ដោយ: លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញឱ្យដឹងនៅថ្ងៃច័ន្ទនេះថា ប្រទេសកម្ពុជាបាននាំចេញផលិតផលសរុប មានតម្លៃទឹកប្រាក់២០,៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២២នេះ។
តួលេខខាងលើនេះ បានកើនឡើង១៨ភាគរយ ពី១៧,៣ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែលបានបន្តថា ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ និងទំនិញកសិកម្មមួយចំនួនដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយ។
របាយការណ៍ដដែលបានបន្ថែមថា ទិសដៅនាំចេញកំពូលទាំង៥សម្រាប់កម្ពុជា ក្នុងអំឡុងខែមករា ដល់ខែវិច្ឆិកាឆ្នាំ២០២២នេះ គឺសហរដ្ឋអាមេរិក វៀតណាម ចិន អាល្លឺម៉ង់ និងប្រទេសជប៉ុន។
ជាមួយគ្នានេះដែរ កម្ពុជាបានកត់ត្រាទំហំ នៃការនាំចូលសរុបចំនួន២៧,៧ពាន់លានដុល្លារ ពោលគឺកើនឡើង៩ភាគរយ ពី២៥,៤ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទំនិញនាំចូលសំខាន់ៗរួមមានប្រេង ឧស្ម័ន វត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ យានជំនិះ គ្រឿងយន្ត គ្រឿងអេឡិចត្រូនិច និងផលិតផលប្រើប្រាស់ផ្សេងៗ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមានកាលពីដើមឆ្នាំនេះ គឺជាកត្តាចូលរួមចំណែក ក្នុងការជំរុញការនាំចេញរបស់ប្រទេសកម្ពុជា។
លោកបានបញ្ជាក់ប្រាប់សារពត៌មានចិន Xinhua ថា កំណើននៃការនាំចេញរបស់យើង គឺជាសក្ខីភាពមួយចំពោះ ការចូលទៅកាន់ទីផ្សារកាន់តែធំ នៃផលិតផល របស់យើងទៅកាន់ប្រទេសជាសមាជិកRCEP រួមទាំងប្រទេសចិនក្រោមពន្ធអនុគ្រោះ៕