ដោយ៖ សុផារី
ភ្នំពេញ៖ ស្របពេលសកម្មភាពវិនិយោគលើវិស័យខុនដូចាប់ផ្តើមមានដំណើរការឡើងវិញបន្តិចម្តងៗ អ្នកជំនាញនៅបន្តមើលឃើញពី កំណើននៃការផ្គត់ផ្គង់ និងតម្លៃនៃប្រភេទខុនដូតម្លៃសមរម្យ (Affordable) ស្របពេលដែលខុនដូប្រណីត និងមធ្យម (High-end និង Mid-range) អាចប្រឈមនឹងការធ្លាក់ចុះការផ្គត់ផ្គង់និងតម្លៃ។
-->

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ប្រាប់ Property Area Asia ថា សម្រាប់ខុនដូប្រភេទប្រណីត និងមធ្យម (High End និង Mid-Range) នៅក្នុងកំឡុងឆ្នាំ២០២២នេះ ការផ្គត់ផ្គង់នៅបន្តមានចំនួនតិច មិនអ៊ូអរដូចកាលពីឆ្នាំ២០២១ទេ ព្រោះមិនមានគម្រោងថ្មីណាមួយចាប់ផ្តើមបើកដំណើរការលក់នោះទេ។
អ្នកនាងបន្តថា ចំណែកតម្លៃនៃខុនដូ ក៏មានការធ្លាក់ចុះបន្ទិចបន្ទួចផងដែរ ប៉ុន្តែភាគរយនៃការធ្លាក់ចុះយឺតជាងមុន។ នៅក្នុងឆ្នាំ២០២២នេះ តម្លៃនៃខុនដូប្រភេទនេះត្រូវបានរំពឹងថា អាចនឹងមានការធ្លាក់ចុះបន្តិចទៀតនៅក្នុងឆ្នាំនេះ ប៉ុន្តែមិនធ្លាក់ចុះគំហុកដូចកាលពីឆ្នាំ២០២០ទេ។
អ្នកនាងបញ្ជាក់ថា ការធ្លាក់ចុះនៃការទិញប្រភេទខុនដូប្រណីត និងមធ្យម ដោយសារអតិថិជនគោលដៅរបស់ប្រភេទខុនដូទាំងពីរនេះគឺ ក្រុមអ្នកវិនិយោគបរទេស។ អ្នកនាងថា “ទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសមានការថមថយ និងមានការបើកចំហការធ្វើដំណើរក្តី អ្នកធ្វើដំណើរបែបវិនិយោគអាចត្រូវការពេលមួយរយៈទៀត ទើបអាចត្រឡប់មកវិនិយោគក្នុងប្រទេសកម្ពុជាវិញ។ ជាពិសេស វិនិយោគិនធំបំផុតគឺ វិនិយោគិនជនជាតិចិន ដែលមិនទាន់បើកទូលាយទាក់ទងនឹងការធ្វើដំណើរនោះទេ”។

ស្របពេលជាមួយគ្នានេះ អ្នកនាងកេសាមើលឃើញពីភាពផ្ទុយគ្នានៃខុនដូតម្លៃសមរម្យ (Affordable) ដែលអាចនឹងមានភាពនឹងនរ និងអាចមានកំណើនបន្ទិចបន្ទួច ដោយសារក្រុមអ្នកអភិវឌ្ឍន៍បានបង្វែរទិសដៅនៃការលក់មកកាន់ក្រុមអតិថិជនប្រភេទនេះ និងបានបំប្លែងខុនដូប្រភេទប្រណីត មកជាខុនដូប្រភេទសមរម្យ ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុកបន្ថែមទៀត។
អ្នកនាងលើកឡើងថា “ចាប់តាំងពីឆ្នាំ២០២០មក សកម្មភាពទិញរបស់អ្នកទិញជាជនជាតិបរទេសចាប់ផ្ដើមមានការថយចុះ តែអតិថិជនក្នុងស្រុកមានកំណើនក្នុងការទិញវិញ គ្រាន់តែក្នុងទំហំនៃការលក់មិនទាន់អាច Cover ដូចចំនួនអ្នកទិញបរទេសទេ”។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានមានប្រសាសន៍កាលពីពេលថ្មីនេះថា បច្ចុប្បន្ននេះ ស្ថានភាពកូវីដ-១៩នៅកម្ពុជាកាន់តែភាពល្អប្រសើរ ដូចនេះស្ថានភាពនៃការវិនិយោគលើវិស័យខុនដូក៏ផ្តើមមានដំណើរការឡើងវិញបន្តិចម្តងៗ ជាពិសេសក្រុមការងារលើវិស័យនេះក៏បានកំពុងតែមមាញឹកក្នុងការធ្វើការងារជាមួយវិនិយោគិនក្នុងស្រុក។

លោកសង្កេតឃើញថា ផ្នែកខ្លះនៃវិស័យនេះក៏ចាប់ផ្តើមមានវិនិយោគិនបរទេសផ្តើមបញ្ជូនតំណាងមកកម្ពុជាក្នុងគោលបំណងវិនិយោគលើវិស័យខុនដូនៅកម្ពុជា។
លោកបន្ថែមថា តម្រូវការនៃការប្រើប្រាស់ខុនដូនៅកម្ពុជាកាន់តែបន្តដំណើរទៅមុខជាលំដាប់ ហើយតម្លៃក៏មិនមានការធ្លាក់ថ្លៃខ្លាំង ឬឡើងថ្លៃហួសកម្រិតនោះដែរ។ ចំពោះស្ថានភាពនៃការសាងសង់ គឺនៅតែមានឧបសគ្គតិចតួច ហើយក៏មិនមានការប្រែប្រួលច្រើននោះដែរ ប៉ុន្តែលោកសង្ឃឹមថានៅដំណាច់ឆ្នាំ២០២២នេះ អាចនឹងមានការប្រែប្រួលច្រើន។
លោកបញ្ជាក់ថា ចំពោះចរន្តទិញលក់វិស័យខុនដូនៅទីតាំងមានសក្តានុពល គឺនៅតែមានការទិញលក់ជារឿយៗ ប៉ុន្តែការទិញលក់នេះនៅមានចំនួនតិចតួចនៅឡើយបើធៀបនឹងការទិញលក់ក្នុងវិស័យផ្ទះល្វែង និងអចលនទ្រព្យផ្សេងៗទៀត៕