លោក ស៊ុន ចាន់ថុលសម្តែងការមិនសប្បាយចិត្តចំពោះការពន្យារពេលម្តងហើយម្តងទៀតរបស់ក្រុមហ៊ុនកូរ៉េសាងសង់ផ្លូវជាតិលេខ២និង២២ដល់ខែ៥ឆ្នាំ២០២៣

0

ដោយ៖ សុផារី

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការមិនសប្បាយចិត្តខ្លាំង ចំពោះការពន្យារពេលម្តងហើយម្តងទៀត របស់ក្រុមហ៊ុនសាងសង់ហាន់ស៊ីនរបស់កូរ៉េ ដែលបានស្នើសុំពន្យារពេលម្តងទៀតគម្រោងផ្លូវជាតិលេខ២ និង២២ ដល់ខែ៥ ឆ្នាំ២០២៣។

ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ​កន្លង​មក​របស់​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន” នាទីស្ដីការគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៧​ ខែតុលា ឆ្នាំ​២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យ​ដឹង​ថា ផ្លូវ​ជាតិ​លេខ២ និង២២ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ហាន់ស៊ីន​របស់​កូរ៉េ ត្រូវ​ពន្យារ​ពេល​ម្តង​ទៀត ខណៈ​ក្រុមហ៊ុន​ស្នើ​សុំ​បញ្ចប់​រហូត​ដល់​ខែ៥ ឆ្នាំ២០២៣។

លោក​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បាន​ថ្លែង​ទាំង​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត របស់​ក្រុមហ៊ុន​សាងសង់​មួយ​នេះ។

លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុន​យឺតយ៉ាវ ដំបូង​សន្យា​នឹង​បញ្ចប់​នៅ​ខែ៨ ឆ្នាំ ២០២២ រហូត​ថ្ងៃ២៧ ខែតុលា ឆ្នាំ២០២២ នៅ​មិន​ទាន់​ចប់​នៅ​ឡើយ។ ក្រុមហ៊ុន​ស្នើ​សុំ​ម្តង​ទៀត​រហូត​ដល់​ខែ៥ ឆ្នាំ ២០២៣។ ក្រសួង​កំពុង​ពិនិត្យ​ពិចារណា តើ​ការពន្យា​រពេល​នេះ​សមស្រប​តាម​បច្ចេកទេស​ឬ​ទេ?”។

កន្លងមក កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំជាមួយលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដើម្បីដោះស្រាយបញ្ហាការងារសាងសង់ផ្លូវជាតិទាំងពីរនេះ។ ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រីបានជំរុញដល់ក្រុមហ៊ុនសាងសង់​ត្រូវពន្លឿនអនុវត្តគម្រោងឱ្យសម្រេចបានជោគជ័យប្រកបដោយគុណភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសាងសង់ដែលបានកំណត់នៅក្នុងសៀវភៅបន្ទុកការងារ។

ផ្លូវជាតិលេខ២ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ ខណៈផ្លូវជាតិលេខ២២មានប្រវែងសរុបចំនួន៩,៦១គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោមផ្លូវជាតិលេខ៣។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ៥៦លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ផ្លូវជាតិទាំងពីរខ្សែនេះ សាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd. ត្រូតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Joint Venture of Dasan Consultants Co., Ltd, ក្រុមហ៊ុន Dong II Engineering Consultants Co., Ltd. និងក្រុមហ៊ុន Seoyoung Engineering Co., Ltd. ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here