ដោយគង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា កម្ពុជាអាចមានលទ្ឋភាពនាំចេញផលនេសាទ(ត្រី) ចន្លោះពី៦០០០ទៅ៧០០០តោនក្នុងឆ្នាំ២០១៨នេះ ដែលមានចំនួនប្រហាក់ប្រហែលគ្នានឹងឆ្នាំមុន។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក អគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម លោកអេង ជាសាន្តបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៨ ធ្នូកន្លងមកថាការនាំចេញត្រីពីកម្ពុជាអាចស្ថិតក្នុងសភាពទ្រឹង តែកម្ពុជាបាននាំចូលផលត្រីមកពីក្រៅប្រទេសមានកំនើនជាងការនាំចេញ ដោយកម្ពុជានាំចូលត្រីប្រមាណ១ម៉ឺនតោន។
លោកបន្តថា “ការណ៍ដែលកម្ពុជាមិនមានកំណើនឡើងនៃការនាំចេញ និងមានតម្រូវការនាំចូលខ្លះនោះ គឺដោយសារចំនួនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ មានកំនើនឡើងខ្លាំង និងមានតម្រូវសាច់ត្រីច្រើននៅកម្ពុជា។
លោកអេង ជាសាន្ត បញ្ជាក់ថា រាល់ផលត្រី ដែលកម្ពុជាបានបើកអោយមានការនាំចេញនិងនាំចូលនេះ គឺជាប្រភេទត្រីដែលបណ្តាប្រទេសនីមួយៗ មិនមានពូជនៅក្នុងប្រទេសកម្ពុជា និងត្រីមិនមាននៅក្នុងប្រទេសរបស់ពួកគេ។ ដើម្បីបង្កើនការផលិតផលត្រីសម្រាប់ការផ្គត់ផ្គង់នៅក្នុងស្រុកផង និងការនាំចេញផង សហភាពអឺរ៉ុបថ្មីៗនេះបានសម្រេចចិត្ត គ្រោងផ្តល់ថវិកាជំនួយប្រមាណ៨៧លានអឺរ៉ូ ដែលស្មើប្រមាណ១០០លានដុល្លាអាមេរិក មកដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សម្រាប់អនុវត្តកម្មវិធីការគ្រប់គ្រងធនធានជលផលនៅកម្ពុជាឆ្នាំ២០១៩ ឆ្នាំ២០២៣ ។
គម្រោងជំនួយនេះ ជាការរួមចំនែកក៏នឹងធានាការអភិរក្សត្រីជិតផុតពូជ ជួយសហគមនេសាទបង្កើនជីវភាពក្នុងការការពារធនធាន ដើម្បីអោយមាននិរន្តភាពក្នុងការប្រមូលផល និងផ្តល់ការកែច្នៃត្រីរក្សាទុកបានយូរ និងជម្រុញកែច្នៃរផលត្រីអោយមានគុណភាព និងអនាម័យចាប់ពីក្នុងទឹករហូតដល់តុបាយ៕