ដោយ៖ សុផារី
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី សម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ។
គណៈកម្មាធិការអន្តរក្រសួងនេះត្រូវបានបង្កើតឡើង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីសិក្សា និងវាយតម្លៃ មុនផ្ដល់ការវិនិយោគថ្មីឱ្យក្រុមហ៊ុនសាងសង់ចិន គឺក្រុមហ៊ុន Angkor International Airport Investment Cambodia (AIAI) អភិវឌ្ឍ និងគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ ខណៈបច្ចុប្បន្នព្រលានយន្តហោះទាំង២ ជាទីតាំងវិនិយោគ និងគ្រប់គ្រង ដោយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានបារាំង (SCA)។
-->

គណៈកម្មាធិការថ្មីនេះ មានតួនាទីពិនិត្យ និងសិក្សាកិច្ចព្រមព្រៀងសម្បទាន ដែលមានស្រាប់ទាំងអស់ពាក់ព័ន្ធនឹងការវិនិយោគអាកាសយានដ្ឋានអន្តរជាតិ នៅភ្នំពេញ និងខេត្តព្រះសីហនុរវាងរដ្ឋាភិបាលជាមួយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) និងជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (CAIC) ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មីឱ្យក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី (AIAI)។
ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា SCA មានភាគហ៊ុន២ គឺក្រុមហ៊ុន VINCI Airports របស់បារាំង (៧០%) និង ក្រុមហ៊ុន Muhibbah Masteron Cambodia (៣០%) កំពុងទទួលបានសម្បទានវិនិយោគលើការអភិវឌ្ឍ និងការគ្រប់គ្រងបណ្តាញអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជានៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប និងនៅក្រុងព្រះសីហនុ៕
