រដ្ឋាភិបាលថៃបោះទុនប្រមាណ១ពាន់លានដុល្លារសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងចំនួន៣

0

ដោយ: គង់ លាងហួរ

បាងកក: អាជ្ញាធរផ្លូវល្បឿនលឿនថៃ (ETA) គ្រោងស្នើសុំសាងសង់ដំណាក់កាលដំបូងនៃគម្រោងផ្លូវល្បឿនលឿន Chalong Rat-Nakhon Nayok-Saraburi ក្នុងខែមករានេះ។

គម្រោង​នេះ​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ប្រវែង១៩,២៥គីឡូម៉ែត្រ ដែល​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន Chalong Rat ទៅ​ផ្លូវ​ក្រវាត់​ទី៣ របស់​ទីក្រុង​បាងកក ដែល​មាន​ឈ្មោះ​ថា MR10 ក្រោមថវិកាសាងសង់ប្រមាណ៩៩៤,៥លានដុល្លារអាមេរិក។

លោក Surachet Laophulsuk អភិបាលអាជ្ញាធរផ្លូវល្បឿនលឿនថៃ (ETA) បានមានប្រសាសន៍ថា ETA មានទំនុកចិត្តថា គម្រោងនេះនឹងត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) នៅពេលដាក់ជូនលទ្ធផលសវនាការសាធារណៈ នៅថ្ងៃពុធនេះ។

លោក​បាន​បន្ត​ថា គម្រោង​នេះ​អាចត្រូវ​បាន​អនុម័ត ព្រោះ​ផ្លូវនេះនឹង​ជួយ​សម្រួល​ចរាចរណ៍ ​ដោយ​ភ្ជាប់​ទៅ​នឹង​ផ្លូវ​ហាយវ៉េ​បាងកក-កានចាន់បូរី របស់​នាយកដ្ឋាន​ផ្លូវ​ហាយវ៉េ។

លោក Surachet បានអះអាងថា នៅពេលគម្រោងនេះទទួលបានការអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ  ETA នឹងបញ្ជូនគម្រោងទៅគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តមុនពេលចេញព្រះរាជក្រឹត្យស្តីពីការដកហូតកម្មសិទិ្ធដីធ្លី។

លោក​បាន​បន្ថែម​ថា “ការ​ព្រាង​ព្រះរាជក្រឹត្យ​នឹង​ប្រើ​ពេល​ប្រហែល​១ខែ ហើយ​ការ​អនុម័ត​នឹង​ប្រើ​ពេល​៦​ខែ​ទៀត ”។

ទន្ទឹមនឹងនោះ ដីធ្លីនឹងត្រូវបានដកហូតក្នុងរយៈពេលពីឆ្នាំ២០២៤-២០២៥ ហើយការសាងសង់នឹងចំណាយរយៈពេល៣៦ខែ។

អភិបាល ETA បានបន្ថែមថា ការវាយតម្លៃផលប៉ះពាល់បរិស្ថានរបស់គម្រោងក៏ត្រូវបានអនុម័តដោយគណៈកម្មការធនធានធម្មជាតិ និងបរិស្ថានជាតិកាលពីឆ្នាំមុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here