ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឲ្យដំណើរការបង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិកថ្មីចំនួនពីរ គឺប្រព័ន្ធអេឡិកត្រូនិក (E-payment) សម្រាប់ប្រកាសការបង់ប្រាក់ពន្ធ និងប្រព័ន្ធអេឡិកត្រូនិក (E-Filing) សម្រាប់ដំនើរការនៃការដាក់លិខិតប្រកាសបង់ពន្ធ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលជូនដល់អ្នកជាប់ពន្ធ ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោកគង់ វិបុលបានថ្លែងលើកឡើងនៅក្នុងសិក្ខា ស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងការកែទម្រង់ប្រព័ន្ធរដ្ឋបាលសារពើពន្ធ (E-Payment) នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះថា ការររៀបចំសិក្ខាសាលានេះ គឺក្នុងគោលបំណងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ និងឲ្យបានជ្រួតជ្រាបដល់គ្រប់មជ្ឈដ្ឋានអ្នកជាប់ពន្ឋ ជាពិសេសដើម្បីស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅថែមទៀត ចំពោះកាតព្វកិច្ចសារពើពន្ធរបស់សហគ្រាស និងការប្រកាសបង់ពន្ធលើប្រាក់ចំណូល ដែលនឹងត្រូវចូលមកដល់នា ខែមករា ឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ។
លោកបន្តថា “អ្វីដែលកាន់តែសំខាន់ជាងនេះទៀត គឺអគ្គនាយកដ្ឋានពន្ធដារ ចង់ផ្សព្វផ្សាយអំពីការដាក់ឱ្យដំណើរការ ការបង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ដែលបានរៀបចំរួចរាល់ និងដាក់ឱ្យដំណើរការចាប់ពីពេលនេះតទៅ។លោកបន្តថា “ការដំណើរការនៃការដាក់លិខិតប្រកាសបង់ពន្ធ តាមប្រព័ន្ធអេឡិកត្រូនិក (E-Filing) ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០១៨ខាងមុខ។
លោកគង់ វិបុលបានលើកឡើងបន្តទៀតថា ទាក់ទិននឹងការខិតខំប្រឹងប្រែង ពង្រីកប្រព័ន្ធផ្តល់សេវាឲ្យកាន់តែងាយស្រួលនេះ គឺជារួមចំណែកខ្ពស់ក្នុងការពង្រឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធ៕