ADBបង្ហាញពីចំណុចខ្លាំងនៃសេដ្ឋកិច្ចកម្ពុជាដែលនឹងសម្រេចបានកំណើនក្នុងអត្រា៦,១ភាគរយនៅឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានរក្សាការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពវិជ្ជមានជាមួយនឹងចលករសំខាន់ៗនៃសេដ្ឋកិច្ចមានភាពប្រសើរឡើង។

យោងតាមរបាយការណ៍សេដ្ឋកិច្ច របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយថ្មីៗនេះបានបង្ហាញថា ម្ពុជាត្រូវបានរំពឹងថា នឹងរក្សាបាននូវគន្លង កំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ និង២០២៦ ជំរុញដោយតម្រូវការក្រៅស្រុកលើមុខទំនិញកម្មន្តសាល និងការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍។

របាយការណ៍នេះ ត្រូវបានបង្ហាញនៅក្នុងកម្មវិធីផ្សព្វផ្សាយជំពូក ស្តីពីកម្ពុជានៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ ២០២៥ប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ៦.១ភាគរយក្នុងឆ្នាំ២០២៥ និង៦.២% ក្នុងឆ្នាំ២០២៦ បន្ទាប់ពីបានកើនឡើង ៦.០% ក្នុងឆ្នាំ២០២៤។ ប៉ុន្តែទស្សនវិស័យនេះ អាចប្រឈម ហានិភ័យអវិជ្ជមាន នៃភាពមិនប្រាកដប្រជាជាសកល ដូចជា គោលនយោបាយពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យអច​លនទ្រព្យ របស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិ​សាស្រ្តនយោបាយ ដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។

ការព្យាករនេះ ត្រូវបានធ្វើឡើងមុនការប្រកាស របបពន្ធគយថ្មីនៃរដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា ហើយការព្យាករជាមូលដ្ឋាននេះ គឺឆ្លុះបញ្ចាំងរបបពន្ធ ដែលបានអនុវត្ត ត្រឹមខែមីនា ឆ្នាំ២០២៥ ប៉ុណ្ណោះ។ ប៉ុន្តែ ADO ខែមេសា ឆ្នាំ២០២៥ ក៏បានវិភាគអំពីផលប៉ះពាល់ លើកំណើននៅទូទាំង អាស៊ី និងប៉ាស៊ីហ្វិក ដែលអាចកើតមានដោយសារ ការដំឡើងពន្ធគយ។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ADB លោកស្រី Jyotsana Varma បានថ្លែងថា ទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ និង២០២៦ ឆ្លុះបញ្ចាំងពីសក្តានុពល នៃភាពធន់ និងភាពរឹងមាំរបស់ប្រទេស”។ លោកស្រីបន្ថែមថា “ទោះបីជាភាពមិនប្រាកដប្រជាជាសកល នៅតែបន្តក៏ដោយការវិនិយោគជាយុទ្ធសាស្រ្តលើហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលសាធារណៈ និងការអភិវឌ្ឍមូលធនមនុស្សនឹងមានសារៈសំខាន់ សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតនូវកម្លាំងជំរុញថ្មី សម្រាប់កំណើនប្រកបដោយនិរន្តរភាព”។

ផលិតផលឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៩,៣%ក្នុងឆ្នាំ២០២៥ និង២០២៦ នាំមុខដោយដំណើរការដ៏រឹងមាំនៃវិស័យកម្មន្តសាលវាយនភ័ណ្ឌ និង វិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ។ កំណើនក្នុងវិស័យសេវាកម្មត្រូវបានរំពឹងថា នឹងបន្តក្នុងអត្រា ៤.៤ភាគរយ បើទោះបីជាសកម្មភាព នៃវិស័យអចលនទ្រព្យនៅទន់ខ្សោយក៏ដោយ។

ប្រាក់ចំណូលពីវិស័យទេសចរណ៍ត្រូវបានព្យាករថា នឹងកើនឡើងក្នុងកម្រិតមធ្យម ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងបន្តកើនឡើង។

របាយការណ៍នេះ ក៏បានរំលេច អន្តរកម្មឌីជីថល ថាជាអាទិភាពគោលនយោបាយគន្លិះ ដើម្បីជំរុញកំណើនរយៈពេលវែង។ ទោះបីជាអន្តរកម្មឌីជីថល នឹងត្រូវបានជំរុញដោយវិស័យឯកជន អ្នកធ្វើគោល នយោបាយ ត្រូវតែបង្កើតបរិយាកាសដើម្បីគាំទ្រដំណើរការនេះ។

កម្ពុជាបានធ្វើឱ្យប្រសើរឡើងនូវចំណាត់ ថ្នាក់របស់ខ្លួននៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល (United Nations’ e-Government Development Index) របស់អង្គការសហប្រជាជាតិពីលេខ១៥៥ ក្នុងឆ្នាំ ២០១២ មកលេខ១២០ ក្នុងឆ្នាំ២០២៤ ប៉ុន្តែក៏នៅមានចន្លោះប្រហោង ជាពិសេសការផ្តល់សេវាកម្មសាធារណៈអនឡាញនិង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជា អតសញ្ញាណឌីជីថលជាក់លាក់ដែលទទួលស្គាល់ទូទៅ (universal unique digital IDs) បណ្តាញអ៊ីនធឺណិតល្បឿនលឿន មជ្ឈមណ្ឌលទិន្នន័យ សុវត្ថិភាពអ៊ីនធឺណិត និងមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល។

ការវិនិយោគបន្ថែមលើមូលធនមនុស្ស នឹងរក្សានិរន្តរភាពកំណើន តាមរយៈការបង្កើនផលិតភាពសេដ្ឋកិច្ច៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here