ដោយ៖ សុផារី
ភ្នំពេញ៖ ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅក្នុងឆ្នាំទី១ ដែលជាឆ្នាំដំបូង មានតម្លៃតិចជាង៨សេន និងទៅតាមប្រភេទឡាន ដែលមាន៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡានតូច) យក១២ដុល្លារក្នុងមួយជើង និងចំពោះឡានធំ (ឡានដឹកទំនិញធុនធំ) យក៦០ដុល្លារ។
នេះបើយោងតាមប្រសាសន៍ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំក្រុមការងារ និងមន្ត្រីជំនាញបន្តចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យ បច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។








