ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅពេលបច្ចុប្បន្ននេះ កម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែង កំពុងដំណើរការ ដោយក្នុងនោះមាន៦ទីតាំង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិច នៃប្រទេសកម្ពុជា ដែលជាតំបន់មានសក្តានុពលសំរាប់ការស្ថាបនាវារីអគ្គិសនី។
ទីតាំងទាំងនោះរួមមានដូចជា៖ វារីអគ្គិសនីអាតៃ ឫស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និងវារីអគ្គិសនីតាតៃ។ ចំណែកមួយកន្លែងទៀត គឺវារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែងភាគឦឥសាននៃប្រទេសកម្ពុជា។
-->
វារីអគ្គិសនីគីរីរម្យ១
ជាគម្រោងវារីអគ្គិសនីទី១របស់កម្ពុជា ដែលបានស្តារឡើងវិញនៅឆ្នាំ២០០២ មានអានុភាពផលិតអគ្គិសនីបាន១២មេហ្កាវ៉ាត់។ វារីអគ្គិសនីនេះ មានទីតាំងគម្រោងស្ថិតនៅស្ទឹងច្រាល មានទំនប់ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ និងស្ថានីយវារីអគ្គិសនី ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្រុមហ៊ុន CETIC International Hydropower Development Co.,Ltd ជាក្រុមហ៊ុនទទួលវិនិយោគ លើគម្រោងវារីអគ្គិសនីដំបូងគេរបស់កម្ពុជា ដែលមានទុនវិនិយោគ ២៦លានដុល្លារ។
វារីអគ្គិសនីកំចាយ ខេត្តកំពត

ជាគម្រោងវារីអគ្គិសនីទី២ មានអានុភាពផលិតអគ្គិសនី ១៩៤.១ មេហ្កាវ៉ាត់ និងជាគម្រោងវារីអគ្គិសនីទី២របស់កម្ពុជា ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project។
វារីអគ្គិសនីគីរីរម្យ៣
វារីអគ្គិសនីមួយនេះជាគម្រោងទី៣ មានអានុភាពផលិតអគ្គិសនី១៨មេហ្កាវ៉ាត់ និងជាគម្រោងវារីអគ្គិសនីទី៣របស់កម្ពុជា ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៣ មានទីតាំងស្ថិតនៅតាមដងស្ទឹងពង្រួល ដែលជាដៃមួយរបស់ព្រែកកំពង់សោម ក្នុងឃុំដងព្រែក ស្រុកស្រែអំបិល ខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុន CETIC International Hydropower Development Co.,Ltd ។
វារីអគ្គិសនីស្ទឹងអាតៃ
ជាវារីអគ្គិសនីទី៤របស់កម្ពុជា មានអានុភាពផលិតអគ្គិសនី១២០មេហ្កាវ៉ាត់ ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៤ ។ វារីអគ្គិសនីនេះ មានទីតាំងក្នុងតំបន់ត្រីកោណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ (ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់)។
វារីអគ្គិសនីស្ទឹងអាតៃនេះ វិនិយោគដោយក្រុមហ៊ុន C.H.D (Cambodia) Hydropower Development Co.,Ltd ដែលមានអានុភាពតម្លើង ១២០មេហ្កាវ៉ាត់។
វារីអគ្គិសនីឫស្សីជ្រុំ
ជាវារីអគ្គិសនីទី៥ របស់កម្ពុជា មានអានុភាពផលិតអគ្គិសនី៣៣៨មេហ្កាវ៉ាត់ និងបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៥ ។ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម មានទីតាំងគម្រោង នៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្រុមហ៊ុនវិនិយោគ China Huadian Lower Stung Russei Chrum Hydro-Electric Project (Cambodia) Co., Ltd. ។
វារីអគ្គិសនីតាតៃ
ជាវារីអគ្គិសនីទី៦មានទីតាំងស្ថិតនៅក្នុងឃុំប្ញស្សីជ្រុំ និងឃុំតាតៃ ស្រុកថ្មបាំង ខេត្តកោះកុង មានកម្លាំងថាមពល២៤៦មេហ្កាវ៉ាត់ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីផ្តើមសាងសង់កាលពីដើមឆ្នាំ២០១១ ដោយក្រុមហ៊ុនសារជីវកម្មចិនឈ្មោះ China National Heavy Machinery ចំណាយថវិកាប្រមាណ ៥៤០លានដុល្លារសហរដ្ឋអាមេរិក។

វារីអគ្គិសនីសេសានក្រោម២
ជាវារីអគ្គិសនីទី៧ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងមួយនេះ ផ្តល់ថាមពលអនុភាព400មេហ្គាវ៉ាត់ ដែលជាការវិនិយោគរួមគ្នារវាងរវាងក្រុមហ៊ុនចំនួនបី រួមមានក្រុមហ៊ុន Hydrolancang International Energyរបស់ចិន ដាក់ទុនវិនិយោគ៥១ភាគរយ ក្រុមហ៊ុន Royal Group របស់ខ្មែរដាក់ទុន៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ១០ភាគរយ។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក៕