ដោយ: លាងហួរ
ហាណូយ: យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងរដ្ឋាភិបាលវៀតណាមបានឱ្យដឹងកាលពីថ្ងៃអង្គារ ទី០៦ ខែធ្នូថា ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung និង LG គ្រោងបោះទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាមេរិក ទៅកាន់ប្រទេសវៀតណាម។
សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន Samsung បានកាត់បន្ថយការផលិតស្មាតហ្វូនក្នុងប្រទេសវៀតណាមចំនួន២ដងក្នុងឆ្នាំ២០២២នេះ ដើម្បីឆ្លើយតបនឹងតម្រូវការពិភពលោកដែលធ្លាក់ចុះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Samsung Electronics ដែលវិនិយោគិនបរទេសធំជាងគេបំផុតនៅប្រទេសវៀតណាម គ្រោងបោះទុនវិនិយោគចំនួន២ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងប្រទេសអាស៊ីមួយនេះ ដោយបង្កើនទុនវិនិយោគសរុបរហូតដល់២០ពាន់លានដុល្លារ។
កន្លងមក ក្រុមហ៊ុន Samsung បានផលិតស្មាតហ្វូនរបស់ខ្លួនប្រហែលពាក់កណ្តាលនៅក្នុងប្រទេសវៀតណាម និងបានរួមចំណែកជិតមួយភាគប្រាំនៃការនាំចេញសរុបរបស់ប្រទេសមួយនេះ។
បន្ទាប់ពីមានកិច្ចប្រជុំកាលពីថ្ងៃអង្គារ ទី០៦ ខែធ្នូ នៅក្នុងទីក្រុងសេអ៊ូលរវាងប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc និងនាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Han Jong-hee ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ការបោះទុនវិនិយោគបន្ថែមនេះ នឹងធ្វើឱ្យប្រទេសវៀតណាមកាន់តែរឹងមាំ ជាកន្លែងផលិត ដ៏សំខាន់របស់ក្រុមហ៊ុន Samsung។
ឆ្លើយតបនឹងបញ្ហានេះ ក្រុមហ៊ុន Samsung មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអត្ថាធិប្បាយនោះទេ។
ដោយឡែក រដ្ឋាភិបាលវៀតណាមបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន LG ក៏គ្រោងបោះទុនវិនិយោគចំនួន៤ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងប្រទេសវៀតណាមផងដែរ ដើម្បីប្រែក្លាយប្រទេសនេះជាមជ្ឈមណ្ឌលផលិតកាមេរ៉ាស្មាតហ្វូន។ ក្រុមហ៊ុន LG បានបណ្តាក់ទុនចំនួន៥,៣ពាន់លានដុល្លារក្នុងប្រទេសវៀតណាម ដើម្បីបង្កើតផលិតផលដូចជា គ្រឿងអេឡិចត្រូនិច កាមេរ៉ា និងគ្រឿងបន្លាស់រថយន្ត។
សេចក្តីប្រកាសនេះបានធ្វើឡើង ខណៈពេលដែលប្រទេសវៀតណាម និងកូរ៉េខាងត្បូងបានពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលរហូតមកដល់ពេលនេះ វៀតណាមបានបង្កើតតែជាមួយប្រទេសចិន រុស្ស៊ី និងឥណ្ឌាប៉ុណ្ណោះ។
ប្រទេសទាំងពីរគ្រោងបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគីឱ្យដល់១០០ពាន់លានដុល្លារនៅឆ្នាំ២០២៣ និងដល់១៥០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ពោលគឺកើនឡើងពី៧៨ពាន់លានដុល្លារកាលពីឆ្នាំមុន៕