ដោយ: លាងហួរ
បាងកក: សណ្ឋាគារលំដាប់ផ្កាយប្រាំ តារាវត្តី (Dhara Dhevi) នៅក្នុងខេត្តឈៀងម៉ៃ នឹងត្រូវដាក់លក់ដេញថ្លៃម្តងទៀត នៅក្នុងខែមករា ជាមួយនឹងតម្លៃធ្លាក់ចុះមកត្រឹមប្រហែល៥៧,៩៦លានដុល្លារ ពីតម្លៃដំបូងប្រហែល៦០,៨៤ពាន់លានដុល្លារ នៅក្នុងការដេញថ្លៃឆ្នាំ២០២១។
នាយកដ្ឋានផ្នែកច្បាប់នៃសណ្ឋាគារនេះគ្រោងនឹងរៀបចំការដេញថ្លៃអចលនទ្រព្យ ចាប់ពីខែមករាដល់ខែឧសភា ហើយជំហានដំបូងនៃការដេញថ្លៃ នឹងប្រព្រឹត្តទៅនៅការិយាល័យប្រតិបត្តិច្បាប់ នៃទីក្រុងឈៀងម៉ៃ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។
-->
ជំហានដេញថ្លៃបន្ទាប់នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ថ្ងៃទី១០ ខែមីនា ថ្ងៃទី៣១ ខែមីនា ថ្ងៃទី២១ ខែមេសា និងថ្ងៃទី១២ ខែឧសភា។
តម្លៃសណ្ឋាគារនឹងធ្លាក់ចុះ១០ភាគរយនៅវគ្គបន្តបន្ទាប់នីមួយៗ ប៉ុន្តែតម្លៃនេះមិនអាចធ្លាក់ចុះទាបជាង៣០ភាគរយ នៃតម្លៃដេញថ្លៃដំបូងឡើយ។

កាលពីខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ក្រុមហ៊ុន Inter Far East Energy Corp (IFEC) បានទិញសណ្ឋាគារនេះក្នុងតម្លៃ៤,៣ពាន់លានបាត ដែលតម្លៃនេះ រួមបញ្ចូលទាំង ភាគហ៊ុន និងបំណុល។
សណ្ឋាគារនេះមានចំនួន១២៣បន្ទប់ បានបើកដំណើរការក្នុងឆ្នាំ២០០២ និងមានស្ថាបត្យកម្មរចនាម៉ូដបែបឡានណា (Lanna) បុរាណតែមួយគត់ ហើយសណ្ឋាគារនេះបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរថៃ និងបរទេសជាច្រើន។
ទោះជាយ៉ាងណាក៏ដោយ សណ្ឋាគារនេះត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវិបត្តិកូវីដ និងបានបិទជាបណ្តោះអាសន្ននៅដើមឆ្នាំ២០២០។ សណ្ឋាគារបានដាក់ពាក្យស្នើសុំការស្តារអាជីវកម្មឡើងវិញ នៅខែមិថុនា ឆ្នាំ២០២០ ប៉ុន្តែឯកសារនេះត្រូវបានច្រានចោល ដោយសាលាឧទ្ធរណ៍ ក្នុងខែវិច្ឆិកាឆ្នាំនោះ ដោយបង្ខំសណ្ឋាគារជួបការក្ស័យធន។

នៅក្នុងអំឡុងពេលនៃការដេញថ្លៃលើកមុន ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ IFEC Inter Far East Thermal Power (I Thermal) បានឈ្នះ ជាមួយនឹងការដេញថ្លៃចំនួន២,០១២ពាន់លានបាត។ ក្រុមហ៊ុនបានបង់ប្រាក់កក់ចំនួន១១០លានបាត ប៉ុន្តែមិនបានបង់ប្រាក់ ដែលនៅសល់មុនពេលដល់កំណត់។ នាយកដ្ឋានបានរឹបអូសប្រាក់កក់នេះ ហើយសម្រេចដាក់លក់ដេញថ្លៃសណ្ឋាគារនេះម្ដងទៀត៕
