ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia បានសម្រេចតែងតាំង លោកឡោ វិចិត្រជាឧត្តមទីប្រឹក្សាគេហទំព័រនេះ។
លោកឡោ វិចិត្របច្ចុប្បន្នមានតួនាទី ជាអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន និងជាសមាជិកក្រុមប្រឹក្សាភិបាល សភាពាណិជ្ជកម្មកម្ពុជា ម៉ាឡេស៊ី និងជាស្ថាបនិកនៃក្រុមអ្នកបង្កើតភាពអច្ឆរិយៈសំរាប់កម្ពុជាផងដែរ។
-->

លោកយិន លាងគង់ អគ្គនាយកគេហទំព័រPropertyarea.asiaបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៦ ធ្នូនេះថា ការសម្រេចដំឡើងឋានៈ លោកឡោ វិចិត្រ ពីទីប្រឹក្សាជាន់ខ្ពស់ មកជាឧត្តមទីប្រឹក្សារបស់គេហទំព័រនេះ ដោយសារកន្លងមក លោកឡោ វិចិត្របានចូលរួមជួយលើកកំពស់កិត្តនាមរបស់គេហទំព័រនេះ ក៏ដូចជាស្វែងរកប្រភពចំណូលដល់គេហទំព័រនេះផងដែរ។

លោកបន្តថា “ការរីកចម្រើន និងភាពជាដៃគូដោយភាពស្មោះត្រង់ និងជួយគ្នាទៅវិញទៅមក ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យអាជីវកម្មមួយមានភាពរីកចម្រើន”។លោកបន្តថា “លោកឡោ វិចិត្របានក្លាយជាបុគ្គលលេចធ្លោ ក្នុងសកម្មភាពជំនួញនិងការជួយដល់សង្គមជាតិ ដែលនេះជាគុណវុឌ្ឈិសំខាន់មួយ ដែលអ្នកនៅក្នុងពិភពជំនួញ បានផ្តល់តម្លៃដល់លោក”។

លោកយិន លាងគង់បានបន្តថា ការតែងតាំងនេះ ក៏ជាផ្នែកមួយនៃការចូលរួមលើកកំពស់ទំនុកចិត្ត ការពង្រីកការផ្សព្វផ្សាយ និងលើកកំពស់កិត្តិនាមគេហទំព័រPropertyarea.asia និងFacebook Page ឈ្មោះ Property Area Asia ឲ្យកាន់តែលេចធ្លោលើឆាកជាតិ អន្តរជាតិផងដែរ៕
