ឡាវ និងថៃ គ្រោងសាងសង់ផ្លូវល្បឿនលឿនថ្មីប្រវែងរាប់រយគីឡូម៉ែត្រភ្ជាប់ប្រទេសទាំងពីរ

ដោយៈ តែម សុខុម

វៀងចន្ទន៍: អាជ្ញាធរប្រទេសឡាវ និងថៃ បានពិភាក្សាគ្នាអំពីផែនការសិក្សាសមិទ្ធលទ្ធភាព សាងសង់ផ្លូវល្បឿនលឿនថ្មីមួយខ្សែ ពីខេត្តសុវណ្ណាខេត (Savannakhet) របស់ឡាវ ឆ្ពោះទៅកាន់ព្រំដែនវៀតណាម ដែលនៅក្បែរនោះ ដោយតភ្ជាប់ប្រទេសថៃ ភាគឦសានជាមួយប្រទេសឡាវ។

អភិបាលរងខេត្តសុវណ្ណាខេត លោក សេណេសាក់ ស៊ូលីសាក់ (Senesak Soulysak) បានស្នើផែនការសិក្សាសមិទ្ធលទ្ធភាពសម្រា​ប់ការសាងសង់ផ្លូវល្បឿនលឿននេះ ទៅអតីតរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែថៃ លោក សុនធីរ៉ាត់ សុនធីជីរ៉ាវង់ (Sonthirat Sonthijirawong) រួមជាមួយនឹងមន្ត្រីថៃ ដទៃទៀត។

យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃពុធ ទី២៣ ខែសីហា ឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនថ្មីនេះ មានប្រវែង១៦០គីឡូម៉ែត្រ ដែលនឹងរត់ពីទីរួមខេត្តសុវណ្ណាខេត ឆ្ពោះទៅកាន់ច្រកត្រួតពិនិត្យព្រំដែនឡាវ បាវ (Lao Bao Border Check Point) ជាមួយវៀតណាម ហើយភ្ជាប់ជាមួយប្រទេសថៃ។

រួមជាមួយគម្រោងផ្លូវល្បឿនលឿននេះ អភិបាលរងខេត្តឡាវ បានគូសបញ្ជាក់ថា ការវិនិយោគលើការសាងសង់សណ្ឋាគារ លំដាប់ផ្កាយ៥ និងទីលានវាយកូនហ្គោល និងសេវាកម្មដឹកជញ្ជូនអន្តរជាតិជាដើម នឹងជួយជំរុញការអភិវឌ្ឍបន្ថែមទៀត នៅក្នុងខេត្តនេះ  ដែលទទួលបានរួចទៅហើយ នូវកំណើននៃការវិនិយោគពីបរទេស ក្នុងវិស័យថាមពលកកើតឡើងវិញ។

យោងតាមអាជ្ញាធរខេត្តឡាវ ឱ្យដឹងថា ផ្លូវល្បឿនលឿននេះនឹងជួយជំរុញពាណិជ្ជកម្ម ដោយសារខេត្តនេះ ស្ថិតនៅក្នុងច្រករបៀងសេដ្ឋកិច្ចបូព៌ា-បស្ចិម (East West Economic Corridor)។

ក្នុងចំណោម២១ប្រទេស ប្រទេសថៃ គឺជាអ្នកវិនិយោគបរទេសធំបំផុតទី២ នៅក្នុងខេត្តសុវណ្ណាខេត បន្ទាប់ពីប្រទេសចិន ក្នុងឆ្នាំ២០២៣៕ Laotian Times៕

នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា និងថៃប្តេជ្ញាពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២

ដោយ: គង់ លាងហួរ
អន្តរជាតិ: កាលពីថ្ងៃទី២២ ខែសីហាកន្លងទៅ ប្រទេសកម្ពុជា និងប្រទេសថៃ បានជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីក្នុងពេលដំណាលគ្នា ដែលនេះជាភាពចៃដន្យដ៏ពិសេសមួយ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន The Nation នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះ។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលស្គាល់បែបនេះតាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Telegram ផ្លូវការរបស់សម្តេច ដោយលើកឡើងពីភាពស៊ីសង្វាក់គ្នានៃប្រទេសប្រកាន់យករបបរាជាធិបតេយ្យអាស្រ័យធម្មនុញ្ញទាំងពីរ។

បន្ទាប់ពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្បថចូលកាន់តំណែងសភា ចំណែកថៃឯណេះវិញបានជ្រើសរើសលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ដែលព្រឹត្តិការណ៍ថ្ងៃនោះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពស៊ីសង្វាក់គ្នាមួយ។សម្តេចតេជោបានសម្តែងនូវការអបអរសាទរចំពោះលោកស្រេតថា និងសម្តែងសុទិដ្ឋិនិយមចំពោះការបន្តកិច្ចសហការ និងការយោគយល់គ្នារវាងប្រជាជាតិទាំងពីរ ។ក្នុងកាយវិការ នៃសុច្ឆន្ទៈ និងភាពស្និទ្ធស្នាលនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសទាំង២បានចែករំលែក និងសន្ទនាគ្នាតាមរយៈការហៅទូរស័ព្ទដោយផ្តល់ការអបអរសាទរយ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមក ។

ទន្ទឹមគ្នានេះ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បានកត់សម្គាល់ឃើញថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំបរទេសដំបូងគេ ដែលបានបង្ហាញសារអបអរជូនពរ នៅពេលដែលលោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ។លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានប្តេជ្ញាពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំង២ផងដែរ។

លោកបណ្ឌិត គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានយល់ឃើញថា ការសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំទាំង២ គឺជាការបង្ហាញពីគន្លងអនាគតនៃទំនាក់ទំនងកម្ពុជា និងថៃ៕

ក្រុមហ៊ុនចិនដ៏ធំពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្តសៀមរាបលើផែនការសាងសង់រថភ្លើងធុនស្រាល

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនចិន បានជួបពិភាក្សាការងារជាមួ​យមន្រ្តីរដ្ឋបាលខេត្តសៀមរាប លើគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប។ ជំនួបនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២៣នេះកន្លងមកនេះ។

ថ្នាក់ដឹក​នាំក្រុមហ៊ុនចិនChina Metro ជួបពិភាក្សាគ្នានេះ ដើមី្បប្រមូលព័ត៌មាន និងទិន្នន័យ សម្រាប់សិក្សាគម្រោងផ្លូវរថភ្លើង ធុន ស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចូលមកក្រុងសៀមរាប​ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមកិច្ចដឹកនាំរបស់លោក ពិន ប្រាកដអភិបាលរង​នៃគណៈអភិបាលខេត្ត និង លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី នៃស្ថាប័នពាក់ព័ន្ធ។

លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ ចូលមកក្រុងសៀមរាប គឺមានពីជម្រើស ដោយមួយ ស្ថិតនៅលើផ្លូវចាស់ និងមួយនៅលើផ្លូវថ្មី។ ម៉្យាងទៀតគម្រោងនេះ នៅពុំទាន់ច្បាស់លាស់នៅឡើយ ដោយក្រុមការងារបច្ចេកទេស បានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យ នូវរាល់ផលប៉ះពាល់។

ក្នុងការបង្ហាញនៃគំនូសប្លង់ នៃគម្រោងការស្ថាបនា ផ្លូវរថភ្លើងនេះ ខាងក្រុមហ៊ុនចិន បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និង ស្ថាប័នពាក់ព័ន្ធ ចូលរួមសហការ ក្នុងការប្រមូលព័ត៌មាន និង ទិន្នន័យ ដោយផ្លូវរថភ្លើងនេះ នឹងឆ្លងកាត់តំបន់អង្គរ និង អាចមានការប៉ពាល់តំបន់បូរាណដ្ឋាន ឬតំបន់ ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់។​

លោក ពិន ប្រាកដអភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ពាក់ព័ន្ធនិងគម្រោងស្ថាបនាផ្លូវរថភ្លើងនេះ ក្នុងនាម រដ្ឋបាលខេត្តសៀមរាប សូមធ្វើការគាំទ្រ និង ត្រៀមសហការជាមួយក្រុមហ៊ុន ក្នុងការផ្តល់ព័ត៌មាន និងទិន្នន័យជូនក្រុមហ៊ុន ដែលបានចុះមកសិក្សា និងប្រមូលទិន្នន័យ ដើមី្បឆ្លើយតបទៅនឹងការកើនឡើងនូវភ្ញៀវទេសចរណ៍ និងសេវាកម្មដឹកជញ្ជូន នាពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលនឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរណ៍ ដោយផ្ទាល់មកពីប្រទេសផ្សេងៗ មកទស្សនាប្រទេសកម្ពុជា។

ខេត្តសៀមរាប ដែលជាខេត្តសម្បូរប្រាង្គប្រាសាទបូរាណ និងរមនីយដ្ឋានធម្មជាតិ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំមួយចំនួន ដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈចូលរួមសហការ ក្នុងការផ្តល់ព័ត៌មាន និងទិន្នន័យ ជូនដល់ក្រុមហ៊ុន ដែលមកសិក្សា និងប្រមូលធាតុចូល ដើមី្យកទៅជាធាតុចូលនៃគម្រោង ផ្លូវរថភ្លើងថ្មីធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ មកក្រុងសៀមរាប ដើមី្បឱ្យប្រមូលព័ត៌មាន និង ទិន្នន័យឲ្យបានជាក់លាក់ យើងទាមទា នូវកិច្ចសហការឲ្យបានស៊ីជម្រៅ ក្នុងការសិក្សាទៅលើគម្រោង ដើមី្បបញ្ជៀសនូវរាល់ផលប៉ះពាល់ធ្ងន់ធ្ងរ ដោយយើងពិនិត្យទៅលើគម្រោងរបស់ក្រុមហ៊ុន ដែលបានលើកឡើង លើការស្ថាបនាផ្លូវរថភ្លើងធុនស្រាលនេះ ដោយឆ្លងកាត់តំបន់អង្គរ។

លោកអភិបាលរងខេត្ត ក៏បានជម្រាបដល់ក្រុមហ៊ុនផងដែរថា ដើមី្បឱ្យគម្រោងស្ថាបនាផ្លូវរថភ្លើងនេះ ដំណើរការទៅដោយរលូននោះ ក្រោយពេលទទួលបានគំនូសនៃប្លង់ផ្លូវ ជាក់លាក់ពីក្រុមហ៊ុនហើយនោះ  អាជ្ញារធរខេត្ត នឹងជម្រុញដល់មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ធ្វើការប្រមូលព័ត៌មាន និងទិន្នន័យ ដែលជាធាតុផំ្សបញ្ចូលរបស់គម្រោង ទៅឱ្យក្រុមហ៊ុនដែលចង់បានទៅតាមសំណូមពរ៕

វិភាគៈ វិស័យអចលនទ្រព្យបញ្ហាប្រឈមចំពោះមុខ និងក្តីសង្ឃឹម

ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea

        ភ្នំពេញៈ ពីរទសវត្សរ៍ចុងក្រោយ មុនពេលវិបត្តិកូវីដ១៩មកដល់ និងសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន អ្នកអភិវឌ្ឈន៍ និងភ្នាក់ងារអចលនវត្ថុនានាបានរីករាយ ជាមួយនឹងការរីកចម្រើនយ៉ាងលឿនស្លេវ នៃវិស័យថ្មីមួយនេះ ជាមួយកំណើនប្រាក់ចំណេញយ៉ាងលឿន។

មនុស្សភាគច្រើន បានទទួលផលចំណេញ ពីការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ ដែលទីផ្សារមានសភាពពុះកញ្រ្ជោលជាមួយអំណាច នៃការទិញរបស់ប្រជាជនក្នុងស្រុក និងការវិនិយោគពីសំណាក់ជនបរទេស។

ស្ថានភាពទីផ្សារកំពុងប្រែប្រួលដូចម្តេច?
 ទីផ្សារនេះក្រោយពីកំណើនដូចពពុះសាប៊ូ បានដាំក្បាលចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០២០ ជាពេលដែលពិភពលោកចាប់ផ្តើមកលយុគនឹងវិបត្តិជំងឺកូវីដ១៩ ហើយកម្ពុជាក៏មិនអាចគេចផុតពីរលកដ៏កំណាចនេះផងដែរ។

រហូតដល់ឆ្នាំ២០២៣នេះ ទីផ្សារបានចាប់ផ្តើមថមថយល្បឿនបន្តិចម្តងៗ រាប់ចាប់តាំងពីការបញ្ជាទិញ ឬការវិនិយោគពីបរទេស និងអំណាចនៃការទិញក្នុងស្រុក ចាប់ផ្តើមក្រឡាប់ចាក់ ដែលធ្វើឲ្យទីផ្សារនេះនៅតែមានសភាពមិនច្បាស់លាស់ រហូតដល់ពាក់កណ្តាលនៃត្រីមាសទី៣ឆ្នាំនេះ។

តើឆ្នាំ២០២៤ទីផ្សារមានសភាពបែបណា? គ្មានអ្នកណាអាចព្យាករណ៍ ឬទស្សន៍ទាយបាននៅឡើយទេ ប៉ុន្តែភ្នាក់ងារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ធំៗ កំពុងបង្ហាញសញ្ញាសុទិដ្ឋិនិយម សម្រាប់ឆ្នាំខាងមុខ ខណៈអ្នកវិភាគមួយចំនួនបានលើកឡើងថា វិស័យនេះនឹងដាំក្បាលចុះបន្តទៀត។

វិបត្តិចេញពីផ្ទៃក្នុង

        អ្នកអភិវឌ្ឈន៍ ដែលមិនបានសិក្សាទីផ្សារ ឲ្យបានច្បាស់លាស់ រាប់ចាប់ពីអ្នកទិញដីពុះឡូត៍ អ្នកអភិវឌ្ឈន៍លំនៅដ្ឋាន ខុនដូ និងការគ្មានច្បាប់កំណត់តំបន់អភិវឌ្ឈន៍ត្រឹមត្រូវ(Zoning Law) បានជះឥទ្ឋិពលបន្ថែមពីវិបត្តិជំងឺកូវីដ ដែលទើបផុសរលត់ ប៉ុន្តែវិបត្តិរុស្ស៊ី និងអ៊ុយក្រែន ដែលមានសភាពកាន់តែអាក្រក់បាន និងកំពុងញាំញីទីផ្សារនេះ។

អ្នកវិភាគ និងសេដ្ឋវិទូបានព្រមានជាយូរមកហើយ ពីវិបត្តិនៅក្នុងវិស័យនេះ ស្របពេលស្ថាប័នហិរញ្ញវត្ថុ រាប់ចាប់ពីធនាគារពាណិជ្ជ ធនាគារឯកទេស និងស្ថាប័នមីក្រូហិរញ្ញវត្ថុភាគច្រើនលើសលុប បានបិទលែងផ្តល់ឥណទាន ដល់អ្នកអភិវឌ្ឍន៍នានា ។

ប្រធានធនាគារធំមួយនៅកម្ពុជាបានថ្លែងថា យើងមានសល់លុយរាប់រយលានដុល្លារ សម្រាប់ផ្តល់ឥណទាន ប៉ុន្តែគោលនយោ​បាយផ្ទៃក្នុងរបស់យើង គឺមិនបញ្ចេញឥណទាន ដល់អ្នកអភិវឌ្ឈន៍ក្នុងវិស័យនេះទេ។

ទីផ្សារប្រែព៌ណ

        ឆ្លងកាត់វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិមានភាពឆ្លាតវៃជាងមុន ប៉ុន្តែពួកគេនៅតែបន្តចាប់ឱកាស ដោយសារទីផ្សារនេះ នៅតែមានត្រីធំៗសម្រាប់ចាប់ ប៉ុន្តែចំនួនអ្នកចាប់ត្រីបានកើនជាងមុន ខណៈទំហំបឹង និងចំនួនត្រីនៅដដែល។

ប៉ុន្តែវិបត្តិ ដែលបានអូសបន្លាយរយៈពេល៤ឆ្នាំមកនេះ ទាំងអ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិ ហាក់បីដូចជាស្រង៉ល់ និងឆ្លាតវៃ ហើយប្រុងប្រយ័ត្នជាងមុន ខណៈអ្នកអភិវឌ្ឍន៍ជាច្រើនបាន និងកំពុងជាប់ផុសក្នុងអន្ទាក់បំណុល និងគាំងលំហូរសាច់ប្រាក់ និងអ្នកអភិវឌ្ឍន៍មួយចំនួនត្រូវបានចាប់ខ្លួន ដោយសារការគាំងលំហូរសាច់ប្រាក់ និងបានផុងខ្លួនជាមួយចេតនាមិនល្អ ក្នុងការវិនិយោគលើវិស័យនេះ។

រហូតមកទល់ពេលនេះ អ្នកក្លាហាន ដែលហានកាន់ដាវគ្រវីក្នុងពិភពគុន មិនមានច្រើននោះទេ ហើយប្រសិនជាពួកគេសម្រេចចិត្តដកដាវពីស្រោមមកកាប់ ក៏ពួកគេកាប់ត្រី ដែលមានតម្លៃក្រោមទីផ្សារ ប៉ុន្តែពួកគេក៏អាចប្រឈម នឹងវិបត្តិជាប់គាំងលំហូរសាច់ប្រាក់ផងដែរ។

អ្វីដែលគេកត់សំគាល់ឃើញ រហូតមកទល់ពេលនេះ គឺអ្នកវិនិយោគភាគច្រើន ពិសេសផ្នែកដីធ្លី ពួកគេទិញមានបំណងយកមកសាងសង់អ្វីមួយ ដើម្បីបង្កើតចំណូលសកម្ម ប៉ុន្តែអ្នកអភិវឌ្ឍន៍លំនៅដ្ឋានតូច ធំ ពួកគេបានសាងសង់ផ្ទះ តាមតម្រូវការអតិថិជន ជាជាងសាងសង់ទុកលក់ឲ្យអតិថិជន ឬតម្រូវការមកដល់។

ការរង់ចាំវត្តមានចិនត្រលប់មកវិញ

        ពិតហើយ ទីផ្សារនេះទទួលបានការរីកចម្រើន រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត រួមទាំងក្រុងបាវិតផ្លាស់ប្តូរមុខមាត់ទាំងស្រុង គឺដោយសារលំហូរទុនវិនិយោគដ៏សម្បើម ពីប្រទេសចិន។

ប៉ុន្តែនៅពេលនេះ អ្នកវិនិយោគចិនភាគ​ច្រើនមិនទាន់បានវិលត្រលប់មកវិញនៅឡើយទេ ដោយសារហេតុផលមួយចំនួន ទី១ ក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យធំៗរបស់ចិន កំពុងមានវិបត្តិខ្លួនឯង ទី២ អំណាចនៃការទិញក្នុងស្រុក និងបរទេសបានថមថយល្បឿននៅកម្ពុជា ទី៣ ការផ្គត់ផ្គង់ហាក់លើសពីតម្រូវការទីផ្សារ លើផ្នែកមួយចំនួនក្នុងវិស័យនេះ និងទី៤ ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទីផ្សារកំពុងស្ថិតក្នុងសភាពស្រពេចស្រពិល។

ឱកាសនិងក្តីសង្ឃឹម

        ការផ្លាស់ប្តូរប្រមុខរាជរដ្ឋាភិបាល ជាប្រវត្តិសាស្រ្តនិងគួរឲ្យអ​បអរសាទរ ក្រោមការដឹកនាំដោយលោកកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត សម្រាប់​រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានធ្វើឲ្យប្រជាជន និងអ្នកអភិវឌ្ឍន៍មួយចំនួន បានសម្តែងសុទិដ្ឋិនិយមថា ប្រមុខរាជរដ្ឋាភិបាលថ្មី នឹងដាក់ចេញគោលនយោបាយថ្មីៗជាច្រើន ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងស្តារវិស័យនេះឲ្យងើបឡើងវិញ។

អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញក្នុងវិស័យនេះ បានជម្រុញឲ្យប្រមុខរាជរដ្ឋាភិបាលថ្មី បញ្ចេញកញ្ចប់ថវិកាមួយចំនួន ដើម្បីជួយដល់វិស័យនេះឲ្យងើបឡើងវិញ។

ប៉ុន្តែការអំពាវនាវបែបនេះ ទំនងជាគ្មានប្រសិទ្ឋភាព ឬទទួលបានផ្លែផ្កាភ្លាមៗនោះទេ ដោយសារទោះជារដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកាមួយឆ្នាំ២០០០លានដុល្លារក្តី ក៏មិនអាចជួយវិស័យនេះឲ្យងើបឡើងវិញបានភ្លាមៗនោះទេ ដោយសារទីផ្សារបានស្លោកស្រពោនជាយូរមកហើយ។

ការពឹងផ្អែកលើសក្តានុពលក្នុងស្រុក

        ស្ទើរគ្រប់អាជីវកម្មបានរងផលប៉ះពាល់ រួមទាំងវិស័យអចលនទ្រព្យផងដែរ ប៉ុន្តែមានកត្តាមួយចំនួន ដែលផ្តល់សុទិដ្ឋិនិយមសម្រាប់ទីផ្សារនេះ ដូចជា ទី១ ប្រជាជនកម្ពុជាមានអាយុក្រោម៤០ឆ្នាំ ប្រមា​ណ៦០ភាគរយ ដែលពួកគេនៅតែសកម្មក្នុងការងារ និងជាមូលដ្ឋានសំខាន់នៃទីផ្សារ ទី២ កំណើនសេដ្ឋកិច្ចកម្ពុជាមានសភាពធន់ជាងមុន ជាមួយនឹងការព្យាករណ៍កំណើន៥,៦ភាគរយ សម្រាប់ឆ្នាំ២០២៣នេះ ទី៣ អត្រាកំណើតនៅតែមានភាពល្អ និងមានកម្រិតខ្ពស់ធៀបជាមួយប្រទេសក្នុងតំបន់។

ទី៤ មិត្តចិន នៅតែមិនបោះបង់កម្ពុជា ដោយរដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី ដែលបានមកទស្សនកិច្ចនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហាញជំហរគាំទ្រមេដឹកនាំថ្មី គាំទ្រដល់អភិវឌ្ឍន៍ និងការពារបូរណភាពទឹកដីកម្ពុជា។ ទី៥ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា នៅតែមានសក្តានុពលរីកចម្រើនរយៈពេលវែងបន្តទៀត។

ទី៦ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ដើរស្របគ្នា នឹងទំនាក់ទំនងកាទូតបែបចម្រុះព៌ណ ដែលធ្វើឲ្យប្រទេសនេះ នៅតែមានឱកាសអភិវឌ្ឈន៍ និងដើរចេញពីឋានៈ ជាប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសមានប្រាក់ចំណូលមធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ក្តីសង្ឃឹមនៅតែមាន ការមិនបោះបង់ក្តីសង្ឃឹម ការមិនបោះបង់គោលដៅគួរជាអាទិភាព ហើយបន្តប្រយុទ្ឋលើទីផ្សារពោរពេញ ដោ​យភាពមិនច្បាស់​លាស់នេះ ប៉ុន្តែទាមទារឲ្យអ្នកវិនិយោគ អ្នកអភិវឌ្ឍន៍មានភាពច្បាស់លាស់ជាងមុន ប្រយ័ត្នប្រយែងជាងមុន ដើម្បីអូសស្ថានភាពនេះ ឲ្យមានភាពប្រសើរឡើងបន្តិចម្តងៗនាពេលអនាគត៕

ក្រុមប្រតិភូធុរកិច្ចចិនបាននិងកំពុងបង្ហាញចំណាប់អារម្មណ៍ វិនិយោគនៅកម្ពុជា

        ដោយៈ និស្ស័យ

        ភ្នំពេញៈ កម្ពុជា​បានបង្ហាញ​សុ​ទិដ្ឋិ​និយម​ថា ​នឹង​ទទួលបាន​កំនើន​ការវិនិយោគ​ផ្ទាល់ ឬ​ការចូល​ហ៊ុន​ជាមួយ​សហគ្រាស ​នៅក្នុង​ស្រុក ​ពី​សំណាក់​វិនិយោគិន​ចិន​កាន់តែច្រើន ខណៈ​វិនិយោគិន​មកពី​វិស័យ​ជាច្រើន ​បានបង្ហាញ​ការចាប់អារម្មណ៍ ​ចំពោះ​សក្តា​នុ​ពល​វិនិយោគ​នៅ​កម្ពុជា​។​

ការបង្ហាញ​ចំណាប់អារម្មណ៍​របស់​វិនិយោគិន​ចិន​នេះ គឺ​បាន​ធ្វើឡើង​នៅ​ទីស្តីការ​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ កាលពី​ថ្ងៃទី​ ២២ ខែសីហា ឆ្នាំ ២០២៣ ក្នុង​ជំនួប​រវាង​លោកជា វុទ្ធី អគ្គ​​លេខា​ធិការ​រង​ក្រុមប្រឹក្សា​អភិ​​វឌ្ឍន៍​កម្ពុជា ជាមួយនឹង​លោក Xu Shiwen ប្រធាន​សហព័ន្ធ​សហគ្រាស​ប្រចាំ​ទីក្រុង​ហ្វូ​ចូ​វ នៃ​ខេត្ត​ហ្វូ​ជៀន ដែល​បាន​ដឹក​នាំ​គណៈប្រតិភូ​សហគ្រិន ​ក្នុង​វិស័យ​រ៉ែ និង​ថាមពល​ កម្ម​ន្ត​សាល​ ម៉ាស៊ីនកម្តៅ ម៉ាស៊ីន​ត្រ​ជាក់​ ទេសចរណ៍​ និង​ស​ណ្ឋា​គារ មក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​កម្ពុជា​នាពេល​កន្លងមក​។​

លោក ជា វុទ្ធី បាន​សម្តែង​ការស្វាគមន៍​ចំពោះ​គណៈប្រតិភូ​ចិន​ដែល​ធ្វើដំណើរ​មក​កម្ពុជា​ ដោយផ្ទាល់​នៅក្នុង​គោលបំណង​សិក្សា​ស្វែង​​យល់​អំពី​បច្ចុប្បន្នភាព​នៃ​ច្បាប់ និង​បទ​​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការវិនិយោគ ព្រមទាំង​កាលានុវត្តភាព និង​បរិយាកាស​វិ​និ​យោគ​នៅ​កម្ពុជា​។

លោក​បន្តថា “កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល ​លើ​កា​រវិ​និ​យោគ​លើ​វិស័យ​ជាច្រើន ដែល​នេះ​គឺជា​ឱកាស​សម្រាប់​វិនិយោគិន​ក្នុងការ​ដាក់ទុន​វិនិយោគ ​ដើម្បី​ទទួលបាន​ចំណេញ​បន្ថែម​ ពីលើ​កិច្ច​សម្រួ​ល និង​ការលើកទឹកចិត្ត​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល”​។​

លោកជា វុទ្ឋីបានបញ្ជាក់ទៀតថា “​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា វិនិយោគិន និង​ធុរជន​ ដែល​អញ្ជើញ​មក​សិក្សា​នាឱកាស​នេះ​ នឹង​ទាញយក​ប្រយោជន៍​ជា​អតិបរមា ​ពី​ការវិនិយោគ​លើ​វិស័យ​ដែល​កម្ពុជា​កំពុងមាន​សក្តា​នុ​ពល តាមរយៈ​រូបភាព​វិនិយោគ​ដោយផ្ទាល់ ឬ​ដោយ​ចូល​ហ៊ុន​ជាមួយ​សហ​គ្រាស​ក្នុងស្រុក ឬ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ផ្នែក​ឯកជន ដើម្បី​បម្រើ​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​”​។​

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​ផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន បាន​កើន​ឡើងជា​បន្តបន្ទាប់ ពិសេស​ចាប់តាំងពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​។ ចរន្ត​ការនាំចេញ​កសិផល​ទៅ​ប្រទេស​ចិន នឹង​កើនឡើង​ទៀត​នៅពេល​ខាងមុខ​។

លោក​បាន​បន្តថា “ចំនួន​គម្រោង​វិនិយោគ និង​ទុនវិនិយោគ​ពី​សំណាក់​វិនិយោគិន​នៅ​ប្រទេស​កម្ពុជា ​ក៏មាន​ច្រើន​ផងដែរ​នាពេលនេះ​”។​លោកបន្ថែមថា “​ក្រុមហ៊ុន​ចិន​ជាច្រើន​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅលើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​”​៕

 

ទីក្រុងកែបស្ថិតក្នុងចំណោមទីក្រុងទាំង៧ ក្នុងការអនុវត្តគម្រោងគំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា

ដោយៈ ហ្វីអូណា

ខេត្តកែបៈ ក្នុងកិច្ចប្រជុំពិភាក្សាមួយ ដែលធ្វើឡើងនៅខេត្តកែប ក្នុងការអនុវត្តគម្រោងគំនិតផ្តួចផ្តើមទីក្រុង ប្រកបដោយចីរភាពនៅកម្ពុជាលើទីក្រុងចំនួន៧។

ទីក្រុងចំនួន៧នោះរួមមាន ក្រុងបាត់តំបង កំពត ក្រុងខេមរភូមិន្ទ ប៉ោយប៉ែត ព្រះសីហនុ សៀមរាប និងកែប។ កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងមកនេះ។

លោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋាន រៀបចំដែនដី​ និងនគរូបនីយកម្ម មានប្រសាសន៍ថា នេះជាកិច្ចប្រជុំដំបូង ជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងរួម គឺការបង្កើតភាពធននឹងអាកាសធាតុ នៃទីក្រុងកម្ពុជា ដែលវិសាលភាពគម្រោង ផ្តោតទៅលើទីក្រុងចំនួន៧គឺ ក្រុងបាត់តំបង កំពត កែប ក្រុងខេមរភូមិន្ទ ប៉ោយប៉ែត ព្រះសីហនុ និងសៀមរាប ដើម្បីឱ្យក្រុមការងារទទួលបានទិន្នន័យច្បាស់លាស់ ក្នុងការរៀបចំគម្រោង​ និងដាក់ជូនថ្នាក់ដឹកនាំ។

លោកបញ្ជាក់ថា “ការអនុវត្តគម្រោងគំនិតផ្តួចផ្តើម ទីក្រុងប្រកប​ដោយចីរភាពនៅកម្ពុជា នេះគឺជាឱកាសមួយសម្រាប់ប្រទេសកម្ពុជានិយាយជារួម ក៏ដូចជាខេត្តកែបនិយាយដោយឡែក ក៏នឹងអាចទទួលផលជាច្រើនជាមួយគម្រោងនេះ ក្នុងការអភិវឌ្ឍន៍ខេត្ត ដែលអាចធនទៅនឹងការប្រែប្រួលអាសធាតុ ដែលពិភពលោកកំពុងយកចិត្តទុកដាក់”។

លើកឡើងក្នុងឱកាសនោះលោក អឹម បញ្ញារិទ្ធ អភិបាលរងខេត្តកែប បានថ្លែងអំណរគុណ ចំពោះប្រតិភូអគ្គនាយកនៃអគ្គនាយកដ្ឋាន រៀបចំដែនដី និងនគរូបនីយកម្ម ចំពោះការចុះសិក្សាស្រាវជា្រវ អំពីសក្តានុពល ក៏ដូចជាដូចជាបញ្ហាប្រឈមនានា ក្នុងការផ្តួចផ្តើមអភិ​វ ឌ្ឍន៍ខេត្តកែប ជាទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា។

លោកបន្តថា ខេត្តកែបជាខេត្តដែលមានសក្តានុពលទេសចរណ៍សំបូរបែប ទាំងនៅលើគោក កោះ និងក្នុងបាតសមុទ្រ។ កន្លងមកខេត្តកែប បានធ្វើការអភិវឌ្ឍកែលំអរ ហេដ្ឋារចនាសម្ពន្ធជាបន្តបន្ទាប់ រហូតទទួលបាន ជ័យលាភីជាទីក្រុង ដែលមាននិរន្តភាពបរិស្ថាន ជ័យលាភីទីក្រុងស្អាតអាស៊ាន និងទីក្រុងស្អាត ផ្ការំដួលបីទង់ជាដើម និងកំពុងត្រៀមខ្លួន ជាបេក្ខភាពប្រកួតប្រជែងទីក្រុងឈានមុខ អាស៊ានទៀតផង ក្រៅពីនេះ ខេត្តកែប ត្រូវបានរាជរដ្ឋាភិបាល កំណត់ចក្ខុវិស័យ ក្នុងការអភិវឌ្ឍ ប្រែក្លាយជាខេត្តទេសចរណ៍ ប្រណិតកំរិតខ្ពស់នាពេលអនាគត។

លោកអភិបាលរងខេត្ត ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដាក់ចូលក្នុងកិច្ចប្រជុំ ដើម្បីសិក្សាដោះស្រាយដូចជា តំបន់ទំនាបដែលងាយរងការជនលិចទឹក ទីតាំងសំណង់មិនរៀបរយ បញ្ហាប្រឈម និងការលំបាករបស់បងប្អូនប្រជានេសាទ ដែលរស់នៅតាមបណ្តាកោះជាដើម។

យ៉ាងណា លោក​ បេងហុង សុជាតិ ខេមរ៉ូ ក៏បានស្នើដល់ថ្នាក់ដឹកនាំខេត្ត ក្នុងការសម្រួល និងអនុញ្ញាតដល់ក្រុមការងារ ចុះទៅពិនិត្យទីតាំង សំខាន់ៗដោយផ្ទាល់ដូចជា​ ទីតាំងដែលមានបញ្ហាប្រឈម ទឹកលិច, កន្លែងដែលមានការអភិវឌ្ឍ តែពុំមានរចនាសម្ពន្ធគ្រប់គ្រាន់កន្លែងដែលមានសក្តានុពល ប៉ុន្តែពុំទាន់មានការអភិវឌ្ឍ និងកន្លែងងាយរងគ្រោះ ពីការបម្រែបម្រួលអាកាសធាតុជាដើម៕

កិច្ចការអាទិភាពចំនួន៤នឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីរបស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតនៅថ្ងៃនេះ

ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ គណៈរដ្ឋមន្ត្រីរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងចាប់ផ្តើម​បើកកិច្ចប្រជុំពេញអង្គ ជាលើកដំបូងរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។

កិច្ចប្រជុំដែលបង្ហាញពីការចាប់ផ្តើម ចេញដំណើរនៃនាវាកម្ពុជា ក្នុងនីតិកាលថ្មី ជាមួយនាយករដ្ឋ​មន្ត្រី​ថ្មី កំពុងនាំឱ្យមានការទន្ទឹងរង់ចាំយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរថា តើនាយករដ្ឋមន្ត្រី​វ័យ​​៤៥ឆ្នាំរបស់កម្ពុជា នឹងបង្ហាញអ្វីខ្លះពាក់ព័ន្ធនយោបាយដឹកនាំរបស់ខ្លួន?។

កិច្ចប្រជុំដែលជាការបើកទំពរថ្មី នៃប្រវត្តិសាស្ត្ររបស់កម្ពុជា ដ៏មានសារៈសំខាន់នាថ្ងៃស្អែកនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងមានការថ្លែងសារពិសេស ទៅកាន់ប្រជា​ពលរដ្ឋខ្មែរ ដោយមានការផ្សាយផ្ទាល់ តាមបណ្តាញផ្សព្វផ្សាយនានាផងដែរ។

បន្ទាប់ពីការថ្លែងសារ ទៅកាន់ប្រជាពលរដ្ឋហើយនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត នឹងដឹកនាំសមាជិក សមាជិកាដ៏មានថាមពលរបស់ឯកឧត្តម ពិភាក្សាលើរបៀបវារៈ​សំខាន់ៗ​មួយចំនួន។

យោងតាមលិខិតអញ្ជើញសមាជិក សមាជិកាចូលរួមក្នុងកិច្ចប្រជុំបានបង្ហាញថា របៀបវារៈនឹងលើកមកជជែកពិភាក្សា នាថ្ងៃស្អែករួមមាន ទី១ ការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណា​ក់កាលទី១”។ ទី២ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពី ការកែសម្រួលឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា “ក្រសួងអធិការកិច្ច”។ទី៣ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន”។ ទី៤ ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី និងទី៥ បញ្ហាផ្សេងៗ។

ការបើកសម័យប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រីរបស់ឯកឧត្តមកិត្តិ​ទេសា​ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺចំថ្ងៃដែលឯកឧត្តមបានកើត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កើតនៅថ្ងៃព្រហស្បតិ៍ ៨កើត ដែលជាថ្ងៃសីល៕

Asian shares sit tight ahead of Nvidia results, yields near highs

Growth in office supply to squeeze landlords

1.5m sq m of new space within 2 years

The completion of over 1.5 million square meters of new Bangkok office space within the next two years continues to put pressure on office landlords.

Ponpinit Upathamp, the acting chief financial officer of SET-listed developer Grand Canal Land, said the majority of the new supply would be in the central business district (CBD) location on Rama IV Road.

“This new supply will affect the overall office market in the near future,” he said.

Over the past few quarters, the Bangkok office market has witnessed changes in office space usage behavior among tenants, especially those in the financial and technology sectors, he said.

“These tenants had adapted their strategy to utilise smaller spaces, affecting office landlords throughout the market, with occupancy gradually decreasing since the first quarter this year,” said Mr Ponpinit.

The occupancy rate of the company’s three office towers has fallen over consecutive quarters. The rate fell in the second quarter this year to 84%, down from 87% in the first quarter. In the fourth quarter of 2022, the rate fell to 90% from 91% recorded in both the second and third quarters.

The towers — G Tower, The Ninth Tower and Unilever House — are located near CentralPlaza Grand Rama IX and the Phra Ram 9 MRT station on Ratchadaphisek and Rama IX roads. The combined lettable area of the three buildings is roughly 145,000 square metres.

“Despite the fact that our major tenants needed smaller spaces, they chose to renew their contracts with us because of the convenient locations and proximity to amenities that cater to the needs of office staff,” Mr Ponpinit said.

According to property consultant Knight Frank (Thailand), office space along Phetchaburi-Rama IX-Ratchadaphisek roads, a non-CBD location, had an occupancy rate of 79% in the second quarter of 2023.

This represented a decrease of 0.4% from this year’s first quarter and a 1.3% drop compared to the second quarter of 2022.

However, it remained higher than the non-CBD market average of 74% which fell 0.1% quarter-on-quarter and 1.7% year-on-year.

Source: Bangkok Post

ក្លឹប Sailing Club នៅលើកោះត្រល់ ឬ Phu Quoc ជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្លឹបប្រណីតបំផុតទាំង១០ នៅអាសុី

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្លឹប Sailing Club នៅកោះ Phu Quoc និងក្លិប Shore Club នៅ Hoi An ត្រូវបានដាក់ឈ្មោះក្នុងចំណោមបារដ៏ប្រណិតបំផុតទាំង១០នៅតំបន់អាស៊ីអាគ្នេយ៍ ដោយក្រុមអ្នកជំនាញទេសចរណ៍នៅក្នុងកាសែតហុងកុង South China Morning Post ។

ស្ថិតនៅតាមបណ្តោយឆ្នេរ Long Beach នៃកោះ Phu Quoc ភាគខាងត្បូង ក្លឹប Sailing Club មានអាងហែលទឹកខាងក្រៅ និងកន្លែងសម្រាកលំហែកាយនៅតាមបណ្តោយឆ្នេរ។ ក្លិបនេះក៏មានបម្រើម្ហូបអាហារបែបអាស៊ីចាប់ពីថ្ងៃត្រង់រហូតដល់ម៉ោង១០ យប់ផងដែរ។

កាសែត SCMP បានសរសេរថា “រីករាយជាមួយថ្ងៃលិចរបស់អ្នកពី Sailing Club ដែលជាក្លឹបឆ្នេរពេញមួយថ្ងៃជាមួយនឹងវាលខ្សាច់ពណ៌ស ហើយនៅពេលយប់ចូលមកដល់ ក្លិបលំដាប់ខ្ពស់នេះទទួលបានប្រជាប្រិយភាព ឬការពេញនិយមចំពោះកម្មវិធីជប់លៀងនៅអាងហែលទឹក និងម៉ោងកំសាន្តរីករាយ”។

ស្ថិតនៅលើវាលខ្សាច់ឯកជនមួយនៅចំកណ្តាលឆ្នេរ An Bang ដែលមានចម្ងាយប្រហែល៣គីឡូម៉ែត្រពីទីក្រុងបុរាណ Hoi An ក្លឹប Shore Club ត្រូវបានរចនាឡើងជាមួយនឹងពណ៌ចម្បងសំខាន់ៗដូចជាពណ៌ស និងពណ៌ខៀវ។

ក្លិបនេះរៀបចំ​ព្រឹត្តិការណ៍​លក្ខណៈ​គ្រួសារ​ជាមួយ DJs នៅពេល​យប់ ខណៈ​អ្នក​ចូល​រួម​កម្មវិធីជប់លៀង​អាច​សាកល្បង​ជិះ​ប៉ារ៉ាសេល ជិះ​ម៉ូតូទឹក ឬ​ជិះ​ទូក​ចេក​នៅ​ខាងក្រៅ​ក្លឹបាន។

បារ​មាត់​សមុទ្រ​ Shore Club មាន​បម្រើ​ស្រា​ក្រឡុក​ច្រើន​ប្រភេទ​ដែល​មាន​តម្លៃ​ចាប់​ពី ១៥ ទៅ ២៥ ដុល្លារអាមេរិក៕

នាយករដ្ឋមន្ត្រីឡាវ និងវៀតណាម ផ្ញើលិខិតអបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី

តែម សុខុម

ក្រុមមេដឹកនាំវៀតណាម កាលពីថ្ងៃអង្គារ ទី២២ ខែសីហា បានផ្ញើលិខិតអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ  ឃួន សុដារី ក្នុងឱកាសនៃការបង្កើតរដ្ឋសភានីតិកាលទី៧ និងរដ្ឋាភិបាលថ្មី។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Phạm Minh Chính) បានផ្ញើលិខិតអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ខណៈលោក វួង ឌិញហឿ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាម បានផ្ញើលិខិតអបអរសាទរចំពោះលោកជំទាវ ឃួន សុដារី ប្រធានរដ្ឋសភា។

ក្នុងលិខិតទាំងនោះ មេដឹកនាំវៀតណាម បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងសម្រេចបាននូវសមិទ្ធិផលកាន់តែច្រើនក្នុងការកសាងប្រទេស សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពដែលដើរតួនាទីកាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងពិភពលោក។

ទន្ទឹមនេះ នាយករដ្ឋមន្ត្រីឡាវ លោក សុនណាឆៃ ស៊ីផាដន (Sonexay Siphadone) ក៏បានផ្ញើលិខិតអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ផងដែរ។

លិខិតអបអរសាទរនោះមានខ្លឹមសារដូច្នេះថា “តាងនាមរដ្ឋាភិបាលឡាវ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងជូនពរឯកឧត្តមក្នុងឱកាសទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។

តាមរយៈលិខិតនោះ លោកក៏បានលើកឡើងពីទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងរីកចម្រើនឥតឈប់ឈររវាងប្រជាជាតិទាំងពីរផងដែរ៕ VN News/Laotian Times៕