ក្រសួងបរិស្ថាន​គាំទ្រ​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​នៅ​តំបន់​អូរ​ឈូង ខេត្តមណ្ឌលគិរី

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រសួងបរិស្ថាន​បានប្រកាស​គាំទ្រ គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ នៅ​តំបន់​អូរ​ឈូង លើ​ផ្ទៃដី​ទំហំ១៨២គីឡូម៉ែត្រ​ក្រឡា ឬ​ស្នើ​នឹង១៨,២០០ហិកតា ដែលមាន​ទីតាំង ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា និង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី។

តំបន់​នេះ​មួយផ្នែក​ស្ថិតនៅ តំបន់​ប្រើប្រាស់​ដោយ​ចីរភាព នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ខេត្តក្រចេះ របស់ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ដែលជា​ម្ចាស់​គម្រោង​ក្រោយពី​បាន​សិក្សា និង រៀបចំ របាយការណ៍ វាយ តម្លៃ ដោយ​ក្រុម ហ៊ុន ទីប្រឹក្សា E & A Consultant Co., Ltd.។

លោក​សូ ខន​ឬ​ទ្ធី​គុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​ការពិនិត្យ និង​ផ្តល់យោបល់​លើ​របាយការណ៍​វាយតម្លៃ ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង (IESIA)កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨កន្លងមក​បាន​ឲ្យ​ដឹងថា ក្រសួង​បាន​គាំទ្រ​គម្រោង សិក្សា​ស្រាវជ្រាវ​រុករក​រ៉ែ​លោហៈ​នេះ ដើម្បី​ទទួលបាន​ទិន្នន័យ​នៃ​សក្តានុពល​ធនធាន​រ៉ែ​លោហៈ។ លោក​ក៏​ជំរុញ​ខាង​ក្រុមហ៊ុន ត្រូវ​ប្រើប្រាស់​ទិន្នន័យ​របស់​ជាតិ​ជា​គោល ត្រូវ​ស្វែងរក​បន្ថែម​នូវ​ទិន្នន័យ​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច និង​ផែនទី​គម្រប​ព្រៃឈើ​ឆ្នាំ២០០៦-២០១៦ ត្រូវ​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​សំណល់​រឹង-រាវ​ចេញពី​ការ​ខួង និង​ជំរុំ កម្មករ ដើម្បី​កាត់បន្ថយ​ការបំពុល​គុណភាព​ទឹក​លើដី-ក្រោម​ដី។

លោក​រដ្ឋលេខាធិការ ក៏​ជម្រុញ​បន្ថែម​ឪ្យ​ក្រុមហ៊ុន​ត្រូវ​យកចិត្តទុកដាក់ លើ​សុខុមាលភាព និង​សុវត្ថិភាព​កម្មករ ពិសេស​ការបង្ការ ជម្ងឺគ្រុនចាញ់ និង​ជម្ងឺផ្សេងៗ ត្រូវ​រៀបចំ​ផែនការ​គ្រប់គ្រង​បរិស្ថាន​ច្បាស់លាស់ និង​មាន​ប្រសិទ្ធិភាព ដើម្បី​ឆ្លើយតប​ទៅនឹង​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​អាច​នឹង​បង្កឡើង ដោយ​គម្រោង ក្រុមហ៊ុន​ផ្តល់​ថវិកា​មូលនិធិ​បរិស្ថាន និង​សង្គម​ចំនួន១៥.០០០ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង១ឆ្នាំ សម្រាប់​រយៈពេល​សិក្សា​ស្រាវជ្រាវ​ចំនួន៣ឆ្នាំ។

ជាមួយនេះ​ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស ធម្មជាតិ មន្ទីរ បរិស្ថាន ខេត្តមណ្ឌលគិរី និង​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ក្នុងការ​ទប់ស្កាត់ បទល្មើស​ធនធានធម្មជាតិ នៅក្នុង​តំបន់​សិក្សា​ស្រាវជ្រាវ និង​ត្រូវ​កែសម្រួល​ទៅតាម​មតិយោបល់​របស់​មតិ​អង្គប្រជុំ​ដែល​បានលើកឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here