ការស្ទង់មតិ: ទីក្រុងបាងកកជាប់ចំណាត់ថ្នាក់កំពូលទី៣ជាគោលដៅរបស់ភ្ញៀវទេសចរអាមេរិក

0

ដោយ: គង់ លាងហួរ

បាងកក: យោងតាមការស្ទង់មតិ ដែលធ្វើឡើងតាមរយៈកម្មវិធីដំណើរកម្សាន្ត Hopper កាលពីខែធ្នូកន្លងទៅ បានឱ្យដឹងថា ទីក្រុងបាងកក គឺជាគោលដៅទី៣ ក្នុងចំណោមភ្ញៀវទេសចរអាមេរិក ដែលចូលចិត្តជាងគេ បន្ទាប់ពីទីក្រុងតូក្យូ និងក្រុងហូជីមិញ​។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Anucha Buraphachaisri បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ការស្ទង់មតិក៏បានព្យាករណ៍ថា ភ្ញៀវទេសចរអាមេរិកកាន់តែច្រើននឹងធ្វើដំណើរមកកាន់តំបន់អាស៊ី ដោយវិនិច្ឆ័យលើការស្វែងរកជើងហោះហើរ។

ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា ក្នុងចំណាត់ការមួយ ដើម្បីជំរុញវិស័យឧស្សាហកម្មទេសចរណ៍បន្ថែមទៀត អាជ្ញាធរទេសចរណ៍នៃប្រទេសថៃថ្មីៗនេះបានភ្ជាប់ទំនាក់ទំនងជាមួយសមភាគីកូរ៉េខាងត្បូង ដើម្បីលើកកម្ពស់ការធ្វើដំណើរក្នុងប្រទេសទាំង២សម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ។

លោកបានបន្តថា កិច្ចសហប្រតិបត្តិការនេះ អាចជំរុញឱ្យមាន ការផ្លាស់ប្តូរភ្ញៀវទេសចរយ៉ាងហោចណាស់៣លាននាក់ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ហើយថែមទាំងពង្រឹងទំនាក់ទំនងទ្វេរភាគីផងដែរ។

លោកបានបន្ថែមថា អាជ្ញាធរទេសចរណ៍ថៃសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរបរទេសបាន យ៉ាងហោចណាស់២០លាននាក់នៅឆ្នាំ២០២៣នេះ និងបង្កើតប្រាក់ចំណូលបាន២,៣៨ពាន់ពាន់លានបាត។

លោកបានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា មានសេចក្តីរីករាយ ខណៈទីក្រុងជាច្រើនក្នុងប្រទេសថៃ មានលក្ខណៈពិសេសដ៏ធំនៅក្នុងដំណើរទេសចរណ៍របស់ភ្ញៀវទេសចរបរទេស ដោយលោកបន្ថែមថា វិស័យទេសចរណ៍ គឺជាគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ។

លោក​បាន​អះអាងថា លោក​ប្រាយុទ្ធ​ ចាន់អូចា ក៏​បាន​អំពាវនាវ​ដល់ក្រុមប្រតិបត្តិករ​ទេសចរណ៍​ថៃ​ ឱ្យចូលរួម សហការ​ និង​ស្វាគមន៍​ដល់ជនបរទេសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here