ដោយ វុត្ថា
ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសគាំទ្រ គម្រោងសិក្សាស្វែងរុករករ៉ែលោហៈ នៅតំបន់អូរឈូង លើផ្ទៃដីទំហំ១៨២គីឡូម៉ែត្រក្រឡា ឬស្នើនឹង១៨,២០០ហិកតា ដែលមានទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពូជ្រៃ ស្រុកពេជ្រាដា និងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តំបន់នេះមួយផ្នែកស្ថិតនៅ តំបន់ប្រើប្រាស់ដោយចីរភាព នៃដែនជម្រកសត្វព្រៃភ្នំព្រេច និងឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ របស់ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ដែលជាម្ចាស់គម្រោងក្រោយពីបានសិក្សា និង រៀបចំ របាយការណ៍ វាយ តម្លៃ ដោយក្រុម ហ៊ុន ទីប្រឹក្សា E & A Consultant Co., Ltd.។
លោកសូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA)កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨កន្លងមកបានឲ្យដឹងថា ក្រសួងបានគាំទ្រគម្រោង សិក្សាស្រាវជ្រាវរុករករ៉ែលោហៈនេះ ដើម្បីទទួលបានទិន្នន័យនៃសក្តានុពលធនធានរ៉ែលោហៈ។ លោកក៏ជំរុញខាងក្រុមហ៊ុន ត្រូវប្រើប្រាស់ទិន្នន័យរបស់ជាតិជាគោល ត្រូវស្វែងរកបន្ថែមនូវទិន្នន័យព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំព្រេច និងផែនទីគម្របព្រៃឈើឆ្នាំ២០០៦-២០១៦ ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសំណល់រឹង-រាវចេញពីការខួង និងជំរុំ កម្មករ ដើម្បីកាត់បន្ថយការបំពុលគុណភាពទឹកលើដី-ក្រោមដី។
លោករដ្ឋលេខាធិការ ក៏ជម្រុញបន្ថែមឪ្យក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ លើសុខុមាលភាព និងសុវត្ថិភាពកម្មករ ពិសេសការបង្ការ ជម្ងឺគ្រុនចាញ់ និងជម្ងឺផ្សេងៗ ត្រូវរៀបចំផែនការគ្រប់គ្រងបរិស្ថានច្បាស់លាស់ និងមានប្រសិទ្ធិភាព ដើម្បីឆ្លើយតបទៅនឹងហេតុប៉ះពាល់បរិស្ថានដែលអាចនឹងបង្កឡើង ដោយគម្រោង ក្រុមហ៊ុនផ្តល់ថវិកាមូលនិធិបរិស្ថាន និងសង្គមចំនួន១៥.០០០ដុល្លារសហរដ្ឋអាមេរិកក្នុង១ឆ្នាំ សម្រាប់រយៈពេលសិក្សាស្រាវជ្រាវចំនួន៣ឆ្នាំ។
ជាមួយនេះក្រុមហ៊ុនត្រូវសហការជាមួយ អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្ស ធម្មជាតិ មន្ទីរ បរិស្ថាន ខេត្តមណ្ឌលគិរី និងឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងការទប់ស្កាត់ បទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់សិក្សាស្រាវជ្រាវ និងត្រូវកែសម្រួលទៅតាមមតិយោបល់របស់មតិអង្គប្រជុំដែលបានលើកឡើង៕