ដោយ៖ សុផារី
ភ្នំពេញ៖ ការរីកចម្រើននៃវិស័យអចលនទ្រព្យបានបង្កើតឱកាសវិនិយោគ និងឱកាសរីកចម្រើនដល់អ្នកប្រកបរបរក្នុងវិស័យនេះជាច្រើន ជាពិសេសអ្នកមានអាជីពជាភ្នាក់ងារអចលនទ្រព្យ។ ដើម្បីក្លាយជាអ្នកលក់អចលនទ្រព្យដ៏ជោគជ័យម្នាក់ ភ្នាក់ងារអចលនទ្រព្យត្រូវមានចំណេះដឹង និងប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈចំនួន០៤ចំណុច។
លោកជំទាវឧកញ៉ាគង់ សំណាង អគ្គនាយិកានៃបុរីវិមានសំណាង បានចែករំលែកបទពិសោធន៍ ជោគជ័យលើភាពជាភ្នាក់ងារអចលនទ្រព្យមួយរូបថា ដើម្បីក្លាយខ្លួនជាភ្នាក់ងារអចលនទ្រព្យ ដែលជោគជ័យមួយរូប អ្នកលក់គ្រប់រូបត្រូវមានចំណេះដឹងទូទៅសំខាន់ៗចំនួន០៤ចំណុច។
ចំណុចទី១ ចំណេះដឹងអំពីទីផ្សារដីធ្លីថានៅក្នុងតំបន់ ដែលលក់ដូរនេះ មានតម្លៃប៉ុន្មាន តើទិញដីនេះក្នុងតម្លៃក្រោម ឬលើទីផ្សារ? តើអ្វីជាសក្តានុពលនៃតំបន់ខាងលើនេះ?
ចំណុចទី២ ចំណេះដឹងច្បាប់ ស្តីពីប្លង់រឹង ប្លង់ទន់ និងការផ្ទេរកម្មសិទ្ធិ ជាដើម។
ចំណុចទី៣ ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈជាអ្នកលក់ ដែលជាចំណុចសំខាន់បំផុត។ ភ្នាក់ងារលក់ត្រូវផ្តល់ព័ត៌មានពិត និងធ្វើការប្រកបដោយចំណេះដឹងត្រឹមត្រូវ។
ចំណុចទី៤ ត្រូវបានសមត្ថភាពក្នុងការសម្របសម្រួលរវាងអ្នកទិញ និងអ្នកលក់។
លោកជំទាវឧកញ៉ាគូសបញ្ជាក់ថា “ត្រូវធ្វើការដោយប្រើប្រាស់ចំណេះដឹង ផ្តល់ព័ត៌មានដល់ភ្ញៀវឱ្យបានច្បាស់លាស់ ផ្តល់តម្លៃទៅឱ្យភ្ញៀវ ផ្តល់តម្លៃទៅឲ្យអ្នកលក់”។
លោកជំទាវបន្ថែមទៀតថា “ជាភ្នាក់ងារត្រូវមានក្រមសីលធម៌ជាអ្នកលក់ឱ្យច្បាស់លាស់។ មិនមែនលក់ដើម្បីយកតែលុយទេ ព្រោះរុញគេបានតែម្ដង ២ដងតែប៉ុណ្ណោះ”៕