ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលកំនើនភ្ញៀវទេសចរណ៍ជប៉ុនមកទស្សនាកម្ពុជាកើនឡើង អ្នកវិនិយោគជប៉ុនបានចាប់យកឳកាសនេះ ធ្វើការវិនិយោគលើសេវាកម្មបដិសណ្ឋារកិច្ចនៅរាជធានីភ្នំពេញ ដើម្បីចាប់យកកាលានុវត្តន៍ភាពនេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុនបានមានប្រាសន៍ក្នុងពេលចូលរួមក្នុងឳកាសសម្ភោធសណ្ឋាគារអ៊ី មីអនកាលពីចុងសប្តាហ៍មុនថា កាលពីនៅឆ្នាំ២០១៧ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណ២០ម៉ឺនាក់ ក្នុងនោះទេសចរជប៉ុនមកភ្នំពេញមានចំនួន៧៨,៣២២នាក់ កើន២៧ភាគរយ ហើយក្នុងរយៈពេល៨ខែ ឆ្នាំ២០១៨ នេះកម្ពុជា ទទួលបានទេសចរជប៉ុនប្រមាណជាង១៣ម៉ឺននាក់ ក្នុងនោះទេសចរជប៉ុនមកភ្នំពេញមានចំនួន៦៩,២៧៩នាក់ កើន១៣.៤ភាគរយ។
លោកបន្តថា ដើម្បីបន្តត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជប៉ុន ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំសេចក្តីព្រាង «យុទ្ធសាស្ត្រសិក្សាទីផ្សារទាក់ទាញភ្ញៀវទេសចរជប៉ុន» សំដៅទាក់ទាញ និងត្រៀមទទួលភ្ញៀវទេសចជប៉ុន ជាមួយការដាក់ចេញនូវវិធានការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍ដែលមានស្រាប់ និងការទាក់ទាញវិនិយោគបន្ថែម លើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។
លោករដ្ឋមន្ត្រីបានបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់សាជីវកម្ម Starts (ខេមបូឌា)របស់ជប៉ុនលើការអភិវឌ្ឍគម្រោងសណ្ឋាគារទី១ ដែលមានឈ្មោះថា អ៉ី មីអន ភ្នំពេញ ដែលមានកំពស់១៩ជាន់ ស្មើនឹង២៤០បន្ទប់ គឺជាការរួមចំណែកដ៏សំខាន់ដល់វិស័យសណ្ឋាគារ និងការទាក់ទាញទេសចរ និងវិនិយោគិនជប៉ុនមកកម្ពុជាកាន់តែច្រើនថែមទៀត។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា កំនើនអ្នកវិនិយោគជប៉ុនឆ្លុះបញ្ចាំងនូវទំនុកចិត្ត និងបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ព្រោះអ្នកវិនិយោគជប៉ុនពួកគេមិនងាយទៅកាន់ប្រទេសណាមួយនោះទេ ប៉ុន្តែនៅពេលពួកគេទៅវិនិយោគនៅប្រទេសណាមួយ មានន័យថាពួកគេបានសិក្សាច្បាស់លាស់រួចហើយ ទើបពួកគេវិនិយោគនៅប្រទេសនោះ។
លោកបន្តថា ការមកដល់នៃការវិនិយោគជប៉ុន និងការភ្ជាប់ជើងហោះហើរត្រង់ពីជប៉ុនរបស់អាកាសចរណ៍ ANA មកកាន់ក្រុងភ្នំពេញបានធ្វើឲ្យទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរមានការផ្លាស់ប្តូរគួរឲ្យកត់សំគាល់។លោកបន្តថា រហូតមកទល់ពេលនេះជប៉ុនបានក្រាលមូលដ្ឋានគ្រឹះ សម្រាប់វិនិយោគរយៈពេលវែងនៅកម្ពុជារួចហើយ៕