ខេត្តបាត់ដំបងកំពុងសាងសង់គម្រោងធំៗបីបន្ថែមទៀតដើម្បីជំរុញជាទីក្រុងទេសចរណ៍សំខាន់របស់កម្ពុជា

0

ដោយ៖ សុផារី

បាត់ដំបង៖ ដើម្បីចូលរួមលើកកម្ពស់កែលំអសោភ័ណភាពទីក្រុងបាត់ដំបង ដែលនឹងក្លាយទៅជាទីក្រុងទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង បានគ្រោងនឹងសាងសង់នូវសមិទ្ធផលថ្មីសំខាន់ចំនួន៣បន្ថែមទៀត នៅចំកណ្តាលទីក្រុងបាត់ដំបង ខណៈប្លង់គោលត្រូវបានសិក្សាបញ្ចប់ទាំងស្រុងហើយ ហើយការស្ថាបនាសាងសង់នឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា សមិទ្ធផលសំខាន់ទាំង៣នោះ រួមមាន ទី១.ការស្ថាបនាវិមានឯករាជ្យ ទី២.សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងទី៣.ផ្សាររាត្រីបាត់ដំបង ហើយទីតាំងស្ថាបនាវិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ គឺស្ថិតនៅក្នុងបរិវេណនៃសួននាគបាញ់ទឹក និងតំបន់ជំវិញនៃវិថីម្ហូបអាហារ ដែលក្រុមអាជីវករកំពុងប្រកបរបរអាជីវកម្មលក់ដូរនៅទីនោះ នឹងត្រូវធ្វើការផ្លាស់ប្ដូរទីតាំងលក់ដូររបស់ពួកគាត់ទៅផ្សាររាត្រីបាត់ដំបងថ្មី ដែលរដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការសាងសង់នាពេលដ៏ខ្លីខាងមុខនេះ នៅតាមបណ្តោយសួនច្បារផ្លូវភ្លោះខាងកើតដើមពោធិ៍នាគបាញ់ទឹក។ ការរៀបចំបែបនេះគឺដើម្បីឱ្យប្រជាពលរដ្ឋទូទៅធ្វើការដើរលេងកម្សាន្ត និងស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយនឹងការរៀបចំសួនច្បារថ្មី ដែលមានមុខងារច្រើននៅក្នុងសួនច្បារសម្ដេចក្រឡាហោមវិមានឯករាជ្យនោះផងដែរ ។

លោកបានបញ្ជាក់ថា រហូតមកដល់នឹងពេលនេះរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការសិក្សា និងគិតគូរជូនអាជីវករបានរួចរាល់ហើយ ពោលគឺរដ្ឋបាលខេត្តនឹងធ្វើការសាងសង់ផ្សាររាត្រីថ្មីមួយកន្លែងទៀត ដើម្បីផ្លាស់ប្ដូរឱ្យអាជីវករលក់ដូរទាំងអស់ទៅប្រកបអាជីវកម្មនៅកន្លែងថ្មី ដោយមិនមែនទុកពួកគាត់ចោលនោះឡើយ ។

លោក សុខ លូ បានសំណូមពរដល់ប្រជាពលរដ្ឋ និងក្រុមអាជីវករមានការយោគយល់ ព្រោះថា ការអភិវឌ្ឍតែងតែមានការប៉ះពាល់ខ្លះ ដែលត្រូវទាមទារឱ្យអាជីវករ ក៏ដូចជាប្រជាពលរដ្ឋយើង មានភាពអត់ធ្មត់ និងចូលរួមជាមួយរដ្ឋបាលខេត្តបាត់ដំបង ដើម្បីឱ្យបានឆាប់រួចរាល់ ព្រោះថាការអភិវឌ្ឍទីក្រុងបាត់ដំបងនាពេលនេះ មានគោលបំណងតែមួយគត់ គឺការគិតគូរបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ។

លោកអភិបាលខេត្តបានបន្ថែមថា តាមរយៈនៃការអភិវឌ្ឍសម្រាប់ការសាងសង់សមិទ្ធផលទាំង៣កន្លែងនេះ អាជីវករទាំងអស់ នឹងបានផលប្រយោជន៍ច្រើនបន្ទាប់ពីទទួលបានគម្រោងថ្មីនេះ នឹងធ្វើផ្សាររាត្រីឱ្យមានភាពទាក់ទាញ ហើយនៅតំបន់ផ្លូវលេខ២កន្លះនឹងរៀបចំឱ្យក្លាយជាផ្លូវ ដែលមានអ្នកទស្សនាច្រើន ព្រមទាំងមាត់ស្ទឹងទាំងអស់នឹងមានរៀបចំកែលំអដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here