ដោយៈគង់ សូរិយា
ភ្នំពេញៈ ទំនាក់ទំនងកម្ពុជា ចិនបានពូនជ្រុំដោយមេដឹកនាំអតីតៈកាល និងបច្ចុប្បន្ន ដែលប្រទេសទាំងពីរនាពេលបច្ចុប្បន្នបាន និងកំពុងកសាងនូវ “សហគមន៍ពីរ វាសនាតែមួយ”។
ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោកWang Wentian បានគូសបញ្ជាក់យ៉ាងដូច្នេះ ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ នៃការប្រសូតរបស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ កាលពីថ្ងៃទី ២៨ ខែកញ្ញាកន្លងមកនេះ។
លោកបានបញ្ជាក់ ពីការកសាងសហគមន៍វាសនារួម រវាងចិន និងកម្ពុជានឹងបន្តឈានទៅរកកម្រិតថ្មីមួយទៀត ហើយទំនាក់ទំនងរវាងប្រទេសទាំង២ នឹងទទួលបានការអភិវឌ្ឍកាន់តែរស់រវើក ខណៈក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ បានអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយបានឈានចូលយុគសម័យថ្មី នៃការកសាងសហគមន៍វាសនារួម។
លោក Wang Wentian បានលើកឡើងពីការបន្តដំណើរឆ្ពោះទៅមុខ ការបន្តជំហានយ៉ាងអង់អាច និងការកសាងសហគមន៍វាសនារួម រវាងចិន-កម្ពុជាយ៉ាងសកម្ម។
លោកថ្លែងបញ្ជាក់ថា “ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២ ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយបានឈានចូលយុគសម័យថ្មី នៃការកសាងសហគមន៍វាសនារួម”។
លោកលើកឡើងថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានបន្តមរតក និងអភិវឌ្ឍគោលនយោបាយចំណងមិត្តភាព ជាមួយប្រទេសចិន ដែលជាព្រះរាជកំណត់ដោយ “សម្តេចព្រះបរមរតនកោដ្ឋ” បន្តរួមជាកម្លាំងក្នុងការលើកកម្ពស់ឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ ដោយបន្តផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនទាំង២។
លោកបានបន្តដោតរំឭកថា ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺកូវីដ ១៩មក ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជាត្រូវបានលើកកម្ពស់ថែម ១ កម្រិតទៀត។
ដោយលោកបញ្ជាក់ថា នៅពេលដែលប្រទេសចិន កំពុងស្ថិតក្នុងស្ថានភាពលំបាកបំផុត នៃការទប់ស្កាត់ជំងឺកូវីដ១៩ ព្រះករុណា ព្រះមហាក្សត្រ [នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានសព្វព្រះទ័យប្រោសព្រះរាជទានអំណោយ ដ៏ថ្លៃថ្លាសម្តេចតេជោបានបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិនប្រជាជនកម្ពុជា បានផ្តល់ជំនួយជាថវិកា និងសម្ភារយ៉ាងសកម្ម។
លោកWang Wentienបានបញ្ជាក់ថា “នេះបានបង្ហាញយ៉ាងពេញលេញពីខ្លឹមសារស្នូល នៃសហគមន៍វាសនារួម ដែលរួមសុខរួមទុក្ខជាមួយគ្នា”។លោកបន្ថែមថា “ក្រោយការមានការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងប្រទេសកម្ពុជា ភាគីចិនបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់កម្ពុជាតាមដែលអាចធ្វើទៅបាន”។
រហូតមកដល់បច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ ១៩ បានប្រគល់ដល់កម្ពុជាមានចំនួនជិត៤២លានដូស បានជួយដល់កម្ពុជាក្នុងការបង្កើតរបាំងការពារ និងសម្រេចបាននូវការស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញយ៉ាងឆាប់រហ័ស។
ខណៈឆ្នាំ ២០២៣ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំង២ ដោយចិន និងកម្ពុជានឹងរៀបចំកម្មវិធីពាក់ព័ន្ធយ៉ាងអធិកអធម លោកជឿជាក់ថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជនទាំង ២ ការកសាងសហគមន៍វាសនារួមរវាងចិន និងកម្ពុជានឹងបន្តឈានទៅរកកម្រិតថ្មីមួយទៀត ហើយទំនាក់ទំនងរវាងប្រទេសទាំង២ នឹងទទួលបានការអភិវឌ្ឍកាន់តែរស់រវើក។
លោក Wang Wentian អះអាងថា ក្រោយពី “សម្តេចព្រះបរមរតនកោដ្ឋ» សោយទិវង្គត ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិន និងព្រះរាជវង្សានុវង្សកម្ពុជា ត្រូវបានពង្រឹងនិងអភិវឌ្ឍជាបន្តដូចសព្វដង”។
កាលពីឆ្នាំ២០១៦ ប្រធានាធិបតីចិន លោកXi Jinping និងព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងប្រទេសទាំង២។ នៅឆ្នាំ ២០២០ លោកXi Jinping បានថ្វាយគ្រឿងឥស្សរិយយស “មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន” ដល់សម្តេ ចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។
ក្នុងឆ្នាំ ២០២២ នេះព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានយាងចូលរួមពិធីបើក ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំង និងបានបំពេញព្រះរាជទស្សនកិច្ចនៅទីក្រុង Shanghai ខេត្ត Zhejiang និងខេត្ត Shaanxi ជាដើម។
កាលពីសប្តាហ៍មុន ព្រះអង្គបានបំពេញទស្សនកិច្ច ទៅកាន់ខេត្ត Hunan ប្រទេសចិន និងបានយាងទស្សនាអតីត គេហដ្ឋានរបស់អតីតប្រធានាធិបតីចិនលោក ម៉ៅ សេទុង៕