ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​មួយទៀត​ពី​ប្រទេស​អង់គ្លេស​បាន​ផ្តល់ជូន​បុរី​ប៉េង ហួត

0

ដោយ រតនៈ

ភ្នំពេញ៖ ជាមួយនឹង​ការអភិវឌ្ឍន៍​ផ្តោតលើ​ផាសុខភាព និង​គោរព​ស្តង់ដា​បរិស្ថាន​ស្អាត ក្រុមហ៊ុន​បុរី​ប៉េង ហួត​គ្រុប​ត្រូវបាន​អ្នករៀបចំ​កម្មវិធី​ពានរង្វាន់ អចលនទ្រព្យ​អាស៊ី​ប៉ាស៊ីហ្វិក បានសម្រេច​ប្រគល់​ពានរង្វាន់​ដល់​បុរី​នេះ​នៅ​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស។

កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ បានធ្វើ​ឡើង​កាលពី​នា​រាត្រី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ដែលជា​ដំណាក់កាល​ចុងក្រោយ នៃ​កម្មវិធី​ប្រកាស​ពានរង្វាន់​ថ្នាក់​តំបន់ និង​ពិភពលោក​របស់​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អន្តរជាតិ រៀបចំឡើង​នៅ​សណ្ឋាគារ The Savoy Hotel នៅ​ទីក្រុង​ឡុង​ដ៍ ដែលមាន​ការចូលរួម​ពី​ម្ចាស់​ជ័យលាភី​តំណាង​ប្រទេស និង​តំបន់​ទូទាំង​ពិភពលោក​ពី កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តំបន់​អឺរ៉ុប តំបន់​អាមេរិក តំបន់​អាហ្វ្រិក តំបន់​អារ៉ាប់ និង​ពី​ចក្រភព​អង់គ្លេស។

ក្រុមហ៊ុន ប៉េង ហួត គ្រុប តំណាង​ជ័យលាភី​ពី​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​កិត្តិយស ដែល​ទទួលបាន​ជ័យលាភី​ពានរង្វាន់​លំដាប់​អន្តរជាតិ គឺ”ពានរង្វាន់​អភិវឌ្ឍន៍​សេវាកម្ម​សាធារណៈ ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សំរាប់​គម្រោង​សាល​សន្និបាត យូរ៉ូ​វី​ល / Best Public Service Development Asia Pacific for Euroville Convention Hall.”។

លោក​ឧកញ៉ា​ថៃ ម៉េង​លី អគ្គនាយក ក្រុមហ៊ុន ប៉េង ហួត គ្រុប បាន​មានប្រសាសន៍ ពី​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​ថា “នេះ​ជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែល​បានធ្វើ​ឲ្យ​ទង់ជាតិ​កម្ពុជា​និង​ស្លាក​យីហោ ក្រុមហ៊ុន បង្ហាញខ្លួន លើ​វេទិការ​អន្តរជាតិ នៅ​កណ្ដាល​ទីក្រុង​ឡុង​ដ៍ នៃ​ចក្រភព​អង់គ្លេស។លោក​បន្តថា “នេះ​មិនមែន​ជាការ​ចៃដន្យ​ទេ​ដែល ក្រុមហ៊ុន ប៉េង ហួត គ្រុប យើង​ទទួលបាន​ពានរង្វាន់​អ្នក​អភិវឌ្ឍ​សេវាកម្ម​សាធារណៈ ដែល​ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែលមាន​ការចូលរួម​ពី​បណ្ដាល​ប្រទេស​នានា ពី៥ទ្វីប​លើ​ពិភពលោក។

លោក​ឧកញ៉ា​ថៃ ម៉េង​លី​បាន​បន្តថា នេះ​ជា​សមិទ្ធផល នៃ​ការខិតខំ​របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ នៅក្នុង​ក្រុមហ៊ុន ប៉េង ហួត គ្រុប​យើង​ដែល​បាន​សាមគ្គី​គ្នា​សំរេច​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន ដើម្បី​ឈានមុខ​គេ​ទាំង​គុណភាព សោភ័ណភាព សេវាកម្ម ល្អ​ជាងគេ ដូច្នេះ​ខ្ញុំ​តំណាង​ឲ្យ ក្រុមហ៊ុន សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​នឹង​សូម​ឲ្យ​ថ្នាក់ដឹកនាំ​ទាំងអស់​ខិតខំ​បន្ថែមទៀត​ដើម្បី​សំរេច​គោលដៅ​ក្រុមហ៊ុន​ឈានទៅ​ទទួលពាន​លំដាប់​ពិភពលោក​បន្តទៀត។ ជា​ចុងក្រោយ ក្រុមហ៊ុន​សូម​ថ្លែងអំណរគុណ​ផងដែរ​ដល់​អតិថិជន ដែល​បន្ត​ផ្តល់​ទំនុកចិត្ត​និង​គាំទ្រ​ក្រុមហ៊ុន​យើងខ្ញុំ​កន្លងមក”

ជា​រៀងរាល់ឆ្នាំ​ក្រុមហ៊ុន International Property Media ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស តែងតែ​រៀបចំ​ការប្រកួតប្រជែង​យក​ពានរង្វាន់ អចលនទ្រព្យ​អន្តរជាតិ​តាម​តំបន់នីមួយៗ ដូចជា អាស៊ី​ប៉ាស៊ីហ្វិក អាហ្វ្រិក អារ៉ាប់ អាមេរិក អឺរ៉ុប និង​ចក្រភព​អង់គ្លេស ដើម្បី​ជ្រើសរើស​រក​ក្រុមហ៊ុន​ដែល​ល្អ​ជាងគេ មក​ប្រកួតប្រជែង​ដើម្បី​សម្រិតសម្រាំង​រក​ម្ចាស់​ជ័យលាភី​ចុងក្រោយ​ប្រចាំ​តំបន់នីមួយៗនិង​ពិភពលោក។

កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបាន​ពានរង្វាន់​លំដាប់​ផ្កាយ​ប្រាំ​ចំនួន៣ និង​ពានរង្វាន់ផ្សេងៗសរុប១៣ពានរង្វាន់​ពី​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​The Marriott Marquis Queen’s Park នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បាន​ទទួល​ជ័យលាភី ជា​ក្រុមហ៊ុន​អភិវឌ្ឍ​ល្អ​ជាងគេ​ប្រចាំ​ប្រទេស​កម្ពុជា​ចំនួន៣ឆ្នាំ​ជាប់​គ្នា​ផងដែរ ពី​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា រៀបចំឡើង​ដោយ​ក្រុមហ៊ុន​Property Guru ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here