ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមប្រភពរដ្ឋាភិបាលបានឱ្យដឹងថា រដ្ឋាភិបាលថៃគ្រោងបន្តផែនការ រយៈពេលជាច្រើនឆ្នាំរបស់ខ្លួន ក្នុងការផលិតធនធានប្រេងនៅឈូងសមុទ្រថៃរួមគ្នាជាមួយប្រទេសកម្ពុជា។
ប្រភពដដែលបានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីថៃ លោកPrawit Wongsuwon បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ។
-->
លោកបានពិភាក្សាជាមួយ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា នៅទីក្រុងបាងកក កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ដោយភាគីទាំងពីរបានចាត់ទុកកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើទៅបាន ជាដំណោះស្រាយចំពោះបញ្ហាកង្វះថាមពល។

កាលពីថ្ងៃអង្គារកន្លងទៅ គណៈរដ្ឋមន្ត្រីថៃមានការពិភាក្សាក្រៅផ្លូវការមួយស្តីពី ការសម្រេចបាននូវការផលិតធនធានប្រេងរួមគ្នា ដែលត្រូវបានប៉ាន់ស្មានថា មានចំនួន៥ពាន់ពាន់លានបាត (ប្រហែល១៤៦,៥៤ពាន់លានដុល្លារ)។
ប្រភពដដែលបានបន្តថា ចំណាត់ការនេះបានកើតឡើង ក្រោយពីមានសញ្ញាវិជ្ជមានពីកម្ពុជា ក្នុងការស្តារការចរចាឡើងវិញ ស្តីពីការផលិតប្រេងរួមគ្នាលើតំបន់ទាមទារត្រួតគ្នា (OCA) រវាងប្រទេសទាំងពីរ ដោយផ្អែកលើគំរូតំបន់អភិវឌ្ឍន៍រួមម៉ាឡេស៊ី-ថៃ (JDA) ។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍ថា បញ្ហានេះមានសារៈសំខាន់ និងមានភាគីពាក់ព័ន្ធជាច្រើន ហើយក្រសួងការបរទេស និងក្រសួងថាមពលថៃ បាននិងកំពុងត្រួតពិនិត្យលើបញ្ហានេះផងដែរ៕
