តំបន់ប៉ែកខាងលិចនិងខាងត្បូងក្រុងភ្នំពេញ សំបូរទៅដោយការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យនៅកម្ពុជាបាន និងកំពុងមានសន្ទុះកើនឡើងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងតំបន់ជុំវិញរាជធានីភ្នំពេញ។

ការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យភាគច្រើន ស្ថិតនៅតំបន់ប៉ែកខាងលិច និងខាងត្បូងភ្នំពេញ។

ជាការកត់សម្គាល់តំបន់ខាងត្បូង និងខាងលិចរាជធានីភ្នំពេញ គេឃើញក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗ បានអភិវឌ្ឍន៍នូវផ្ទះដែលមានតម្លៃចន្លោះពី៣ម៉ឺន ដុល្លារទៅ៥ម៉ឺនដុល្លារអាមេរិកច្រើន ហើយក៏ផ្ដល់នូវសេវាកម្មបង់រំលស់ផ្ទះជូនអតិថិជន ដែលមិនមានលទ្ធភាព ក្នុងការបង់ផ្ដាច់ផងដែរ ដែលធ្វើឱ្យសកម្មភាព នៃការអភិវឌ្ឍលំនៅឋាននៅតំបន់ខាងលិចនិងខាងត្បូងកាន់តែមានភាពមមាញឹក ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាមួយរូបបានលើកឡើងថា អ្នកអភិវឌ្ឍន៍លំនៅឋាន សម្រាប់លក់ក្រោមតម្លៃ១០ម៉ឺនដុល្លារអាមេរិក អាចងាកទៅផ្លូវជាតិលេខ៣ ឬលេខ៤ ហើយការអភិវឌ្ឍនៅតំបន់នោះ នឹងមិនធ្វើឱ្យវិនិយោគិនខាតបង់ថវិកាឡើយ តែថែមទាំងទទួលបានប្រាក់ចំណេញខ្ពស់ផងដែរ។

លោកបន្តថា “តម្លៃដីធ្លីនៅប៉ែកខាងហ្នឹង មានតម្លៃសមរម្យដែលអាចទិញហើយ អភិវឌ្ឍន៍លំនៅឋានក្រោម១០ម៉ឺនដុល្លារអាមេរិកបាន”។លោក​បន្ថែមទៀតថា “ម្យ៉ាងទៀតតំបន់ទាំងនោះ ជាតំបន់សំបូរទៅដោយឧស្សា​ហកម្ម ហើយភាគច្រើននៃអ្នករស់នៅទីនោះ ក៏ជាអ្នកមានចំណូលមធ្យម និងក្រោមមធ្យម ដូច្នេះហើយពួកគាត់អាចទិញផ្ទះតម្លៃសមរម្យ សម្រាប់ស្នាក់នៅបាន “។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា សម្រាប់តំបន់ផ្សេងដូចជាខាងជើងភ្នំពេញ ជាតំបន់ដែលមានសក្ដានុពលខ្ពស់លើការរស់នៅ និងជាតំបន់ដែលប្រមូលផ្ដុំទៅដោយអ្នកមានៗ ច្រើនដូច្នេះការអភិវឌ្ឍលំនៅឋានក៏សម្រាប់ផ្គត់ផ្គង់ សម្រាប់អ្នកមានចំណូលខ្ពស់ផងដែរ ។

លោកបន្ថែមថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ច្រើនណាស់ដែលមិនទាន់មានផ្ទះជារបស់ផ្ទាល់ខ្លួន និងត្រូវជួលផ្ទះគេ ដើម្បីស្នាក់នៅនិងធ្វើការ ដូច្នេះហើយការអភិវឌ្ឍដីឡូត៏ និងផ្ទះតម្លៃសមរម្យនៅភ្នំពេញឬតំបន់ជិតៗភ្នំពេញ នៅតែមានសក្ដានុពលខ្ពស់ សម្រាប់ផ្គត់ផ្គង់បំពេញទៅតាមតម្រូវការ ។

បច្ចុប្បន្ននេះ ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យនេះដែរ ក៏បានងាកកាន់តែឆ្ងាយពីភ្នំពេញបន្តិច រហូតដល់ផ្លូវ៤២ ឬផ្លូវ៥១ ដោយសារតែមានការអភិវឌ្ឍលើឧស្សាហកម្មច្រើន ហើយក៏មានមនុស្សចាប់ផ្ដើមទៅរស់នៅទីនោះក៏កាន់តែច្រើនដែរពីមួយឆ្នាំទៅមួយឆ្នាំ ។

ជាមួយគ្នានេះ លោកផូន សុអុនដែន ប្រធានទីផ្សារនៃក្រុមហ៊ុនLH Land បានលើកឡើងថា ដោយសារតែមានតម្រូវការលំនោឋាន ដែលមានតម្លៃសមរម្យនេះ ទើបក្រុមហ៊ុនបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាពិសេសនៅតំបន់ផ្លូវ៥១ និងតំបន់ជិតៗនោះ ប៉ែកខាងលិចនៃរាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here