Samsung និង LG គ្រោងវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាមេរិកទៅកាន់ប្រទេសវៀតណាម

0

ដោយ: លាងហួរ

ហាណូយ: យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងរដ្ឋាភិបាលវៀតណាមបានឱ្យដឹងកាលពីថ្ងៃអង្គារ ទី០៦ ខែធ្នូថា ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung និង LG  គ្រោងបោះទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាមេរិក ទៅកាន់ប្រទេសវៀតណាម។

សេចក្តីប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី ក្រុមហ៊ុន Samsung  បាន​កាត់​បន្ថយ​ការ​ផលិត​ស្មាតហ្វូន​ក្នុង​ប្រទេស​វៀតណាម​ចំនួន​២ដង​ក្នុង​ឆ្នាំ​២០២២នេះ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ពិភពលោក​ដែល​ធ្លាក់​ចុះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានបង្ហាញឱ្យដឹងថា  ក្រុមហ៊ុន Samsung Electronics  ដែលវិនិយោគិនបរទេសធំជាងគេបំផុតនៅប្រទេសវៀតណាម   គ្រោងបោះទុនវិនិយោគចំនួន២ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងប្រទេសអាស៊ីមួយនេះ ដោយបង្កើនទុនវិនិយោគសរុបរហូតដល់២០ពាន់លានដុល្លារ។

កន្លងមក ក្រុមហ៊ុន Samsung បានផលិតស្មាតហ្វូនរបស់ខ្លួនប្រហែលពាក់កណ្តាលនៅក្នុងប្រទេសវៀតណាម និងបានរួមចំណែកជិតមួយភាគប្រាំនៃការនាំចេញសរុបរបស់ប្រទេសមួយនេះ។

បន្ទាប់ពីមានកិច្ចប្រជុំកាលពីថ្ងៃអង្គារ ទី០៦  ខែធ្នូ   នៅក្នុងទីក្រុងសេអ៊ូលរវាងប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc  និងនាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Han Jong-hee ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា  ការបោះទុនវិនិយោគបន្ថែមនេះ  នឹងធ្វើឱ្យប្រទេសវៀតណាមកាន់តែរឹងមាំ ជាកន្លែងផលិត  ដ៏សំខាន់របស់ក្រុមហ៊ុន Samsung។

ឆ្លើយតបនឹងបញ្ហានេះ ក្រុមហ៊ុន Samsung មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​ធ្វើអត្ថាធិប្បាយ​នោះទេ។

ដោយឡែក រដ្ឋាភិបាលវៀតណាមបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន LG ក៏គ្រោងបោះទុនវិនិយោគចំនួន៤ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងប្រទេសវៀតណាមផងដែរ ដើម្បីប្រែក្លាយប្រទេសនេះជាមជ្ឈមណ្ឌលផលិតកាមេរ៉ាស្មាតហ្វូន។ ក្រុមហ៊ុន LG បានបណ្តាក់ទុនចំនួន៥,៣ពាន់លានដុល្លារក្នុងប្រទេសវៀតណាម ដើម្បីបង្កើតផលិតផលដូចជា គ្រឿងអេឡិចត្រូនិច កាមេរ៉ា និងគ្រឿងបន្លាស់រថយន្ត។

សេចក្តីប្រកាសនេះបានធ្វើឡើង ខណៈពេលដែលប្រទេសវៀតណាម និងកូរ៉េខាងត្បូងបានពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលរហូតមកដល់ពេលនេះ វៀតណាមបានបង្កើតតែជាមួយប្រទេសចិន រុស្ស៊ី និងឥណ្ឌាប៉ុណ្ណោះ។

ប្រទេសទាំងពីរគ្រោងបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគីឱ្យដល់១០០ពាន់លានដុល្លារនៅឆ្នាំ២០២៣ និងដល់១៥០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ពោលគឺកើនឡើងពី៧៨ពាន់លានដុល្លារកាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here