពោះផលប្រយោជន៍សាធារណៈអន្តរជាតិ”។

ប្រទេសជប៉ុន “មិនបានបញ្ជាក់ពីភាពស្របច្បាប់” នៃផែនការ ឬ “ភាពគួរឱ្យជឿទុកចិត្តយូរអង្វែង នៃឧបករណ៍បន្សុទ្ធទឹកសំណល់នុយក្លេអ៊ែរ” នោះឡើយ៕ Reuters៕

ផ្ទះប្រណីតៗនៅទីក្រុងឌូបៃឈរនៅលើកំពូលតារាងចំណាត់ថ្នាក់តម្លៃផ្ទះថ្លៃជាងគេបំផុតលើពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃផ្ទះប្រណីតនៅក្រុងឌូបៃ បានហក់ឡើង៤៨,៨%លើមូលដ្ឋានប្រចាំឆ្នាំ និង១១,៦%លើមូលដ្ឋានប្រចាំត្រីមាស គិតត្រឹមថ្ងៃទី៣០ ខែមិថុនា។

ការហក់ឡើងថ្លៃយ៉ាងគំហុកនេះ បានធ្វើឱ្យទីក្រុងឌូបៃ ឈរនៅលើកំពូលតារាងចំណាត់ថ្នាក់ពិភពលោក សម្រាប់ត្រីមាសទី៨ជាប់ៗគ្នា ខណៈទីក្រុងហុងកុងបាន​ធ្លាក់​មក ​នៅចំណាត់ថ្នាក់លេខ​៣៥។ នេះបើយោងតាមបញ្ជី ដែលចងក្រងដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល Knight Frank។

ទីក្រុងតូក្យូជាប់ចំណាត់ថ្នាក់ទីពីរក្នុងបញ្ជី ជាមួយនឹងការកើនឡើង២៦,២ភាគរយ បន្ទាប់មកគឺរដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន ជាមួយនឹងការកើនឡើង១៩,៩ភាគរយ។

លោក Liam Bailey ប្រធានផ្នែកស្រាវជ្រាវសកលរបស់ក្រុមហ៊ុនKnight Frank បានមានប្រសាសន៍ថា “ទីផ្សារលំនៅដ្ឋានសកលនៅ​តែ​ស្ថិតក្រោមសម្ពាធពីការផ្លាស់ប្តូរទៅអត្រាការប្រាក់ខ្ពស់”។

ប៉ុន្តែលទ្ធផលចុងក្រោយបង្អស់បញ្ជាក់ថា តម្លៃផ្ទះកំពុងត្រូវបានជំរុញដោយតម្រូវការមូលដ្ឋានដ៏ខ្លាំង ការផ្គត់ផ្គង់តិច បន្ទាប់ពីមានការរំខានដល់គម្រោងសាងសង់ថ្មី ក្នុងកំឡុងពេលផ្ទុះជំងឺរាតត្បាត និងការវិលត្រឡប់របស់អ្នកធ្វើការ ទៅកាន់ទីក្រុងជាបន្តបន្ទាប់ឡើងវិញ។

ក្រុមហ៊ុនប្រឹក្សា Knight Frank បានអះអាងថា សម្រាប់ពេញមួយឆ្នាំ២០២៣នេះ តម្លៃអចលនទ្រព្យប្រណីតៗ(Prime property) នៅទីក្រុងឌូបៃ អាចនឹងស្គាល់នូវអត្រាកំណើនសរុប រហូតដល់១៤ភាគរយ៕

ក្រុមសម្ព័ន្ធ BRICS បើកភ្លើងខៀវដល់ប្រទេសចំនួន៦ផ្សេងទៀត ឱ្យចូលជាសមាជិកពេញសិទិ្ធ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមមេដឹកនាំ BRICS បានប្រកាសកាលពីថ្ងៃព្រហ ស្បតិ៍អំពី ការអនុញ្ញាតឱ្យប្រទេសថ្មីចំនួន៦ ចូលជាសមាជិក ចាប់ពីឆ្នាំក្រោយ ខណៈក្រុមនេះកំពុងស្វែង រកការរៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។

សមាជិក BRICS ដែលរួមមានប្រទេស ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពួកគេ ដើម្បីធ្វើឱ្យប្រទេសអាហ្សង់ទីន អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងអារ៉ាប់រួម ក្លាយជាសមាជិកពេញសិទ្ធិចាប់ពីថ្ងៃទី១ ខែមករា។

លោកស៊ី ជីនពីង ប្រធានាធិបតីចិន ដែលជាប្រទេសមានឥទ្ធិពលបំផុត នៅក្នុងក្រុមសម្ព័ន្ធBRICS ដែលតំណាងឱ្យមួយភាគបួននៃសេដ្ឋកិច្ចពិភពលោក បានមានប្រសាសន៍ថា ការពង្រីកសមាជិកភាពនេះគឺជាប្រវត្តិសាស្ត្រ។លោកស៊ី ជីនពីងបានបន្តថា ការពង្រីកនេះ ក៏ជាចំណុចចាប់ផ្តើមថ្មីមួយ សម្រាប់កិច្ចសហប្រតិបត្តិការ BRICS ផងដែរ។ វានឹងនាំមកនូវភាពរឹងមាំថ្មី ដល់យន្តការកិច្ចសហប្រតិបត្តិការ BRICS និងពង្រឹងកម្លាំងបន្ថែមទៀតសម្រាប់សន្តិភាព និងការអភិវឌ្ឍពិភពលោក។

នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed បានសាទរចំពោះអ្វីដែលលោកហៅថា “ពេលវេលាដ៏អស្ចារ្យ” សម្រាប់ប្រទេសរបស់លោ​ក ដែលជាប្រទេសមានប្រជាជនច្រើនជាងគេ ទីពីរនៅទ្វីបអាហ្វ្រិក។

លោ​កបញ្ជាក់ថា ប្រទេសអេត្យូពី ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយទាំងអស់គ្នា សម្រាប់សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយបរិយាប័ន្ន និងវិបុលភាព។

នៅក្នុងប្រទេសអ៊ីរ៉ង់ ទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតី Mohammad Jamshidi បានពណ៌នាចំណាត់ការនេះថាជា “ការអភិវឌ្ឍជាប្រវត្តិសាស្ត្រ និងជាជោគជ័យជាយុទ្ធសាស្ត្រ សម្រាប់គោលនយោបាយការបរទេសរបស់ទីក្រុង Tehran” ៕

អ្នកជំនាញអន្តរជាតិលើកឡើងថា ឱកាសក្នុងវិស័យអចលនទ្រព្យ នៅកម្ពុជា នៅតែមានសម្រាប់អ្នកមានគំនិតប្លែកថ្មី

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ អ្វីៗជាច្រើននៅក្នុងឧស្សាហកម្មអចលនទ្រព្យបានផ្លាស់ប្តូរ ខណៈវិនិយោគិន និងអ្នកអភិវឌ្ឍន៍ កំពុងសម្លឹងមើលទៅកាន់ទីផ្សារ ដោយភាពតានតឹង ថែមទាំងពន្យឺតគម្រោង និងការវិនិយោគរបស់ពួកគេ ដោយផ្តោតជាសំខា​ន់តែនៅរាជធានីភ្នំពេញ។

លោកបណ្ឌិត Alexander Evengroen ដែលជាដៃគូ និងជានាយកអភិវឌ្ឍន៍គម្រោងនៃក្រុមហ៊ុន Strategic Realty Investment Co., Ltd បានបង្ហាញក្តីកង្វល់ ប៉ុន្តែក្នុងពេលដំណាលគ្នានេះ លោកថា យើងនៅតែមានឱកាសជាច្រើន នៅក្នុងឧស្សាហកម្មនេះ ប្រសិន​បើមានឆន្ទៈបង្វែរពីភាពធម្មតា ឬផ្តល់នូវគំនិតថ្មីៗទាំងស្រុង ឬប្លែកៗទៅកាន់ទីផ្សារ ហើយយើង​ក៏​សង្កេតឃើញ​ដែរ​ថា ការ​ស្រាវជ្រាវ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​ផ្តោត​លើ​រាជធានី​ភ្នំពេញ។

លោក Alexander បានបញ្ជាក់ថា “ក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចនេះ ឱកាសសក្តានុពលនៅតែមានជានិច្ច ប៉ុន្តែចាំបាច់យើងត្រូវវាយតម្លៃឡើងវិញ បង្កើតឡើងវិញ និងអភិវឌ្ឍឡើងវិញ ដើម្បីធានានូវឱកាសជោគជ័យខ្ពស់បំផុត”។

លោកបានជំរុញឱ្យអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគ ក៏ដូចជាឧស្សា​ហកម្មអចលនទ្រព្យទូទៅ គួរតែចេះច្នៃប្រឌិត កែសម្រួល និងសិក្សាពីតម្រូវការទីផ្សារនៅកម្ពុជាទាំងមូល ហើយហ៊ានងាកចេញពីគម្រោងមុនៗ ដោយសារទីផ្សារកំពុងមានការផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស។

ក្រុមហ៊ុន Strategic Realty Investment Co., Ltd កំពុងសម្លឹងមើលទៅកាន់ទីផ្សារពីគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនប្រសិទ្ធភាពតម្រូវការទីផ្សារ។  ពួកគេរួមបញ្ចូលគ្នា នូវឧស្សាហកម្មផ្សេងៗគ្នាដូចជា អចលនទ្រព្យ សហគ្រាសធុនតូច និងមធ្យម កសិកម្ម និងបច្ចេកវិទ្យា ដើម្បីបើកទ្វារសម្រាប់វិនិយោគិន អ្នកអភិវឌ្ឍន៍ និងសាធារណជនទូទៅសម្រាប់ឱកាសវិនិយោគដ៏ឆ្លាតវៃ និងគួរឱ្យទុកចិត្ត។

ជាក់ស្តែង Banteay Srei Eco City ដែលជាគម្រោងខ្នាតធំ ស្ថិតលើផ្ទៃដីជាង ៣០០ហិកតា កំពុងដំណើរការ ហើយគម្រោងនេះនឹងផ្តល់ជូននូវអ្វីៗគ្រប់យ៉ាងនៅក្នុងទីតាំងតែមួយ។លោក Alexander រៀបរាប់ថា គម្រោង Banteay Srei Eco City ផ្តល់ជូននូវកញ្ចប់សរុបទៅកាន់ទីផ្សារ ដូចជា វីឡា ផ្ទះលក់ទំនិញ ផ្លូវ30ម៉ែត្រ សហគ្រាសធុនតូច និងមធ្យម ធនាគារ សាលារៀន សាកលវិទ្យាល័យ ភោជនីយដ្ឋាន មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍/សន្និបាត កីឡដ្ឋានបាល់ទាត់ កន្លែងកីឡា ផ្សារទំនើប មន្ទីពេទ្យ តំបន់កសិកម្ម  សួនអេកូ ផ្ទះប្រពៃណីខ្មែរ ផ្ទះវិស្សមកាល កន្លែងញាំអាហារ កន្លែងលេងកីឡាទឹក និងជាច្រើនទៀត។

ក្រុមហ៊ុន Strategic Realty Investment Co., Ltd កំពុងចាប់ដៃជាមួយដៃគូដែលមានទីផ្សារខ្ពស់ ដើម្បីធានាបាននូវការបោះជំហា​នទៅមុខដោយរលូន និងឆ្លាតវៃលើគម្រោងខ្នាតធំនេះ។នៅឆ្នាំ២០២៣នេះ យើងមើលឃើញកំណើន នៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន ដោយសារការព្រួយបារម្ភ អំពីបរិស្ថានកំពុងកើនឡើងជាសកល។

ឧស្សាហកម្មអចលនទ្រព្យរំពឹងថា និន្នាការនេះនឹងបង្កើនល្បឿនឆ្ពោះទៅមុខ ដោយអ្នកអភិវឌ្ឍន៍ វិនិយោគិន និងអ្នកទិញផ្ទះ កាន់តែច្រើន ផ្តល់អាទិភាពដល់ប្រភេទអចលនទ្រព្យ ដែលសន្សំសំចៃថាមពល និងមិនប៉ះពាល់ដល់បរិស្ថាន ដូចដែលក្រុមហ៊ុន Strategic Realty Investment Co., Ltd កំពុងធ្វើជាមួយគម្រោង Banteay Srei Eco City។

លោក Alexander Evengroen បានមានប្រសាសន៍ថា លោកកំពុងទន្ទឹងរង់ចាំស្វាគមន៍អ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ ក៏ដូចជាសាធា​រណជនទូទៅ មកកាន់គម្រោង Banteay Srei Eco City។ លោក​បន្ថែមថា ទីផ្សារ​មាន​ការ​ប្រែប្រួល​ឥត​ឈប់ឈរ ហើយមិនត្រឹមតែការឡើងថ្លៃប៉ុណ្ណោះទេ ប៉ុន្តែក៏មានការធ្លាក់ចុះផងដែរ ដែលយើងត្រូវតែពិនិត្យមើល ជាមួយនឹងការសិក្សាលទ្ធភាព ប្រកប​ដោយគុណភាពខ្ពស់ និងការស៊ើបអង្កេតលើទីផ្សារ៕

វិភាគៈ តើកត្តាចម្បងអ្វីខ្លះដែលធ្វើឱ្យសេដ្ឋកិច្ចរបស់មហាយក្សចិនកំពុងដាំក្បាលចុះខ្លាំងនៅពេលនេះ?

ដោយៈ តែម សុខុម

ប្រទេសចិន: ប្រទេសចិន បានក្លាយជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចពិភពលោកជាយូរមកហើយ។

ទោះជាយ៉ាងណា ក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការដាំក្បាលចុះនៃសេដ្ឋកិច្ច របស់មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ ជាសញ្ញាព្រមានដល់ក្រុមមេដឹកនាំ ទូទាំងពិភពលោក ហើយបណ្ដាវិនិយោគិន ក៏លែងពឹងផ្អែកលើសេដ្ឋកិច្ចចិន។

ជាការពិតណាស់ នេះគឺជាលើកដំបូងហើយ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដែលសេដ្ឋកិច្ចរបស់មហាយក្សចិន ជួបវិបត្តិបែបនេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី២៣ ខែសីហា។

សន្ទស្សន៍ផ្សារហ៊ុនក្រុងហុងកុង Hang Seng បានធ្លាក់ចុះកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដោយបានធ្លាក់ចុះជាង២០% ពីកម្រិតខ្ពស់បំផុតរបស់ខ្លួនក្នុងខែមករា។ កាលពីសប្តាហ៍មុន ប្រាក់យ័ន របស់ចិន បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុត មិនធ្លាប់មានក្នុងរយៈពេល១៦ឆ្នាំមកនេះ ដោយជំរុញឱ្យធនាគារកណ្តាលចិន ចាត់វិធានការធំបំផុតរបស់ខ្លួន នៅក្នុងការការពារប្រាក់យ័ន តាមរយៈការកំណត់អត្រាខ្ពស់ជាងតម្លៃទីផ្សារធម្មតាឆ្ងាយទល់នឹងប្រាក់ដុល្លារ។

បញ្ហាគឺស្ថិតនៅត្រង់ថា បន្ទាប់ពីសកម្មភាពសេដ្ឋកិច្ចចាប់ផ្ដើមកម្រើកឡើងវិញយ៉ាងឆាប់រហ័ស នៅដើមឆ្នាំ២០២៣ ក្រោយប្រទេសចិន បញ្ចប់ការបិទខ្ទប់កូវីដ-១៩ កំណើនកំពុងបាត់បង់សន្ទុះ។

តម្លៃទំនិញប្រើប្រាស់កំពុងធ្លាក់ចុះ វិបត្តិអចលនទ្រព្យកាន់តែធ្ងន់ធ្ងរទៅៗ ហើយការនាំចេញក៏កំពុងដាំក្បាលចុះ។ ភាពគ្មានការងារធ្វើក្នុងចំណោមយុវជនចិន គឺមានចំនួនច្រើនខ្លាំងរហូតដល់រដ្ឋាភិបាលចិន ឈប់បញ្ចេញទិន្នន័យពិតជាក់ស្ដែង។

ស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ នៅពេលក្រុមហ៊ុនសាងសង់ផ្ទះមួយ និងក្រុមហ៊ុនវិនិយោគដ៏លេចធ្លោមួយទៀត បានខកខានទូទាត់ជូនវិនិយោគិនរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយធ្វើឱ្យមានការភ័យខ្លាចជាថ្មីថា ការធ្លាក់ចុះកាន់ដុនដាបទៅៗ នៃទីផ្សារលំនៅឋានដែលកំពុងបន្តកើតមាន បានបង្កហានិភ័យខ្ពស់ដល់ស្ថិរភាពហិរញ្ញវត្ថុ។

កង្វះវិធានការដោះស្រាយ ដើម្បីជំរុញតម្រូវការក្នុងស្រុក និងការភ័យខ្លាច ចំពោះការរាលដាលនៃវិបត្តិ បានបណ្ដាឱ្យធ្លាក់ចុះនូវកំណើនជុំថ្មី ដោយធនាគារវិនិយោគធំៗ មួយចំនួនបានបន្ទាបការព្យាកររបស់ខ្លួន អំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន មកនៅខាងក្រោម៥%។

*តើកត្តាចម្បងអ្វីខ្លះដែលធ្វើឱ្យសេដ្ឋកិច្ចរបស់មហាយក្សចិន ដាំក្បាលចុះខ្លាំងបែបនេះ?

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី២៣ ខែសីហា ឱ្យដឹងថា មានកត្តាចម្បងចំនួន៣ ដែលបានរុញច្រានឱ្យសេដ្ឋកិច្ចរបស់មហាយក្សចិន ធ្លាក់ចូលក្នុងវិបត្តិ ហើយកត្តាទាំងនោះរួមមានដូខាងក្រោម៖

ទី១ វិបត្តិអចលនទ្រព្យ
សេដ្ឋកិច្ចរបស់ប្រទេសចិន បានធ្លាក់ក្នុងស្ថានភាពលំបាកចាប់តាំងពីខែមេសា នៅពេលកំណើនខ្លាំងកាលពីដើមឆ្នាំ បានបាត់បង់សន្ទុះ។ ប៉ុន្តែក្តីកង្វល់នានាបានផ្ទុះ កាន់តែខ្លាំងឡើងក្នុងខែនេះ បន្ទាប់ពីការខកខានទូទាត់បំណុល ពីសំណាក់ក្រុមហ៊ុន Country Garden ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍ ដ៏ធំបំផុតរបស់ប្រទេសចិន បើគិតទំហំលក់អចលនទ្រព្យ និងក្រុមហ៊ុនZhongrong Trust ដែលជាក្រុមហ៊ុនបរធនបាល (Trust Company) ដ៏កំពូលរបស់ប្រទេសចិន។

សេចក្ដីរាយការណ៍ដែលលើកឡើងថា ក្រុមហ៊ុន Country Garden បានខកខានទូទាត់ការប្រាក់ លើមូលបត្របំណុលជាដុល្លារអាមេរិកចំនួនពីររបស់ខ្លួន បានធ្វើឱ្យវិនិយោគិនភ្ញាក់ផ្អើល និងនឹកឃើញដល់វិបត្តិក្រុមហ៊ុនEvergrande ដែលបានខកខានទូទាត់បំណុលក្នុងឆ្នាំ២០២១ ដែលជាការចាប់ផ្ដើម នៃវិបត្តិអចលនទ្រព្យក្នុងប្រទេសចិន។

ខណៈ China Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ របស់ចិន និងជាក្រុមហ៊ុនជំពាក់បំណុលច្រើនបំផុតរបស់ពិភពលោក ជាមួយនឹងបំណុល៣៥០ពាន់លានដុល្លារអាមេរិក កំពុងស្ថិតក្រោមដំណើរការរៀបចំ បំណុលឡើងវិញនៅឡើយ បញ្ហានៅក្រុមហ៊ុនCountry Garden បានបង្កការព្រួយបារម្ភថ្មីៗចំពោះសេដ្ឋកិច្ចចិន។

រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញនូវវិធានការគាំទ្រជាច្រើនដើម្បីស្តារទីផ្សារអចលនទ្រព្យឡើងវិញ។ ប៉ុន្តែពេលនេះ សូម្បីក្រុមហ៊ុនធំៗ ក៏កំពុងឈានទៅរកការខកខានទូទាត់ បំណុលជាបណ្ដើរៗដែរ ហើយនេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមនានា ដែលរដ្ឋាភិបាលក្រុងប៉េកាំង ប្រឈមមុខដើម្បីទប់ទល់នឹងវិបត្តិនេះ។

ក្នុងពេលជាមួយគ្នានេះ ការខកខានទូទាត់បំណុលពីសំណាក់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ហាក់បានរីករាលដាលដល់ឧស្សាហកម្មទំនុកបរធនបាលវិនិយោគ (Investment Trust) របស់ប្រទេសចិន ដែលមានទំហំរហូតដល់ទៅ២,៩ទ្រីលានដុល្លារអាមេរិក។

ក្រុមហ៊ុន Zhongrong Trust ដែលគ្រប់គ្រងមូលនិធិចំនួន៨៧ពាន់លានដុល្លារអាមេរិក សម្រាប់អតិថិជនជាសាជីវកម្ម និងបុគ្គលអ្នកមានស្តុកស្ដម្ភ បានខកខានទូទាត់ថ្លៃ ផលិតផលវិនិយោគទៅឱ្យក្រុមហ៊ុនយ៉ាងតិចចំនួន៤ ដែលមានតម្លៃប្រមាណ១៩លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនកាលពីដើមខែនេះ។

ទី២ បំណុលរបស់រដ្ឋបាលមូលដ្ឋាន

កង្វល់ដ៏ធំមួយទៀតគឺ បំណុលរបស់រដ្ឋបាលមូលដ្ឋាន ដែលបានកើនឡើងយ៉ាងខ្លាំង ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំង នូវប្រាក់ចំណូលពីការលក់ដីធ្លី ដោយសារអចលនទ្រព្យដាំក្បាលចុះ ក៏ដូចជាផលប៉ះពាល់យូរអង្វែងនៃការបិទខ្ទប់កូវីដ-១៩។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និយាយថា បំណុលរបស់រដ្ឋបាលមូលដ្ឋាន (LGFV) សរុបនៃប្រទេសចិន បានហក់ឡើងខ្ពស់រហូតដល់៩ទ្រីលានដុល្លារអាមេរិកក្នុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា។

ទី៣ ការធ្លាក់ចុះចំនួនប្រជាជន

លើសពីនេះ ប្រទេសចិន ប្រឈមមុខនឹងបញ្ហាប្រឈមរយៈពេលវែងមួយចំនួនទៀត ដូចជា វិបត្តិចំនួនប្រជាជន និងទំនាក់ទំនងកាន់តែតានតឹង ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជា សហរដ្ឋអាមេរិក និងអឺរ៉ុប ជាដើម។

អត្រានៃការមានកូនសរុបក្នុងប្រទេសចិន ជាចំនួនមធ្យមនៃកូនដែលស្ត្រីម្នាក់ មាននៅក្នុងមួយជីវិតរបស់នាង បានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ១,០៩កំណើតទារកកាលពីឆ្នាំមុន បើធៀបនឹង១,៣០កំណើតទារកកាលពីពីរឆ្នាំមុន។ នេះបើយោងតាមគេហទំព័រដែលគ្រប់គ្រងដោយរដ្ឋចិន Jiemian.com បានចុះផ្សាយកាលពីពេលថ្មីៗនេះ។

ទិន្នន័យនេះមានន័យថា អត្រានៃការមានកូនរបស់ប្រទេសចិន ពេលនេះ គឺទាបជាងអត្រាមានកូននៅប្រទេសជប៉ុនទៅទៀត ខណៈជប៉ុន ល្បីល្បាញជាយូរមកហើយថា ជាសង្គមដែលសម្បូរដោយមនុ​ស្សចាស់។

កាលពីដើមឆ្នាំនេះ ប្រទេសចិន បានចេញផ្សាយទិន្នន័យដែលបង្ហាញថា ចំនួនប្រជាជនរបស់ខ្លួន បានចាប់ផ្តើមធ្លាក់ចុះកាលពីឆ្នាំមុនជាលើកដំបូង ក្នុងរយៈពេល៦ទសវត្សរ៍មកនេះ៕ CNN/South China Morning Post៕

ក្រុមហ៊ុនបដិសណ្ឋារកិច្ចNarai Hospitalityដែលមានទីតាំងនៅកម្ពុជា កំពុងពង្រីកខ្លួនបន្ថែមនៅតំបន់អាស៊ី

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Narai Hospitality Group គ្រោងនឹងបើកដំណើរការសណ្ឋាគារក្រោមយីហោ Lub d នៅក្នុងប្រទេសជប៉ុន និងប្រទេសថៃ ដើម្បីផ្តល់ជូននូវបទពិសោធន៍ នៃការរស់នៅជាមួយនឹងការរចនាទាន់សម័យ និងតំបន់ទីតាំងសំខាន់ៗ។

ម៉ាកយីហោសណ្ឋាគារ Lub d បានប្រកាសពីគម្រោងគ្រោងបើកដំណើរការសណ្ឋាគារថ្មី នៅក្នុងគោលដៅសំខាន់ៗចំនួន៣ ដូចជា នៅទីក្រុងអូសាកាប្រទេសជប៉ុន កោះតាវ និងទីក្រុង Chinatown Samyot ក្នុងប្រទេសថៃ ខណៈសណ្ឋាគារនេះកំពុងបន្តពង្រីកខ្លួននៅក្នុងតំបន់អាស៊ី។

ក្រុមហ៊ុន Narai Hospitality Group ដែលជាអ្នកអភិវឌ្ឍ និងប្រតិបត្តិករអចលនទ្រព្យ Lub d និង Marasca Hotels & Resorts គ្រោង នឹងបើកដំណើរការសណ្ឋាគារចំនួន៣បន្ថែមទៀត ក្រោមយីហោ “Lub d” ដែលនឹងដំណើរការនៅឆ្នាំ២០២៣នេះ និងឆ្នាំ២០២៤ខាងមុខ។

ឈ្មោះសណ្ឋាគារថ្មីចំនួន៣នោះ រួមមានដូចជា សណ្ឋាគារ Lub d Osaka Honmachi សណ្ឋាគារ Lub d Koh Tao និងសណ្ឋាគារ Lub d Chinatown Samyot ។

សណ្ឋាគារទាំង៣ ​ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវបទពិសោ​ធន៍ផ្នែកបដិសណ្ឋារកិច្ចក្រោមយីហោ Lub d  ដើម្បីឆ្លើយតបទៅនឹងការរស់នៅរបស់អ្នកធ្វើដំណើរវ័យក្មេង តាមរយៈការផ្តល់ជូននូវការរចនាបែបទំនើប។

លោក Nathee Nithivasin នាយកប្រតិបត្តិក្រុមហ៊ុន Narai Hospitality Group បានមានប្រសាសន៍ថា “ផែនការបើកដំណើរការសណ្ឋាគារ Lub d ថ្មីចំនួន៣នេះ គឺជាផ្នែកមួយនៃផែនការពង្រីកអាជីវកម្មជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Narai Hospitality Group” ។

លោកបន្តថា សណ្ឋាគារថ្មីទាំងនេះ នឹងពង្រឹងភាពរឹងមាំនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការពង្រីកវត្តមានរបស់ខ្លួនក្នុងឧស្សាហកម្ម បដិសណ្ឋារកិច្ចនៅតំបន់អាស៊ី ដោយផ្អែកលើបទពិសោធន៍របស់យើង ក្នុងការដំណើរការអាជីវកម្មសណ្ឋាគារ និងបម្រើសេវាកម្មនៅក្នុងប្រទេសថៃ អស់រយៈពេលជាងកន្លះសតវត្សរ៍។

លោក​បាន​បន្ថែមថា​ “បច្ចុប្បន្ន​ យើង​បានគ្រប់គ្រង​សណ្ឋាគារចំនួន​៥ទីតាំង ក្រោម​យីហោ Lub d ដែល​មាន​ទីតាំង​ទាំង​ក្នុង​ និង​ក្រៅប្រទេស​។​ ជាក់ស្តែង យើងមានសណ្ឋាគារចំនួន៣ នៅ​ក្នុងប្រទេស​ថៃ សណ្ឋាគារមួយ​នៅ​ខេត្តសៀមរាប​ ប្រទេស​កម្ពុជា និង​សណ្ឋាគារមួយទៀត​នៅ​ទីក្រុង Makati  ប្រទេស​ហ្វីលីពីន​”៕

អត្រាការប្រាក់កម្ចីទិញផ្ទះនៅអាមេរិក ហក់ឡើងដល់៧,២៣ភាគរយ ខ្ពស់បំផុតមិនធ្លាប់មានក្នុងពេលជាងពីរទសវត្សរ៍

ដោយៈ តែម សុខុម

វ៉ាស៊ីនតោន: អត្រាការប្រាក់កម្ចីទិញផ្ទះ នៅសហរដ្ឋអាមេរិក បានបន្តហក់ឡើងខ្ពស់ ក្នុងសប្តាហ៍នេះ ដោយបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០១ ពោលគឺ២២ឆ្នាំមុន។

យោងតាមទិន្នន័យ ពីក្រុមហ៊ុនផ្ដល់កម្ចីទិញផ្ទះ Freddie Mac ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា បង្ហាញថា កម្ចីទិញផ្ទះ ដែលមានអត្រាការប្រាក់ថេររយៈពេល៣០ឆ្នាំ គឺគិតការប្រាក់ជាមធ្យម៧,២៣% ក្នុងសប្ដាហ៍ដែលបញ្ចប់ត្រឹមថ្ងៃទី២៤ សីហា ដោយកើនឡើងពី៧,០៩%ក្នុងសប្ដាហ៍មុននេះ។ កាលពីមួយឆ្នាំមុន អត្រាការប្រាក់ថេររយៈពេល៣០ឆ្នាំ គឺ៥,៥៥%។

លោក Sam Khater ប្រធានអ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុន Freddie Mac លើកឡើងថា សូចនាករនៃកម្លាំងសេដ្ឋកិច្ចបច្ចុប្បន្នបង្ហាញថា អត្រាការប្រាក់កម្ចីទិញផ្ទះ ទំនងជានឹងហក់ឡើងកាន់តែខ្ពស់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

អត្រាការប្រាក់បានហក់ឡើង លើសពី៦,៥%ចាប់តាំងពីចុងខែឧសភា ហើយបានកើនឡើងកាន់តែខ្ពស់ ចាប់តាំងពីពាក់កណ្តាលខែកក្កដា។ មុនពេលអត្រាការប្រាក់កើនឡើង កាលពីសប្តាហ៍មុន អត្រាការប្រាក់គឺជាង៧% ក្នុងខែវិច្ឆិកា ឆ្នាំមុន ជាពេលដែលវាហក់ឡើងដល់៧,០៨%។

អត្រាការប្រាក់ជាមធ្យម សម្រាប់កម្ចីទិញផ្ទះរយៈពេល៣០ឆ្នាំក្នុងសប្តាហ៍នេះ គឺខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែមិថុនា ឆ្នាំ២០០១ ជាពេលដែលវាបានហក់ឡើងដល់៧,២៤%។

អត្រាការប្រាក់កម្ចីទិញផ្ទះបានកើនឡើងខ្លាំង អំឡុងយុទ្ធនាការទប់អតិផរណាជាប្រវត្តិសាស្ត្រ របស់ធនាគារកណ្ដាលអាមេរិក (Federal Reserve) ដោយធ្វើឱ្យលទ្ធភាពទិញផ្ទះ ធ្លាក់ចុះដល់កម្រិ​តទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

ការទិញផ្ទះមានតម្លៃថ្លៃជាងមុន ដោយសារតែការចំណាយបន្ថែ​មលើការផ្តល់ហិរញ្ញប្បទានកម្ចីទិញផ្ទះ និងតម្លៃផ្ទះកើនឡើង៕ CNN៕