ដោយ៖ លាងហួរ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍបៃតង គឺជាគំនិតផ្ដួចផ្ដើម ដែលត្រូវបានចាប់ផ្ដើមដោយប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោកស្រីម៉ីលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃអគ្គលេខាធិការដ្ឋានហិរញ្ញវត្ថុ នៃក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធប្រល័យ (ICRG-JG ) នាព្រឹកថ្ងៃទី១១ មករា នេះ។

លោកស្រី ម៉ីលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយនៃអគ្គលេខាធិកាដ្ឋាន ហិរញ្ញវត្ថុបានសំដែងនូវការរីករាយ ដែលបានដឹកនាំគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ។
លោកស្រី ម៉ីលីន បានគោរពវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធប្រល័យ។ លោកស្រីបានលើកទឹកចិត្តកម្ពុជា ឲ្យនាំមុខប្រទេសដទៃទៀត ក្នុងវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍបៃតង។
សម្ដេចតេជោ ហ៊ុន សែន បានអរគុណលោកស្រីម៉ីលីន និងប្រតិភូ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា និងបានជម្រាបជូនប្រតិភូ អំពីយុទ្ធសាស្ត្រនៃការទប់ស្កាត់ជំងឺកូវីដ១៩ នឹងបានជម្រាបជូនប្រតិភូផងដែរ អំពីកិច្ចផ្ដួចផ្ដើមអភិវឌ្ឍន៍បៃតងដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដួចផ្ដើមឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក៕







