ដោយ:លាងហួរ
ភ្នំពេញ: លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង៥,៣ភាគរយ នៅឆ្នាំ២០២២នេះ។
លោកបានថ្លែងបែបនេះនៅក្នុងសុន្ទរកថា បិទកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារជាតិថា កំណើនសេដ្ឋកិច្ចនេះ នឹងត្រូវបានគាំទ្រជាចម្បងដោយការកើនឡើង នៃការនាំចេញផ្នែកផលិតកម្ម ការកើនឡើងនៃសំណង់ និងអចលនទ្រព្យ ព្រមទាំងវិស័យកសិកម្ម និងការងើបឡើងវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍។
-->
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាប្រពៃណី ពឹងផ្អែកលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ សំណង់ និងអចលនទ្រព្យ កសិកម្ម និងទេសចរណ៍។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) និង FTA កម្ពុជា-ចិន (CCFTA) ដែលចូលជាធរមាននៅថ្ងៃទី១ខែមករា បាននិងកំពុងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
តាមរយៈកិច្ចព្រមព្រៀង RCEP និង CCFTA យើងមានទំនុកចិត្តថា ទំហំនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន និងប្រទេសសមាជិក RCEP ដទៃផ្សេងទៀតនឹងកាន់តែធំ ជាពិសេសការនាំចេញកសិផល ដែលមានសក្តានុពលដូចជាអង្ករ ដំឡូងមី ចេក និងស្វាយ ផលិតផលឧស្សាហកម្ម និងទំនិញកែច្នៃរបស់កម្ពុជាទៅកាន់ទីផ្សារ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដ៏ធំនេះ (RCEP)នឹងលើកលែងពន្ធរហូតដល់៩០ភាគរយ លើទំនិញដែលត្រូវបាននាំចេញ ទៅក្នុងចំណោមប្រទេស ដែលជាហត្ថលេខីរបស់ខ្លួន ក្នុងរយៈពេល២០ឆ្នាំខាងមុខ៕

