អភិបាលខេត្តកំពង់ចាមៈតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនឹងសាងសង់ នៅស្រុកជើងព្រៃ

0

  ដោយៈ គង់ សូរិយា

       កំពង់ចាមៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដាបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន​ឯកជន​មួយ ​នឹងធ្វើ​ការវិនិយោគ​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ស្ថិត​ក្នុងស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​លើ​ផ្ទៃដី​​១០០ ​​ហិកតា។ ​

លោកបានថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ​ក្នុង​កម្មវិធី​គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព កំណាត់​ផ្លូវជាតិ​លេខ​៧ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមករា កន្លងមកនេះ។

លោកអ៊ុន ចាន់​ដាបានឱ្យដឹងទៀតថា គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​នេះ​ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​រួចរាល់​ហើយ ដែល​នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ការសិក្សា​លម្អិត​ទៅលើ​ផែនការអភិវឌ្ឍន៍​។​

លោក​ថ្លែងថា​ “​ខ្ញុំ​បាន​ចូល​រួម​ប្រជុំ​ជាមួយ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ​ត្រូវ​បានអនុម័ត​លើ​គម្រោង​វិនិយោគ​នេះ​រួចរាល់​ហើយ”។​ លោកបន្តថា តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ​នឹង​ស្រូប​ទាញ​ការវិនិយោគ​លើ​វិស័យ​រោងចក្រ វាយ​ន​ភណ្ឌ​មកកាន់​ខេត្តកំពង់ចាម​កាន់តែច្រើន​ថែមទៀត​”។​

​លោក​បញ្ជាក់ថា ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នេះ ​មិន​ត្រឹមតែ​ចូល​​រួមចំណែក​ ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​យើង ​ទាំងមូល​នោះទេ ប៉ុន្តែ​វា​ថែមទាំង​បង្កើន​សេដ្ឋកិច្ច​ខេត្ត ពិសេស​សេដ្ឋកិច្ច​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោក​បន្ថែមថា​ ក្នុងនាម​អាជ្ញាធរ​ខេត្ត ​យើង​ស្វាគមន៍​រាល់​ការវិនិយោគ​ទាំងអស់​មកកាន់​ខេត្ត​។ យើង​នឹង​ជួយ​សម្របសម្រួល​នីតិវិធី​នានា ​ដើម្បីឱ្យ​រាល់​ការវិនិយោគ​ទទួលបាន​ជោគជ័យ”។

បើ​យោងតាម​រដ្ឋបាល​ខេត្តកំពង់ចាម ក្នុង​ឆ្នាំ​២០១៩ ទំហំ​សេដ្ឋកិច្ច​របស់​ខេត្ត​កំពង់ចាម មាន​ប្រមាណ១៨៧១,៥០​លាន​ដុល្លារ​ ស្មើ៧,១​ ភាគរយ​នៃ​សេដ្ឋ​កិច្ច​ជាតិ​សរុប ចំណូល​សម្រាប់​មនុស្សម្នា​ក់១៦៧៩​ដុល្លារអាមេ​រិក​។

កំណើនសេដ្ឋកិច្ច​ខេត្តនេះ ទទួល​បាន​ពី​វិស័យ​កសិកម្ម៣៨​ភាគ​រយ សិប្បកម្ម១៩ ភាគរយ និង​សេវាកម្ម៤៣​ភាគរយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here