ដោយ: លាងហួរ
បាងកក:អាជ្ញាធរអចលនទ្រព្យឧស្សាហកម្ម របស់ប្រទេសថៃ (IEAT) បានព្យាករណ៍ថា ខ្លួននឹងអាចលក់ ឬជួលដី ដែលមានទំហំប្រហែល៤០០ហិកតា ទៅកាន់វិនិយោគិននៅឆ្នាំ២០២៣ខាងមុខ។
លោក Wiris Amrapal អភិបាលនៃអាជ្ញាធរឧស្សាហកម្មរបស់ប្រទេសថៃ (IEAT)បានរំពឹងទុកថា ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក រួមជាមួយនឹងការអភិវឌ្ឍអចលនទ្រព្យរបស់ IEAT ដើម្បីទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) នឹងបណ្តាលឱ្យមានកំណើននៃការលក់ ឬជួលអចលនទ្រព្យកាន់តែច្រើនឡើង។
-->
លោកបានបន្តថា លំហូរវិនិយោគផ្ទាល់ពីបរទេស កំពុងតែចាប់ផ្តើមកើនឡើងជាថ្មី ដោយក្រុមហ៊ុនក្រៅប្រទេសនានាជាច្រើន កំពុងស្វែងរកឱកាសវិនិយោគ នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា បន្ទាប់ពីប្រទេសថៃ បានចាប់ផ្តើមចេញទិដ្ឋាការស្នាក់នៅរយៈពេលវែង។
គិតចាប់ពីខែកញ្ញា ឆ្នាំ២០២១ដល់ខែតុលា ឆ្នាំ២០២២នេះ IEAT បានលក់ ឬជួលអចលនទ្រព្យចំនួន២០១៦,១៤រ៉ៃ កើនឡើង៦៥,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ។

លោក Wiris បានបន្ថែមថា គម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់ IEAT ដែលបានសម្រេចវឌ្ឍនភាព គួរឱ្យកត់សម្គាល់នៅឆ្នាំ២០២២នេះរួមមាន ទី១: គម្រោងកំពង់ផែឧស្សាហកម្ម“Map Ta Phut” ដំណាក់កាលទី៣ ដែលការសាងសង់សម្រេចបាន៣០,៣ភាគរយ។
ទី២: សួនឧស្សាហកម្ម“Smart Park”ដែលការសាងសង់សម្រេចបាន៣៨,៦៥ភាគរយ។ ទី៣: តំបន់សេដ្ឋកិច្ចពិសេស (SEZ) ដែលការសាងសង់បានបញ្ចប់ទាំងស្រុង និងមានវិនិយោគិនចំនួន៦រូប បានចូលមកបណ្តាក់ទុន។
ទី៤: រោងចក្រឧស្សាហកម្មចំនួន២ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Sivachai Co Ltd និងក្រុមហ៊ុន Green Utility Holding និងទី៥គម្រោងកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបច្ចុប្បន្ននេះគ្របដ ណ្តប់លើរោងចក្រចំនួន៣១៕
