ប្រទេសឡាវ​ដាក់​ឱ្យ​ដំណើរការ​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី៥០០​គីឡូ​វ៉ុល​មកកាន់កម្ពុជា​

0

ដោយ: គង់ លាងហួរ

វៀងច័ន្ទ: ប្រទេសឡាវ បានដាក់ឱ្យដំណើរការខ្សែបញ្ជូនថាមពលអគ្គិសនី ៥០០គីឡូវ៉ុល តភ្ជាប់អនុស្ថានីយអគ្គិសនីនៅភូមិមួយ ក្នុងខេត្តចំប៉ាសាក់ មកកាន់តំបន់ព្រំដែនកម្ពុជា។

យោងតាមរបាយការណ៍មួយរបស់វិទ្យុជាតិឡាវ ដែលបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ លោក Thongphat Inthavong បានឱ្យដឹងថា គម្រោងនេះនឹងដើរតួនាទី យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យថាមពលនៅក្នុងប្រទេសឡាវ ជាពិសេសសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ដល់ប្រជាពលរដ្ឋក្នុងស្រុក និងផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

លោក Chanthaboun Soukaloun   នាយកគ្រប់គ្រងនៃអគ្គិសនីរដ្ឋឡាវ (EDL)  បានមានប្រសាសន៍ថា ខ្សែបញ្ជូនថាមពល និងអនុស្ថានីយ៍ គឺជាផ្នែកមួយនៃគម្រោងជាតិមួយ ដែលបានប្រើប្រាស់បច្ចេកទេសទំនើប ជាមួយនឹងទំហំទុនវិនិយោគខ្ពស់។

លោកបានបន្តថា“ វា​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ សម្រាប់​យុទ្ធសាស្ត្រ​របស់​ប្រទេស​ឡាវ ក្នុង​ការ​នាំ​ចេញ​ថាមពល​អគ្គិសនី​ ទៅ​កាន់បណ្តាប្រទេស​ជិតខាង ជាពិសេស​គឺកម្ពុជា”។

ខ្សែ​បញ្ជូន​ថាមពល​នេះ​ មាន​ប្រវែង​ជាង ២០០​គីឡូម៉ែត្រ និងឆ្លងកាត់​ ស្រុក​ខុង នៃ​ខេត្ត​ចំប៉ាសាក់ និង​ស្រុក​សាណាមសៃ និង​ស្រុកភូវង់ ក្នុង​ខេត្ត​អាតតាព ។

រោងចក្រវារីអគ្គីសនីជាច្រើន ត្រូវបានសាងសង់នៅក្នុងប្រទេសឡាវ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសនេះទៅជា“ថ្មអាគុយ”នៃតំបន់អាស៊ីអាគ្នេយ៍។

គិតត្រឹមឆ្នាំ២០២២ ប្រទេសឡាវមានប្រភពថាមពលចំនួន៩០ ជាមួយនឹងសមត្ថភាពដំឡើងសរុបជិត១១.០០០មេហ្គាវ៉ាត់។

ប្រភពថាមពលទាំង​នោះ​ រួម​មាន​ រោងចក្រវារីអគ្គិសនី​ចំនួន៧៧ រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ចំនួន៨ គម្រោង​ជីវម៉ាស់​ចំនួន ៤ និង​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្មចំនួន១៕

LEAVE A REPLY

Please enter your comment!
Please enter your name here