ដោយ: លាងហួរ
វ៉ាស៊ីនតោន: ក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សេដ្ឋកិច្ចអាមេរិកបានកើនឡើង៣,២ភាគរយ នៅក្នុងត្រីមាសទី៣ ដែលជំរុញមកពីការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគ បានកើនឡើងខ្ពស់ជាងការព្យាករណ៍កាលពីលើកមុន។
សេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានកើនឡើងជាលើកដំបូងក្នុងឆ្នាំ២០២២នេះ ចាប់ពីខែកក្កដាដល់ខែកញ្ញា បន្ទាប់ពីមានការធ្លាក់ចុះចំនួន២ត្រីមាស ដោយបានបង្កឱ្យការភ័យខ្លាច ចំពោះការដាំក្បាលចុះនៃសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។
-->

នៅក្នុងខែធ្នូនេះ ក្រសួងពាណិជ្ជកម្មអាមេរិក បានបង្កើនតួលេខ GDP រហូតដល់២,៩ភាគរយ ដោយតួលេខនេះជាការប្រសើរឡើងរួចទៅហើយពី២,៦ភាគរយ ដែលបានរាយការណ៍ ជាលើកដំបូងនៅក្នុងខែតុលា។
ក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់ថា ការកើនឡើងនៃផលិតផលក្នុងស្រុកសរុបពិតប្រាកដ សម្រាប់ត្រីមាសទី៣ បានឆ្លុះបញ្ចាំងពីការកើនឡើងនៃការនាំចេញ ការចំណាយរបស់អ្នកប្រើប្រាស់ ការវិនិយោគថេរ ដែលមិនមែនជាលំនៅដ្ឋាន ការចំណាយរបស់រដ្ឋបាលក្នុងស្រុក និងរដ្ឋ និងការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ។
ចំណែកការកើនឡើងនៃសេវាកម្មត្រូវបានទប់ស្កាត់ មួយផ្នែកដោយការធ្លាក់ចុះនៃទំនិញ ការលក់រថយន្ត និងគ្រឿងបន្លាស់រថយន្តមានភាពយឺតយ៉ាវដូចការទិញអាហារ និងភេសជ្ជៈ ខណៈដែលពលរដ្ឋអាមេរិក កំពុងប្រឈមនឹងថ្លៃចំណាយខ្ពស់។
ក្រសួងពាណិជ្ជកម្មបានបន្តថា ការកើនឡើងនៃការចំណាយរបស់រដ្ឋាភិបាលត្រូវបាននាំមុខ ដោយការកើនឡើងនៃប្រាក់សំណងបុគ្គលិក និងការចំណាយលើវិស័យការពារជាតិ។
ទិន្នន័យដដែលក៏បានបង្ហាញផងដែរថា ការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនបានកើនឡើង២,៣ភាគរយ ដែលខ្ពស់ជាងការប៉ាន់ប្រមាណកាលពីមុន១,៧ភាគរយ។

ទោះបីជាយ៉ាងណា សហរដ្ឋអាមេរិក មិនទាន់ភាពច្បាស់លាស់ទេថា តើអ្នកប្រើប្រាស់ នឹងអាចរក្សាល្បឿននៃការចំណាយបច្ចុប្បន្ន របស់ពួកគេបានរយៈពេលយូរប៉ុន្មាននោះទេ។
លោកស្រី Rubeela Farooqi ប្រធានសេដ្ឋវិទូអាមេរិកប្រចាំក្រុមហ៊ុន High Frequency Economics បានមានប្រសាសន៍ថា ថ្វីបើមានការកើនឡើងយ៉ាងឆាប់រហ័ស នៃអត្រាការប្រាក់យ៉ាងក្តី ប៉ុន្តែសេដ្ឋកិច្ចអាមេរិកកំពុងរីកចម្រើន ហើយសំខាន់ជាងនេះគឺពលរដ្ឋអាមេរិក នៅតែបន្តចំណាយដដែល។
ធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់ចំនួន៧ដង ក្នុងឆ្នាំនេះ ក្នុងគោលបំណង ដើម្បីកាត់បន្ថយអតិផរណា ដែលហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ជាច្រើនទសវត្សរ៍កន្លងមក៕
