ស្ពានអាកាសព្រះមុនីវង្សចាប់ផ្តើមដំណើរការសាងសង់ហើយគ្រោងចំណាយពេល៣ឆ្នាំ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រោយបើកការដ្ឋានកាលពីប៉ុន្មានខែមុន រហូតមកដល់ពេលនេះគ្រឿងចក្រ និង​អ្នកជំនាញ​បច្ចេកទេស​បាន​ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់ស្ពានអាកាស​ព្រះមុនីវង្ស ដែលជាស្ពាន​អាកាស​ដំបូង​មាន​រង្វង់​មូល​លើ​អាកាស។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ៣៧លានដុល្លារអាមេរិក និងចំណាយពេល៣ឆ្នាំ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង​នៅថ្ងៃទី២៨ ខែធ្នូនេះថា នៅដើមឆ្នាំ២០២៣ ​ប៉ុន្មានថ្ងៃខាងមុខទៀតនេះ គ្រឿងចក្រជាច្រើន​នឹងចូលដល់​ការដ្ឋានបន្ថែមទៀត។

លោកឱ្យដឹងថា ស្ពានអាកាសព្រះមុនីវង្សនឹងជួយសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែល​មានកំណើនយានយន្ត ​និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពាន​អាកាសនេះ សាងសង់ស្ថិតនៅ​ចំណុច​ប្រសព្វ​មហាវិថី​សម្តេចតេជោ ហ៊ុន សែន​ មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១​ ក្នុងទឹកដីខណ្ឌចំការមន និង​ខណ្ឌមានជ័យ​។

ស្ពានអាកាសនេះ​សាងសង់ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC គ្រោងចំ​ណាយថវិកា៣៦.៧៧៥.០០០ដុល្លារ ​និងយោងតាមផែនការ គ្រោងចំណាយពេលវេលាសាងសង់​៣៦ខែ។

គម្រោងស្ពានអាកាសព្រះមុនីវង្ស ​មានសាងសង់ផ្លូវផ្ទាល់ដី ​ដែលមានរង្វង់មូលបែងចែកទិស និង​ផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស ​មហាវិថីសម្តេចតេជោ ​ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅ​ស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។​

បន្ទាប់មកសាងសង់ ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១​ ជាស្ពានរង្វង់មូល​ នៅត្រង់ចំណុចប្រសព្វ ​ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅ​កាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស ​មហាវិថីព្រះមុនីវង្ស និង​វិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ​ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស ​និងមហាវិថីសម្តេចតេជោ ហ៊ុន សែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here