កង្វះខាតសេវាគ្រប់គ្រងអចលនទ្រព្យ បានក្លាយជាឱកាសសម្រាប់ Chestertonsឈានជើងចូលទីផ្សារប្រទេសកម្ពុជា

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងអគារខ្ពស់ ខុនដូផ្សារទំនើប សណ្ឋាគារ និងបុរីលំនៅឋានជាច្រើន។

កំណើននៃទ្រព្យទាំងនេះ បានធ្វើឱ្យតម្រូវការសេវាគ្រប់គ្រងអចលនទ្រព្យកាន់តែមានកំណើន សម្រាប់ក្នុងប្រទេសកម្ពុជាសេវាកម្មនេះ នៅមានកង្វះខាតនៅឡើយ ហើយក៏បានក្លាយជាឱកាសល្អ សម្រាប់ក្រុមហ៊ុនគ្រប់​គ្រងអចលនទ្រព្យ។

កញ្ញាសាម ចាន់ធូ  នាយិកាគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chestertons Cambodia បានថ្លែងប្រាប់ក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រ Property area ឱ្យដឹងកាលពីពេលថ្មីៗនេះថា ការរីកចម្រើននៃសំណង់ អគារ នៅក្នុងប្រទេសបានធ្វើឱ្យតម្រូវការ សេវាកម្មគ្រប់គ្រងអចលនទ្រព្យ នៅក្នុងប្រទេសបានកើនឡើងគួរឱ្យកត់សម្គាល់ ហើយក៏មានក្រុមហ៊ុនបង្កើតឡើងក្នុងប្រទេ​សកម្ពុជាជាច្រើន បានលេចរូបរាងជាបន្តបន្ទាប់ផងដែរ ប៉ុន្តែវាមិនទាន់បំពេញទៅតាមតម្រូវការនៅឡើយទេ ។

កញ្ញាបន្តថា “ទោះបីជាមានក្រុមហ៊ុនបង្កើតឡើង និងផ្ដល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាមានច្រើនក្ដី ប៉ុន្តែបើក្រលេកទៅមើលក្រុមហ៊ុនដែលស្ដង់ដារ មានបទពិសោធន៍ច្បាស់លាស់លើការគ្រប់គ្រងសេវាកម្មអចលនទ្រព្យនៅមានកម្រិត”។ កញ្ញាបន្ថែមថា “ដូច្នេះហើយទើបក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនChestertons បាននាំចូលក្រុមហ៊ុននេះមកកាន់ប្រទេសកម្ពុជា ដើម្បីផ្ដល់សេវាកម្មជូនម្ចាស់ទ្រព្យ”។

ក្រុមហ៊ុនChestertons  មានប្រវត្តិធ្វើអាជីវកម្មលើពិភពលោកនេះជាង២០០ឆ្នាំមកហើយ ដូច្នេះតាមរយៈបទពិសោធន៍កន្លងមក ក្រុមហ៊ុនយើងនឹងនាំសេវាកម្មដ៏ល្អ មកកាន់ប្រទេសកម្ពុជា សម្រាប់ផ្ដល់ជូនអតិថិជន ដែលជាម្ចាស់ទ្រព្យ។

កញ្ញាសាម ចន្ឋូបានបន្ថែមថា សេវាកម្មគ្រប់គ្រងអចលនទ្រព្យពិតជាមានសារសំខាន់ណាស់ សម្រាប់ម្ចាស់ទ្រព្យ ពីព្រោះអ្នកអភិវឌ្ឍន៍ខ្លះគាត់ចេះអភិវឌ្ឍន៍ ប៉ុន្តែបច្ចេកទេសក្នុងការថែទាំងទ្រព្យ របស់គាត់គឺគាត់មិនមានបទពិសោធន៍ និងអាចគ្រប់គ្រងបានល្អនោះទេ។ ដូច្នេះគាត់ត្រូវការអ្នកដែលមានបទពិសោធន៍ បច្ចេកទេសក្នុងការគ្រប់គ្រង មកជួយគ្រប់គ្រងទ្រព្យជំនួសគាត់។

កញ្ញាបន្ថែមទៀតថា “ការជ្រើសរើសក្រុមហ៊ុន ដែលផ្ដល់សេវាកម្មថែទាំបានត្រឹមត្រូវ នឹងជួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កាន់តែទទួលបានជោគជ័យ”។

ឧទាហរណ៍ថា ក្រុមហ៊ុនមួយអភិវឌ្ឍន៍អគារខុនដូ ហើយជួលក្រុមហ៊ុនថែរទាំអចលនទ្រព្យដែលមានពិសោធន៍ គឺគាត់លែងពិបាកក្នុងការជួលបុគ្គ​លិកដែលមិនមានជំនាញមកថែទាំ ដូច្នេះគាត់បង់តែលុយឱ្យក្រុមហ៊ុនផ្ដល់សេវាកម្ម ហើយគាត់អាចទៅអភិវឌ្ឍន៍កន្លែងផ្សេងទៀត និងកាន់តែទទួលបានជោគជ័យ ដោយសារតែអតិថិជន ដែលទិញខុនដូនោះហើយពេញជាមួយនឹងការថែរទាំ ឬបច្ចេកទេសក្នុងការប្រើប្រាស់នានា និងផ្សព្វផ្សាយបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here