ភាពតានតឹងនៅកោះតៃវ៉ាន់ នឹងមិនបង្កផលប៉ះពាល់បន្ថែមដល់ អចលនទ្រព្យកម្ពុជាឡើយ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ភាពតានតឹងនៅកោះតៃវ៉ាន់បាន និងកំពុងបង្កឱ្យមានការចាប់អារម្មណ៍ ពីសំណាក់ពិភពលោកទាំងមូល ជាពិសេសនៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់។

បញ្ហានេះត្រូវបានអ្នកជំនាញ ក្នុងវិស័យអចលនទ្រព្យកម្ពុជាមើលឃើញថា នឹងមិនបង្កផលប៉ះពាល់លើអចលនទ្រព្យនៅកម្ពុជានោះឡើយ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជាបានថ្លែងតាមទូរសព្ទនៅរសៀលថ្ងៃទី៤ សីហា ២០២២នេះ ឱ្យដឹងថា បញ្ហាទាំងនេះ វាមិនបង្កជាបញ្ហាដល់ការមកដល់ នៃវិនិយោគិនបរទេសនោះទេជាពិសេសចិន ពីព្រោះថាបច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានរឹតបន្តឹង ចំពោះការចេញចូលរបស់វិនិយោគិន និងទេសចររបស់ខ្លួនស្រាប់ទៅហើយ ដោយសារតែស្ថានភាពកូវីដ១៩ នៅក្នុងបណ្ដាប្រទេសមួយចំនួននៅមិនទាន់ធូរស្រាល ។

លោកបន្តថា “គោលនយោបាយ ហ្សេរ៉ូកូវីដ (០) របស់ចិននៅតែបន្តធ្វើឱ្យវិនិយោគិនចេញក្រៅប្រទេសមានបញ្ហា មិនអាចចេញចូលសេរីបានដូចមុនកូវីដ១៩ឡើយ” លោកបន្តថា “នៅពេលមានបញ្ហាតានតឹងនៅកោះតៃវ៉ាន់ ក៏កម្ពុជាមិនមានបញ្ហាអ្វីនោះឡើយ ហើយកម្ពុជានៅតែទទួលបានការវិនិយោគពីអ្នកវិនិយោគិនក្នុងស្រុកដដែល”។

ផ្ទុយទៅវិញក្រៅពីចិនកម្ពុជា នឹងទទួលបានការវិនិយោគពីបណ្ដាប្រទេសអាស៊ាននិងប្រទេសជាដៃគូមួយចំនួនទៀត  ។

លោកច្រឹក សុខនីមបានបន្ថែមថា កិច្ចប្រជុំអាស៊ាន ដែលយើងធ្វើជាម្ចាស់ផ្ទះ នឹងនាំមកនូវវិនិយោគិនបរទេស ក្នុងតំបន់អាស៊ាន ជប៉ុន កូរ៉េខាងត្បូងជាដើម ខណៈប្រទេសទាំងនោះ កំពុងមានគម្រោងវិនិយោគរបស់ខ្លួនស្រាប់ផងក្នុងប្រទេស ហើយវិស័យដែលនឹងទទួលបានអត្ថប្រយោជន៍កិច្ចប្រជុំនេះច្រើនជាងគេ មានតែវិស័យអចលនទ្រព្យនេះឯង ដែលវាកំពុងតែមានវិសាលភាពទូលាយក្នុងការទាក់ទាញវិនិយោគិន។

អ្នកជំនាញនៃវិស័យនេះក៏បានមើលឃើញថា ឆ្នាំក្រោយៗជាឆ្នាំដែលកម្ពុជា នឹងទទួលបានការវិនិយោគពីបរទេស ជាបន្តបន្ទាប់ឡើងវិញ ខណៈឆ្នាំ២០២២នេះ ការមកដល់នៃជនបរទេសវិនិយោគនៅកម្ពុជា មានភាពរអាក់រអួលបន្តិច ។

ជាមួយគ្នានេះ លោកព្រាប កុល គ្រូបង្គោលនៃក្រុមហ៊ុនCentury 21 Zillion Holding បានឱ្យដឹងថា ឆ្នាំ២០២២នេះ បណ្ដាប្រទេសមួយចំនួននៅតែមានបញ្ហាជំងឺកូវីដ១៩ ហើយគោនយោបាយសូន្យកូវីដ១៩ របស់ចិនក៏ជាបញ្ហាមួយដែរ។ ក្រៅពីនេះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក៏ជាបញ្ហាមួយផងដែរ ចង់មិនចង់វាក៏នឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។

ប៉ុន្តែលោកមានសុទិដ្ឋិនិយមថា ឆ្នាំ២០២៣ឬ២០២៤ខាងមុខ កម្ពុជារំពឹងថានឹងមានជនបរទេសចូល មកវិនិយោគឡើងវិញជាបណ្ដើរៗផងដែរ។

ក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃម្សិលម៉ិញនេះ លោកវ៉ាង យីទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការ​បរទេសចិន បានសន្យាបន្តចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា និងជម្រុញវិនិយោគិនចិន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here