ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ស្របនឹងទីផ្សារខុនដូចាប់ផ្ដើមងើបឡើងវិញ ក្រោយវិបត្តិកូវីដ១៩ អ្នកវិនិយោគបរទេស និងក្នុងស្រុកបានបណ្ដាក់ទុនវិនិយោគឡើងវិញលើអគារខុនដូនៅក្នុងប្រទេស ដើម្បីបំពេញតម្រូវការនាពេលនេះ និងពេលអនាគត។
ជាក់ស្ដែងក្រុមហ៊ុន SUNWAH GROUP ដែលជាក្រុមហ៊ុនមានបទពិសោធន៍ ក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ប្រមាណ៣ទសវត្សរ៍បានសម្រេចដាក់ទុន១,៥ពាន់លានដុល្លារអាមេរិក សាងសង់អគារខុនដូនិងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះកំពស់ជាង៦០ជាន់ នៅចំកណ្ដាលទីក្រុងភ្នំពេញ។
លោកឆយ គុនស៊ុម អគ្គនាយកក្រុមហ៊ុនសាន់វ៉ាគ្រុប បានមានប្រសាសន៍ថា នៅក្នុងវិបត្តិកូវីដ១៩ ស្ថានភាពវិនិអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាដូចបានដឹងស្រាប់ហើយ គឺមានការថមថយបន្តិច ប៉ុន្តែដោយសារតែមានការជឿជាក់លើប្រទេសកម្ពុជា ទើបក្រុមហ៊ុនបានសម្រេចបណ្ដាក់ទុនវិនិយោគបន្ថែម ក្រោយពីវិបត្តិកូវិដ១៩បានធូរស្រាល និងរំពឹងថានឹងធ្វើឱ្យវិស័យអចលនទ្រព្យ ក៏ដូចជា វិស័យផ្សេងទៀតទទួលបានការវិនិយោគឡើងវិញដូចមុននឹងវិបត្តិកូវីដ១៩ ។
លោកបន្តថា “កត្តាដែលធ្វើឱ្យខ្ញុំ ក៏ដូចជាវិនិយោគិនដទៃទៀតជឿជាក់លើប្រទេសកម្ពុជា ទី១ គឺស្ថានភាពនយោបាយល្អ ទី២ទាក់ទងនឹងច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា និងទី៣ ដោយសារតែ ក្រុមហ៊ុនសាន់វ៉ា ជាក្រុមហ៊ុនមានហិរញ្ញវត្ថុរឹងមាំ”។លោកបន្ថែមថា “ដូច្នេះវានឹងមិនធ្វើឱ្យក្រុមហ៊ុនយើងបរាជ័យ ឬដួលរលំនោះទេ ក្នុងពេលរដ្ឋាភិបាលកម្ពជាក៏បានខិតខំក្នុងការស្ដារ និងជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ”។
លោកបន្ថែមថា សម្រាប់រូបលោកជាអ្នកវិនិយោគមួយរូប នៅក្នុងប្រទេសកម្ពុជា លោកចង់ស្នើទៅរដ្ឋាភិបាលរឿងពាក់ព័ន្ធនឹងពន្ធ ព្រោះបើប្រៀបធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ាន កម្ពុជាជាប្រទេសដែលយកពន្ធខ្ពស់ជាងគេ ដូច្នេះយើងសូមស្នើឱ្យរដ្ឋាភិបាលបន្ធូរបន្ថយពន្ធ មិនថាតែការនាំចូល នាំចេញ និងការនាំចេញជាដើម។
លោកបន្ថែមថា “បើសិនជារដ្ឋាភិបាលបន្ធូរបន្ថយពន្ធ បានប្រសើរជាងនេះ មិនខ្វះទេអ្នកវិនិយោគចូលមកកម្ពុជានោះ”។
បើតាមអ្នកនាងគឹម គឹនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានលើកឡើងផងដែរថា ក្នុងរយៈពេល៦ខែកន្លងមកនេះ សកម្មភាពវិនិយោគអគារខុនដូ បានចាប់ផ្ដើមកម្រើកឡើងវិញហើយ ជាពិសេសគម្រោងខុនដូ ដែលបានផ្អាកនាពេលកន្លងមក និងគម្រោងខុនដូបើកថ្មីៗផងដែរ តែសម្រាប់គម្រោងបើកថ្មីមិនសូវមានច្រើនទេ ក្នុងរយៈពេលកន្លងមកនេះ៕