តើផ្នែកអ្វីខ្លះនៃវិស័យអចលនទ្រព្យនៅតែបន្តមានភាពរ៉ឹងមាំសម្រាប់ទីផ្សារសម្រាប់រយៈពេលវែង

0

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ស្របពេលទីផ្សារអចលនទ្រព្យនៅតែបន្តរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ១៩ បញ្ហាបិទលំហូរមូលធនចេញពីប្រទេសចិន និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឲ្យទីផ្សារនេះបន្តដើរយឺតៗនៅឡើយ។

អ្នកជំនាញក្នុងវិស័យនេះ បានមើលឃើញទិដ្ឋភាពនៃផ្នែកមួយចំនួននៅតែបន្តដំណើរការ និងគោរពបានស្តង់ដាសំណង់ និងនិយាមអន្តរជាតិ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឧកញ៉ាឃាង ពុទ្ឋីបានមានប្រសាសន៍ឲន្យដឹង តាមបណ្តាញតេឡេក្រាមនៅរសៀលថ្ងៃទី៣ សីហានេះថា ផ្នែកជាច្រើននៃវិស័យអចលនទ្រព្យ​នៅតែរងផលប៉ះពាល់ ប៉ុន្តែទីផ្សារលំនៅដ្ឋានតម្លៃមធ្យម សម្រាប់ប្រជាជន​នៅតែមានភាពរ៉ឹងមាំសម្រាប់រយៈពេលវែង ពិសេសលំនៅដ្ឋានដែលមានតម្លៃចាប់ពី៥០,០០០ ទៅ១០០,០០០ដុល្លារអាមេរិក។

លោកបន្តថា “ផ្នែកដែលរងផលប៉ះពាល់ គឺទីផ្សារខុនដូដោយ​សារអត្រាជួលធ្លាក់ចុះ ព្រោះជនបរទេសមិនចូលមកកម្ពុជាច្រើន ដោយសា​រវិបត្តិកូវីដ១៩”។ លោកបន្តថា “ទីផ្សារជួលខុនដូបានធ្លាក់ចុះ ដោយពីមុនខុនដូមានតម្លៃ១០ម៉ឺន អាចជួលបាន១០០០ដុល្លារក្នុងមួយខែ ប៉ុន្តែបច្ចុ​ប្បន្នការជួលបានតម្លៃប្រមាណ៥០០ដុល្លារប៉ុណ្ណោះ និងកំពុងខ្វះអ្នកជួល”។

ទោះជាយ៉ាងណាលោកមានសុទិដ្ឋិនិយមថា ទីផ្សារខុនដូនឹងមានភាព​ល្អប្រសើរឡើងវិញ នៅពេលសេដ្ឋកិច្ចពិភពលោកមានភាពល្អប្រសើរ និងវិនិយោគិនអន្តរជាតិចូលមក។

ទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយគុណភាព និងទំនួលខុសត្រួវសង្គមវិញ លោកឧកញ៉ាឃាង ពុទ្ឋីបានឲ្យដឹងថា និន្នាការនៃការអភិវឌ្ឍន៍ដែលធ្វើឡើងតាមស្តង់ដា​ និងគោរពគោលការណ៍បរិស្ថាន និងជាការអភិវឌ្ឈន៍ដោយចីរភាពទៅថ្ងៃអនាគត លោកគិតថា ប្រទេសណាដូចប្រទេសណា​ដែរ ព្រោះបច្ចុប្បន្ននេះគុណភាពលំនៅដ្ឋាន ខុនដូ អាគារការិយាល័យ គឺទាមទារឲ្យមានស្តង់ដាខ្ពស់ហើយ ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋ។

លោកបន្តថា “បើអភិវឌ្ឍន៍បុរី មិនមានសួនច្បារ មិនមានការដាំដើមឈើ មិនមានការឌីសាញ និងប្លង់ស្ថាបត្យកម្មស្អាតទេ គាត់មិនអាចទទួល​បានជោគជ័យក្នុងទីផ្សារទេ”។ លោកបន្តថា “ប្រជាជនយើងមានចំណេះដឹងកាន់តែខ្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យចំណូលកាន់តែខ្ពស់ គាត់ទាមទារការរស់នៅកាន់តែខ្ពស់ ដូច្នេះអ្នកអភិវឌ្ឍន៍ទាំងអស់ត្រូវគិតទាំងពីផាសុខភាពទាំងប្លង់ស្ថាបត្យកម្ម ខ្យល់ ពន្លឺ និងសួនសាធារណៈឲ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានជោគជ័យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here