ឯកអគ្គរដ្ឋទូតចិនលើកឡើងពីប្រវត្តិទំនាក់ទំនងកម្ពុជា ចិនពីអតីតកាល និងឈានដល់ការ “កសាងសហគមន៍ពីរ វាសនាតែមួយ

0

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ ទំនាក់ទំនងកម្ពុជា ចិនបានពូនជ្រុំដោយមេដឹកនាំអតីតៈកាល និងបច្ចុប្បន្ន ដែលប្រទេសទាំងពីរនាពេលបច្ចុប្បន្នបាន និងកំពុងកសាងនូវ “សហគមន៍ពីរ វាសនាតែមួយ”។

ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោកWang Wentian បាន​​គូស​បញ្ជាក់​យ៉ាងដូច្នេះ ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី១០០ នៃ​ការ​ប្រសូត​របស់​ព្រះករុណា​ព្រះបាទ ​សម្តេច​ព្រះនរោត្ត​ម សីហនុ កាលពីថ្ងៃទី​ ២៨ ខែ​កញ្ញាកន្លងមកនេះ។

លោកបានបញ្ជាក់ ពី​ការ​កសាង​សហគមន៍​វាសនា​​រួម​ រវាង​ចិន​ និង​កម្ពុជា​នឹង​បន្ត​ឈាន​ទៅរក​កម្រិត​ថ្មី​មួយ​ទៀត ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ នឹង​ទទួលបាន​ការ​អភិវឌ្ឍ​កាន់តែ​រស់រវើក ខណៈ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​​ទាំង​ ២ បាន​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស ​ហើយ​បាន​ឈាន​ចូល​យុគសម័យ​ថ្មី​ នៃ​ការ​កសាង​សហគមន៍​វាសនា​រួម​។

លោក Wang Wentian​ បាន​លើក​ឡើង​ពី​ការ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​មុខ ការ​បន្ត​ជំហាន​យ៉ាង​អង់អាច​ និង​ការ​កសាង​សហគមន៍​វាសនា​រួម រវាង​ចិន-កម្ពុជា​យ៉ាង​សកម្ម។

លោក​ថ្លែង​បញ្ជាក់ថា “ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ក្រោម​ការ​ណែនាំ​ជា​យុទ្ធសាស្ត្រ​របស់​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​២ ទំនាក់ទំនង​ទ្វេភាគី​បាន​អភិវឌ្ឍ​​ន៍យ៉ាង​ឆាប់​រហ័ស​ ហើយ​បាន​ឈានចូល​​យុគសម័យ​ថ្មី ​នៃ​ការ​កសាង​សហគមន៍​វាសនា​រួម”។

លោក​លើក​ឡើង​ថា​ សម្តេចតេជោហ៊ុន សែននាយក​រដ្ឋមន្ត្រី​ បាន​បន្ត​មរតក​ និង​អភិវឌ្ឍ​គោល​នយោបាយ​ចំណង​មិត្តភាព​ ជាមួយ​ប្រទេស​ចិន ​ដែល​ជា​ព្រះរាជ​កំណត់​ដោយ “សម្តេច​ព្រះបរម​រតនកោដ្ឋ”​ បន្ត​រួមជា​កម្លាំង​ក្នុង​ការ​លើក​កម្ពស់​ឱ្យ​ស៊ីជម្រៅ ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​២​ ដោយ​បន្ត​ផ្តល់​អត្ថប្រយោជន៍​ជាក់ស្តែង​ជូន​ដល់​ប្រជាជន​ទាំង​២​។

លោក​បានបន្តដោត​រំឭក​ថា​ ចាប់​តាំងពី​មាន​ការ​ផ្ទុះ​ឡើង ​នូវ​ជំងឺ​កូវីដ​ ១៩​​មក ចំណង​មិត្តភាព​ដែក​ថែប​រវាង​ចិន​ និង​កម្ពុជា​ត្រូវ​បាន​លើក​កម្ពស់​ថែម​ ១ កម្រិត​ទៀត។

​ដោយ​លោក​បញ្ជាក់​ថា​ ​នៅពេល​ដែល​ប្រទេស​ចិន​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បំផុត​​ នៃ​ការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ព្រះ​ករុណា​ ព្រះមហាក្សត្រ​ [នរោត្តម​ សីហមុនី និង​សម្តេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ បាន​សព្វ​ព្រះទ័យ​ប្រោស​ព្រះរាជទាន​អំណោយ​ ដ៏​ថ្លៃថ្លា​សម្តេច​តេជោ​បាន​បំពេញ​ទស្សនកិច្ច​ ទៅ​កាន់​ប្រទេស​ចិន​ប្រជាជន​កម្ពុជា ​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ និង​សម្ភារ​យ៉ាង​សកម្ម​។​

លោកWang Wentienបានបញ្ជាក់ថា “នេះ​បាន​បង្ហាញ​យ៉ាង​ពេញលេញ​ពី​ខ្លឹមសារ​ស្នូល ​នៃ​សហគមន៍​វាសនា​រួម​ ដែល​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា”។លោក​បន្ថែម​ថា “ក្រោយ​ការ​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​ក្នុង​ប្រទេស​កម្ពុជា​ ភាគី​ចិន​​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ ដល់​កម្ពុជា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន”​។

រហូតមក​ដល់​បច្ចុប្បន្ន​នេះ វ៉ាក់សាំង​កូវីដ ១៩ បាន​ប្រគល់​ដល់​កម្ពុជា​មាន​ចំនួន​ជិត​៤២លាន​ដូស បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​បង្កើត​របាំង​ការពារ និង​សម្រេច​​បាន​នូវ​ការ​ស្តារ​សេដ្ឋកិច្ច​ និង​សង្គម​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស។

ខណៈ​ឆ្នាំ ២០២៣ គឺជា​ខួប​លើក​ទី​៦៥ ​នៃ​ការ​បង្កើត​ទំនាក់ទំនង ការទូត​រវាង​ប្រទេស​ទាំង​២ ដោយ​ចិន​ និង​កម្ពុជា​នឹង​រៀបចំ​កម្មវិធី​ពាក់ព័ន្ធ​យ៉ាង​អធិកអធម លោក​ជឿជាក់ថា​ ក្រោម​ការណែនាំ​ជា​យុទ្ធសាស្ត្រ​របស់​ថ្នាក់​​ដឹកនាំ​នៃ​ប្រទេស​ទាំង​២​ និង​ការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ប្រជាជន​ទាំង ២​ ការ​កសាង​សហគមន៍​វាសនា​រួម​រវាង​ចិន​ និង​កម្ពុជា​នឹង​បន្ត​ឈាន​ទៅរក​កម្រិ​ត​ថ្មី​មួយ​ទៀត ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២​ នឹង​ទទួល​បាន​ការ​អភិ​វឌ្ឍ​កាន់តែ​រស់រវើក​។

លោក​ Wang Wentian ​អះអាង​ថា​ ក្រោយ​ពី “សម្តេច​ព្រះបរមរតន​កោដ្ឋ» សោយ​ទិវង្គត ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​រវាង​ចិន ​និង​ព្រះរាជ​វង្សានុវង្ស​កម្ពុជា​ ត្រូវបាន​ពង្រឹង​និង​អភិវឌ្ឍ​ជា​បន្ត​ដូច​សព្វ​ដង”។

កាលពី​ឆ្នាំ២០១៦ ប្រធានាធិបតី​ចិន​ លោក​Xi Jinping និង​ព្រះមហាក្សត្រ​ព្រះ​បាទ នរោត្តម សីហមុនី បាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​២។ នៅ​ឆ្នាំ​ ២០២០ លោក​Xi Jinping បាន​ថ្វាយ​គ្រឿង​ឥស្សរិយយស “មិត្តភាព​នៃ​សាធារណរដ្ឋ​ប្រជា​មានិតចិន” ដល់​សម្តេ ច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ សីហនុ​។

ក្នុង​ឆ្នាំ ២០២២ នេះ​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម​ សីហមុនី បាន​យាង​ចូលរួម​ពិធី​បើក ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​ប៉េកាំង​ និង​បាន​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ទីក្រុង​ Shanghai​ ខេត្ត Zhejiang និង​ខេត្ត​ Shaanxi​ ជាដើម។

កាលពី​សប្តាហ៍​មុន ព្រះអង្គ​បាន​បំពេញ​ទស្សនកិច្ច ទៅ​កាន់​ខេត្ត Hunan ប្រទេស​ចិន និង​បាន​យាង​ទស្សនា​អតីត​ គេហដ្ឋាន​របស់​អតីត​ប្រធានាធិបតី​ចិនលោក​ ម៉ៅ សេទុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here