កម្ពុជា​នាំ​ត្រី​ចេញ​ចន្លោះ​ពី ៦០០០ ទៅ ៧០០០តោន​ក្នុង​មួយឆ្នាំ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាងថា កម្ពុជា​អាចមាន​ល​ទ្ឋ​ភាព​នាំចេញ​ផល​នេសាទ(ត្រី) ចន្លោះ​ពី៦០០០ទៅ៧០០០តោន​ក្នុង​ឆ្នាំ២០១៨នេះ ដែលមាន​ចំនួន​ប្រហាក់ប្រហែលគ្នា​នឹង​ឆ្នាំមុន។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក អគ្គនាយកដ្ឋាន​ជលផល ក្រសួងកសិកម្ម លោក​អេង ជា​សាន្ត​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី១៨ ធ្នូ​កន្លងមក​ថា​ការនាំចេញ​ត្រី​ពី​កម្ពុជា​អាច​ស្ថិតក្នុង​សភាព​ទ្រឹង តែ​កម្ពុជា​បាន​នាំចូល​ផល​ត្រី​មកពី​ក្រៅប្រទេស​មាន​កំនើន​ជាង​ការនាំចេញ ដោយ​កម្ពុជា​នាំចូល​ត្រី​ប្រមាណ១ម៉ឺន​តោន។

លោក​បន្តថា “ការណ៍​ដែល​កម្ពុជា​មិនមាន​កំណើន​ឡើង​នៃ​ការនាំចេញ និង​មាន​តម្រូវការ​នាំចូល​ខ្លះ​នោះ គឺ​ដោយសារ​ចំនួន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មាន​កំនើន​ឡើង​ខ្លាំង និង​មាន​តម្រូវ​សាច់​ត្រី​ច្រើន​នៅ​កម្ពុជា។

លោក​អេង ជា​សាន្ត បញ្ជាក់ថា រាល់​ផល​ត្រី ដែល​កម្ពុជា​បាន​បើក​អោយមាន​ការនាំចេញ​និង​នាំចូល​នេះ គឺជា​ប្រភេទ​ត្រី​ដែល​បណ្តា​ប្រទេសនីមួយៗ មិន​មានពូជ​នៅក្នុង​ប្រទេស​កម្ពុជា និង​ត្រី​មិនមាន​នៅក្នុង​ប្រទេស​រប​ស់​ពួកគេ។ ដើម្បី​បង្កើន​ការ​ផលិតផល​ត្រី​សម្រាប់​ការផ្គត់ផ្គង់​នៅក្នុង​ស្រុក​ផង និង​ការនាំចេញ​ផង សហភាព​អឺរ៉ុបថ្មីៗនេះ​បាន​សម្រេចចិត្ត គ្រោង​ផ្តល់​ថវិកា​ជំនួយ​ប្រមាណ៨៧លាន​អឺរ៉ូ ដែល​ស្មើ​ប្រមាណ១០០លាន​ដុល្លា​អាមេរិក មកដល់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ សម្រាប់​អនុវត្ត​កម្មវិធី​ការគ្រប់គ្រង​ធនធាន​ជលផល​នៅ​កម្ពុជា​ឆ្នាំ២០១៩ ឆ្នាំ២០២៣ ។

គម្រោង​ជំនួយ​នេះ ជាការ​រួមចំនែក​ក៏​នឹង​ធានា​ការអភិរក្ស​ត្រី​ជិត​ផុត​ពូជ ជួយ​សហគម​នេសាទ​បង្កើន​ជីវភាព​ក្នុងការ​ការពារ​ធនធាន ដើម្បីអោយ​មាន​និរន្ត​ភាព​ក្នុង​ការប្រមូល​ផល  និង​ផ្តល់​ការកែច្នៃ​ត្រី​រក្សាទុក​បានយូរ និង​ជម្រុញ​កែច្នៃរ​ផល​ត្រី​អោយមាន​គុណភាព និង​អនាម័យ​ចាប់ពី​ក្នុង​ទឹក​រហូតដល់​តុ​បាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here