គម្រោងបង្កើតក្រុងល្វាឯម កំពុងទាក់ទាញអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ទៅកាន់តំបន់នោះ

ចែករំលែក

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីសម្ដេចតេជោ បានប្រកាសឱ្យសិក្សាពីការបង្កើតក្រុងល្វាឯម និងគម្រោងនេះកាន់តែជិតជារូបរាងនេះឃើញថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបាន និងកំពុងសម្លឹងស្វែងរកឱកាស ក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួន ដូចជា គម្រោងអភិវឌ្ឍន៍ដីឡូត៏ គម្រោងអភិវឌ្ឍន៍លំនៅឋាននិង និងគម្រោងរោងចក្រឧស្សាហកម្មជាដើម។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា នៅពេលមានគម្រោងបង្កើតក្រុង នោះនឹងមានការអភិវឌ្ឍ ទៅលើហេដ្ឋារចនាសម្ព័ន្ធ ដូចផ្លូវ ភ្លើង និងទឹកស្អាតជាដើម ដើម្បីឱ្យស័ក្តិសមនឹងឈ្មោះក្រុង។ នៅពេលដែលមានការអភិវឌ្ឍ ទៅលើហេដ្ឋារចនាសម្ព័ន្ធទាំងនេះ វានឹងទាក់ទាញដល់ការវិនិយោគអចលនទ្រព្យជាមួយ នឹងតម្លៃនៃអចលនទ្រព្យផងដែរ ។

លោកបន្តថា “នៅទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅទីនោះនឹងមានមនុស្សចង់ទៅរស់នៅ កាន់តែច្រើនហើយនឹងជំរុញឱ្យមានតម្រូវការកាន់តែច្រើន”។ លោកបន្ថែមថា“ដូច្នេះហើយអ្នកអភិវឌ្ឍន៍ នឹងឆ្លៀតឱកាស ក្នុងការស្វែងរកការវិនិយោគដើម្បីរកប្រាក់ចំណេញ ដែលនេះគឺជាឱកាសល្អសម្រាប់ពួកគាត់”។

ជាមួយគ្នានេះ លោកថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនចាន់ណាលែនក៏បានឱ្យដឹងផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ លោកបានសង្កេតឃើញថា នៅតំបន់ប៉ែកខាងកើតភ្នំពេញ មានគម្រោងមួយចំនួនបាននិងកំពុងដាក់ទីតាំងវិនិយោគរបស់ខ្លួននៅទីនោះ ដែលជាសញ្ញាល្អក្នុងការអភិវឌ្ឍលើអចលនទ្រព្យ ។

លោកបន្តថា “ត្រើយខាងកើត និងត្រើយខាងលិច ពោលគឺនៅរាជធានីភ្នំពេញ និងស្រុកល្វាឯម តំបន់អរិយក្សត្រនៅមិនឆ្ងាយពីគ្នាទេ តែដោយសារមិនមានស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់អរិយក្សត្រទើបធ្វើឱ្យតំបន់ទាំងពីរនេះហាក់នៅឆ្ងាយពីគ្នា”។

លោកបន្តថា ប៉ុន្តែគម្រោងតភ្ជាប់ស្ពាននេះ នឹងត្រូវចាប់ផ្ដើមសាងសង់នៅពេលឆាប់ៗ ខាងមុខនេះដូច្នេះវាជារឿងដែលល្អ សម្រាប់អ្នកអភិវឌ្ឍន៍នៅប៉ែកខាងកើតរាជធានីភ្នំពេញ។

លោកថាន់ ចាន់ណាបានបន្ថែមថា ការអភិវឌ្ឍលំនៅឋាននៅប៉ែកខាងកើតរាជធានី នឹងងាកទៅរកតំបន់អរិយក្សត្រវិហារសួគ៌ កាន់តែច្រើនស្របពេលតម្លៃដីធ្លី នៅតាមបណ្ដោយផ្លូវជាតិលេខ៦អា កាន់តែឡើងថ្លៃដែលអ្នកអភិវឌ្ឍន៍ លំនៅឋានតម្លៃសមរម្យ មិនអាចចូលចុះនោះទេ គឺតំបន់នោះភាគច្រើនគេអភិវឌ្ឍន៍ជាលំនៅឋាន ដែលមានតម្លៃខ្ពស់ៗ សម្រាប់អ្នកមានតែម្ដង ។

រដ្ឋាភិបាលបានបង្កើតឱ្យមានក្រុង នៅគ្រប់ទីរួមខេត្តទូទាំងប្រទេស ក្នុងនោះដែរក្នុងមួយខេត្ត យ៉ាងហោចណាស់ក៏មានមួយក្រុងដែរ និងខេត្តខ្លះមានរហូតដល់២ក្រុង ដូចជា ខេត្តកំពតមានក្រុងកំពត និងក្រុងបូកគោ ខេត្តបន្ទាយមានជ័យ ក៏មានក្រុងសិរីសោភ័ណ្ឌ និងក្រុងប៉ោយប៉ែត ខេត្តស្វាយរៀង មានក្រុងស្វាយរៀង និងក្រុងបាវិតជាដើម ៕


ចែករំលែក