សូមអបអរសាទរៈ សហរដ្ឋអាមេរិកបញ្ចុះអត្រាពន្ឋគយពី៤៩ភាគរយ មកត្រឹម១០ភាគរយលើទំនិញកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាដំណឹងដ៏រីករាយមួយ សម្រាប់សម្តេចធិបតីហ៊ុន ម៉ាណតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដែលសហរដ្ឋអាមេរិក យល់ព្រមបញ្ចុះអត្រាពន្ឋគយពី៤៩ភាគរយ មកនៅត្រឹម១០ភាគរយលើទំនិញកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រកាសនូវអត្រាពន្ធគយបដិការ (Reciprocal Tariffs) ដែលឯកឧត្តមប្រធានាធិបតី Donald J.​Trump បានកំណត់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) កន្លងទៅ​ តាមរយ:ការបង្កើនអត្រាពន្ធគយបដិការ លើបណ្តាប្រទេសជាច្រើន​ ក្នុងនោះមានកម្ពុជារហូតដល់៤៩%​។

“សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសិក្សាវាយតម្លៃ និងរៀបចំនីតិវិធី ព្រមទាំងយន្តការផ្សេងៗ​ ជាបន្ទាន់ក្នុងគោលដៅធ្វើការចរចាផ្ទាល់ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីទម្លាក់ចំនួនអត្រាពន្ធវិញ”។

សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ញើលិខិតជូនដល់ ឯកឧត្តមប្រធានាធិបតី Donald J.​Trump កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តចរចា បញ្ហាពន្ធគយបដិការរបស់កម្ពុជា ដោយធ្វើការបន្ថយអត្រាពន្ធ លើក្រុមមុខទំនិញនាំចូលពីសហរដ្ឋអាមេរិកចំនួន១៩ក្រុមមុខទំនិញ ពីអត្រា៣៥% មកនៅត្រឹម៥% ។

ជាលទ្ធផលវិជ្ជមាន ឆ្លើយតបនឹងសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា សេតវិមាន បានចុះផ្សាយព័ត៌មានអំពីអត្រាពន្ធគយបដិការថ្មី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) គឺបានបញ្ចុះអត្រាពន្ធគយបដិការ (Reciprocal Tariffs) របស់កម្ពុជា ពីអត្រា ៤៩% មកនៅត្រឹម១០% ក្នុងរយៈពេល៩០ថ្ងៃ។

បន្ថែមពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចដល់ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នឹងធ្វើការចរចាផ្ទាល់ជាមួយភាគីសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខនេះផងដែរ ។

ជាមួយគ្នានេះផងដែរ​ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តតាមដាន និងយកចិត្តទុកខ្ពស់បំផុត​ ក្នុងការស្វែងរក និងរក្សាឧត្តមប្រយោជន៍ជូនដល់ប្រជាជាតិ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

“សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាម៉េរិក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here