ភ្នំពេញ ៖ ការនាំចេញដូងប្រេងរបស់ក្រុមហ៊ុនម៉ុង រិទ្ធីគ្រុប បានកើនឡើងក្នុងចន្លោះ១៥ ទៅ២០ភាគរយ ក្នុងរយៈពេលបីត្រីមាស ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អនុប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនដូងប្រេងរបស់ឧកញ៉ា ម៉ុង រិទ្ធី លោក ប្រាចាក់ កងតាណមថាមPrachak Kongtanomtham បានឲ្យដឹង នាថ្ងៃទី ១២ ខែកញ្ញា ម្សិលមិញនេះថា ការនាំចេញនៃទិន្នផលដូងប្រេង ឆ្នាំនេះ មានការកើនឡើង ក្នុងចំនួនខាងលើនេះ ដោយទំហំនៃការនាំចេញបានកើនឡើងដល់៣០,០០០តោន និងមានទំហំទឹកប្រាក់ប្រមាណជា២៣លានដុល្លារអាមេរិក។
-->

លោក បានបន្ថែមថា ទោះបីជាមានការកើនឡើងនូវចំនួននាំចេញក្ដី តែបញ្ហាតម្លៃលក់ចេញមិនមានភាពប្រែប្រួលនោះទេ ព្រោះថាសព្វថ្ងៃទិន្នផលដូងប្រេង១តោន លក់បានក្នុងតម្លៃត្រឹមតែប្រមាណជាង៦២០ ដុល្លារប៉ុណ្ណោះ ដែលតម្លៃនេះ មានភាពប្រហាក់ប្រហែលនឹងឆ្នាំមុន។
លោក បន្តថា ការកើនឡើងនូវការនាំចេញទិន្នផលដូងប្រេងនេះ គឺដោយសារតែខាងក្រុមហ៊ុនបានសិក្សាយ៉ាងម៉ត់ចត់ពីគុណភាពដី ស្ថានភាពទឹកភ្លៀងមានភាពអំណោយផល និងស្របពេល ដែលដើមដូងប្រេង កំពុងតែពេញវ័យក្នុងការផលិត។

សព្វថ្ងៃប្រទេសកម្ពុជាមិនទាន់មានក្រុមហ៊ុន កែច្នៃផលិតផលសម្រេចចេញពីដូងប្រេង នោះទេ ដែលធ្វើឲ្យទិន្នផលទាំងអស់ត្រូវបញ្ជូនទៅលក់បរទេស ដោយក្នុងនោះមានប្រទេសមួយចំនួនដូចជា ប្រទេសស្វីស ប្រទេសចិន ប្រទេសកូរ៉េ ប្រទេសប៉ាគីស្ថាន និងប្រទេសម៉ាឡេស៊ី។ ក្នុងចំណោមទីផ្សារអន្តរជាតិទាំងនេះ ប្រទេសម៉ាឡេស៊ី ជាប្រទេស ដែលនាំចូលផលិតផលដូងប្រេងពីកម្ពុជាធំជាងគេ។
ជុំវិញការកើនឡើងនៃការនាំចេញទិន្នផលដូងប្រេង ទៅកាន់បរទេសនេះ ទីប្រឹក្សាជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បានលើកឡើងថា វាជាការធ្វើពិពិធកម្មលើផលិតផលកសិកម្ម ដែលយើងមិនពឹងផ្អែកលើការនាំចេញនូវផលិតផលស្រូវ អង្ករតែមួយមុខ។ ក្នុងនោះលោក ង៉ែត ជូ ក៏បានបន្ថែមថា បើសិនជាមានលទ្ធភាព ក្រុមហ៊ុនគួរតែបង្កើតក្រុមហ៊ុនកែច្នៃផលិតផលសម្រេច ដើម្បីផ្ដល់ការងារបានកាន់តែច្រើនជូនប្រជាជនកម្ពុជា។

សព្វថ្ងៃក្រុមហ៊ុនដូងប្រេងរបស់លោកឧកញ៉ា ម៉ុង រិទ្ធី មានផ្ទៃដីដាំដុះប្រមាណជា ១៦, ០០០ហិចតា ដែលមានទីតាំងក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយក្រុមហ៊ុននេះ ក៏បានផ្ដល់ការងារដល់ប្រជាជន ប្រមាណជា២០០០នាក់ផងដែរ៕