ដំណឹងល្អៈរដ្ឋាភិបាលគ្រោងចំណាយ៣000លានដុល្លារដើម្បីជំរុញកំនើន ប្រាក់ចំណូលប្រជាពលរដ្ឋ

0

​ដោយស៊ីវ ម៉េង
ភ្នំពេញ:​ មន្រ្តីជាន់ខ្ពស់ក្រសួងផែនការបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងចំណាយថវិកា៣,០00លានដុល្លារអាមេរិក ដើម្បីអនុវត្តផែនការសកម្មភាព២០១៩ ២០២១ នៃគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦ ២០៣០ ដើម្បីជម្រុញឲ្យប្រជាជនខ្មែរម្នាក់ៗ មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ2030។

លោកឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងអោយដឹងកាលពីថ្ងៃទី២៥ ធ្នូកន្លងមកថា ថវិកាប្រមាណជាង១១លានលានរៀល ដែលគិតជាប្រាក់ដុល្លារមានប្រមាណជិត៣,០00លានដុលាអាមេរិក ក្នុងនោះមានថវិកាជាតិប្រមាណ៧លានលានលានរៀល និងថវិកាហិរញ្ញប្បទានពីដៃគូប្រមាណ៤លានលានលានរៀល នឹងត្រូវប្រើប្រាស់អនុវត្តផែនការសកម្មភាពដំណាក់កាលទី២ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

លោកបន្តថា “ការចំណាយថវិកាជាតិសរុបនៅក្នុងដំណាក់កាលទី២ កើនឡើងប្រមាណភាគរយ ធៀបនឹងដំណាក់កាលទី១ ដែលការបង្កើននេះគឺរាជរដ្ឋាភិបាលមានមហិច្ឆតា ដើម្បីលើកកំពស់គុណភាពជីវភាពប្រជាជនកម្ពុជាឲ្យមានជំនាញ មានធនធាន មានមុខរបរការងារ ដែលអាចធានាអោយប្រជាជនខ្មែរម្នាក់ៗ រកចំណូលជាង៣០០០ដុល្លារអាមេរិកនៅឆ្នាំ២០៣០”។


លោករដ្ឋមន្រ្តីក្រសួងផែនការបានបន្តថា ដើម្បីអនុវត្តផែនការសកម្មភាពនេះបានជោគជ័យ ក្រសួងផែនការបានស្នើឲ្យបណ្តាក្រសួងទាំងអស់ បញ្ជូនផែនការសកម្មភា​ពរបស់ខ្លួនដាក់ចូលមកក្រសួងផែនការ ដើម្បីដាក់បញ្ចូលក្នុងតារាងម៉ាទ្រីសរួមមួយរបស់ជាតិ។ លោកបន្តថា នៅក្នុងអំឡុងពេលនេះ ផែនការបានប្រមូលធាតុចេញបានចំនួន១៣៦ និងមានសកម្មភាពសរុបចំនួន២៣២ ដែលប្រមូលបានមកពីក្រសួងចំនួន២២ ហើយត្រូវដាក់បញ្ចូលនៅក្នុងតារាងម៉ាទ្រីស នៃផែនការសកម្មភាពឆ្នាំ២០១៩ ២០២១ ដើម្បីឈានទៅរកការអនុវត្តចាប់ពីឆ្នាំ២០១៩ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here